អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៦ តុលា បានស្ដាប់សាក្សីជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមមួយរូប ទាក់ទងនឹងការរៀបការដោយបង្ខំ។ សាក្សីរូបនេះ ក៏ត្រូវបានអង្គជំនុំជម្រះ សួរដេញដោលអំពីការធ្វើសង្គ្រាមជាមួយវៀតណាម និងការចាប់ខ្លួនសមាជិកកងទ័ពបញ្ជូនមកដាក់គុកនៅភ្នំពេញ។
សាក្សីឈ្មោះ ជួន ធី នៅថ្ងៃទី២៦ តុលា បានផ្ដល់សក្ខីកម្មផ្ទុយពីសាក្សីមុនៗជាច្រើននាក់ ទាក់ទងនឹងអង្គហេតុរៀបការដោយបង្ខំ។ លោកជម្រាបអង្គជំនុំជម្រះសាលាដំបូងថា ក្នុងជួរកងទ័ពរបស់លោក ការរៀបការមិនមានការបង្ខិតបង្ខំទេ បើទោះជាការរៀបការពេលនោះមានច្រើនគូក្នុងពេលតែមួយដូចគ្នា៖ « អ្នកដែលបានជួបជុំគ្នា អ្នកដែលហ៊ានក៏ទាក់ទងត្រូវរ៉ូវគ្នាទៅ។ អាហ្នឹងគេពេញចិត្ត។ គេប្រាប់ឈ្មោះនេះឈ្មោះនោះដែលគេពេញចិត្ត។ ហើយមួយផ្នែកទៀត គ្នាដែលមិនសូវក្លាហាន ឬអៀនខ្មាសច្រើន ក៏គ្នាអត់ហ៊ានដែរ គឺពឹងពាក់លើអ្នកដឹកនាំ ហើយយើងក៏ប្រាប់គេថា ត្រូវមួយណាអីមួយណា ដើរមើលទៅ បើត្រូវឈ្មោះយើងរៀបចំឲ្យ។ ខាងខ្ញុំ គឺមានធ្វើអ៊ីចឹង។ តែបើពេលរៀបចំទៅវាច្រឡំ សាមីខ្លួនខាងប្រុសក៏ដោយ ខាងស្រីក៏ដោយ គេមិនពេញចិត្ត គេអាចដើរចេញមិនរៀបចំបាន » ។
ទាក់ទងនឹងអង្គហេតុរៀបការដោយបង្ខំនៅក្នុងរបបខ្មែរក្រហមកាលពីពីរថ្ងៃមុននេះ យ៉ាងហោចណាស់មានដើមបណ្ដឹងរដ្ឋប្បវេណី ៣រូបមកពីតំបន់ផ្សេងគ្នា បានប្រាប់អង្គជំនុំជម្រះសាលាដំបូងថា ពួកកម្មាភិបាលខ្មែរក្រហម បង្ខំពួកគាត់រៀបការរួមច្រើនគូក្នុងពេលតែមួយ ដោយមិនបានឲ្យដឹងខ្លួនជាមុន និងរៀបការទាំងពួកគាត់មិនពេញចិត្ត។ ពួកគាត់ក៏មិនបានស្គាល់ ឬបានឃើញគូស្រកររបស់ខ្លួនដែលត្រូវរៀបការជាមួយទេ។
ជាទូទៅ សាក្សីដែលអង្គការរៀបការឲ្យថ្មីៗ ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនឈ្លបឲ្យទៅលបស្ដាប់ពេលផ្សំដំណេក។ នៅតំបន់ខ្លះ សាក្សីឲ្យដឹងថា កងទ័ពក៏ជាប់ពាក់ព័ន្ធនឹងការឈ្លបយកការណ៍ពីប្ដីប្រពន្ធថ្មីថ្មោង ការរំលោភផ្លូវភេទ និងការនាំប្ដីប្រពន្ធមិនចុះសម្រុងគ្នា យកទៅសម្លាប់។
ត្រង់ចំណុចនេះ សាក្សី ជួន ធី ថ្លែងថា លោកមិនដែលបានឈ្លបតាមដានអ្នករៀបការថ្មីៗនោះទេ៖ « ខ្ញុំអត់ដែលឮថ្នាក់ដឹកនាំខាងលើប្រាប់ឲ្យតាមដានការរស់នៅអីផ្សំដំណេកជាមួយគ្នា ឬមិនផ្សំដំណេក គឺអត់ដែលមានទេ។ តែបើខាងមូលដ្ឋានខ្ញុំក្ដាប់មិនបានទេ ព្រោះខ្ញុំខាងអង្គភាពខាងយោធា ខ្ញុំគ្រប់គ្រង និងក្ដាប់អត់ដែលមានបញ្ហាអ៊ីចឹងផងរៀបចំហើយ ដូចរូបខ្ញុំរៀបចំពេលហ្នុងដែរ។ ដូច្នេះ គឺជាប់រហូតដល់សព្វថ្ងៃមានកូនមានចៅ។ អាហ្នឹងសម្រាប់អង្គភាព។ អង្គភាពខ្ញុំក៏ធ្លាប់ឃើញអ៊ីចឹងដែរ អ្នកដែលស្គាល់គ្នា ឃើញជួបជុំគ្នាទៅ » ។
សាក្សីរូបនេះអះអាងថា លោកជាកងទ័ពដែលត្រូវអង្គការបក្សកុម្មុយនិស្តកម្ពុជា បញ្ជូនទៅប្រយុទ្ធជាមួយកងទ័ពវៀតណាម នៅខេត្តស្វាយរៀង នៅឆ្នាំ១៩៧៨។ លោកត្រូវបានអង្គជំនុំជម្រះសួរដេញដោលអំពីសមាជិកកងទ័ពក្នុងអង្គភាពលេខ៣៤០ របស់លោកចំនួន ៩នាក់ ដែលត្រូវអង្គការចាប់ខ្លួនបញ្ជូនមកដាក់គុកព្រៃសនៅភ្នំពេញ ប៉ុន្តែបដិសេធថាមិនមានសមាជិកកងទ័ពរបស់លោកណាមួយត្រូវបានគេចាប់ខ្លួនទេ៖ « កងទ័ពខ្ញុំដែលបំពេញបេសកកម្មនៅស្វាយរៀង គឺក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំមិនដែលចាប់ទ័ពខ្ញុំ ឬនរណាចាប់ពីអង្គភាពខ្ញុំយកទៅឲ្យខាងលើ ក៏អត់មានដែរ។ ខ្ញុំសូមបញ្ជាក់ថា ឈ្មោះ ៩នាក់នៅក្នុងកងពល៣៤០ នេះ ខ្ញុំអត់មានស្គាល់ទេ ហើយក៏នៅពេលនោះ ចំពោះខ្ញុំ និងអង្គភាព ក៏មិនដែលស្គាល់គុកព្រៃសដែរ។ មិនដែលឮឈ្មោះផងទេ ហើយអត់មានការងារអីទៅចាប់បញ្ជូនមកដាក់គុកព្រៃសទេ។ ខ្ញុំសុំបដិសេធថា ខ្ញុំអត់បានដឹងឮ ហើយក៏អត់បានស្គាល់ដែរឈ្មោះ ៩រូបនោះ » ។
ជារឿយៗ សាក្សី ជួន ធី មានប្រសាសន៍ថា លោកនៅសមរភូមិមុខ លោកមិនបានដឹងអំពីការចាប់មនុស្សទៅដាក់គុក ឬសម្លាប់នៅឯសមរភូមិក្រោយទេ។ លោកថា នោះជាកិច្ចការរដ្ឋបាលរបស់កម្មាភិបាលនៅសមរភូមិក្រោយ។
អង្គជំនុំជម្រះដំបូងសាលាដំបូងនៅពេលនេះ កំពុងធ្វើសវនាការស្ដាប់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ វគ្គទី២ អំពីរឿងរ៉ាវរៀបការដោយបង្ខំ ហើយអង្គជំនុំជម្រះក៏សួរដេញដោលអំពីសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម នៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យដែរ។ ជម្លោះប្រដាប់អាវុធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម គឺជាអង្គហេតុចុងក្រោយនៃសំណុំរឿងលេខ០០២ វគ្គ២ របស់សាលាដំបូង ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៦ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។