សាលាក្ដី​ខ្មែរក្រហម​ស្ដាប់​សាក្សី​រឿង​មន្ទីរ​សន្តិសុខ​ស-២១

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ចាប់​ផ្ដើម​ស្ដាប់​សក្ខីកម្ម​ទាក់ទង​នឹង​អង្គហេតុ​ស្ដីពី​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២។ សក្ខីកម្ម​ដំបូង​អំពី​អង្គហេតុ​នេះ គឺ​ជា​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ជុំ ម៉ី។

លោក ជុំ ម៉ី ដែល​ជា​អតីត​អ្នក​ទោស​ម្នាក់​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង កាល​ពី​ក្នុង​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​កោះហៅ​ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​ម្ដង​ទៀត ទាក់ទង​នឹង​រឿងរ៉ាវ​នៅ​ក្នុង​គុក​នេះ។

លោក​បញ្ជាក់​ជូន​អង្គ​ជំនុំជម្រះ​ថា នៅ​ចុង​ខែ​តុលា ឆ្នាំ​១៩៧៧ លោក​ត្រូវ​បាន​កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​អង្គភាព​កាត់ដេរ​រដ្ឋ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​កុក​ទួលស្លែង ដោយ​ជាប់​ចោទ​ថា ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក ហៅ​កាត់​តាម​ភាសា​បារាំង​ថា សេ.អ៊ី.អា (CIA) ក្បត់​បដិវត្តន៍៖ «ពេល​នោះ​គេ​វាយ​សួរ​ថា គ្នា​ហ្អែង​មាន​ប៉ុន្មាន​នាក់​ចូល សេ.អ៊ី.អា កាហ្សេបេ (KGB)? យើង​ប្រាប់​គេ ថា ខ្ញុំ​អត់​ស្គាល់ សេ.អ៊ី.អា កាហ្សេបេ ទេ។ ពេល​នោះ អា សេង វា​ទាញ​រំពាត់​រ៉ាវ​មក​វាយ​ខ្ញុំ​ភឹងៗ ទៅ។ ពេល​វាយ ខ្ញុំ​យក​ដៃ​រង​អ៊ីចឹង​បាក់​កូនដៃ​ហ្នឹង​មួយ។ ខ្ញុំ​ដេក​គិត​ផង អង្គុយ​គិត​ផង​ថា ប្រហែល​ជា​មាន​នរណា​ឆ្លើយ​ដាក់​ខ្ញុំ​ហើយ បាន​ជា​គេ​យក​ខ្ញុំ​មក​វាយ​ហ្នឹង។ ខ្ញុំ​អត់​ដឹង​ទេ។ ពេល​នោះ​យើង​អត់​ស្គាល់ សេ.អ៊ី.អា កាហ្សេបេ ដែរ ហើយ​វា​ឱ្យ​និយាយ​តែ សេ.អ៊ី.អា កាហ្សេបេៗ។ និយាយ​អី​ក្រៅ​ពី​ហ្នឹង​អត់​បាន​ទេ វា​វាយ​យើង»

លោក ជុំ ម៉ី ថ្លែង​ថា បាន​ជាប់​ឃុំឃាំង​នៅ​គុក​ទួលស្លែង រហូត​ដល់​ពេល​របប​ខ្មែរក្រហម​ដួល​រលំ នៅ​ឆ្នាំ​១៩៧៩។ លោក​រំឭក​ឡើង​វិញ​ថា លោក​បាន​ទទួល​រង​ទារុណ​តាម​របៀប​ផ្សេង ពេល​ដែល​ពួក​ឆ្មាំ​គុក​សួរ​ចម្លើយ​លោក​ម្ដងៗ៖ «វា​យក​ដង្កាប់​មួល​ក្រចក​មេជើង​ហ្នឹង​ទាញ​ផ្ដាច់ ពេល​យើង​ឆ្លើយ​ថា យើង​អត់​ស្គាល់ សេ.អ៊ី.អា កាហ្សេបេ ហ្នឹង​ទេ។ ពេល​ហ្នឹង​វា​វាយ​ថែម​ទៀត។ វាយ​ហើយ វា​យក​ខ្សែ​ភ្លើង​មក​ញាត់​ស្លឹក​ត្រចៀក​យើង។ ញាត់​ឆាច់​ទៅ ប៊ឹង! ដូច​រយះ​បែក​អំពិល​អំពែក​អ៊ីចឹង។ យើង​សន្លប់​មួយ​សន្ទុះ​ធំ។ វា​វាយ ១២​ថ្ងៃ ១២​យប់។ វា​វាយ​ពេល​ព្រឹក ពី​ម៉ោង ៧ ដល់​ម៉ោង ១១។ ម៉ោង ១ រហូត​ដល់​ម៉ោង ៥។ ពី​ម៉ោង ៦ រហូត​ដល់​ម៉ោង ១០​យប់។ ដល់​សួរ​ចប់​ហើយ បាន​វា​យក​ទៅ​ដាក់​នៅ​ឯ​លើ​នោះ ៤​ខែ»

លោក ជុំ ម៉ី ជា​អ្នក​ទោស​ម្នាក់​ក្នុង​ចំណោម ៧​នាក់ ដែល​បាន​រួច​ជីវិត​ពី​គុក​ទួល​ស្លែង ហើយ​ហេតុផល​ដែល​ពួក​ខ្មែរក្រហម​មិន​សម្លាប់​លោក ក៏​ព្រោះ​តែ​ពួក​គេ​ទុក​ប្រើ​លោក​ឱ្យ​ជួសជុល​ម៉ាស៊ីន​អង្គុលីលេខ​សម្រាប់​កត់ត្រា​ចម្លើយ​អ្នក​ទោស។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង ដែល​នៅ​មាន​ជីវិត​ពី​គុក​ទួលស្លែង ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ។

ទាក់ទង​នឹង​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ទោស​នេះ លោក​ធ្លាប់​មក​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ កាល​ពី​ក្នុង​សំណុំរឿង ០០១ ដែល​ប្រឆាំង​នឹង​អតីត​ប្រធាន​គុក​ទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ឌុច ត្រូវ​បាន​អង្គ​ជំនុំជម្រះ​ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត ចំពោះ​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​គុក​ទួលស្លែង ជិត ១៣.០០០​នាក់។

អង្គហេតុ​គុក​ទួលស្លែង ត្រូវ​បាន​អង្គ​ជំនុំជម្រះ​ដាក់​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​២ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។

លោក ជុំ ម៉ី ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា លោក​ធ្លាប់​ឃើញ​ជនជាប់ចោទ ខៀវ សំផន ពេល​ដែល​លោក​ធ្វើការ​នៅ​អង្គភាព​កាត់ដេរ មុន​ពេល​លោក​ជាប់​នៅ​គុក​ទួលស្លែង។ លោក​ ជុំ ម៉ី នឹង​ត្រូវ​អង្គ​ជំនុំជម្រះ​ស្ដាប់​ការ​សួរ​ដេញដោល​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។