សព​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ​បូជា​នៅ​វត្ត​ចាក់​អង្រែ​ក្រោម ក្រុង​ភ្នំពេញ

0:00 / 0:00

សព​អតីត​មេ​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាច់​ញាតិ និង​អាជ្ញាធរ​យក​ទៅ​បូជា​ភ្លាមៗ នៅ​រសៀល​ថ្ងៃ​ទី២ កញ្ញា ចាក់​អង្រែ​ក្រោម​ដោយ​ពុំ​ធ្វើបុណ្យ​អ្វី​នោះ​ទេ ក្រោយ​លោក​ស្លាប់​កាល​ពី​ថ្ងៃ​ទី១ កញ្ញា។ អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​ថា ឌុច ជា​មនុស្ស​ច្រើន​និយាយ​យក​រួចខ្លួន​ដោយ​អះអាង​ថា ការ​សម្លាប់​មនុស្ស​ក្នុង​គុក​ទួល​ស្លែង​ជា​ការ​ធ្វើតាម​បញ្ជា​អង្គការ។

មរណភាព​របស់ ឌុច ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​អង្គទូត​ប្រទេស​លោកសេរី​មួយ​ចំនួន​បាន​បញ្ចេញមតិ​យល់​ឃើញ​ខុស​គ្នា។ ទោះ​បី​ជា ឌុច បាន​ស្លាប់​នៅ​ក្នុង​ពេល​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​មិនទាន់​បាន​បិទ​បញ្ចប់​ដំណើរ​ការ​សំណុំរឿង​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ចប់​សប់​គ្រប់​ក្ដី ក៏​អង្គទូត​ទាំង​នេះ នៅ​តែ​គាំទ្រ​លើ​ដំណើរ​កាត់​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បន្ត​ទៅ​ទៀត។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម៉័រហ្វី (Patrick Murphy) សរសេរ​សារ​នៅ​លើ​ទំព័រ​ទ្វីតធ័រ (Twitter) របស់​លោក​នៅ​ថ្ងៃ​ទី២ កញ្ញា​ថា សហរដ្ឋ​អាមេរិក​សម្ដែង​ទឹក​ចិត្ត​ក្រៀមក្រំ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ក្រោម​បញ្ជា​លោក ឌុច។ លោក​ថា សហរដ្ឋ​អាមេរិក​ចូលរួម​ជាមួយ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ទ្រទ្រង់​ដល់​ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម ដែល​បាន​នាំ​ឲ្យ​មាន​ការ​កាត់​ទោស «ឌុច» ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ការធានា​ឲ្យ​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ។

ដោយ​ឡែក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​ថ្ងៃ​ទី២ កញ្ញា​ថា ថ្ងៃ​នេះ ប្រទេស​អូស្ត្រាលី​ស្ថិត​នៅ​ជាមួយ​អ្នក​ដែល​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ លោក​ថា ថ្ងៃនេះ​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​ឈឺចាប់​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​កម្ពុជា ក៏​ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​សង្ឃឹម​ថា ការណ៍​ដែល​សមមិត្ត ឌុច ត្រូវ​បាន​នាំ​យក​មក​កាត់ទោស​ដោយសារតែ​ទង្វើ​របស់​គាត់​នឹង​នាំ​មក​នូវ​សេចក្ដី​ស្ងប់​ចំពោះ​មនុស្ស​មួយ​ចំនួន។ លោក​គូស​បញ្ជាក់​ថា អូស្ត្រាលី​មាន​សេចក្ដី​រីករាយ​ដែល​ជំនួយ​របស់​អូស្ត្រាលី​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​បាន​ជួយ​អ្នក​ដែល​នៅ​រស់រាន និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់ ហើយ​ដែល​ជំនួយ​របស់​អូស្ត្រាលី​បាន​ជួយ​គាំទ្រ​ដល់​ពល​រដ្ឋកម្ពុជា​ឲ្យ​អាច​ស្វែងយល់​ពី​អតីតកាល​របស់​ពួក​គេ និង​បាន​ជួយ​ឲ្យ​ពិភព​លោក​ធានា​ថា អំពើ​ឃោរឃៅ​ដូច​អ្វី​ដែល​សមមិត្ត ឌុច ធ្លាប់​បាន​ប្រព្រឹត្តិ​នឹង​មិន​កើត​មាន​ឡើង​ជា​ថ្មីទៀត​នោះ​ទេ​។​

