ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

0:00 / 0:00

នៅ​ក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រុងភ្នំពេញ ជា​ច្រើន​នាំ​គ្នា​សម្រុក​ទៅ​កាន់​ស្រុក​កំណើត​តាម​ខេត្ត​នានា ដើម្បី​ជួបជុំ​ញាតិសន្ដាន​រៀងៗ​ខ្លួន។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​នៅ​ភ្នំពេញ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ដើម្បី​ជួប​ជុំ​ញាតិមិត្ត​របស់​ពួកគេ​ដែរ។ ដោយឡែក​ខ្មែរ​ក្រោម​នៅ​ក្រុង​ភ្នំពេញ ដែល​មិន​បាន​ទៅ​ស្រុក​កំណើត ក៏​មិន​ភ្លេច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​មាន​សារសំខាន់​មួយ​នេះ​ឡើយ។

តើ​ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​ជួបជុំ​ធ្វើ​បុណ្យ​ប្រពៃណី​នេះ?

មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ពិធី​បុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ ឬ​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​ក្មេង​ចាស់​ហៅ​ជា​ទូទៅ​ថា បុណ្យ​សែន​ដូនតា​នោះ ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ប្រារព្ធ​មិន​ដែល​អាក់​ខាន​ឡើយ។

ខ្មែរ​ក្រោម​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​ទី​អារាម​មួយ​ចំនួន​ដែល​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់​នៅ​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​វត្ត​សាមគ្គីរង្សី វត្ត​មហាមន្ត្រី និង​វត្ត​បទុមវតី ជាដើម។

វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ជ្រើសរើស​អារាម​ទាំង​៣​នេះ។ បើ​និយាយ​ពី​វត្ត​សាមគ្គីរង្សី វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់​នៅ​ច្រើន ហើយ​សមាគម​ខ្មែរ​ក្រោម​ចំនួន​២ ក៏​មាន​ទីស្នាក់ការ​នៅ​ទីនោះ​ដែរ នោះ​គឺ​សមាគម "ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម" និង​អង្គការ "មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម"។ ចំណែក​នៅ​វត្ត​មហាមន្ត្រី មាន​កុដិ​មួយ​ដែល​មាន​សុទ្ធតែ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ នោះ​គឺ​កុដិ​លេខ​១៣ ដែល​ពេល​ខ្លះ​ពលរដ្ឋ​ឲ្យ​ឈ្មោះ​ថា "កុដិ​ខ្មែរ​កម្ពុជា​ក្រោម" ទៀត​ផង។ រីឯ​នៅ​វត្ត​បទុមវតី​វិញ គឺ​មាន​កុដិ​លេខ​១៧។ នៅ​កុដិ​នោះ ក្រៅ​តែ​មាន​សុទ្ធតែ​ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​មាន​ដែរ​នូវ​ទីស្នាក់ការ​អង្គការ​ខ្មែរ​ក្រោម​នោះ គឺ "សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម"។

តើ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នៅ​កុដិ​ខ្មែរ​ក្រោម​ក្នុង​វត្ត​បទុមវតី​នេះ មាន​សភាព​ដូច​ម្ដេច?

បើ​គេ​ធ្វើ​ដំណើរ​ចូល​តាម​ច្រក​ទ្វារ​ខាងត្បូង​វត្ត​បទុមវតី ចូល​ក្នុង​បន្តិច នៅ​ឆ្វេង​ដៃ គេ​នឹង​ឃើញ​កុដិ​ធំ​មួយ​មាន​កម្ពស់ ២​ជាន់។ កុដិ​នោះ​ហើយ​គឺ​ជា​កុដិ​ដែល​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់​នៅ។ នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ដល់​កុដិ​មួយ​នេះ​ក្នុង​ថ្ងៃ​ដាក់​បិណ្ឌ ដែល​កំពុង​មាន​មនុស្ស​កុះករ​នោះ គេ​ហាក់​មាន​អារម្មណ៍​ថា កំពុង​ស្ថិត​នៅ​ក្នុង​វត្ត​នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម​អ៊ីចឹង​ដែរ ព្រោះ​ថា នៅ​កុដិ​នោះ ទាំង​ព្រះសង្ឃ ទាំង​ពុទ្ធបរិស័ទ ភាគ​ច្រើន​សុទ្ធតែ​ជា​ខ្មែរ​ក្រោម​ដែល​សូម្បី​តែ​អាចារ្យ​ក៏​ជា​ខ្មែរ​ក្រោម​ដែរ ហើយ​សំនៀង​សូត្រ​ធម៌​របស់​ព្រះសង្ឃ​និង​អាចារ្យ​ទៀតសោត ក៏​មាន​លក្ខណៈ​ជា​ខ្មែរ​ក្រោម​ទៀត​ផង៖ «សំឡេង​សូត្រ​ធម៌»។

