កូរ៉េផ្ដល់ជំនួយ១១លានដុល្លារសម្រាប់សាងសង់ផ្លូវនៅសៀមរាប
2011.03.18
ការសាងសង់ផ្លូវនេះ នឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណជាង ១១លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយប្រទេសកូរ៉េ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ-កូរ៉េ (KOICA)។
លោក ចាង ហូជិន (Jang Ho Jin) ឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ជំនួយផ្លូវថ្នល់នេះនឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រមទាំងជួយលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរតាមគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាអាទិភាព។
លោក ចាង ហូជិន បន្តដូច្នេះ ៖ "ជំនួយឥតសំណងរបស់កូរ៉េចំពោះកម្ពុជា បានកើនឡើងពី ២,៣លានដុល្លារកាលពីឆ្នាំ២០០៣ រហូតដល់ ១៥លានដុល្លារក្នុងឆ្នាំ២០១០ ហើយជំនួយមានសំណងក៏កើនឡើងដល់ ២៨៩លានដុល្លាររហូតមកដល់ឆ្នាំកន្លងទៅ។ យើងមានទស្សនៈថា គម្រោងនឹងកាន់តែកើនឡើងជាបន្តបន្ទាប់រហូត ដោយមានការសហការគ្នាល្អរវាងប្រទេសទាំងពីរក្នុងការជំរុញគម្រោងទាំងអស់នេះឲ្យមានប្រសិទ្ធភាព"។
លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នេះគឺជាលើកទី២ហើយដែលប្រទេសកូរ៉េខាងត្បូង បានជួយសាងសង់ផ្លូវចាក់ក្រាលកៅស៊ូ បន្ទាប់ពីបានជួយសាងផ្លូវខ្សែទី១ប្រវែងជិត ៥គីឡូម៉ែត្រ ក្រាលកៅស៊ូបេទីម ចាប់ពីផ្លូវជាតិលេខ៦ ជាប់សាលាបឋមសិក្សា ហ៊ុន សែន ក្រួស ភ្ជាប់ទៅផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្ត និងផ្លូវខ្សែទី២ ប្រវែងជាង ១០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក្រាលដោយកៅស៊ូបេទីម ចាប់ពីផ្លូវជាតិលេខ៦ ជាប់ផ្សារស្វាយធំ ភ្ជាប់ទៅផ្លូវបំបែកផ្សារព្រះដាក់ក្នុងស្រុកបន្ទាយស្រី។
លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ជំនួយផ្លូវថ្នល់នេះពិតជាមានសារសំខាន់ណាស់សម្រាប់ការអភិរក្សរមណីយដ្ឋានអង្គរ ក៏ដូចជាបម្រើឲ្យវិស័យទេសចរណ៍ និងសម្រួលការធ្វើដំណើរទៅមករបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។
បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីរវាងកម្ពុជា-កូរ៉េ កាលពីឆ្នាំ១៩៩៧មក កម្ពុជា និងកូរ៉េ បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ដូចជាទេសចរណ៍ ការវិនិយោគទុន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វប្បធម៌ និងការផ្លាស់ប្ដូរធនធានមនុស្ស ជាដើម។
លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក ចាង ហូជិន បានមានប្រសាសន៍បន្ថែមថា ដោយសារតែកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជា មានភាពល្អប្រសើរ បច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរណ៍កូរ៉េ ដែលមកទស្សនាប្រទេសកម្ពុជា បានកើនឡើងដល់ប្រមាណ ៣០ម៉ឺននាក់ ដោយជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២។
ប្រទេសទាំងពីរក៏បានពង្រឹងវិស័យពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង ៦ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៧។ ចំណែកការបណ្ដាក់ទុនរបស់កូរ៉េខាងត្បូងក្នុងប្រទេសកម្ពុជាវិញ បានកើនឡើង ៧០ដងផងដែរ៕