សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្ដីខ្មែរក្រហមម្នាក់ទៀតបានលាលែងពីតំណែង។
មន្ត្រីកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឡាស អូលសិន (Lars Olsen) កាលពីថ្ងៃអង្គារ ទី៧ខែកក្កដា អះអាងថា ការលាលែងពីតំណែងរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ម៉ាក ហាម៉ុន (Mark Harmon) មិនជាប់ពាក់ព័ន្ធទៅនឹងរឿងចម្រូងចម្រាសនៃដំណើរការសាលាក្តីខ្មែរក្រហមឡើយ។
កាលពីថ្ងៃទី៧ ខែកក្កដា លោក ម៉ាក ហាម៉ុន បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការ ដោយបញ្ជាក់ថា ការលាលែងនេះដោយសារមូលហេតុផ្ទាល់ខ្លួន។ ការលាលែងនេះធ្វើឡើងចំពេលដែលសាលាក្តីខ្មែរក្រហមកំពុងប្រឈមមុខនឹងសមត្ថកិច្ចយុត្តិធម៌ ដែលបដិសេធមិននាំខ្លួនជនសង្ស័យជាអតីតនាយទាហានជើងទឹកខ្មែរក្រហម លោក មាស មុត ក្នុងសំណុំរឿង ០០៣ មកកាន់សាលាក្តី។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក ឡាស អូលសិន បន្ថែមទៀតថា លោក ម៉ាក ហាម៉ុន នឹងបន្តកាន់តំណែងរបស់លោករហូតដល់មានចៅក្រមថ្មីមកជំនួសលោក៖ «ការលាលែងរបស់លោកមិនជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿង ០០៣ និង ០០៤ ឡើងយ។ តាមពិតទៅគាត់បានដាក់ពាក្យលាលែងនេះពីរខែមុនម្ល៉េះ»។
នេះជាលើកទី៤ហើយដែលចៅក្រមនៅសាលាក្ដីខ្មែរក្រហមបានលាលែងចេញពីតំណែង ដែលអាចបង្កជាឧបសគ្គបន្ថែមទៀតដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។