​លក្ខណៈ​សំខាន់​មួយ​ទៀត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​នោះ ខុស​ពី​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា ដែល​ភាគ​ច្រើន​នៅ​ពេល​ទៅ​វត្ត​តែង​ស្លៀក​សំពត់ ស្លៀក​ហួល ផាមួង ឬ​អាវ​ប៉ាក់ មាន​ស្ត្រី​ខ្មែរ​ក្រោម​តិចតួច​ប៉ុណ្ណោះ​ដែល​ស្លៀក​សំពត់ ឬ​ពាក់​អាវ​ប៉ាក់។ ផ្ទុយ​ទៅ​វិញ ពួកគេ​ភាគ​ច្រើន​គ្រាន់តែ​ស្លៀក​ខោ​ជើងវែង​ពណ៌​ខ្មៅ និង​ពាក់​អាវ​ស​ជា​ការ​ស្រេច និង​ហាក់​មិន​មាន​តុបតែង​អ្វី​ច្រើន​ឡើយ។ យ៉ាង​ណា​សម្រាប់​ស្ត្រី​ខ្មែរ​ក្រោម​ដែល​បាន​ឡើង​មក​ប្រទេស​កម្ពុជា យូរ​ឆ្នាំ​ហើយ​នោះ របៀប​តែង​ខ្លួន​របស់​ពួកគេ គឺ​មិន​ខុស​ពី​ស្ត្រី​នៅ​កម្ពុជា​ឡើយ។

​នារី​ខ្មែរ​ក្រោម​ម្នាក់ គឺ​កញ្ញា សឺន សឿង ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ជាមួយ​បង​ប្អូន​ស្រីៗ ៣​នាក់​ផ្សេង​ទៀត​នោះ។ កញ្ញា​មាន​កំណើត​កើត​ជា​នៅ​ស្រុក​កញ្ចោង​ភ្នំពេញ ខេត្ត​ព្រះត្រពាំង ហើយ​ដែល​វៀតណាម បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា ​រុកតេវកឹង ខេត្ត​ត្រាវិញ។ កញ្ញា​ឲ្យ​ដឹង​ថា កញ្ញា​បាន​ឡើង​មក​ប្រទេស​កម្ពុជា ជាមួយ​ឪពុក​ម្ដាយ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កញ្ញា​ថា មិន​ដែល​ភ្លេច​ខ្មែរ​ក្រោម​ឡើយ។

នារី​ខ្មែរ​ក្រោម​ដែល​សព្វថ្ងៃ​មាន​អាជីព​ជា​គ្រូបង្រៀន​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ បង្ហាញ​ចំណាប់​អារម្មណ៍​ថា កញ្ញា​រីករាយ​នៅ​ពេល​បាន​មក​ឃើញ និង​ជួបជុំ​បងប្អូន​ខ្មែរ​ក្រោម​ផ្សេង​ទៀត​នៅ​ពេល​នេះ បើ​ទោះ​ជា​អ្នក​ខ្លះ​កញ្ញា​មិន​ដែល​បាន​ស្គាល់​ពី​មុន​មក​ក្តី។

