លោក ខៀវ សំផន ចូល​សម្រាក​ពេទ្យ​បន្ទាប់​ចូលរួម​សវនាការ​បាន​មួយ​ព្រឹក

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចាប់​ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​លើ​សំណុំ​រឿង​០០២ វគ្គ​២ បន្ត​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា។ ប៉ុន្តែ​ដោយសារ​ជន​ជាប់​ចោទ ខៀវ សំផន មាន​បញ្ហា​សុខភាព បាន​បង្ខំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សម្រេច​ផ្អាក​សវនាការ​នៅ​ពេល​រសៀល។

ជន​ជាប់​ចោទ ខៀវ សំផន ត្រូវ​បាន​អាជ្ញាធរ​សាលា​ក្ដី​ខ្មែរ​ក្រហម បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​រសៀល​ថ្ងៃ​ទី​៨ មករា។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន បាន​ប្រកាស​ផ្អាក​សវនាការ​ស្ដាប់​សាក្សី​ភ្លាមៗ​នៅ​ពេល​រសៀល ដោយសារ​តែ​អវត្តមាន​ជន​ជាប់​ចោទ ខៀវ សំផន៖ «លោក ខៀវ សំផន មាន​អាការៈ​វិល​មុខ​ខ្លាំង ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ឥឡូវ​នេះ ខាង​គ្រូពេទ្យ​ប្រចាំ​ការ​នៅ អ.វ.ត.ក សម្រេច​បញ្ជូន​គាត់​ទៅ​ទទួល​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ដោយសារ​មូលហេតុ​ជន​ជាប់​ចោទ​មួយ​រូប​មាន​អាការៈ​ដូច្នេះ ហើយ​មិន​អាច​ចូលរួម​នៅ​ក្នុង​កិច្ច​ដំណើរ​ការ​សវនាការ​បាន ដូច្នេះ​អង្គ​ជម្រះ​មិន​អាច​ដំណើរ​ការ​ដោយ​អវត្តមាន​ជន​ជាប់​ចោទ​របៀប​នេះ​ទេ។ ហេតុ​ដូច្នេះ អង្គ​ជម្រះ​សម្រេច​ប្រកាស​ផ្អាក​កិច្ច​ដំណើរ​ការ​សវនាការ​នៅ​រសៀល​នេះ​ត្រឹម​នេះ ហើយ​សវនាការ​លើក​ទៅ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ស្អែក»

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា តាម​ការ​សង្កេត​អាការៈ​បញ្ហា​សុខភាព​របស់​កូន​ក្ដី​លោក ហាក់​ដូចជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ពិបាក​ទ្រាំ៖ «ពី​ព្រឹក​មិញ​ហ្នឹង​គាត់​មាន​បញ្ហា​លើស​ឈាម អាច​ថា​ធ្ងន់ធ្ងរ ហើយ​បញ្ហា​មួយ​ទៀត ធ្វើ​ឲ្យ​គាត់​ឈឺ​ក្បាល​ដែល​វិល​មុខ​ខ្លាំង គាត់​មិន​អាច​ទ្រាំទ្រ​អង្គុយ​ស្ដាប់​សវនាការ​បាន។ ខ្ញុំ​ពិនិត្យ​ស្ថានភាព​តាម​ភ្នែក​របស់​ខ្ញុំ​ផ្ទាល់​ហ្នឹង​ឃើញ​ថា ពិបាក​ទ្រាំ​ក្នុង​ខ្លួន​ណាស់ ប្រហែល​មក​ពី​ការ​ឈឺ​ក្បាល​ខ្លាំង។ ស្ថានភាព​បែប​នេះ បើ​យើង​មើល​ទៅ វា​ជា​បញ្ហា​ដែល​ពិបាក​ក្នុង​ខ្លួន​ខ្លាំង ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​កើត»

សវនាការ​នៅ​ពេល​ព្រឹក គឺ​ជា​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ មាស សុខា ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​នៅ​សហករណ៍​ត្រាំកក់ ការ​ប្រព្រឹត្ត​ទៅ​លើ​ពុទ្ធសាសនិក និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ នៅ​ខេត្ត​តាកែវ។ ក្នុង​សវនាការ​នេះ ក៏​មាន​ការ​ជជែក​តវ៉ា​គ្នា​ដែរ ដោយសារ​តែ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ដាក់​មេធាវី​ការពារ​ក្ដី​បម្រុង ដែល​អង្គ​ជំនុំ​ជម្រះ​បាន​ជ្រើសរើស​ដោយ​ខ្លួន​ឯង ចូល​អង្គុយ​ជាមួយ​ក្រុម​មេធាវី​ដែល​កំពុង​ការពារ​ក្ដី លោក ខៀវ សំផន។ ទាំង​ជន​ជាប់​ចោទ ខៀវ សំផន និង​ក្រុម​មេធាវី​របស់​គាត់ មិន​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​ដូច្នេះ​ទេ។

