បន្ទាប់ពីតស៊ូប្រដាប់អាវុធរយៈពេល ៧ឆ្នាំមក កងទ័ពកុម្មុយនិស្តខ្មែរក្រហម បានវាយយកទីក្រុងភ្នំពេញបានពីរបប លន់ នល់។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម មានជីវិតត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ មុននឹងត្រូវកងទ័ពវៀតណាម ផ្ដួលរំលំ។
នៅក្នុងខួបទី៤០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោក ជី វិតា មានសេចក្តីរាយការណ៍មួយពិនិត្យមើលថា តើមានកត្តាអ្វីខ្លះដែលជួយឲ្យចលនាខ្មែរក្រហមឡើងកាន់អំណាច និងកត្តាអ្វីខ្លះដែលបានបំផ្លាញខ្មែរក្រហមទៅវិញ ដែលមានសេចក្តីដូចតទៅ៖
មេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា សម្រេចចិត្តចាប់ផ្តើមតស៊ូបដិវត្តន៍ប្រដាប់អាវុធប្រឆាំងនឹងរបបគ្រប់គ្រងរបស់សម្ដេចព្រះនរោត្តម សីហនុ នៅចុងឆ្នាំ១៩៦៧ បន្ទាប់ពីគ្មានជំនឿថា នឹងអាចផ្លាស់ប្ដូររបបដឹកនាំរបស់ព្រះអង្គដោយសន្តិវិធី និងតាមរយៈការបោះឆ្នោត។
ទោះជាយ៉ាងណា កងទ័ពព្រៃកុម្មុយនិស្តខ្មែរក្រហម រង់ចាំរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៨ ទើបចាប់ផ្ដើមផ្ទុះអាវុធជាលើកដំបូង នៅពេលដែលពួកគេវាយប្រហារទៅលើមូលដ្ឋានទ័ពរាជរដ្ឋាភិបាល នៅភូមិបាយដំរាំ ប៉ែកខាងត្បូងនៃទីរួមខេត្តបាត់ដំបង។
អតីតយោធាខ្មែរក្រហម លោក ឆែម ប៊ុន ដែលកាន់ផ្នែកឃោសនានយោបាយ រំឭកថា គឺអង្គភាពរបស់គាត់ជាអ្នកបើកការវាយប្រហារទៅលើភូមិបាយដំរាំ៖ «បាញ់ហ្នឹងដើម្បីយកអាវុធហ្នឹងឯង ដើម្បីគ្រប់គ្រង បើមិនអ៊ីចឹងខាងរដ្ឋាភិបាលក្តាប់អំណាច។ បាញ់ត្រូវអ៊ំ ឈឿង ប៉ុណ្ណឹងក៏ចូលមកយកអាវុធដែលចងបាច់ស្រាប់»។
ចំណែកសាក្សីរស់ម្នាក់ទៀត គឺលោក ប៉ូច ប៊ុន ជាកសិករមានប្រសាសន៍ថា ថ្វីត្បិតតែលោកនៅឯស្រែក្បែរភូមិពេលខ្មែរក្រហមចូលមកដល់ តែលោកបានឮស្នូរកាំភ្លើងយ៉ាងច្បាស់៖ «ផូសៗៗ ហេ្អកាំភ្លើងអីអ៊ីចេះ ព្រោះខ្ញុំនៅឯស្រែ។ ដល់ថ្ងៃល្ងាចឡើងឮគេថា អូ! ខ្មែរក្រហមបាញ់យកកាំភ្លើង។ កាលនោះប្រហែលម៉ោង ៨ ទៅ ៩។ កាំភ្លើងនោះប្រហែល ២៥ដើម គេប្រាប់ខ្ញុំទេ។ ខ្មែរក្រហមប្រហែស ៧ ទៅ ៨នាក់»។
បើទោះជាការវាយប្រហារនៅពេលនោះ មិនបានបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់កងទ័ពរដ្ឋាភិបាលក៏ដោយ ក៏កងឧទ្ទាមខ្មែរក្រហមបានប្រារព្ធពិធីសាទរ ចំពោះការចាប់ផ្ដើមតស៊ូបដិវត្តន៍ប្រដាប់អាវុធជាលើកដំបូងរបស់ពួកគេដែរ។