រីឯ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ ដែល​ធ្វើ​ការងារ​ស្រាវជ្រាវ​ពី​ករណី​ប្រល័យ​ពូជ​សាសន៍​វិញ ឱ្យ​អាស៊ី​សេរី​ដឹង​ថា តាម​ឯកសារ​ជន​រង​គ្រោះ​ជាង ១៨.០០០​នាក់ ត្រូវ​ស្លាប់​ក្នុង​គុក​ទួល​ស្លែង​ដែល ឌុច ជា​អ្នក​គ្រប់គ្រង។ លោក ឆាំង យុ ថ្លែង​ថា ទោះ​ជា​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅកន្លែង​ដែល​ខ្លួន​គ្រប់គ្រង​បែប​នេះ​ក៏ដោយក៏ ឌុច ជា​មនុស្ស​ម្នាក់​គ្មាន​វិប្បដិសារី​នូវ​អ្វី​ដែល​ខ្លួន​ប្រព្រឹត្ត​ឡើយ ដោយ​អះអាង​ថា​អ្វី​ដែល​លោក​ធ្វើ គឺ​ជា​បញ្ជា​របស់​អង្គការ៖ «

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ស្លាប់​របស់​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​មេ​គុក​ទួល​ស្លែង​គឺជា​និមិត្តរូប​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​បាន​ស្ងប់ចិត្ត​ដោយសារ​តែ​រដ្ឋាភិបាល​បាន​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ ដែល​បាន​កាត់​ទោស​លោក កាំង ហ្កេកអ៊ាវ រួចរាល់​ហើយ។ លោក​ថា អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កន្លង​មក គឺ​ដើម្បី​កុំ​ឲ្យ​របប​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក​វិញ សារ​ជាថ្មី​ម្ដង​ទៀត ដែល​ឈាន​ទៅ​រក​ការ​កាប់​សម្លាប់​ ​រង្គាល​ជា​ថ្មីទៀត៖ «

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​តុលាការយោធា​កម្ពុជា​ចាប់​ឃុំ​ខ្លួន​តាំងពី​ឆ្នាំ​១​៩​៩​៩។ លោក​ត្រូវ​បាន​ផ្ទេរ​ទៅ​ឃុំ​ខ្លួន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ហើយ​ត្រូវ​បាន​តុលាការ​កំពូល​នៃ​សាលាក្ដី​កូនកាត់​មួយ​នេះ​បាន​ផ្ដន្ទាទោស​លោក​ក្នុង​សំណុំរឿង​លេខ ០០១ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ពី​បទ "ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ" និង "ឧក្រិដ្ឋកម្ម​សង្គ្រាម" ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​និង​ជា​អ្នក​ធ្លាប់​ជាប់​ក្នុង​គុក​ខេត្ត​សៀមរាប​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​លោក ស៊ុំ រិទ្ធី ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ឆ្លើយ​បំភ្លឺ​របស់ ឌុច ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរក្រហម​កន្លងមក​ ឌុ​ច​និយាយ​លាក់បាំង​កំហុស​របស់​ខ្លួន​ច្រើន​ណាស់។ ប៉ុន្តែ លោក ស៊ុំ រិទ្ធី យល់​ថា ការ​សម្រេច​ឱ្យ ឌុច ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត គឺ​ធ្វើ​ឱ្យ​លោក​និង​ជនរងគ្រោះ​ផ្សេងទៀត​អស់ចិត្ត៖

