សង្គ្រាម​ខ្មែរ-​ថៃ​ប៉ះពាល់​ដល់​លំហូរ​ទេសចរ

ការ​ធ្វើ​សង្គ្រាម​ច្បាំង​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កង​ទ័ព​ថៃ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ កំពុង​គំរាមកំហែង​ទៅ​លំហូរ​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឆ្លង​តាម​ប្រទេស​ថៃ។

ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍ ហង្ស ទេព លោកស្រី ស៊ីម សារ៉េត បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មេសា ថា ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ថៃ មាន​ការ​ធ្លាក់​ចុះ​ច្រើន​ជាង​ភ្ញៀវ​អឺរ៉ុប ៖ «គេ​អត់​ហ៊ាន​មក គេ​ថា យើង​បាញ់​គ្នា ប៉ុន្តែ​ចំពោះ​ភ្ញៀវ​អឺរ៉ុប​មាន​មក។ ធ្លាប់​មក ៥០​អី​ឥឡូវ​វា​មក​ត្រឹម ៣០​អី លើកលែង​តែ​ភ្ញៀវ​ជនជាតិ​ថៃ ភ្ញៀវ​ដែល​ជា​ក្រុម​ធំៗ ៥០​នាក់ ៦០​នាក់​អី គេ​លុប​ចោល​អស់​ហើយ...»

កងទ័ព​កម្ពុជា-​ថៃ បាន​ចាប់​ផ្ដើម​ច្បាំង​គ្នា​សា​ជា​ថ្មី​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មេសា រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មេសា ឆ្នាំ​២០១១។ ការ​បាញ់​ផ្លោង​ផ្តក់​ដាក់​គ្នា​ទាំង​កាំភ្លើង​តូច កាំភ្លើង​ធំ រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​ថៃ នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា នៅ​តែ​កើត​មាន​មិន​ទាន់​ចប់ ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​ទស្សនា​ក្នុង​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ។

ចំណែក​ឯ​តំណាង​ក្រុមហ៊ុន​ខ្លះ​ដែល​មាន​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ថៃ បាន​ថ្លែង​ថា ពួកគេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ច្បាំង​គ្នា​រវាង​កងទ័ព​កម្ពុជា-​ថៃ អាច​អូស​បន្លាយ​រយៈ​ពេល​យូរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បញ្ហា​សន្តិសុខ​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស ៖ «ក្រុមហ៊ុន​ខាង​ថៃ គេ​បាន​ប្រាប់​យើង​ថា ចាំ​មើល​រៀង​ខ្លួន ចាំ​មើល​តាម​ហេតុការណ៍ គេ​មិន​មាន​ថ្ងៃ​កំណត់​ឲ្យ​យើង​ទេ។ លើក​មុន​ពន្យារ អ៊ីចឹង​ដាច់​អស់ អត់​មាន​អី ព្រោះ​ថា​គេ​ខ្លាច»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ការ​ស្រុត​ចុះ​បន្តិច​ទៅ​តាម​រដូវ​កាល ប៉ុន្តែ​មិន​មែន​ដោយសារ​ការ​ផ្ទុះ​អាវុធ​ច្បាំង​គ្នា​នោះ​ទេ ៖ «តាម​ខ្ញុំ​ពិនិត្យ​មើល​ដូច​អត់​មាន​អី​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​បរទេស​ទេ ភ្ញៀវ​ទេសចរណ៍​បរទេស​គាត់​មក​ហាក់​ដូចជា​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​សភាពការណ៍ គាត់​មក​ធម្មតា យើង​សួរ​នាំ​គាត់ គាត់​មក​ធម្មតា»

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​លំដាប់​ថ្នាក់​លេខ​១ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​ជា​ភ្ញៀវ​ជនជាតិ​រុស្ស៊ី លំដាប់​លេខ​២ គឺ​ភ្ញៀវ​ជនជាតិ​កូរ៉េ លំដាប់​លេខ​៣ គឺ​ភ្ញៀវ​ថៃ បន្ទាប់​មក​ជប៉ុន ចិន អាមេរិក និង​ភ្ញៀវ​ជនជាតិ​អង់គ្លេស។

លោក​បន្ត​ថា ៖ «ប៉ុន្តែ​គួរ​កត់​សម្គាល់​តាំង​ពី​ចូល​ឆ្នាំ ច្រក​ទ្វារ​នេះ​ឡើង​លំដាប់​លេខ​១ គឺ​ភ្ញៀវ​រុស្ស៊ី ថ្ងៃ​ណា​ក៏ ១០០​ជាង ទៅ ២០០​ជាង​ដែរ ដែល​ឆ្នាំ​ទៅ​ច្រក​ទ្វារ​នេះ​ដើរ​តួ​លេខ​១ ជួន​កាល​កូរ៉េ ជួន​កាល​ថៃ តាម​ខែ ខែ​ខ្លះ​កូរ៉េ ឡើង​លេខ​១ ខែ​ខ្លះ​ថៃ​ឡើង​លេខ​១ ដល់​ចូល​ឆ្នាំ​នេះ​ភ្ញៀវ​រុស្ស៊ី...»

ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​រយៈពេល​បី​ខែ នៅ​ដើម​ឆ្នាំ​២០១១​នេះ ភ្ញៀវ​ទេសចរណ៍​បរទេស​មាន​ចំនួន ១១៦.៣៤៩​នាក់ កើន​ឡើង​ច្រើន​ជាង​ដើម​ឆ្នាំ​២០១០ កន្លង​ទៅ ដែល​ក្នុង​រយៈពេល​បី​ខែ​ដូច​គ្នា មាន​ត្រឹម​តែ ៩០.៨២៦​នាក់៕