ខួប៤៥ នៃថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហម
2020.04.17
កាលពីជិតកន្លះសតវត្សមុន គឺនៅព្រឹកថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពព្រៃខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញពីរបបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់។
ភ្លាមៗនោះ ខ្មែរក្រហមបានចាប់ផ្ដើមធ្វើសកម្មភាពអមនុស្សធម៌មួយចំនួន ដែលពិភពលោកថ្កោលទោស រួមមានការបណ្ដេញមនុស្សទាំងអស់ គឺប្រមាណ២លាននាក់ចេញពីទីក្រុងភ្នំពេញ និងចាប់អតីតទាហានលន់ នល់ យកទៅប្រហារជីវិត។ ជិត៤ឆ្នាំក្រោមរបបខ្មែរក្រហមនោះ ប្រជាជនកម្ពុជាជិតពីរលាននាក់បានបាត់បង់ជីវិត។ អ្នកស្រាវជ្រាវរបបខ្មែរក្រហម ថា វាជារឿងសំខាន់ ដែលពលរដ្ឋខ្មែរត្រូវចងចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមដើម្បី កម្ពុជាចៀសផុតជាន់ដានជើងចាស់។
ក្នុងខួប៤៥ នៃថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហមនេះ លោក ជី វិតា មានសេចក្តីរាយការណ៍អំពីរឿងនេះ៖
ថ្ងៃទី១៧ ខែមេសា កាលពី៤៥ឆ្នាំមុន ត្រូវពលរដ្ឋខ្មែរចងចាំថា ជាថ្ងៃចាប់ផ្ដើមនៃភាពសោកសៅនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
នៅយប់ថ្ងៃទី១៦ មេសា គឺមួយថ្ងៃមុនក្ដោបក្រុងភ្នំពេញបានទាំងស្រុង ដែលកងទ័ពឧទ្ទាមខ្មែរក្រហមដែលហ៊ុមព័ទ្ធទីក្រុងជុំជិតហើយនោះ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំទៅលើបន្ទាយទាហាន លន់ នល់ ដូចជាបន្ទាយអូរបែកក្អមជាដើម។
អ្នករស់នៅទីក្រុងភ្នំពេញប្រមាណ២លាននាក់ ដែលក្នុងនោះមានជនភៀសសឹកពីតាមបណ្ដាខេត្តផង មិនអាចបំភ្លេចបាននូវស្នូរផ្ទុះអាវុធកងរំពង និងពន្លឺគ្រាប់កាំភ្លើងឆ្វៀលឆ្វាត់នៅយប់ថ្ងៃទី១៦ មេសា នោះឡើយ។ ពួកគេដេកភ័យព្រួយបន់ឱ្យតែមេឃភ្លឺឆាប់ៗ។
លោកស្រី លី ទូច ដែលមានប្តីជាទាហាន លន់ នល់ នៅមូលដ្ឋានទ័ពអូរបែកក្អម នៅចាំថា ខ្មែរក្រហមបានបាញ់អាវុធធុនធ្ងន់យ៉ាងសន្ធាប់នៅយប់នោះ៖ «ផ្លោងចូលបន្ទាយអូរបែកក្អម ប៉ុន្តែអត់មានត្រូវអីទេ! មនុស្សម្នាចេញតាំងយប់ថ្ងៃទី១៦ មេសា មកម្ល៉េះ។ គឺដឹកកូនប្រពន្ធចេញអស់ពីបន្ទាយ ទៅរស់នៅមុខចេនឡាទាំងអស់គ្នា និងគ្មានអ្នកដេកទេ គឺផ្លោងជាប់»។
នៅយប់ថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥នោះ ក្រៅតែពីដេកភ័យផងអរផង ថាសង្គ្រាមអាចនឹងចប់នៅថ្ងៃស្អែកនោះ គ្មានអ្នកណាម្នាក់នឹកដល់ថា ខ្មែរក្រហមនឹងបណ្ដេញពួកគេចេញពីទីក្រុងភ្នំពេញឡើយ។