​កញ្ញា សឺន សឿង៖ «ពួក​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ ដោយសារ​ការ​ធ្វើ​ការ​ការងារ​របស់​ពួក​ខ្ញុំ គឺ​ជួប​តែ​ខ្មែរ​ភ្នំពេញ ឬ​ជនបរទេស វា​អត់​សូវ​បាន​ជួប​ជាមួយ​ខ្មែរ​កម្ពុជា​ក្រោម។ និយាយ​រួម​ពួក​ខ្ញុំ​អត់​សូវ​មាន​មិត្តភ័ក្ដិ​ជា​ខ្មែរ​កម្ពុជា​ក្រោម លើកលែង​តែ​ព្រះសង្ឃ ឬ​ឪពុក​ម្ដាយ​ខ្ញុំ​តែម្ដង ព្រោះ​យើង​អត់​ស្គាល់​អ្នក​ផ្សេង​ទៀត ប៉ុន្តែ​យើង​មាន​មោទនភាព​ដែល​យើង​បាន​កើត​ជា​កូន​ខ្មែរ​ក្រោម ហើយ​យើង​មាន​ទឹកដី​ពិត​ប្រាកដ​មែន ហើយ​អ្វី​ទាំង​អស់​ដែល​នៅ​ហ្នឹង ព្រះសង្ឃ​ហ្នឹង​ឯង គឺ​ជា​ចំណែក​មួយ​ដែល​ជួយ​ឲ្យ​មនុស្ស​យើង​គ្រប់​គ្នា និង​មនុស្ស​ដទៃ​ទៀត អំពី​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​ខ្មែរ​កម្ពុជា​ក្រោម។ (សំណួរ៖ ឈាន​ជើង​ចូល​ដល់​ទី​នេះ តើ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​កំពុង​ឋិត​នៅ​កម្ពុជា​ក្រោម​ទេ?) ចម្លើយ៖ ពិត​មែន​យើង​ឋិត​នៅ​អ៊ីចឹង ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក។ (សំណួរ៖ ដល់​ពេល​មក​ឃើញ​គ្នា​អ៊ីចឹង​ធ្វើ​អី​ទៅ?) ចម្លើយ៖ យើង​ញញឹម​សើច​ដាក់​គ្នា​ទោះ​បី​អ្នក​ខ្លះ​យើង​អត់​ស្គាល់ ប៉ុន្តែ​យើង​ប្រើ​ស្នាម​ញញឹម​ជា​ការ​ទទួល​គ្នា​ដោយ​រាក់ទាក់ យើង​អត់​យាយ ព្រោះ​ខ្លះ​យើង​អត់​ស្គាល់​គេ»

ពិត​មែន​ហើយ ការ​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យទាន​ក្រៅ​ទឹកដី​កំណើត​របស់​ខ្លួន តួយ៉ាង​ដូច​ខ្មែរ​ក្រោម​នៅ​កម្ពុជា ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​រួច​ហើយ​នោះ​ទេ តែ​វា​ក៏​ជា​ការ​បង្កើត​ឱកាស​សម្រាប់​ពួកគេ​ឲ្យ​ស្គាល់​គ្នា ឬ​ក៏​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​ក្នុង​នាម​អ្នក​មាន​ឈាមជ័រ​ជា​ខ្មែរ​មក​ពី​កម្ពុជា​ក្រោម​ដូច​គ្នា។ លើស​ពី​នេះ សម្រាប់​អ្នក​ដែល​បាន​ស្គាល់​គ្នា​រួច​ហើយ តែ​មិន​សូវ​បាន​ជួប​មុខ​គ្នា ពិធី​បុណ្យ​ប្រពៃណី​នេះ​ក៏​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បាន​សួរ​សុខទុក្ខ ឬ​សួរ​នាំគ្នា​ពី​នេះ​ពី​នោះ តួយ៉ាង​ដូច​បុរស ២​នាក់ ដែល​កំពុង​ជជែក​គ្នា​អំពី​ការងារ​យ៉ាង​ដូច្នេះ។

ក្រៅ​តែ​ពី​មើល​ឃើញ​សកម្មភាព​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ​ក្រោម ជួបជុំ​គ្នា​ធ្វើ​បុណ្យ គេ​ក៏​ឃើញ​មាន​ការិយាល័យ​នៃ​សម្ព័ន្ធ​សមណ​និស្សិត និស្សិត ខ្មែរ​កម្ពុជា​ក្រោម នៅ​ទី​នោះ​ដែរ។

