សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សួរ​សាក្សី​ជា​អតីត​អ្នក​កត់ត្រា​កំណត់ហេតុ​សួរ​ចម្លើយ​អ្នក​ទោស

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២១ ខែ​មីនា បន្ត​សវនាការ​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទៀត ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​រូប​នេះ អតីត​ជា​សមាជិក​កម្មាភិបាល​មួយ​រូប​ក្នុង​ចំណោម ៣​រូប ដែល​គ្រប់គ្រង​អ្នក​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ អូរកន្សែង​នោះ។

សាក្សី​ថ្មី​ដែល​មិន​បង្ហាញ​ឈ្មោះ​ពិត ហើយ​ប្រើ​តែ​លេខ​កូដ​ថា 2TCW-900 ជម្រាប​អង្គ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ថា លោក​ជា​អតីត​អ្នកកត់ត្រា​កំណត់ហេតុ​សួរ​ចម្លើយ​អ្នក​ទោស នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ក្នុង​ខេត្ត​រតនគិរី។

សាក្សី​រូប​នេះ​បដិសេធ​ថា លោក​មិន​មែន​ជា​អនុ​ប្រធាន​មន្ទីរ​សន្តិសុខ អូរកន្សែង ដែល​ទទួល​បន្ទុក​ការ​សម្លាប់​មនុស្ស​ទេ គឺ​លោក​ជា​អ្នក​កត់ត្រា​កំណត់ហេតុ​សួរ​ចម្លើយ​អ្នក​ទោស៖ «ទីន ហ្នឹង​គាត់​ជា​អនុ​ប្រធាន សែ ជា​ប្រធាន ហើយ​ខ្ញុំ​ជា​សមាជិក​ទទួល​បន្ទុក​រៀបចំ​ចម្លើយ​អ្នក​ជាប់​ឃុំឃាំង​ហ្នឹង»។

ការ​ធ្វើ​សវនាការ​មិន​បង្ហាញ​ឈ្មោះ​សាក្សី​រូប​នេះ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​លោក​ចៅក្រម និល ណុន បញ្ជាក់​ថា ដោយសារ​សាក្សី​នេះ​កំពុង​ស្ថិតនៅ​ក្នុង​កិច្ច​ដំណើរ​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ផ្សេង៖ «លោក​សាក្សី! នៅ​ក្នុង​កិច្ច​ដំណើរ​ការ​សវនាការ​ចំពោះ​មុខ​អង្គ​ជម្រះ តាម​សំណើ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ គឺ​ប្រើប្រាស់​តែ​រហស្សនាម​របស់​លោក​ទេ ហើយ​លោក​សាក្សី​មាន​រហស្សនាម 2TCW-900 ហើយ​ជា​ទូទៅ ភាគី​នឹង​ប្រើប្រាស់​ហៅ​លោក​ក្នុង​នាម​ជា​សាក្សី​ប៉ុណ្ណោះ»

សាក្សី​ថ្មី 2TCW-900 អះអាង​ដូច​អតីត​អ្នក​ទោស​នៅ​ទី​នោះ​ដែរ​ថា នៅ​ឆ្នាំ​១៩៧៧ មាន​ជនជាតិ​ចារ៉ាយ រស់​នៅ​ប្រទេស​វៀតណាម ប្រមាណ​ ១០០​នាក់ ដែល​គេ​ចាប់​បាន​នៅ​ក្នុង​ទឹកដី​កម្ពុជា ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់។ គេ​យក​ទៅ​សម្លាប់​គឺ​ពេល​យប់៖ «ក្នុង​គ្រប់គ្រង​ផ្នែក​សន្តិសុខ ក្នុង​ការ​យក​អ្នក​ទោស​ទៅ​សម្លាប់​ហ្នឹង ទីន ហ្នឹង​ហើយ​ជា​អ្នក​ទទួល​ខុសត្រូវ។ គេ​សម្លាប់​ជនជាតិ​ចារ៉ាយ នៅ​រណ្ដៅ បេ​៥២។ ខ្ញុំ​ដឹង​ថា កន្លែង​ដែល​គេ​កប់​នៅ​រណ្ដៅ បេ៥២ នៅ​ពេល​ក្រោយ​ការ​កម្ទេច​ជនជាតិ​ចារ៉ាយ​អស់​ពី​កន្លែង​ទៅ ពីរ​បី​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​ដើរ​ទៅ​កន្លែង​ខាង​លើ ព្រោះ​កន្លែង​ហ្នឹង​មាន​ដើម​ខ្នុរ​ផ្លែ។ អ៊ីចឹង​ខ្ញុំ​ទៅ​តំបន់​នោះ​ធំ​ក្លិន​ស្អុយ»

លោក​បន្ត​ថា ការ​សម្លាប់​ជនជាតិ​ចារ៉ាយ​នោះ គឺ​បន្ទាប់​ពី​មាន​បញ្ជា​ពី​មេបញ្ជាការ​កងពល​ឈ្មោះ សារឿន។ លោក​ថា អ្នក​ទោស​ខ្លះ ដែល​ជាប់​ឃុំ​នៅ​អូរ​កន្សែង ព្រោះ​តែ​មាន​ចម្លើយ​សារភាព​គេ​ឆ្លើយ​ដាក់​ពី​ភ្នំពេញ​ទៅ។

កាល​ពី​ដើម​ខែ​មីនា មាន​អតីត​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ពីរ​រូប គឺ​ឈ្មោះ មឿង ចាន់ឌី និង ផន ថុល បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា ពួក​គាត់​បាន​ឃើញ​ជនជាតិ​ចារ៉ាយ ដែល​ចាប់​បាន​នោះ និង​កន្លែង​កប់​សព​ក្នុង​រណ្ដៅ​គ្រាប់ បេ​៥២។

មន្ទីរសន្តិសុខ​អូរកន្សែង នៅ​ខេត្ត​រតនគិរី គឺ​ជា​ទីតាំង​ឧក្រិដ្ឋកម្ម​មួយ ដែល​ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន កំពុង​រង​ការ​ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២។

សវនាការ​ស្ដាប់​សាក្សី 2TCW-900 នៅ​មិន​ទាន់​ចប់​ទេ លោក​នឹង​ត្រូវ​បន្ត​ផ្ដល់​សក្ខីកម្ម នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។