បន្ទាប់មក ការវាយឆ្មក់ជាលក្ខណៈទ័ពព្រៃរប៉េះរប៉ោះជាច្រើនកន្លែង ទៅលើកងទ័ពរដ្ឋាភិបាលភាគច្រើនក្នុងខេត្តបាត់ដំបង នៅក្នុងចន្លោះឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ នោះ បានធ្វើឲ្យកងឧទ្ទាមទ័ពព្រៃខ្មែរក្រហម ទទួលបានការដកពិសោធន៍ក្នុងការវាយប្រយុទ្ធលើសមរភូមិ និងរឹបអូសយកបានអាវុធយុទ្ធភណ្ឌខ្លះៗពីទាហានរបស់សម្ដេចព្រះនរោត្តម សីហនុ ប៉ុន្តែមិនដែលបានដណ្ដើមកាន់កាប់តំបន់ប្រជុំជនធំណាមួយបាននោះនៅឡើយទេ។
ទោះយ៉ាងណា ចលនាខ្មែរក្រហមកាន់តែមានសន្ទុះទៅមុខ នៅពេលជីវភាពរបស់ប្រជាជនធ្លាក់ចុះ និងការបង្ក្រាបដោយហិង្សារបស់ទាហានរាជរដ្ឋាភិបាល ទៅលើបាតុកម្មតវ៉ារកយុត្តិធម៌នានារបស់មហាជន កាន់តែមានកម្ដៅខ្លាំងឡើង ពិសេសការបង្ក្រាបទៅលើកសិករយ៉ាងចាស់ដៃនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតដែលរុញច្រានចលនាខ្មែរក្រហម ឲ្យស្ទុះទៅមុខឡើងដល់កំពូលនោះ គឺរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ សម្ដេចព្រះនរោត្តម សីហនុ ក្នុងនាមជាព្រះប្រមុខរដ្ឋ បាត់បង់អំណាចមិនអាចគង់នៅស្ងៀមបានទេ។ ពីប្រទេសចិនកុម្មុយនិស្ត ព្រះអង្គបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរក្រោកប្រឆាំងរបប លន់ នល់ ដើម្បីយកអំណាចមកថ្វាយព្រះអង្គវិញ។ បាតុករជាច្រើនប្រឆាំងរដ្ឋាភិបាលថ្មី ត្រូវបានទាហាន លន់ នល់ បង្ក្រាប និងបាញ់សម្លាប់។ ពេលនោះហើយដែលប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី កាន់តែរត់ចូលព្រៃដូចទឹកបាក់ទំនប់ តាមការអំពាវនាវរបស់សម្ដេចឪ ចូលរួមតស៊ូប្រដាប់អាវុធជាមួយចលនាខ្មែរក្រហមដែលធ្លាប់តែជាសត្រូវរបស់ព្រះអង្គមុនឆ្នាំ១៩៧០។
លោក អ៊ីសា ឧស្មាន អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម និងជាអ្នកនិពន្ធសៀវភៅ «ការបះបោររបស់ជនជាតិចាម» បញ្ជាក់ថា មុនឆ្នាំ១៩៧០ ចលនាខ្មែរក្រហមនៅមានកម្លាំងខ្សោយនៅឡើយ៖ «ប៉ុន្តែខ្លាំង គឺនៅឆ្នាំ១៩៧០ គឺដោយសារប្រជាពលរដ្ឋគាំទ្រខ្លាំងក្លា។ ហេតុអីបានប្រជាពលរដ្ឋគាំទ្រ ពីព្រោះសង្គម លន់ នល់ ពោរពេញទៅដោយបញ្ហាអំពើពុករលួយ។ ប្រជាជនចង់ផ្លាស់ប្ដូរណាស់។ ទី២ សម្ដេចព្រះនរោត្តម សីហនុ បានថ្លែងឲ្យកូនចៅរត់ចូលព្រៃដើម្បីរំដោះព្រះអង្គឲ្យបានចូលស្រុកវិញ...»។
«ចម្រៀង ១៧ មេសា»