​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត និស្សិត ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ យឿង តារា មាន​ថេរដីកា​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​ហាក់​មាន​ពុទ្ធ​បរិស័ទ​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា នៅ​ពេល​ជួបជុំគ្នា​ម្តងៗ អ្វី​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ភាគ​ច្រើន​ចង់​ដឹង​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ គឺ​ស្ថានភាព​សិក្សា​រៀន​សូត្រ​របស់​ព្រះសង្ឃ ហើយ​ព្រះសង្ឃ​វិញ​ក៏​សួរ​នាំ​ពី​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ពុទ្ធបរិស័ទ​វិញ​ដែរ និង​ក៏​ជា​ឱកាស​សម្រាប់​ព្រះសង្ឃ​ចែក​រំលែក​ព័ត៌មាន និង​ចំណេះ​ដឹង​ផ្សេងៗ​ទៅ​ឲ្យ​ពួក​គាត់ ដែល​នេះ​ព្រះតេជព្រះគុណ យឿង តារា យល់​ថា មាន​ភាព​ចាំបាច់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​កម្ពុជា។

​ព្រះតេជព្រះគុណ៖ «ពេល​ដែល​គាត់​មក​អ៊ីចឹង​គាត់​មាន​អារម្មណ៍​មួយ​ឃើញ​ថា គាត់​សប្បាយ​ចិត្ត​ដែរ ពីព្រោះ​ពួកគាត់​ពុំ​សូវ​មាន​ឱកាស​ស្រាវជ្រាវ ក៏ដូចជា​សិក្សា​អំពី​ប្រវត្តិ អំពី​វប្បធម៌​របស់​ខ្មែរ​ក្រោម ប៉ុន្តែ​នៅ​ពេល​មក​ដល់​វត្ត​ទៅ​មាន​ព្រះសង្ឃ​ចែក​ជូន អ៊ីចឹង​ពួកគាត់​មាន​អារម្មណ៍​មួយ​សប្បាយ​ចិត្ត​ដែរ ក្នុង​នោះ​គាត់​ឃើញ​ថា ក្នុង​ការ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​សិក្សា​រៀន​សូត្រ​ហ្នឹង គាត់​ឃើញ​ថា មាន​លទ្ធផល​ល្អ​គួរ​សម ដូច្នេះ​ពួកគាត់​សប្បាយ​ចិត្ត ប៉ុន្តែ​ការ​សប្បាយ​ចិត្ត​នេះ ក៏​មាន​ការ​នឹក​អាណិត​បង​ប្អូន​ដែល​នៅ​ស្រុក មិន​បាន​ស្រាវជ្រាវ​អំពី​វប្បធម៌​ខ្មែរ​ក្រោម​ទូលំទូលាយ មាន​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល​វៀតណាម ដូច្នេះ​ការ​សិក្សា​រៀន​សូត្រ ស្រាវជ្រាវ ជាក់ស្ដែង​ក្នុង​នោះ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាដើម ព្រះសង្ឃ​និង​បង​ប្អូន​កូនចៅ​គាត់​ដែល​រស់​នៅ​ស្រុក​នោះ មិន​បាន​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាដើម»

ប្រការ​គួរ​ឲ្យ​កត់សម្គាល់​ដែរ​នោះ ឃើញ​ថា បន្ទាប់ពី​បាន​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ធ្វើ​ពិធី​បង្សុកូល រាប់បាត្រ ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​រួច​ហើយ ពុទ្ធបរិស័ទ​ភាគ​ច្រើន​មិន​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​ភ្លាមៗ​វិញ​ឡើយ។ ពួកគេ​នៅ​បន្ត​ជជែក​គ្នា​រង់ចាំ​រហូត​ដល់​ព្រះសង្ឃ​ឆាន់​រួច ហើយ​ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជុំ​គ្នា​តែម្ដង។

បើ​តាម​ព្រះតេជព្រះគុណ យឿង តារា បច្ច័យ ឬ​ថវិកា ដែល​ទទួល​បាន​ពី​ពិធីបុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​រយៈពេល​កន្លះ​ខែ​នេះ នឹង​ត្រូវ​បែងចែក​ប្រើប្រាស់​សម្រាប់​ឧបត្ថម្ភ ធ្វើ​ចង្ហាន់ និង​ចំណាយ​ផ្សេងៗ​សម្រាប់​ព្រះសង្ឃ​ក្នុង​កុដិ សម្រាប់​ជួសជុល​ដំបូល​កុដិ​ដែល​កំពុង​បែកបាក់ និង​មួយ​ចំនួន​ទៀត​សម្រាប់​ឧបត្ថម្ភ​ដល់​កិច្ច​ការងារ​របស់​សម្ព័ន្ធ​សមណ​និស្សិត និស្សិត ខ្មែរ​កម្ពុជា​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។