អតីត​ទាហាន​ខ្មែរ​ក្រហម​បន្ត​អះអាង​ថា​ថ្ងៃ​១៧​មេសា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​រំដោះ​ប្រទេស

ដោយ យន់ សាមៀន
2015-04-17
Share
ទាហាន​ខ្មែរ​ក្រហម​ចូល​ក្រុង​ថ្ងៃ​១៧​មេសា ៦២០ ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។
រូបថត​ឯកសារ​នៃ​សារមន្ទីរ​គុក​ទួលស្លែង

អតីត​កងទ័ព​ខ្មែរ​ក្រហម បន្ត​សម្ដែង​មោនភាព​ដែល​បាន​រំដោះ​ទីក្រុង​ភ្នំពេញ​ចេញ​ពី​ការ​គ្រប់គ្រង​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ ទោះ​បី​មាន​រយៈពេល ៤០​ឆ្នាំ​ហើយ​ក៏ដោយ អតីត​ទាហាន​ខ្មែរ​ក្រហម​ទាំង​នោះ នៅ​តែ​ចងចាំ​គ្រប់​សកម្មភាព​នៃ​ថ្ងៃ​ដំបូង​ដែល​ពួក​គេ​បាន​ដើរ​ចូល​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ស្វាគមន៍ និង​អបអរ​សាទរ​ជ័យជម្នះ​ពី​ពលរដ្ឋ​ទៀត​ផង។

អតីត​ទាហាន​ខ្មែរ​ក្រហម មិន​ទាន់​បំភ្លេច​ទេ​ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​ពេល​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​លើ​កងទ័ព លន់ នល់។ ពួក​គេ​អះអាង​គ្រប់ៗ​គ្នា​ថា ថ្ងៃ​ទី​១៧ មេសា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា រួច​ផុត​ពី​របប​សក្ដិភូមិ ជា​របប​ជិះ​ជាន់​ឋិត​ក្រោម​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥ មាន​រយៈពេល ៤០​ឆ្នាំ​ហើយ​ក្រោយ​ដែល​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ​គ្រប់គ្រង​ទីក្រុង​ភ្នំពេញ និង​ជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​ជម្លៀស​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់​ចេញ​ពី​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ផ្សេង​ទៀត ទៅ​ធ្វើ​ការ​ដោយ​បង្ខំ​នៅ​តំបន់​ជនបទ។

ទោះ​បី​មាន​រយៈពេល ៤០​ឆ្នាំ​ហើយ​ក៏ដោយ ក៏​អតីត​ទាហាន​ខ្មែរ​ក្រហម លោក ថោង ធន នៅ​តែ​ចងចាំ​ថ្ងៃ​ដែល​លោក និង​ទាហាន​ខ្មែរ​ក្រហម​ផ្សេង​ទៀត បាន​សម្រុក​ចូល​មក​ទីក្រុង​ភ្នំពេញ។ លោក​ចងចាំ​ថា ទិដ្ឋភាព​ថ្ងៃ​ទី​២ គឺ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​នោះ លោក​មាន​ក្តី​រំភើប​សប្បាយ​រីករាយ ដោយ​ពលរដ្ឋ​អ្នក​ទីក្រុង​ភ្នំពេញ​បង្ហាញ​ការ​ស្វាគមន៍​កងទ័ព​រំដោះ​ជា​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​ពី​ការ​វាយ​ប្រហារ​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ​មក និង​មាន​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​ផង​នោះ​មក។ លោក ថោង ធន ថា ពេល​លោក​កំពុង​ដើរ​ចូល​ទីក្រុង​ភ្នំពេញ​នោះ លោក​មាន​មោនភាព​ដែល​លោក​បាន​ចូលរួម​រំដោះ​កម្ពុជា ទៅ​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ៖ «នឹង​បាន​សន្តិភាព។ កម្មករ និង​កសិករ​ឡើង​កាន់​អំណាច និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ពេល​នោះ​ក៏​គេ​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ​ដែរ។ ខ្ញុំ​អរ​គិត​ថា កសិករ​គេច​ផុត​ពី​ការ​ជិះ​ជាន់»

