សាក្សី ឌុច ថា​មាន​ឯកសារ​ដែល​និយាយ​ពី នួន ជា ពាក់ព័ន្ធ​នឹង​ការងារ​មន្ទីរ​ស-២១

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៧ មិថុនា ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ អតីត​ប្រធាន​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ថ្លែង​ថា ជន​ជាប់​ចោទ នួន ជា ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​មន្ទីរ ស-២១។

សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ត្រូវ​បាន​សាលាដំបូង​កោះហៅ​ឱ្យ​មក​ធ្វើ​ជា​សាក្សី ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា ការ​បដិសេធ​របស់​អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជន​ជាប់​ចោទ នួន ជា ដែល​ថា មិន​បាន​ដឹង​ឮ ឬ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មន្ទីរសន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ជា​រឿង​ធ្វើ​ឱ្យ​លោក​ភ្ញាក់​ផ្អើល​ខ្លាំង និង​ស្មាន​មិន​ដល់៖ «ពូ នួន ( នួន ជា ) គាត់​បដិសេធ​បញ្ហា​នេះ ខុស​ហើយ។ ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា នរណា​មិន​គោរព​បក្ស ? អ្នក​ណា​ដែល​ធ្វើ​ការងារ​អី​ក្រៅ​ពី​លេខា និង​អនុ​លេខា​បក្ស​សម្រេច ? នេះ​ការ​ចាត់​តាំង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​វា​អ៊ីចឹង។ ដូច្នេះ​ការ​បដិសេធ​របស់​ពូ នួន គឺ​គ្មាន​ន័យ»។

សាក្សី ឌុច នៅ​ពេល​នេះ កំពុង​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ដែល​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ពីរ​រូប ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។ ជនជាប់ចោទ​ទាំង​ពីរ ជា​រឿយៗ តែង​តែ​បដិសេធ​ទៅ​នឹង​ការ​ពាក់ព័ន្ធ​ណា​មួយ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក​បញ្ជាក់​ថា មន្ទីរសន្តិសុខ ស-២១ និង​មន្ទីរ​នគរបាល​ទាំង​អស់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ឋិត​នៅ​ក្រោម​ការ​ដឹក​នាំ និង​បញ្ជា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មាន ប៉ុល ពត ជា​លេខា​បក្ស និង​ជន​ជាប់​ចោទ នួន ជា ជា​អនុ​លេខា​បក្ស។ មន្ទីរសន្តិសុខ ស-២១ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​មាត្រា ៨ នៃ​លក្ខន្តិកៈ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​សម្រេច​ឱ្យ​សម្លាប់​នរណា​ដែល​ត្រូវ​ចោទ​ថា ជា​ខ្មាំង ចាប់​តាំង​ពី​ឆ្នាំ​១៩៧១។

លោក ឌុច អះអាង​ថា ជន​ជាប់​ចោទ នួន ជា មាន​ឯកសារ​ដែល​និយាយ​ពី នួន ជា ពាក់ព័ន្ធ​នឹង​ការងារ​មន្ទីរ ស-២១៖ « ឯកសារ​ដែល​និយាយ​ពី​វត្តមាន​ពូ នួន នៅ​ក្នុង​ការ​ចាត់ចែង​រឿង ស-២១។ គ្រប់​តែ​ចំណារ សុន សេន ចារ​ទៅ​លើ គឺ​សំដៅ ប៉ុល ពត ដោយ សុន សេន សរសេរ​ថា គោរព​ជូន​បង។ ដោយឡែក​ឯកសារ​នេះ សុន សេន សរសេរ​ថា គោរព​ជូន​បង នួន ផ្ទាល់។ ខ្ញុំ​បញ្ជាក់​ថា ដែល​គោរព​ជូន​បង នួន ផ្ទាល់​នេះ គឺ សុន សេន ចារ​ទៅ​នៅ​ក្នុង​ពេល​ដែល ប៉ុល ពត អវត្តមាន ដោយ​ប្រាប់​ថា​ឈឺ ហើយ​ឲ្យ​ពូ នួន ទទួល​ភារៈ​ជា​នាយក​រដ្ឋមន្ត្រី​ស្ដីទី។ ដូច្នេះ​នេះ​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ថា ការងារ​នេះ​វា​មាន​បង នួន ជាប់​ជាមួយ ប៉ុល ពត តាម​គោលការណ៍​សហ​ប្រធាន​ពីរ។ ឯកសារ​មួយ​ទៀត​និយាយ​អំពី​ចំណារ​លើ​ចម្លើយ​សារភាព​របស់​ឈ្មោះ ម៉ុក សំអុល ហៅ ហុង មក​ពី​ក្រសួង​សង្គមកិច្ច ផ្នែក​ជំងឺ​គ្រុន​ចាញ់។ ដូច្នេះ​ភស្តុតាង​ទាំង​ពីរ​នេះ វា​បញ្ជាក់​ថា ការងារ​ទាំងអស់ សុន សេន ជា​អ្នក​ចេញ​មុខ​ក៏ដោយ មិន​ចេញ​មុខ​ក៏ដោយ ក៏​មាន​បង នួន នៅ​ក្នុង​ហ្នុង​ជា​អ្នក​គ្រប់គ្រង​តាម​គោលការណ៍​សហ​ប្រធាន​ពីរ »

សាក្សី ឌុច អតីត​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង កាល​ពី​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ត្រូវ​បាន​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម រក​ឃើញ​ថា ជា​អ្នក​ទទួល​ខ្ពស់​បំផុត​ចំពោះ​ជីវិត​មនុស្ស​ជាង ១​ម៉ឺន ២​នាក់ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរ​សន្តិសុខ ស-២១ នោះ។

នៅ​ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា លោក​ប្រកាស​ថា លោក​មិន​កាន់​សាសនា​ណា​មួយ​ទេ ទោះ​ជា​លោក​មាន​ជំនឿ​ក្នុង​សាសនា​ព្រះពុទ្ធ ខុងជឺ និង​សាសនា​គ្រិស្ត​ក៏​ដោយ។ លោក​ក៏​បាន​អះអាង​ដែរ​ថា មាន​ករណី​ដែល​គេ​យក​អ្នក​ទោស​ទៅ​រៀន​វះកាត់​ផ្នែក​វិជ្ជា​ពេទ្យ​នៅ​សម័យ​នោះ។ អង្គ​ជំនុំជម្រះ​សាលា​ដំបូង គ្រោង​ស្ដាប់​សក្ខីកម្ម​របស់ ឌុច រយៈ​ពេល ៩​ថ្ងៃ​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ។ លោក​នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។