ឌុច ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​រក​ឃើញ​ថា ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​គុក​ទួល​ស្លែង ឬ​មន្ទីរ ស-២១ ចន្លោះ​ពី​ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ខែ​មករា ឆ្នាំ១៩៧៩ ក្នុងនាម​លោក​ជា​ប្រធាន​នៅ​ទី​នោះ។ គុក​ទួល​ស្លែង ឬ​មន្ទីរ ស-២១ នៅ​ក្នុង​រយៈ​ពេល​នោះ​មាន​អ្នក​ទោស​ជាង ១ម៉ឺន ២ពាន់​នាក់ ត្រូវ​បាន​គេ​យក​ទៅ​ឃុំឃាំង ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ រួច​ហើយ​ភាគ​ច្រើន​បំផុត​យក​ទៅ​សម្លាប់​ចោល​នៅ​តំបន់​ជើងឯក​ជាយ​ក្រុងភ្នំពេញ។

ក្នុង​អំឡុង​ពេល​សង្គ្រាម​ពី​ចន្លោះ​ឆ្នាំ​១​៩​៧​០​ដល់​ឆ្នាំ១៩៧៥ ឌុច ក៏​ធ្លាប់​មាន​តួនាទី​ជា​មេ​បញ្ជា​ ​ការ​មន្ទីរសន្តិសុខ​នៃ​មន្ទីរ ម-១៣ និង ម-៩៩ ផង​ដែរ។ មេ​ដឹក​នាំ​របប​អាវ​ខ្មៅ​ដែល​មាន​វ័យ​ជរា​ៗ​បាន​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​លោក​ ​នួន​ ​ជា​ ​ប្រធានរដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​និង​ជា​បង​ធំ​ទី​២​បាន​ស្លាប់​កាលពី​ឆ្នាំ២០១៩ ក្នុង​អាយុ ៩៣ឆ្នាំ។ លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងការបរទេស​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ​បាន​ស្លាប់​ក្នុង​អាយុ ៨៨ឆ្នាំ​កាលពី​ឆ្នាំ២០១៤។ អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ​ ​និង​ជា​ប្រពន្ធ​លោក អៀង សារី បាន​ស្លាប់​ក្នុង​អាយុ ៨៣ឆ្នាំ កាល​ពី​ខែ​សីហា ឆ្នាំ២០១៥។ ពេល​នេះ​នៅ​សល់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជា​ជន​ជាប់​ចោទ​មួយ​រូប​ទៀត​ប៉ុណ្ណោះ គឺ​លោក ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​រដ្ឋ ឬ​ប្រធានាធិបតី។

ទោះ​បី​ជា​យ៉ាង​ក៏​ដោយ​មរណភាព​របស់ ឌុច មិន​មាន​ការ​ស្ដាយ​ស្រណោះ​ពី​មហាជន​នោះ​ឡើយ ដោយសារ​តែ ឌុច ជា​ថ្នាក់​ដឹក​នាំ​មួយ​រួប ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ពិសេស​លើ​ការ​ធ្វើ​ទារុណកម្ម​សម្លាប់​មនុស្ស​នៅ​មន្ទីរ ស-២១។ ចំពោះ​ការ​បូជាសព ឌុច វិញ ពុំ​មាន​ធ្វើ​ពី​ធី​បុណ្យ​អ្វី​នោះ​ទេ ការ​បូជា​ធ្វើឡើង​ដោយ​ស្ងាប់​ស្ងាត់​នៅ​ក្នុង​បរិវេណ​វត្ត​ចាក់​អង្រែ​ក្រោម​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ក្រោយ​ពី​បូជា​សព​រួច សាច់​ញាតិ ឌុច បាន​យក​អដ្ឋិធាតុ​យក​ទៅ​តំកល់​ទុក​នៅ​ខែត្រ​បាត់ដំបង​ភ្លាមៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។