អតីត​អ្នក​ថត​រូប​ទី​២​នៅ​គុក​ទួលស្លែង​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរក្រហម

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ត្រឡប់​មក​ស្ដាប់​សក្ខីកម្ម​ទាក់ទង​នឹង​មន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង​បន្ត​ទៀត។ សាក្សី​ថ្មី​នៅ​ក្នុង​អង្គហេតុ​នេះ​អះអាង​ថា លោក​ជា​ប្រធាន​ពួក​ផ្នែក​ថត​រូប​នៅ​មន្ទីរ ស-២១ ដែល​បច្ចុប្បន្ន​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង។

សាក្សី​ថ្មី​ឈ្មោះ នឹម អ៊ឹម ហៅ នឹម គឹមសៀង ជម្រាប​អង្គ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា លោក​ជា​អតីត​អ្នក​ថត​រូប​នៅ​គុក​ទួលស្លែង​មុន​គេ ចាប់​តាំង​ពី​ពេល​គុក​នេះ​បង្កើត​ឡើង​ដំបូង រហូត​ដល់​ថ្ងៃ​បប​ខ្មែរ​ក្រហម​ដួល​រលំ។

លោក នឹម អ៊ឹម ក៏​ជា​អតីត​កងទ័ព​ខ្មែរក្រហម​មួយ​រូប​នៅ​ក្នុង​កងពល​លេខ​១២ ហើយ​ក្រោយ​មក​ដូរ​ឈ្មោះ​ជា​កងពល ៧០៣ ដែល​មាន​ឈ្មោះ​តា ណាត ជា​បញ្ជាការ។ សាក្សី​ថ្លែង​ថា តា​ណាត នោះ​ហើយ​ដែល​យក​ពួក​លោក​បី​នាក់​ទៅ​ធ្វើ​ជា​អ្នក​ថតរូប​ក្នុង​គុក​នោះ នៅ​ឆ្នាំ​១៩៧៦៖ «ព្រោះ​កាល​ហ្នឹង​តាណាត គាត់​បើក​ឡាន​របស់​អាមេរិក ឌុប​ខ្ញុំ ៣​នាក់​ចូល​មក ស-២១ សារមន្ទីរ​ទួលស្លែង សព្វ​ថ្ងៃ​ហ្នឹង»

សាក្សី នឹម អ៊ឹម គឺ​ជា​អ្នក​ថត​រូប​ទី​២ បន្ទាប់​លោក ញ៉ែម អេន ដែល​ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​កោះហៅ​ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​អង្គហេតុ​មន្ទីរ ស-២១។

ក្នុង​សវនាការ​នេះ លោក​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ(Victor Koppe) សួរ​ដេញដោល​បញ្ជាក់​អំពី​តួនាទី​របស់​អតីត​អ្នក​ថត​រូប​មួយ​រូប​ទៀត គឺ​លោក ញ៉ែម អេន ដែល​ធ្លាប់​អះអាង​ថា ជា​ប្រធាន​កង​ថត​រូប​ដែរ។

លោក​បញ្ជាក់​ថា លោក​ជា​អ្នក​បង្រៀន​លោក ញ៉ែម អេន អំពី​ការ​ថត​រូប។ ប៉ុន្តែ​លោក​មិន​ហ៊ាន​បង្រៀន​ឱ្យ​ចេះ​ទេ ព្រោះ​ចង់​ពន្យារ​​ជីវិត​របស់​លោក៖ «ក្រោយ​មក ឃើញ ញ៉ែម អេន ចូល​ទៅ។ អេន ហ្នឹង​តូច​ណាស់។ ព្រោះ​ពេល​ចាប់​បញ្ជូន​ក្មេង​ឱ្យ​មក​ចូល​កន្លែង​ខ្ញុំ​ហ្នឹង ខ្ញុំ​ដឹង​ខ្លួន​ហើយ​ស្រេច​ហើយ ព្រោះ​ខ្ញុំ​ឃើញ​តា ណាត អ្នក​នាំ​ចូល​មក​ទី​នេះ ជាប់​គុក។ ប្អូន​ខ្ញុំ​ក៏​នៅ​ហ្នឹង អ្នក​ជិត​ខាង​ខ្ញុំ​ក៏​នៅ​ទី​ហ្នឹង ខ្ញុំ​ដឹង​ខ្លួន​ហើយ​ស្រេច​ថា បើ​បង្រៀន​វា​ឱ្យ​ចេះ គឺ​ងាប់​បណ្ដោយ ព្រោះ​ជំនាន់​នោះ អ្នក​ចាស់​បណ្ដុះ​អ្នក​ថ្មី​បាន​គឺ​ងាប់​ហើយ បាន​ជា​ខ្ញុំ​មិន​បង្រៀន​វា​ឱ្យ​ចេះ គឺ​គ្រាន់​តែ​ឱ្យ​ចេះ​តែ​ថត​ទេ។ រឿង​លាយ​ថ្នាំ​ផ្ដិត​រូប​អី​មិន​ទាន់​ចេះ​ទេ ញ៉ែម អេន ហ្នឹង។ ក្នុង​រយៈកាល​ហ្នឹង គ្រាន់​តែ​ចូល ញ៉ែម អេន ហើយ​និង​ពីរ​នាក់​ទៀត​ចូល​ទៅ ខ្ញុំ​ប្រាប់​គ្នា​ខ្ញុំ​ថា កុំ! ហាម​ផ្ដាច់​កុំ​ឱ្យ​រៀន​ចេះ​ឱ្យ​សោះ ចេះ​តែ​ថត​បាន​ហើយ។ តែ​ពេល​នោះ​ដល់​ដំណាក់​កាល​បែក​ទៅ ខ្ញុំ​រួច​ខ្លួន​បណ្ដោយ»