ក្រោយរំដោះកម្ពុជា ពីរបប លន់ នល់ ខ្មែរក្រហមមិនត្រឹមតែមិនបានប្រគល់អំណាចថ្វាយសម្ដេចព្រះនរោត្តម សីហនុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឃុំព្រះអង្គឲ្យនៅតែក្នុងព្រះបរមរាជវាំងទៀតផង។
ខ្មែរក្រហម ក៏ធ្លាប់ពឹងពាក់កងទ័ពវៀតណាមកុម្មុយនិស្ត ដើម្បីពង្រឹងអំណាចរបស់ខ្លួនដែរ ប៉ុន្តែក្រោយមក ដើម្បីឯករាជ្យម្ចាស់ការលើវាសនាប្រទេសខ្លួនឯង ខ្មែរក្រហមបានរើបម្រះ ហើយបណ្ដេញកងទ័ពវៀតណាម ឲ្យចេញពីតំបន់តស៊ូរបស់ខ្លួន។
លោក អ៊ីសា ឧស្មាន បញ្ជាក់ថា ខ្មែរក្រហមលែងត្រូវការជំនួយពីវៀតណាម នៅពេលខ្លួនរឹងមាំ៖ «ជំនួយពីវៀតណាម មានពីដំបូងៗ។ ដល់ឆ្នាំ១៩៧៣ ជំនួយពីវៀតណាម ដែលចូលមកជួយខ្មែរក្រហមក្នុងទឹកដីកម្ពុជា ហ្នឹង គឺលែងមានហើយ»។
ទោះជាយ៉ាងណា នៅប៉ុន្មានខែមុនពេលស្លាប់ ប៉ុល ពត ទទួលស្គាល់ថា ខ្លួនមានកំហុសខ្លះក្នុងការដឹកនាំប្រទេស ប៉ុន្តែនៅតែអះអាងប្រាប់អ្នកកាសែតបរទេសថា លោកធ្វើអ្វីៗដើម្បីប្រជាជាតិខ្មែរតែប៉ុណ្ណោះ ហើយថា គាត់ស្គាល់ល្បិចកលរបស់វៀតណាម ដែលចិញ្ចឹមចិត្តចង់លេបយកទឹកដីកម្ពុជា ច្បាស់ណាស់។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដី្តសេដ្ឋកិច្ចចុងបូព៌ា លោក ណេត ស្សេយឺ (Nate Thayer) បានជួបសម្ភាស ប៉ុល ពត នៅឆ្នាំ១៩៩៧ ក្រោយពី ប៉ុល ពត ត្រូវបានចាប់ឃុំខ្លួនឲ្យរស់នៅក្នុងផ្ទះ ដោយអតីតយុទ្ធមិត្តរបស់ខ្លួន គឺតា ម៉ុក នៅក្នុងស្រុកអន្លង់វែង។ លោក ណេត ស្សេយឺ អះអាងថា ប៉ុល ពត បំផ្លាញខ្លួនឯងច្រើនជាងគេបំផ្លាញខ្លួន គឺ ប៉ុល ពត ជាអ្នកធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងកណ្ដាប់ដៃវៀតណាម។
តាមពិតទៅដោយសារតែ ប៉ុល ពត យកចិត្តទុកដាក់ខ្លាំងលើបញ្ហាវៀតណាម ចង់លេបទឹកដីកម្ពុជា ទើបជាហេតុធ្វើឲ្យគាត់បង្កើតគោលនយោបាយមួយចំនួន ដែលបង្កឲ្យមានការរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងបានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចុះ ទន់ខ្សោយ ហើយក៏ជាមូលហេតុបណ្ដាលឲ្យសុបិនអាក្រក់របស់គាត់ក្លាយជាការពិត។ ដោយហេតុថា មានភាពទន់ខ្សោយនៅផ្ទៃក្នុងប្រទេស វាបានបង្កភាពងាយស្រួលដល់ការបំពារបំពានពីវៀតណាម។ គឺគោលនយោបាយដ៏គួរឲ្យភ័យខ្លាច និងការរងទុក្ខវេទនារបស់ប្រជាជននោះហើយ ដែលធ្វើឲ្យប្រទេសចុះទន់ខ្សោយ បណ្ដាលឲ្យសេចក្ដីភ័យខ្លាចរបស់គាត់ក្លាយជាការពិតនោះ។ លោកអាចនិយាយបានថា គឺ ប៉ុល ពត ហ្នឹងឯងដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រវត្តិសាស្ត្ររបស់ខ្លួន ហើយវាជារឿងគួរឲ្យឈឺចាប់ខ្លាំងណាស់សម្រាប់ ប៉ុល ពត ដែលត្រូវទទួលស្គាល់ថា គោលនយោបាយរបស់គាត់ហ្នឹងឯង ដែលហុចឱកាសឲ្យវៀតណាម ឈ្លានពាន និងកាន់កាប់កម្ពុជា បើទោះជាគាត់តែងតែលើកតម្កើងខ្លួនឯងថា គាត់បានជួយសង្គ្រោះប្រទេសមិនឲ្យបាត់បង់ពីលើផែនដីនេះក្តី។
ចំពោះការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម មានការយល់ឃើញផ្សេងៗគ្នា។ សម្រាប់ លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញថា ខ្មែរក្រហមបរាជ័យ គឺដោយសារក្រុមកុម្មុយនិស្តជ្រុលនិយមមួយនេះ មិនគោរពច្បាប់ធម្មជាតិ៖ «ខ្ញុំគិតថា ខ្មែរក្រហមធ្វើអ្វីៗប្រឆាំងនឹងលក្ខណៈធម្មជាតិរបស់មនុស្ស នោះហើយជាបរាជ័យរបស់ខ្មែរក្រហមទី១។ ដូចជាខ្មែរក្រហមមិនឲ្យយើងគិតស្រមើស្រមៃពីអតីតកាល។ ចង់គ្រប់គ្រងខួរក្បាលយើង។ គ្រប់គ្រងរូបរាងកាយយើងបាន តែខ្មែរក្រហមចង់ដឹងថា យើងគិតអីៗទៀត។ ទៅមិនរួចទេ...»។
ខ្មែរក្រហមត្រូវពិភពលោកយល់ថា ជាក្រុមកុម្មុយនិស្តជ្រុលនិយមដ៏មានគ្រោះថ្នាក់បំផុត។ របបមួយដែលឡើងកាន់អំណាចមិនបាន ៤ឆ្នាំផង គឺមិនមានទេក្នុងប្រវត្តិសាស្ត្រកម្ពុជា សម័យទំនើប។ ខ្មែរក្រហមបានបំផ្លាញខ្លួនឯងដោយសារតែមិនបានបង្រួបបង្រួម និងផ្សះផ្សាជាតិតាំងពីដំបូង ក្រោយថ្ងៃរំដោះក្រុងភ្នំពេញ។ ខ្មែរក្រហម ជ្រើសរើសយកការសងសឹកតាមរយៈការកាប់សម្លាប់ទាហាន និងមន្ត្រីរាជការនៃរបបមុន។ ខ្មែរក្រហម មិនបានចាត់ទុកអ្នកទីក្រុង ថាជាធនធានមនុស្សទេ ហើយថែមទាំងជម្លៀសពួកគេឲ្យទៅធ្វើស្រែកាប់ឆ្ការព្រៃទៅវិញ។ ខ្មែរក្រហម ប្រឆាំងច្បាប់ធម្មជាតិតាមរយៈព្យាយាមត្រួតត្រាខួរក្បាលរបស់មនុស្ស ដោយមិនឲ្យគិតគូរពីអតីតកាល ផ្តាច់មនោសញ្ចេតនារវាងគ្រួសារ ហើយតម្រូវឲ្យគោរពតែអង្គការបដិវត្តន៍មួយគត់។
ខ្មែរក្រហម បង្ខំមនុស្សឲ្យធ្វើការគ្មានឈប់ឈរ ប៉ុន្តែឲ្យហូបចុកមិនឆ្អែត និងពេលឈឺគ្មានថ្នាំព្យាបាល។ ខ្មែរក្រហម អនុវត្តគោលនយោបាយកាប់សម្លាប់ដោយគ្មានការអត់ឱន។ ទាំងអស់នេះហើយ សុទ្ធសឹងតែជាកត្តាធ្វើឲ្យប្រទេសជាតិចុះទន់ខ្សោយ និងជាការបំផ្លាញខ្លួនឯងដែលជាការផ្តល់ឱកាសដល់កងទ័ពបរទេសចូលឈ្លានពាន។ គ្រាន់តែមិនដល់ ៤ឆ្នាំផង របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានផ្តាច់ជីវិតប្រជាពលរដ្ឋកម្ពុជា ខ្លួនឯងជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។