កាលពីដើមខែមីនា ឆ្នាំ២០១៥ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្តីខ្មែរក្រហម ដោយមិនមានការយល់ព្រមពីសហភាគីចៅក្រមជាតិ បានដាក់ជនសង្ស័យបីរូបដែលជាអតីតមេដឹកនាំខ្មែរក្រហម ឲ្យឋិតក្រោមការត្រួតពិនិត្យកំបាំងមុខ ដោយជាប់សង្ស័យថាពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយចំនួនដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជនសង្ស័យទាំង ៣រូបនោះមាន លោក មាស មុត អ្នកស្រី អ៊ឹម ចែម និងលោក អោ អាន។
សូមអញ្ជើញស្តាប់សេចក្តីរាយការណ៍របស់លោក ជី វិតា ដែលបានស្វែងរកជួបជនសង្ស័យ មាស មុត កាលពីពេលថ្មីៗនេះដូចតទៅ៖
លោក មាស មុត មានឈ្មោះក្នុងបញ្ជីខ្មៅរបស់សាលាក្តីខ្មែរក្រហម ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលពេលនោះលោកមានតួនាទីមេបញ្ជាការកងនាវាចរណ៍។ ឋិតក្នុងសំណុំរឿង០០៣ លោក មាស មុត កំពុងរស់នៅក្នុងស្រុកសំឡូត ដែលជាអតីតមូលដ្ឋានតស៊ូមួយដ៏រឹងមាំរបស់ចលនាខ្មែរក្រហម។
«សំឡេងឡាន»
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ក្រុមការងារយើងបានមកដល់ស្រុកសំឡូត ដែលមានអតីតយោធា និងកម្មាភិបាលខ្មែរក្រហមជាច្រើនរស់នៅ។ សំឡូត ឋិតក្នុងខេត្តបាត់ដំបង ជាស្រុកព្រៃភ្នំ និងជាតំបន់ដែលមានការបះបោរទ្រង់ទ្រាយធំដំបូងគេរបស់កសិករ ប្រឆាំងរាជរដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៦៧។ សំឡូត គឺជាទីកន្លែងកកើតនៃចលនាតស៊ូបដិវត្តន៍ផ្ដើមឡើងដោយកសិករ ដែលមិនពេញចិត្តនឹងគោលនយោបាយគាបសង្កត់របស់រាជរដ្ឋាភិបាលក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សំឡូត ក៏ជាទីកន្លែងបញ្ចប់សង្គ្រាមចុងក្រោយគេជាមួយខ្មែរក្រហម កាលពីឆ្នាំ១៩៩៨ ដែរ។
បន្ទាប់ពីធ្វើដំណើរឡើងទួលចុះទួលជាច្រើនកន្លែងក្នុងស្រុកសំឡូត មក ក្រុមការងារយើងបានមកដល់ខាងមុខភូមិគ្រឹះធំស្កឹមស្កៃមួយ ដែលមានដំបូលប្រក់ក្បឿងពណ៌ខៀវ និងមានដីធំទូលាយ ហ៊ុមព័ទ្ធដោយរបងថ្ម និងសំណាញ់ដែកឋិតក្នុងភូមិតាសាញ។
តាមចន្លោះខ្លោងទ្វារចម្រឹងដែក យើងអាចមើលឃើញបុរសវ័យចំណាស់ម្នាក់ដែលអាចសម្គាល់បានថា គឺជា លោក មាស មុត ដែលជាជនសង្ស័យក្នុងសំណុំរឿងឧក្រិដ្ឋកម្ម០០៣ ដែលយើងកំពុងស្វែងរក កំពុងអង្គុយលេងនៅលើកៅអីមួយខាងមុខផ្ទះ។ ប៉ុន្តែការព្យាយាមសុំចូលជួបសម្ភាសរបស់យើង ត្រូវបានភរិយារបស់ លោក មាស មុត ឆ្លើយបដិសេធជាបន្តបន្ទាប់៖ «»។
បន្តិចក្រោយមក ទំនងជាមិនចង់ឃើញមុខអ្នកយកព័ត៌មានយើងតទៅទៀត លោក មាស មុត ក៏បានក្រោកដើរចូលក្នុងផ្ទះបាត់ស្រមោល។ បន្ទាប់ពីរង់ចាំខាងក្រៅរបងប្រមាណជាងកន្លះម៉ោងមិនបានជោគជ័យ ក្រុមការងារយើងបានទៅជួបអ្នករស់នៅក្បែរខាងផ្ទះរបស់ លោក មាស មុត។
ក្នុងចំណោមអ្នករស់នៅជិតខាងចំនួន ៦នាក់ ភាគច្រើនឆ្លើយគាំទ្រ លោក មាស មុត ថាគាត់ជាមនុស្សចាស់ទុំល្អនៅក្នុងភូមិ មិនគួរតុលាការចាប់ទោសអូសដំណើរគាត់នោះទេ៖ «»។
ផ្ទុយពីមតិគាំទ្រភាគច្រើន បុរសអ្នកភូមិតាសាញ ម្នាក់ បានសម្ដែងការគាំទ្រជំហរសាលាក្តីខ្មែរក្រហម ក្នុងការចោទប្រកាន់ជនសង្ស័យបន្ថែម។ លោកថា ប៉ុល ពត មិនអាចប្រព្រឹត្តឧក្រិដ្ឋកម្មទាំងអស់នោះតែម្នាក់ឯងបានទេ៖ «»។
ទោះជាយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជា ជារឿយៗតែងប្រកាសជាសាធារណៈប្រឆាំងទៅនឹងការបង្កើតសំណុំរឿងថ្មីហួសពី០០២។ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងរិះគន់សាលាក្ដីខ្មែរក្រហមម្តងទៀត ដោយអះអាងថា ការចោទប្រកាន់ជនសង្ស័យបន្ថែម អាចបណ្ដាលឲ្យប្រទេសកម្ពុជា ផ្ទុះសង្គ្រាមស៊ីវិលឡើងវិញ៖ «ដល់ពេលចាប់ផ្ដើមកាត់ទោស ចង់ជ្រុល។ ពង្រីកវិសាលភាពទៅដល់ស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃវិញ។ វិសាលភាពចេះតែពង្រីក។ រឿងនេះ ត្រូវគិតអំពីសន្តិភាព អំពីជីវិតមនុស្ស។ បើសង្គ្រាមកើតឡើងវិញ តើប៉ុន្មាននាក់ទៅត្រូវស្លាប់? ជីវិតមនុស្សយើងដកពិសោធហើយ។ ឥឡូវមនុស្សកំពុងស្លាប់លើពិភពលោក ដោយសារទង្វើខ្លះរបស់មនុស្សបង្កើតឡើង ហើយក្លាយទៅជាសង្គ្រាមស៊ីវិលកើតឡើង។ តើរឿងវាទៅយ៉ាងម៉េច?»។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងរយៈពេលតែ ២ថ្ងៃមុនសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចេញដីកានាំខ្លួន អ្នកស្រី អ៊ឹម ចែម និងដីកាកោះហៅ លោក មាស មុត និងលោក អោ អាន។ រហូតមកដល់ពេលនេះមានតែ លោក អោ អាន ម្នាក់គត់ដែលធ្វើតាមដីកាកោះរបស់សហចៅក្រមអន្តរជាតិ។
មន្ត្រីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជា លោក ឡុង បញ្ញាវុឌ្ឍ ថ្លែងថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានឥទ្ធិពលទៅលើដំណើរការរកយុត្តិធម៌ជូនជនរងគ្រោះ៖ «»។
ចំណែកអតីតយោធាខ្មែរក្រហម លោក ថោង ធន យល់ឃើញថា ការផ្ទុះសង្គ្រាមឡើងវិញនោះទំនងជាមិនអាចទៅរួចនោះទេ។ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ លោក ថោង ធន គឺជាបុគ្គលិកថតភាពយន្តឯកសាររបស់ក្រសួងឃោសនាការ និងព័ត៌មាន។ លោកបញ្ជាក់ថា ការរកយុត្តិធម៌ជូនជនរងគ្រោះពិតជាមានសារសំខាន់។ ដូច្នេះ សាលាក្តីខ្មែរក្រហមគួរតែមានសេរីភាពក្នុងការសម្រេចចិត្តរបស់ខ្លួន៖ «»។
ប៉ុន្តែ លោក ថោង ធន ដែលបច្ចុប្បន្នជាចៅសង្កាត់រងអូរតាវ៉ៅ ខេត្តប៉ៃលិន ដែរនោះបន្តថា មន្ត្រីជាន់ខ្ពស់មួយចំនួននៃគណបក្សប្រជាជនកម្ពុជា អាចជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មនានាដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៖ «»។
មាត្រា១ នៃច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ចែងថា ច្បាប់នេះរៀបចំឡើងក្នុងគោលបំណងវិនិច្ឆ័យទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជា ទទួលស្គាល់ ហើយដែលបានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
សាលាក្តីខ្មែរក្រហម ចោទប្រកាន់ លោក មាស មុត ដែលជាមេបញ្ជាការកងនាវាចរណ៍ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ថាជាប់សង្ស័យពាក់ព័ន្ធក្នុងការសម្លាប់មនុស្សរង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់មនុស្សក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងពូជសាសន៍ និងអំពើអមនុស្សធម៌ផ្សេងទៀត ដែលបានប្រព្រឹត្តនៅមន្ទីរសន្តិសុខវត្តឥន្ទញាណ កំពង់សោម ក្រចេះ និងមន្ទីរសន្តិសុខ ស-២១ និងការប្រព្រឹត្តលើជនជាតិវៀតណាម ជនជាតិថៃ និងជនបរទេសផ្សេងទៀតនៅដែនសមុទ្រ។ លោក មាស មុត ជាប់ចោទក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
ទោះជាយ៉ាងណាក៏ដោយចុះ តាមផ្លូវច្បាប់ លោក មាស មុត ត្រូវបានសន្មតថាជាមនុស្សគ្មានទោសកំហុសអ្វីទាំងអស់ ដរាបណាតុលាការនៅមិនទាន់បើកសវនាការ និងមានភស្តុតាងបញ្ជាក់ថា លោកបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់ណាមួយនោះមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។