លោក នឹម អ៊ឹម បដិសេធ​ថា លោក​មិន​ដឹង​ប្រភព​ដើម​របស់​លោក ញ៉ែម អេន ពី​មុន​មក​ទេ។ លោក​ស្គាល់​លោក ញ៉ែម អេន ត្រឹម​ពេល​ដែល​តា ឌុច ប្រធាន​មន្ទីរ ស-២១ បញ្ជូន​ចូល​ទៅ​ធ្វើការ​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​១៩៧៨។ លោក​ថា ពេល​នោះ គឺ​ក្នុង​អំឡុង​ពេល​គេ​ចាប់​មេបញ្ជាការ​របស់​លោក​ឈ្មោះ ណាត បាន ៦​ខែ មុន​ពេល​របប​ខ្មែរក្រហម​ដួល​រលំ។ បន្ទាប់​ពី​ការ​ចាប់​មេបញ្ជាការ មាន​សមាជិក​កងទ័ព​នៅ​កងពល ៧០៣ ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ក្នុង​មន្ទីរ ស-២១ ដែរ ដោយសារ​តែ​ជាប់ចោទ​ថា ចូល​ដៃ​ជា​មួយ​វៀតណាម ក្បត់​អង្គការ​បក្ស​កុម្មុយនិស្ត​កម្ពុជា ជា​ពិសេស​កម្មាភិបាល​នៅ​ភូមិភាគ​កណ្ដាល ពាយ័ព្យ និង​កម្មាភិបាល​បូព៌ា ឈ្មោះ សោ ភឹម។

បញ្ជី​អ្នកទោស ១២.៧០០​នាក់ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​យក​ធ្វើ​ជា​ភស្តុតាង​សម្រាប់​ជំនុំជម្រះ​ក្នុង​សំណុំរឿង ០០១ និង ០០២។ ក្រៅ​ពី​នេះ ក៏​មាន​រូបថត​អ្នក​ទោស​នៅ ស-២១ ជាង ៥​ពាន់​សន្លឹក​ផ្សេង​ទៀត ក៏​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​យក​មក​ធ្វើ​ជា​ភស្តុតាង​ដែរ។ នៅ​ពេល​ដែល​សហ​ព្រះរាជអាជ្ញា​បង្ហាញ​រូបថត​ខ្លះៗ សាក្សី នឹម អ៊ឹម ទទួល​ស្គាល់​ថា ជា​រូប​លោក​ថត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សាក្សី នឹម អ៊ឹម ថ្លែង​ថា លោក​មិន​បាន​ថត​រូប​អ្នកទោស​ទាំង​អស់​ទេ ជា​ពិសេស​អ្នក​ទោស​សំខាន់ៗ គឺ​មាន​អ្នក​ថត​ជា​បក្ខជន៖ «ខ្ញុំ​កន្លង​មក មិន​ដែល​ជួប​អ្នក​ធំ​សុទ្ធ ព្រោះ​កាល​ហ្នឹង​មិន​ទាន់​បាន​ចូល​ស្អី​នឹង​គេ​ទេ។ នៅ​ជា​យុវជន​នៅ​ឡើយ ព្រោះ​អ្នក​ធំៗ ខ្ញុំ​មិន​ដែល​បាន​ថត​ទេ។ កូន​ចៅ​ខ្ញុំ ក៏​មិន​ដែល​បាន​ថត​ដែរ»

