សំណុំរឿង​លោក មាស មុត ត្រូវ​បិទ​បញ្ចប់ ទាំង​ភាគី​នៅ​មិន​ទាន់​អស់ចិត្ត

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​មិនអស់ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ដែល​កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ សម្រេច​សេចក្ដី​ចុង​ក្រោយ និង​បិទ​ផ្លូវ​តវ៉ា​ថា សំណុំរឿង ០០៣ ពាក់ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត ត្រូវ​បាន​បិទ​បញ្ចប់​ត្រឹម​នេះ។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ចេញ​ សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី២០ ខែធ្នូ ដោយ​លើក​ឡើង​ថា អង្គ​ជំនុំជម្រះ​តុលាការ​កំពូល មិន​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ណា​មួយ​លើ​ពិរុទ្ធភាព ឬ​ភាព​គ្មាន​ទោស​របស់​លោក មាស មុត ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ ដែល​រូប​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់ រួម​មាន អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដូច​ជា អំពើ​មនុស្សឃាត ការ​ធ្វើ​ទៅ​ជា​ទាសករ អំពើ​ទារុណកម្ម ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត ដូច​ជា ការ​រៀបការ​ដោយ​បង្ខំ ជា​ដើម​នោះ​ទេ។

ដោយសារ​តែ​តុលាការ​កំពូល​នៃ​សាលា​ក្ដី​កូន​កាត់​សម្រេច​មិន​បញ្ជូន​រឿង​លោក មាស មុត​ ទៅ​ជំនុំជម្រះ​នៅ​ចំពោះ​មុខ​សាលាក្ដី​នេះ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ សម្លឹង​ឃើញ​តុលាការ​ជាតិ ក្នុង​ការ​បន្ត​រឿង​ក្តី​នេះ។ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ថា នៅ​ពេល​នេះ ការទទួលខុសត្រូវ គឺ​ស្ថិត​នៅ​លើ​តុលាការ​ជាតិ​កម្ពុជា ក្នុង​ការ​ផ្តល់​យុត្តិធម៌ ដោយ​កំណត់​ថា តើ​លោក មាស មុត ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ នៅ​ក្នុង​ការ​ជំនុំជម្រះ​ណា​មួយ ដែល​ឯករាជ្យ និង​ឥត​លម្អៀង ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី។

សំណុំ​រឿង​លោក មាស មុត រង​ការ​ខ្វែង​យោបល់​គ្នា គ្រប់​ដំណាក់កាល។ ជា​រួម​ភាគី​ជាតិ​ទាំង​ព្រះរាជអាជ្ញា ចៅក្រម​ស៊ើប​អង្កេត ចៅក្រម​អង្គ​បុរេ​ជំនុំជម្រះ និង​តុលាការ​កំពូល​ផង យល់​ស្រប​គ្នា ដោយ​ជំទាស់​មិន​ឲ្យ​កាត់​ទោស​លោក មាស មុត នោះ​ឡើយ ដោយ​សម្អាង​ថា លោក​មិន​មែន​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ក្នុង​សម័យ​ខ្មែរក្រហម។ ប៉ុន្តែ ភាគី​អន្តរជាតិ យល់​ផ្ទុយ​ពី​នេះ ដោយ​សម្អាង​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​ថា លោក មាស មុត ពិត​ជា​មាន​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​របប​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កិច្ច​ដំណើរការ​នីតិវិធី​ក្នុង​សំណុំ​រឿង​លោក មាស មុត ដែល​អូស​បន្លាយ​ពេល​ជាង ១៣ឆ្នាំ​មក​នេះ គឺ​ត្រូវ​បិទ​បញ្ចប់ ដោយ​បន្សល់​ទុក​នៅ​កេរដំណែល​នៃ​ការ​ខ្វែង​យោបល់​គ្នា​ដ៏​ចាក់​ស្រេះ និង​ភាព​មិន​អស់​ចិត្ត​របស់​ភាគ​អន្តរជាតិ​នេះ ប៉ុន្តែ​ការ​សម្រេច​នេះ គឺ​ស្រប​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​គំរាម​ឲ្យ​បិទ​សាលា​ក្ដី​នេះ បើ​ហ៊ាន​កាត់​ក្តី​អតីត​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម លើស​ពី​សំណុំរឿង ០០១ និង ០០២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។