ឌុច ថា​យក​របៀប​សួរ​ចម្លើយ​តាម​លោក​ម្ចាស់ ប៉ាវ កុង ក្នុង​រឿង​តុលាការ​មុខ​ដែក

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មិថុនា បន្ត​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «ស-២១»ឬ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ សក្ខីកម្ម​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ អំពី​រឿងរ៉ាវ​សួរ​ចម្លើយ​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង សាក្សី ឌុច អះអាង​ថា យក​តាម​រឿង​និទាន​ចិន។

សាក្សី ឌុច ថ្លែង​នៅ​ក្នុង​សវនាការ​សាលា​ដំបូង​ថ្ងៃ​ទី​១៦ មិថុនា ថា បច្ចេកទេស​សួរ​ចម្លើយ និង​ស៊ើប​ការណ៍​ពី​អ្នក​ទោស លោក​យក​តាម​របៀប​របស់​លោក​ម្ចាស់ ប៉ាវ ក្នុង​រឿង​តុលាការ​មុខ​ដែក​នៃ​ភាគ​និទាន​របស់​ចិន៖ «អារម្មណ៍​ដែល​នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ គឺ​បច្ចេកទេស​យក​ការណ៍ តាម​ដាន និង​ សម្រេច​ក្ដី ​របស់​ម្ចាស់ ប៉ាវ ដែល​កាល​នោះ គេ​ហៅ​ថា ប៉ាវ កុង (Bao Kong) សំខាន់ គឺ​ឈរ​លើ​ភស្តុតាង។ តើ​ទៅ​រក​ភស្តុតាង​ឯណា ? អា​ហ្នឹង​ជា​បញ្ហា​មួយ។ ដល់​ក្រោយ​មក​ខ្ញុំ​ចូល​ដល់ -២១ ខ្ញុំ​រក​ បាន​សៀវភៅ​ តិចនិ ក​ ឌឺរ៉ង់សែងម៉ង់ (Techniques de renseignement) របស់​លោក អាលឡិន ឌុលឡេស (Allen Dulles) ពីរ​ក្បាល។ មួយ​ក្បាល​ខ្ញុំ​ខ្ចប់​ផ្ញើ​ទៅ​ខាង​លើ។ មួយ​ក្បាល​ទៀត​ខ្ញុំ​មើល​ដែរ តែ​បារាំង ខ្ញុំ​វា​ខ្សោយ ហើយ​គ្មាន​ពេល​ផង ការងារ​វា​ជាប់​អត់​បាន​មើល​ទេ។ ដូច្នេះ បច្ចេកទេស​សួរ​ ចម្លើយ​របស់ ​ខ្ញុំ អត់​រៀន​តាម អាលឡិន ឌុលឡេស ទេ ហើយ អាលឡិន ឌុលឡេស គាត់​និយាយ​ទូទៅ »

ការ​ថ្លែង​របស់ ឌុច បែប​នេះ គឺ​ពេល​ឆ្លើយ​តប​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) ដែល​ចង់​ដឹង​ថា តើ​ការ​អនុវត្ត​ការ​សួរ​ចម្លើយ​នៅ​គុក​ទួល​ស្លែង​នោះ លោក​យក​តាម​របៀប​ក្នុង​សៀវភៅ​របស់​នាយក​ភ្នាក់ងារ​យក​ការណ៍ សេ.អ៊ី.អា (CIA) លោក អាលឡិន ឌុលឡេស (Allen W. Dulles) នោះ ឬ​យ៉ាង​ណា?

ទន្ទឹម​គ្នា​នេះ​ដែរ សាក្សី ឌុច បញ្ជាក់​ទៀត​ថា របៀប​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ខ្នោះឃ្នាង​សម្រាប់​អ្នក​ទោស ទាំង​នៅ​ពេល​កាន់​កាប់​គុក «ម-១៣»នៅ​អមលាំង ខេត្ត​កំពង់ស្ពឺ និង​នៅ​គុក​ទួល​ស្លែង ក៏​លោក​មិន​បាន​យក​តាម​វៀតណាម ឬ​ពី​បស្ចិម​ប្រទេស​ដែរ៖ «ខ្នោះ​នេះ​ខ្ញុំ​អត់​បាន​ឃើញ​ឯកសារ ហ្វ៊ីលីព ហ្សត (Phillip Short) ឬ​ឯកសារ​អាណានិគម​និយម​បារាំង ទេ គឺ​ធ្វើ​តាម​ការ​ណែនាំ​របស់​ខាង​លើ​ផ្ទាល់​ពេល​ដែល​ខ្ញុំ​នៅ ម.១៣។ ខ្នោះ​នេះ ក៏​ខ្ញុំ​ឃើញ​នៅ​គុក ធំ​ដែរ។ សុំ​បញ្ជាក់​ថា ខ្ញុំ​មាន​ជាប់​គុក​សម័យ​មុន​រដ្ឋ​ប្រហារ។ ខ្ញុំ​ជាប់​គុក ពី​ថ្ងៃ​៥ មករា ឆ្នាំ​១៩៦៨ ដល់​ថ្ងៃ​៣ មេសា ឆ្នាំ​១៩៧០ បាន​គេ គេ​ដោះលែង។ ដូច្នេះ​ខ្ញុំ​ឃើញ​អា​ខ្នោះ​អស់​ហ្នឹង ហើយ​យក​មក​ធ្វើ​តាម។ ដូច្នេះ ខ្ញុំ​អត់​បាន​មើល​ឯកសារ​ណា​ស្អីៗ ហើយ​បារាំង គេ​ធ្វើ​យ៉ាង​ម៉េច​ស្អី​ឯ​ណា»

សក្ខីកម្ម​នៅ​ថ្ងៃ​ដដែល​នេះ សាក្សី ឌុច បាន​បដិសេធ​ភស្តុតាង​អំពី​ការ​យក​អ្នក​ទោស​ស្ត្រី​ទៅ​ពិសោធ​ថ្នាំ ហើយ​មន្ទីរ «ស-២១»មិន​មាន​ផលិត​ថ្នាំ​ទេ។ លោក​ថ្លែង​ថា ឯកសារ​ខ្លះ​មិន​ដែល​ឃើញ​ពី​មុន​មក​ទេ។ លោក ឌុច ក៏​ច្រាន​ចោល​ខ្សែ​ភាពយន្ត​ឯកសារ​ជា​ភស្តុតាង​សម្លាប់​ទាហាន​វៀតណាម មួយ ដែល​លើក​យក​មក​សួរ​ដោយ​សហ​ចៅក្រម​អន្តរជាតិ លោក ហ្សង់ ម៉ាកឡាវែញ (Jean-Marc Lavergne)។ សាក្សី ឌុច ចាត់​ទុក​ថា ខ្សែ​ភាពយន្ត​នេះ​មិន​មែន​ជា​ខ្សែ​ភាពយន្ត​ដែល​លោក​ថត​កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ បើ​ទោះ​ជា​កាល​នោះ​មាន​ថត​កុន​បែប​នេះ​ដែរ៖«ដូច្នេះ​ថ្ងៃ​នោះ​គ្មាន​វៀតណាម ហើយ​មាន​អង់គ្លេស​ទៀត​ទេ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ខ្ញុំ​បដិសេធ​ខ្សែ​កុន។ ដូច្នេះ​ខ្សែ​កុន​នេះ​ជា​ខ្សែ​កុន​ក្រោយ មិន​មែន​ខ្សែ​កុន​ដែល​ខ្ញុំ​ថត​នៅ​ផ្ទះ​ខ្ញុំ ហើយ​យក​មក​ប្រើ​ទេ ហើយ​ទី​ពីរ ខ្ញុំ​សុំ​និយាយ​ត្រឡប់​ដើម​វិញ ថ្ងៃ​ដែល​មិត្ត ហ៊ ទៅ​ថត​កុន​ថា ចាប់​យួន​បាន​នោះ មិន​មែន​មាន​ផ្ទះ​ថ្ម​អី​អ៊ីចឹង​ទេ ជា​គេ​ប្រឌិត​ក្រោយ ដែល​ដើរ​មក​មាន​ផ្ទះ​ថ្ម។ ចំណែក​ឯ​មិត្ត ហ៊ គាត់​ទៅ​ថត គឺ​នៅ​ខាង​កើត​ផ្លូវ ១៦៣ ហើយ​ខាង​ជើង​ផ្លូវ ម៉ៅ សេទុង។ ដូច្នេះ​មាន​តែ​គុម្ពោត​ព្រៃ​ទេ អត់​មាន​ផ្ទះ​ថ្មី​អី​ទេ ជា​រឿង​ប្រឌិត​ក្រោយ​ទាំង​អស់។ កុន​នេះ​មិន​មែន​ថត​ដោយ​មិត្ត ថេង នៅ ស-២១ ទេ ទាំង​ពីរ​ឆាក​ហ្នឹង»

ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ឌុច អំពី​គុក​ទួល​ស្លែង ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​ផ្អាក​សម្រាប់​សប្ដាហ៍​នេះ ហើយ​លោក​នឹង​មក​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ច័ន្ទ ទី​២០ មិថុនា សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។