ចំណែក លោក ឃិន ពន់ អតីត​មន្ត្រី​ភស្តុភារ​កងទ័ព​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​មក​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧ មេសា ដើម្បី​ប្រមូល​ជ័យភណ្ឌ​ក្រោយ​សង្គ្រាម​នៅ​ទីក្រុង​ភ្នំពេញ​ទៅ​ជនបទ សម្រាប់​ប្រើប្រាស់​នោះ រំឭក​ឡើង​វិញ​ថា ពេល​លោក​ចូល​ដល់​ភ្នំពេញ​នោះ លោក​សង្កេត​ឃើញ​មាន​ទាហាន លន់ នល់ បាន​បោះបង់​ចោល​សម្ភារៈ​យោធា និង​រថយន្ត​យោធា​ជាច្រើន។ ចំណែក​នៅ​តាម​បន្ទាយ​ទាហាន​វិញ មាន​លើក​ទង់​ក្រណាត់​ស​ដែរ៖ «មាន​ការ​ត្រេកអរ។ គេ​ឲ្យ​ទៅ​យក​ឡាន យើង​ចង់​បាន​ឡាន​ចេះ​តែ​ទៅ​នឹង​គេ។ មិន​មែន​តែ​យើង​ទេ ពួក​ទាហាន​ជិះ​ម៉ូតូ»

បទពិសោធន៍​ថ្ងៃ​ទី​១៧ មេសា របស់ លោក ឃិន ពន់ មិន​ខុស​ពី​អតីត​មន្ត្រី​ភស្តុភារ​ម្នាក់​ទៀត គឺ​លោក អ៊ិត សំអាត។ ថ្ងៃ​ចូល​ទីក្រុង​ភ្នំពេញ​លើក​ដំបូង​នោះ លោក​មិន​បាន​នឹក​ស្មាន​ថា ខ្មែរ​ក្រហម​បាន​ប្រែ​ក្លាយ​កម្ពុជា ទៅ​ជា​វាល​ពិឃាត​ទាល់​តែ​សោះ​ក្នុង​រយៈពេល​ជិត ៤​ឆ្នាំ​នោះ៖ «មុន​ដំបូង​ខ្ញុំ​អរ​សប្បាយ​ដូច​មនុស្ស​ទូទៅ​ដែរ អត់​គិត​ថា​ទៅ​កុម្មុយនីស្ត​ទៅ​សង្គម​និយម​អ្វី​ទេ។ គេ​ធ្វើ​លាក់​កំបាំង​ពី​ឆ្នាំ​៧០ ទៅ ៧៥ គេ​មិន​ដែល​និយាយ​យ​រឿង​បក្ស​រឿង​អ្វី​ទេ ស្រាប់​តែ​ឈ្នះ​ភ្នំពេញ​ទើប​មាន​ទង់ជាតិ​កណ្ដៀវ​ទៅ កាល​មុន​មាន​ទង់ជាតិ​ក្រហម កាល​មិន​ទាន់​ឈ្នះ»

ការ​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​នោះ មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ពួក​ទាហាន​ខ្មែរ​ក្រហម បាន​ទទួល​បទបញ្ជា​ថ្មី​ទៀត​ឲ្យ​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ជនបទ​វិញ។ ក្តី​សប្បាយ​របស់​ពលរដ្ឋ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ទុក្ខ​សោកនាដកម្ម​វិញ បន្ទាប់​ពី​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ជម្លៀស​ពួក​គាត់​ចេញ​ពី​ទីក្រុង។

