ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ជជែក​ពី​បញ្ហា​ថវិកា និង​ការ​ផ្ដន្ទាទោស ខៀវ សំផន

ក្រុម​ប្រទេស​ផ្តល់​ជំនួយ​របស់​សាលា​ក្តី​ខ្មែរក្រហម ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ តស៊ូ​មតិ​ដើម្បី​យុត្តិធម៌ និង​ប្រឆាំង​ជាដាច់ខាត​ចំពោះ​អំពើ​និទ្ទណ្ឌភាព ព្រមទាំង​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ជួយ​គាំទ្រ​របស់​ពួកគេ ចាប់តាំងពី​សាលា​ក្តី​ខ្មែរក្រហម​ចាប់​ផ្តើម​ដំបូង កាលពី​ឆ្នាំ​២០០៦ ដោយ​សង្ឃឹមថា កេរ្តិ៍ដំណែល​នេះ នឹង​បន្សល់ទុក​ដល់​ពលរដ្ឋ​ជំនាន់​ក្រោយ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រុម​មិត្ត​របស់​សាលា​ក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ឲ្យ​ដឹង​ថា មុន​មួយថ្ងៃ​ដែល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ចេញ​ដីកា​សម្រេច​ចុងក្រោយ ក្រុម​មិត្ត​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ជួប​ពិភាក្សា​គ្នា ជាមួយ​តំណាង​រដ្ឋាភិបាល តំណាង​ផ្នែក​រដ្ឋបាលជាតិ​និង​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរក្រហម ព្រមទាំង ឧបការី​អគ្គលេខាធិការ អង្គការ​សហ​ប្រជា​តិ និង​ជា​នាយក​ទទួលបន្ទុក​កិច្ចការ​ច្បាប់ លោក ស្ទេហ្វិន ម៉ាធៀស (Stephen Mathias) នៅ​ស្ថានទូត​បារាំង កាលពី​ថ្ងៃទី ២១ ខែកញ្ញា ដើម្បី​ជជែក​ពិភាក្សា​អំពី​ការវិវត្តន៍​ចុងក្រោយ ស្ថានភាព​ហិរញ្ញវត្ថុ និង​ការងារ​សេសសល់​របស់​សាលា​ក្តី​ខ្មែរក្រហម។

​តុលាការ​កំពូល​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​សាលា​ក្តី​ខ្មែរក្រហម​នៅ​កម្ពុជា (ECCC) កាលពី​ថ្ងៃទី ២២ ខែកញ្ញា បាន​ចេញ​ដីកា​សម្រេច​ចុងក្រោយ បដិសេធ​បណ្ដឹង​សារ​ទុក​របស់លោក ខៀវ សំផន ដោយ​រក្សា​សេចក្ដីសម្រេច​របស់​តុលាការ​ដំបូង​ដដែល ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្នុងករណី ០០២/០២ ជុំវិញ​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភ​ធ្ងន់ធ្ងរ​ប្រឆាំង​អនុសញ្ញា​ទីក្រុង​ហ្យឺ​ណែវ (Geneva Conventions)។

​ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​វិញ ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​រក្សា​និង​ជួយ​ការពារ​កេរ្តិ៍ដំណែល​នៃ​តុលាការ​នេះ ជាពិសេស​អភិរក្ស និង​បង្ហាញ​ដល់​សាធារណជន នូវ​ឯកសារ និង​ព័ត៌មាន​ដ៏​ច្រើន​ស្ដីពី​ការ​ពិត ដែល​សាលា​ក្តី​ខ្មែរក្រហម (ECCC) បាន​ចងក្រង និង​ផលិត​កន្លងមក។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា​សាលាក្ដី​ខ្មែរក្រហម បាន​ដំណើរការ​រយៈពេល ១៦​ឆ្នាំ​ហើយ ចាប់តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០០៦ រហូតមកដល់​ឆ្នាំ​២០២២​នេះ ដោយ​ចំណាយ​ថវិកា ដែល​បាន​មក​ពី​ការ​ផ្ដល់​វិភាគទាន​ស្ម័គ្រចិត្ត​របស់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​មាន​ចំនួន​ទឹកប្រាក់​ចំនួន​ជាង ៣៣០​លាន​ដុល្លារ ក្នុង​នោះ​ភាគី​ជាតិ ចំណាយ​អស់​ជិត ៩៥​លាន​ដុល្លារ (៩៤,៧៤) និង​ភាគី​អន្តរជាតិ​ចំណាយ​អស់​ថវិកា​ចំនួន​ជាង ២៣៥​លាន​ដុល្លារ (២៣៥,៣៥)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។