នៅព្រឹកព្រលឹមថ្ងៃទី១៧ មេសា កងទ័ពខ្មែរក្រហមប្រដាប់ដោយអាវុធ ភាគច្រើនមានសំលៀកបំពាក់ពណ៌ខ្មៅ ពាក់មួកកន្តឹប ក្រមាបង់ក បានដើរចូលទីក្រុងភ្នំពេញពីគ្រប់ទិសទី។ ប្រជាជនក្រុងភ្នំពេញជាច្រើន រួមទាំងទាហាន លន់ នល់ ផងបានឈរអមសងខាងផ្លូវញញឹមស្វាគមន៍កងទ័ពខ្មែរក្រហម និងអ្នកខ្លះបានស្រែកថា ជយោសង្គ្រាមចប់ហើយ។ ប៉ុន្តែបន្តិចក្រោយមកអ្វីៗបានប្រែប្រួលទាំងស្រុង។ កងទ័ពខ្មែរក្រហមដែលភាគច្រើនមានវ័យក្មេង និងមានទឹកមុខមាំបានចាប់ផ្ដើមបណ្ដេញពលរដ្ឋនៅក្នុងនិងជុំវិញទីក្រុងចេញដោយចុងកាណុង។
អ្នករស់រានជីវិតពីរបបខ្មែរក្រហម លោកស្រី លី ទូច មានប្រសាសន៍ថា ពេលនោះមានភាព ច្របូកច្របល់ខ្លាំងណាស់។ តាមដងផ្លូវនិមួយៗ ក្រោមអាកាសធាតុក្នុងខែចែត្រក្តៅរលាកស្បែកនោះ មនុស្សម្នារាប់ម៉ឺននាក់ធ្វើដំណើរដោយថ្មើរជើងចេញពីទីក្រុងភ្នំពេញយ៉ាងចង្អៀតណែន។ ប្តីរបស់លោកស្រីបានបោះអាវុធចោល និងផ្លាស់សំលៀកបំពាក់ជាជនស៊ីវិល។ ចំណែកអ្នកខ្លះខំស្ពាយរែកលុយតាមខ្លួន តែទីបំផុតមិនអាចចាយបាន៖ «គេឱ្យយើងចេញពីក្រុងភ្នំពេញ ១៥គីឡូម៉ែត្ររយៈពេល ៣ថ្ងៃ ចាំចូលមកវិញ! គេប្រាប់អ៊ីចឹង គេឱ្យយើងចេញដើម្បីបោសសម្អាត រៀបចំក្រុងសាថ្មី។ គាត់(ប្ដី) នឹកឃើញម៉េចបោះកាំភ្លើងចោល គាត់លែងស្ពាយ ខ្លាចថា យើងស្ពាយគេ (ប៉ុល ពត) ចាប់បាត់។ ថ្ងៃ១៧ មេសា គេលែងចាយលុយភ្លាម គ្រាន់តែពួកគេ(ប៉ុល ពត) រំដោះចូលមកហ្នឹង គេអត់ចាយ(លុយ)ទេ ហើយលុយច្រើនមានចោលតាមផ្លូវ»។
មេដឹកនាំខ្មែរក្រហមមានមោទនភាពខ្លាំងណាស់ដែលដណ្ដើមបានទីក្រុងភ្នំពេញ ក្រោយពីសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងអស់រយៈពេល៥ឆ្នាំមក។ ពួកគេក៏បាននិពន្ធបទចម្រៀងដ៏ព្រឺព្រួចមួយចំនួនតំណាងការតស៊ូដ៏លំបាក តែអាចយកឈ្នះរបប លន់ នល់ ដែលមានមហាអំណាចអាមេរិកនៅពីក្រោយខ្នង។
ខ្មែរក្រហមដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ឬ សាឡុត ស ជាប្រធានបានហៅរបបនយោបាយថ្មី ថា កម្ពុជាប្រជាធិបតេយ្យ។ របបនេះចាប់ផ្ដើមដឹកនាំប្រទេសបែបផ្ដាច់ការ ហើយអ្វីៗដែលតំណាងឱ្យរបបសង្គមចាស់ត្រូវហាមឃាត់ជាដាច់ខាត។ សិទ្ធិនយោបាយ និងសិទិ្ធសេរីភាពទាំងឡាយរបស់ពលរដ្ឋត្រូវបានបំបិទទាំងស្រុង ដូចជា ការគោរពប្រតិបត្តិសាសនា បំបិទសាលារៀន មិនមានអ្នកសារព័ត៌មាន គ្មានតុលាការ ជាដើម។ រីឯកិច្ចការបរទេសវិញ ខ្មែរក្រហមមានទំនាក់ទំនងជាមួយតែប្រទេសកុម្មុយនិស្ត ដែលមានចិនជាអ្នកជាគាំទ្រដ៏ចម្បង។