អតីត​អ្នក​យក​ព័ត៌មាន​ក្រសួង​ឃោសនាការ ក្នុង​ជំនាន់​ខ្មែរ​ក្រហម លោក ថោង ធន បន្ថែម​ទៀត​ថា ពលរដ្ឋ​ទីក្រុង​ភ្នំពេញ​ធ្លាក់​ទឹក​ចិត្ត​ភ្លាម នៅ​ពេល​ខ្មែរ​ក្រហម​តម្រូវ​ឲ្យ​ពួក​គេ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ជនបទ។ លោក​ថា ប៉ុន្មាន​ថ្ងៃ​ដំបូង​នោះ​មិន​ទាន់​មាន​ការ​សម្លាប់​នៅ​ឡើយ​ទេ។ ពលរដ្ឋ​នៅ​ទីក្រុង​នៅ​ពេល​ដើរ​ចេញ​ពី​ទីក្រុង​ដោយ​រំពឹង​ថា នឹង​បាន​មក​វិញ ទោះ​បី​ជា​ពួក​គេ​ព្រួយ​បារម្ភ​ពី​ស្បៀង​អាហារ និង​អង្ករ​បរិភោគ​នៅ​តាម​ផ្លូវ​ក៏ដោយ៖ «ដំបូង​កាល​ថ្ងៃ​ទី​១៧ និង ១៨ ហ្នឹង​គាត់​មាន​ការ​សប្បាយ​រីករាយ​នៅ​ឡើយ។ ដល់​ថ្ងៃ​ទី​១៩ និង ២០ គាត់​ចាប់​ផ្តើម​ក្រៀមក្រំ​ហើយ។ គាត់​ពិបាក​រឿង​ដើរ អ្នក​នៅ​ទីក្រុង​ភ្នំពេញ​គាត់​ជា​ឈ្មួញ ឬ​អ្នក​ដែល​មិន​ដែល​អត់​ដល់​ដើរ​ឃើញ​គាត់​អត់»

លោក ថោង ធន បន្ថែម​ទៀត​ថា លោក​ទទួល​បាន​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​លោក​ថា ត្រូវ​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង ពីព្រោះ​ខ្លាច​ទាហាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​ក្នុង​ក្រុង ប៉ុន្តែ​ធាតុ​ពិត គឺ​ដើម្បី​សន្តិសុខ និង​ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​ពលរដ្ឋ​ទូទៅ និង​អតីត​ទាហាន លន់ នល់ ទៅ​វិញ​ទេ។

លោក​បន្ថែម​ទៀត​ថា លោក​មិន​ដែល​នឹក​ស្មាន​ថា របប​ខ្មែរ​ក្រហម​ដែល​ជា​ក្តី​សង្ឃឹម​របស់​លោក បាន​បណ្ដាល​ឲ្យ​វិនាស​ប្រទេស​ជាតិ។ លោក​ថា ដំបូង​ឡើយ​លោក​ស្ម័គ្រ​ចិត្ត​ធ្វើ​ទាហាន​ខ្មែរ​ក្រហម​តាម​ការ​អំពាវនាវ​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​នរោត្តម សីហនុ៖ «ជំនាន់​នោះ​ស្មាន​តែ​សម្ដេច​នោះ​ជា​ប្រមុខ​ដឹក​នាំ ប៉ុន្តែ​បាន​តែ​មួយ​ឆ្នាំ​ពីរ​ទៅ​បាន​ដឹង​ថា ចលនា​នេះ​មិន​មែន​សម្ដេច សីហនុ ជា​អ្នក​គ្រប់គ្រង​ទេ។ មាន​ក្រុម​មួយ​ទៀត​ជា​ក្រុម ប៉ុល ពត។ មិន​បាន​គិត​អ្វី​គិត​ឲ្យ​តែ​បាន​វាយ​របប លន់ នល់ និង​រំដោះ នឹង​នាំ​សម្ដេច​ឳ​ឲ្យ​ចូល​ស្រុក»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បន្ត​សម្ដែង​ការ​គាំទ្រ​របប​ខ្មែរ​ក្រហម ដោយសារ​តែ​របប​នោះ​មិន​បណ្ដាល​ឲ្យ​បាត់បង់​អធិបតេយ្យភាព សម្បត្តិ​ធម្មជាតិ ថ្វី​ត្បិត​តែ​មាន​ការ​សម្លាប់​មនុស្ស​ក៏ដោយ។ លោក​ថា ប្រសិន​បើ​របប​ខ្មែរ​ក្រហម​មាន​លទ្ធភាព​គ្រប់គ្រង​រយៈពេល​វែង​នោះ របប​នោះ​ពិត​ជា​រីក​ចម្រើន​មិន​ខាន៖ «ខ្ញុំ​ដឹង​ថា​ពី​គោល​នយោបាយ​របស់​ខ្មែរ​ក្រហម ១៧ មេសា ភ្លាម ចាប់​ផ្ដើម​រៀបរយ​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ដល់​ខែ​វស្សា កងទ័ព​ទាំងអស់​ធ្វើ​ស្រែ​តែ​ម្តង អត់​គោ អូស​មនុស្ស ពាក្យ​ខ្មែរ​ឲ្យ​បាន​បាយ​ហូប​សិន»