ទន្ទឹម​គ្នា​នឹង​ការ​ស្ដាប់​សាក្សី​លើ​អង្គហេតុ​មន្ទីរ​សន្តិសុខ ស-២១ ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក យ៉ា សុខន ក៏​កំពុង​ពិចារណា​កោះ​ហៅ​ក្មួយ​របស់​កម្មាភិបាល​បូព៌ា ឈ្មោះ សោ ភឹម មក​ធ្វើ​ជា​សាក្សី​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជម្លោះ​ប្រដាប់​អាវុធ។ ភាគី​សហ​ព្រះរាជអាជ្ញា លោក ដេល ឡៃសាក់ (Dale Lysak) យល់​ថា សាក្សី​នេះ​សំខាន់៖ «តាម​ការ​យល់​ឃើញ​របស់​យើង​ឃើញ​ថា គាត់​អាច​និយាយ​រឿងរ៉ាវ​ច្រើន មិន​មែន​តែ​ជម្លោះ​ប្រដាប់​អាវុធ​ទេ។ គាត់​អាច​អំពី​ការ​បោស​សម្អាត​នៅ​ភូមិភាគ​បូព៌ា ហើយ​មាន​អ្វី​កើត​ឡើង​នៅ​ភូមិភាគ​នោះ។ ដូច្នេះ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​គាត់​គឺ​ជា​សាក្សី​មួយ​ដ៏​សំខាន់​ដែល​អង្គ​ជំនុំជម្រះ​គួរ​តែ​កោះហៅ»

រីឯ​មេធាវី​ការពារ​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ យល់​ថា សាក្សី​រូប​នេះ​​មិន​សូវ​ជា​សំខាន់​ដែល​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​ទេ។ លោក​ថា សាក្សី​សំខាន់ គឺ​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​មួយ​ចំនួន ដូច​ជា ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជា​ដើម៖ «សាក្សី​សំខាន់ៗ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ភូមិភាគ​បូព៌ា ក៏​ដូច​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ប្រដាប់​អាវុធ យើង​ខ្ញុំ​បាន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កោះហៅ​​​លោក ហេង សំរិន ឱ្យ​កោះហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ុក ប៊ុនឈឿន ឱ្យ​កោះហៅ​លោក ប៉ែន សុវណ្ណ។ ពួក​គាត់​ទាំង​អស់​នេះ ជា​មនុស្ស​សំខាន់​ណាស់ ដែល​ត្រូវ​ផ្ដល់​សក្ខីកម្ម​អំពី​ព្រឹត្តិការណ៍ ដែល​យើង​និយាយ​គ្នា​តាំង​ពី​ម្សិលមិញ​ថ្ងៃ​នេះ ហើយ​ក៏​បាន​ស្នើ​សុំ​ឱ្យ​កោះហៅ​តាំង​ពី ៩​ឆ្នាំ​មុន​មក​ម្ល៉េះ។ ដូច្នេះ ក្មួយ​របស់ សោ ភឹម រូប​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បើ​គាត់​អាច​មក​បាន បើ​គាត់​មក​មិន​បាន​ក៏​មិន​បញ្ហា​អ្វី​ដែរ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ឈ្មោះ​ដែល​ខ្ញុំ​បាន​លើ​ឡើង​អម្បាញ់មិញ​ហើយ ទើប​ជា​សាក្សី​ដ៏​សំខាន់​ដែល​ត្រូវ​ផ្ដល់​សាក្សី​កម្ម​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ»

ទោះ​ជា​ភាគី​ទាំង​ពីរ​លើក​ហេតុផល​ឡើង​ដូច្នេះ​ក្ដី ក៏​ក្រុម​ចៅក្រម​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក យ៉ា សុខន ថ្លែង​ថា អង្គ​ជំនុំជម្រះ​នឹង​យក​មតិ​យោបល់​ទាំង​នេះ​ទៅ​ពិចារណា ហើយ​នឹង​ប្រកាស​សេចក្ដី​សម្រេច​នៅ​ពេល​ក្រោយ។

អង្គ​ជំនុំជម្រះ​​សាលាដំបូង​នឹង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី នឹម អ៊ឹម បន្ត​បញ្ចប់ នៅ​សុក្រ ទី​១៦ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។