ជន​ជាប់​ចោទ ខៀវ សំផន ចាត់​ទុក​ការ​រៀបចំ​បែប​នេះ ថា​ជា​ការ​គាប​សង្កត់​មេធាវី​របស់​គាត់ ហើយ​គាត់​នឹង​រក្សា​សិទ្ធិ​នៅ​ស្ងៀម​នៅ​ក្នុង​សវនាការ​ខាង​មុខ៖ «ដោយ​មាន​ការ​គាប​សង្កត់​មក​លើ​មេធាវី​របស់​ខ្ញុំ ដូច​បង​ប្អូន​រួម​ជាតិ​ទាំងអស់​បាន​ឃើញ​នឹង​ភ្នែក​ស្រាប់ ខ្ញុំ​គ្មាន​អី​សង្ឃឹម​អំពី​តុលាការ អំពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​មួយ​ដែល​មិន​លម្អៀង​ទៀត​ទេ។ ដូច្នេះ​ជា​រួម ខ្ញុំ​សូម​រក្សា​សិទ្ធិ​នៅ​ស្ងៀមស្ងាត់។ ក៏ប៉ុន្តែ យោង​ទៅ​តាម​បរិបទ​ដែល​មាន​នៅ​ក្នុង​សំណុំ​រឿង​០០២ លើ​០២ ខ្ញុំ​សុំ​អនុញ្ញាត​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​ពេល​ណា​មួយ​ដែល​សមស្រប»

ដោយ​ឡែក ទាំង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន និង​ជន​ជាប់​ចោទ នួន ជា សុទ្ធតែ​បាន​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ពិចារណា​ឡើង​វិញ អំពី​ការ​រៀបចំ​មេធាវី​នេះ។ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ថ្លែង​ថា ជា​វិធានការ​លឿន​ពេក និង​មិន​សមស្រប ព្រោះ​ពួក​លោក​នៅ​មិន​ទាន់​បោះ​បង់​ការ​ការពារ​កូន​ក្ដី​នៅ​ឡើយ៖ «យើង​យល់​ឃើញ​ថា ការ​ចាត់​តាំង​មេធាវី​បម្រុង​នេះ វា​ជា​ការ​គំរាម​កំហែង​ដល់​មេធាវី​យើង ហើយ​ក៏​ឃើញ​ថា​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឲ្យ​មេធាវី​បម្រុង​ទៅ​ចូលរួម​នៅ​ក្នុង​បន្ទប់​សវនាការ​ដែរ ពីព្រោះ​យើង​មិន​ដឹង​ថា តើ​ឋានៈ​របស់​គាត់​ជា​អ្វី ក្នុង​ការ​ដែល​គាត់​ទៅ​អង្គុយ​នៅ​ក្នុង​សវនាការ​នោះ ពីព្រោះ​យើង​ជា​មេធាវី​ធ្វើ​ការ​ការពារ លោក ខៀវ សំផន នៅ​ក្នុង​នីតិវិធី​តុលាការ។ ដូច្នេះ វត្តមាន​មេធាវី​បម្រុង​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​បំពេញ​វិជ្ជាជីវៈ​របស់​យើង»

មជ្ឈដ្ឋាន​ខ្លះ​សន្និដ្ឋាន​ថា បញ្ហា​នៅ​ពេល​ព្រឹក​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ ខៀវ សំផន មាន​ភាព​តឹងតែង​ក្នុង​ចិត្ត បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៨ មករា ដដែល អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ ខៀវ សំផន ឋិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ៖ «បាទ! រហូត​មក​ដល់​ម៉ោង​នេះ លោក ខៀវ សំផន នៅ​បន្ត​ឋិត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដដែល ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ​បន្ត​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​គាត់។ ជំងឺ​របស់​គាត់ គឺ​ការ​វិល​មុខ ហើយ​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់»

លោក​បញ្ជាក់​បន្ថែម​ដែរ​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​រក្សា​គម្រោង​ធ្វើ​សវនាការ​លើ​សំណុំ​រឿង​០០២ វគ្គ​២ ដដែល នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។