ខ្មែរក្រហមក៏បានអនុវត្តនយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកខើចស្រមោចស៊ីត្រី ដោយបានសម្លាប់ទាហាន និងមន្ត្រីរាជការ ព្រមទាំងបញ្ញវន្តជននៃរបបមុនៗ ដើម្បីបន្សុទ្ធរបបថ្មីដែលពួកគេថា ចេញពីវណ្ណៈកសិករ។ ខ្មែរក្រហមបានជំរុញវិស័យកសិកម្មជាធំក្នុងការដឹកនាំប្រទេស ដោយបង្ខំពលរដ្ឋទូទាំងប្រទេសឱ្យរស់នៅបែកខ្ញែកព្រាត់ប្រាសពីក្រុមគ្រួសារ ទៅរស់នៅទីតាមជនបទទៅធ្វើស្រែចម្ការ ដោយគ្មានគិតគូរពីមនោសញ្ចេតនា និងសុខុមាលភាពរបស់ពួកគេ។ អ្នកប្រឆាំង ឬអ្នកដែលជាប់សង្ស័យថា មាននិន្នាការផ្សេងពីអង្គការបដិវត្តន៍ ឬបក្សកុម្មុយនិស្តកម្ពុជា ត្រូវចាត់ទុកជាខ្មាំងដែលត្រូវកម្ទេច ឬសម្លាប់ចោលដោយគ្មានការវិនិច្ឆ័យ។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបច្ចុប្បន្ន ធ្លាប់ជាមណ្ឌលធ្វើទារុណកម្មយ៉ាងឃោរឃៅនៅក្នុងរបបខ្មែរក្រម មានឈ្មោះកាត់ថា មន្ទីរស២១។ ជនរងគ្រោះជិត ២ម៉ឺននាក់ ភាគច្រើនជាយោធា និងកម្មាភិបាលខ្មែរក្រហម ហើយមានជនបរទេសផង ត្រូវបានចាប់យកមកធ្វើទារុណកម្មសួរចម្លើយដើម្បីរកខ្សែរយៈក្បត់បន្ថែម ហើយយកទៅសម្លាប់នៅវាលពិឃាដបឹងជើងឯក។
ជាលទ្ធផល ក្រោមការដឹកនាំរបស់ខ្មែរក្រហម មនុស្សជិតលាននាក់បានបាត់បង់ជីវិតដោយសារការសម្លាប់ ពលកម្មបាក់កម្លាំង ការអត់អាហារ និងការគ្មានថ្នាំព្យាបាលជំងឺ។ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាម ដណ្ដើមកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
បើទោះជាជិតកន្លះសតវត្សបានកន្លងផុតទៅក្ដី អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម ឱ្យដឹងថា កម្ពុជាមិនត្រូវបំភ្លេចចោលនូវរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមនោះទេ។ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ មានប្រសាសន៍ថា សម្រាប់អ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម ថេរៈវេលា ៤៥ឆ្នាំមុននោះ ហាក់ដូចជាថ្ងៃម្សិលមិញប៉ុណ្ណោះ៖ «ពីព្រោះវាបង្រៀនយើងពីភាពមនុស្សធម៌ ចេះជួយគ្នាពេលយើងជួបទុក្ខលំបាក វាបង្រៀនឱ្យយើងមិនធ្វើអំពើមិនគួរគប្បី។ ខ្ញុំគិតថា សុទ្ធតែជារឿងសំខាន់! អ៊ីចឹងខ្ញុំគិតថា ទោះបី ៤៥ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រឿងនេះដូចកាលពីម្សិលមិញអ៊ីចឹង»។
បទពិសោធន៍បង្ហាញថា អ្នករស់រានជីវិតពីរបបខ្មែរក្រហមជាច្រើននាក់មានការឈឺចាប់ផ្លូវចិត្តនៅពេលរម្លឹកដល់រឿងរ៉ាវរបស់ពួកគេនៅក្នុងរបបគ្មានមនុស្សធម៌នោះ។
ប៉ុន្តែលោក ឆាំង យុ ដែលបានឆ្លងកាត់របបនេះដែរនោះថា ក្រៅតែពីរឿងរ៉ាវឈឺចាប់ ក៏នៅមានរឿងរ៉ាវសាមញ្ញៗជាច្រើនទៀតដែលម្នាក់ៗអាចចែករំលែកទៅអ្នកដទៃបាន៖ «មិនចាំបាច់ទាល់តែនិយាយពីរឿងអាស្រូវ មិនចាំបាច់ទាល់តែនិយាយរឿងទណ្ឌកម្ម មិនហៅថា រឿងខ្មែរក្រហមដែរ។ រឿងខ្មែរក្រហមមានច្រើនយ៉ាង រឿងដាំថ្នាំជក់ រឿងអាពាហ៍ពិពាហ៍ រឿងកំណើតទារក ហើយមានពេលខ្លះរឿងក្នុងសម័យខ្មែរក្រហមក៏មានរឿងខ្លះធ្វើឱ្យយើងសប្បាយចិត្ត ពេលដែលយើងបានជួបមិត្តភ័ក្ដិដែលបានជួយជីវិតយើងនៅក្នុងគ្រាលំបាកណាមួយដែរ។ រឿងជីវិតប្រចាំថ្ងៃ ដែលក្មេងៗឥឡូវអាចយល់បាន ឧទាហរណ៍នៅសម័យនោះ សូម្បីថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ យើងពុំដែលមានផងរយៈពេល ៤ឆ្នាំ សូម្បីស្បែកជើង១គូ ពាក់ ៤-៥ឆ្នាំ ក៏យើងមិនដែលមានផង។ រឿងសាមញ្ញទាំងអស់នេះ យើងស្ដាប់ទៅដូចថា មិនមែនរឿងខ្មែរក្រហម ប៉ុន្តែ វាជារឿងពិតដែលក្មេងសម័យឥឡូវអាចយល់បានពីការលំបាកវេទនាពីលក្ខខណ្ឌជីវិតនាសម័យនោះ។ ប៉ុន្តែ អ្វីដែលលំបាកគឺយើងថា ហេតុអ្វីបានជាមានរឿងនោះកើតឡើង អ៊ឺចឹងហើយខ្ញុំគិតថា បន្តប្រាប់រឿងរ៉ាវកើតឡើងនេះដល់ក្មេង...»។
មេដឹកនាំបក្សកុម្មុយនិស្តខ្មែរក្រហម មាន ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន និង តា ម៉ុក ជាដើម ដែលបានដឹកនាំប្រទេសឆ្ពោះទៅមហាវិនាសកម្មនោះ ជាមនុស្សដែលមានការសង្ស័យច្រើន ភ័យខ្លាចបាត់បង់អំណាច។ ការភ័យខ្លាចបាត់បង់អំណាចរបស់ពួកគេនោះ បានបង្កឱ្យពួកគេមានជំងឺសង្ស័យច្រើន ដែលនាំទៅដល់ការសម្លាប់រង្គាល ដែលជនរងគ្រោះមានទាំងមន្ត្រី និងយោធាខ្មែរក្រហមខ្លួនឯងផង។
អតីតយោធាខ្មែរក្រហមនៃវរសេនាធំលេខ៦១ ប្រចាំនៅស្ទឹងហាវ ខេត្តព្រះសីហនុ លោក អ៊ុំ សារី អះអាងប្រាប់អាស៊ីសេរីថា ក្នុងនាមជាកងទ័ពនៅពេលនោះលោកមិនបានឃើញផ្ទាល់ភ្នែក នូវការសម្លាប់មនុស្សនោះទេ ប៉ុន្តែលោកធ្លាប់ធ្វើជាអ្នកសួរចម្លើយអ្នកទោស ដែលជាសមមិត្តខ្មែរក្រហមដូចគ្នា៖ «ក្នុងកងពិសេសវរៈសេនាធំនឹង ខ្ញុំគ្រាន់តែនៅស្ដាប់ ហើយខ្ញុំក៏ជាអ្នកសួរចម្លើយគេ ប៉ុន្តែជួបមិត្តគ្នាឯងទាំងអស់! មានសកម្មភាព គេបានចោទដាក់គ្នា ហើយខ្ញុំនៅកងពិសេសវរៈសេនាធំអ៊ីចឹង មានដៃជើងរបាយការណ៍ថា មិត្តនេះមានសកម្មភាពអ៊ីចេះ មកកងអង្គភាពខ្ញុំ (វរៈសេនាធំ) គឺជាកន្លែងសួរចម្លើយរបស់អ្នកមានសកម្មភាព ដែលមានសមាសភាព ឬហៅថា ខ្មាំង។ ឃើញគេធ្វើបាប ដូចជាការអ៊ុតកៅស៊ូ សួរចម្លើយតាមឆក់ខ្សែភ្លើង តាមកូរ៉ូណូ (ទូរស័ព្ទ) ដោតជិតគ្នា ដាក់ទៅឆក់។ អ៊ីចឹងគ្នាមិនឆ្លើយ ដាក់ឆក់ ហើយឆ្លើយព្រាវៗ!ទៅ ព្រោះគ្នាមិនដឹងធ្វើម៉េច បើគេឆក់ ថប់ដង្ហើមហើយ ចេះតែឆ្លើយទៅ! បើមិនឆ្លើយ ខ្ញុំគ្មានរបាយការណ៍ឱ្យមេៗមិនទុកចិត្តខ្ញុំ មេដកខ្ញុំចេញទៅ»។
បច្ចុប្បន្នរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង លោក អ៊ុំ សារី សំដែងការសោកស្ដាយ បន្ទាប់ពីបានចូលរួមក្នុងចលនាខ្មែរក្រហមរយៈពេលប្រមាណ ២៦ឆ្នាំ។
ទាក់ទងនឹងសារសំខាន់នៃការអប់រំ និងការរម្លឹករឿងរ៉ាវក្នុងសម័យខ្មែរក្រហមវិញ លោក អ៊ុំ សារី ឱ្យដឹងថា លោកតែងតែនិយាយប្រាប់រឿងរ៉ាវ និងបទពិសោធន៍របស់លោក ក្នុងរបបខ្មែរក្រហមទៅកូនៗរបស់លោក៖ «ដើម្បីឱ្យកូនចងចាំ ដើម្បីកុំឱ្យភ្លេចខ្លួន ទៅតាមគេ ដោយសារធ្វើឱ្យខ្លួនឯងរបួសស្នាម ធ្វើឱ្យខ្លួនឯងដែលសង្គមជាតិស្អប់ខ្ពើម។ ខ្ញុំសោកស្ដាយតាំងពីរំដោះខ្លួនហើយ និងសោកស្ដាយមិនគួរធ្វើអ៊ីចឹង ដែលត្រូវចាញ់បោកគេ។ ពីក្មេង ពេលគេនាំអីធ្វើអី ធ្វើនឹងហើយ ប៉ុន្តែខ្ញុំមិនដូចគេទេ! គេប្រាប់ឱ្យបាញ់សម្លាប់ទៅ តែខ្ញុំមិនហ៊ានទេ។ កាលចូលតស៊ូនឹង មានកងទ័ពរណសិរ្សរំដោះជាតិមកឃោសនា។ គេបំផុសតាំងពីលោកសង្ឃឱ្យលាចាកសិក្ខាបទ (សិក្ខ) ដើម្បីចូលចលនាតស៊ូក្នុងឆ្នាំ១៩៧១-៧២។ កងទ័ពរណសិរ្សត្រូវការរំដោះជាតិពីចក្រពត្តិអាមេរិក មកឈ្លានពានទឹកដីខ្មែរ កងទ័ពលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច (សីហនុ) ហើយ។ សម្ដេច (សីហនុ) ជាគោលដៅជាគោលដៅនៃការបំផុសចលនារណសិរ្សនឹង តែតាមពិតខ្មែរក្រហមក៏មិនស្រឡាញ់សម្ដេចដែរ»។
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម លោក ឆាំង យុ ថ្លែងថា រឿងខ្មែរក្រហម គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិសាសន៍ខ្មែរ ដែលមិនអាចបំភ្លេចចោលបានបើទោះជាមានភាពអាម៉ាស់នៅពេលរម្លឹកដល់រឿងរ៉ាវទាំងនោះក៏ដោយចុះ៖ «ប៉ុន្តែបើយើងសិក្សា និងធ្វើឱ្យយើងជាគ្រូប្រវត្តិសាស្ត្រនេះ ធ្វើឱ្យយើងដឹងកាន់តែច្រើន ហើយយើងអាចមានតួនាទីសំខាន់ទប់ស្កាត់អំពើទាំងអស់នេះ អំពើហិង្សាផ្សេងៗ ដែលយើងជួបប្រទះដែរ។ មិនបាច់អានសៀវភៅ ១០-៣០ក្បាលទេ សៀវភៅមួយដែលយើងធ្វើជាមួយក្រសួងអប់រំ ៧៨-៧៩ទំព័រ ខ្ញុំគិតថា វាគ្រប់គ្រាន់សម្រាប់មូលដ្ឋានរបស់សិស្សជាទូទៅ ហើយសិស្សអាចប្រើមូលដ្ឋានទាំងអស់នេះ សួរឪពុកម្ដាយ សួរអ្នកជិតខាង ឬសិក្សាស្រាវជ្រាវនៅពេលបន្តទៅសកលវិទ្យាល័យ អនុបណ្ឌិត ឬបណ្ឌិត។ ឧទាហរណ៍ដូចជាតុលាការកាត់ទោសខ្មែរក្រហម វាមានសាក្សីឡើងនិយាយរៀបរាប់រឿងរ៉ាវរបស់ខ្លួន និយាយពីការទទួលខុសត្រូវលើកំហុសឆ្គងនៃរបបខ្មែរក្រហម ធ្វើឱ្យក្មេងជាន់ក្រោយបានស្ដាប់ និងចងចាំទុក។ យើងមិនត្រូវរំពឹងថា យើងដឹងហើយ យល់ហើយ ដោយសាររឿងនេះ វាស្មុគស្មាញខ្លាំងណាស់! វាកើតឡើងតាំងពីយូរណាស់មកហើយៗផលប៉ះពាល់ទូទាំងប្រទេសកម្ពុជារបស់យើង។ មិនត្រឹមរងគ្រោះផ្ទាល់ទេ អ្នកជាឪពុកម្ដាយរបស់ក្មេងយុវជន ជាង១០លាននាក់ សុទ្ធតែជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមទាំងស្រុង នៅស្រុកខ្មែរយើងបាទ!»។
គិតមកត្រឹមឆ្នាំ២០១៨ ប្រជាពលរដ្ឋខ្មែរដែលរស់រានជីវិតសល់ពីសម័យខ្មែរក្រហមមានចំនួន៥លាននាក់ នេះបើយោងតាមស្ថិតិស្រាវជ្រាវរបស់ក្រសួងផែនការ។ ពួកគាត់មានវ័យ ៤៥ឆ្នាំ ឡើងទៅ ហើយកំពុងប្រឈមវ័យចាស់ជរា និងជំងឺព្យាធិ។
សាលាក្តីកូនកាត់ខ្មែរក្រហម គាំទ្រដោយអង្គការសហប្រជាជាតិ បានកាត់ទោសមេដឹកនាំខ្មែរក្រហមបីរូបដាក់គុកអស់មួយជីវិត ក្នុងនោះ មាន គាំង ហ្គេចអ៊ាវ ហៅឌុច ប្រធានមន្ទីរស២១ ឬគុកទួលស្លែង ខៀវ សំផន ប្រធានគណប្រធានរដ្ឋ និង នួន ជា ប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ បច្ចុប្បន្ន ព្រះរាជអាជ្ញាជាតិ និងអន្តរជាតិនៃសាលាក្តីខ្មែរក្រហមកំពុងតតាំងគ្នា អំពីរឿងនាំយកអតីតមេដឹកនាំខ្មែរក្រហមបីនាក់បន្ថែមទៀតមកជំនុំជម្រះ។ បុគ្គលទាំងបីនោះ លោក មាស មុត លោក អោ អាន និងលោក យឹម ទិត្យ។ ព្រះរាជអាជ្ញាបរទេសគាំទ្រឱ្យនាំខ្លួនពួកគេមកជំនុំជម្រះព្រោះមានភស្តុតាងនៃបទឧក្រិដ្ឋគ្រប់គ្រាន់ ខណៈព្រះរាជអាជ្ញាខ្មែរមិនយល់ព្រម។ ការមិនយល់ព្រមរបស់ព្រះរាជអាជ្ញាខ្មែរនេះ ស្របគ្នាទៅនឹងការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