ចំណែក លោក អ៊ិត សំអាត ក៏​បន្ត​កោត​សរសើរ​របប​ខ្មែរ​ក្រហម​ដែរ ប៉ុន្តែ​លោក​បាន​ស្ដីបន្ទោស​ក្រុម​ខ្មែរ​ក្រហម​មួយ​ចំនួន ដែល​ធ្វើ​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​ខ្មែរ​ក្រហម បង្កើត​ឲ្យ​មាន​ភាព​អត់​ឃ្លាន និង​សម្លាប់​មនុស្ស៖ «កាល​ពី ១៧ មេសា ហ្នឹង ប៉ុល ពត ខុស​មួយ​ចំនួន​ធំ ប៉ុន្តែ​គាត់​ត្រូវ​មួយ​ចំនួន​ធំ​ដែរ។ គាត់​មិន​ឲ្យ​មនុស្ស​ភ្លើតភ្លើន​ទេ»

មិន​មែន​អតីត​ខ្មែរ​ក្រហម សុទ្ធតែ​ពេញ​ចិត្ត​នឹង​របប​ជិត​បួន​ឆ្នាំ​នោះ​ទេ លោក ឃិន ពន់ អះអាង​ថា របប​ខ្មែរ​ក្រហម​ត្រូវ​ផ្ដួល​រំលំ​នោះ​ដោយសារ​តែ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម លោក ប៉ុល ពត បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​កម្ចាត់​កាក​សំណល់​សង្គ្រាម ដែល​បណ្ដាល​ឲ្យ​មន្ត្រី​ក្នុង​ទាហាន​ខ្មែរ​ក្រហម​ខ្លះ​មិន​ពេញ​ចិត្ត៖ «បោស​សម្អាត​កាក​សំណល់​មិន​ថា​តែ​ពួក ១៧ មេសា ទេ គេ​ហៅ​ពួក ១៧ មេសា អ្នក​នៅ​ភ្នំពេញ អ្នក​រាជការ អ្នក​ដែល​មិន​ធ្វើ​ការ​តាម​អង្គការ មិន​ធ្វើ​តាម​បដិវត្តន៍ គេ​ធ្វើ​ការ​បោស​សម្អាត​ជា​បុគ្គល​ទេ បោស​សម្អាត​ជា​ចរិត»

ចាប់​តាំង​ពី​កងទ័ព​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​អំណាច​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​លាន​នាក់​ត្រូវ​បាន​ស្លាប់។ បច្ចុប្បន្ន អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ចំនួន​បី​រូប ត្រូវ​បាន​សាលា​ក្តី​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ សាលា​ក្តី​ខ្មែរ​ក្រហម ក៏​បាន​ចោទ​ប្រកាន់​អតីត​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បន្ថែម​ចំនួន​បី​នាក់​បន្ថែម​ទៀត ដើម្បី​កាត់​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល