អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី២ ខែមីនា បញ្ចប់សវនាការស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី ដែលរងផលប៉ះពាល់ពីការប្រព្រឹត្តលើជនជាតិចាម វៀតណាម និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គជំនុំជម្រះសាលាដំបូងចាប់ផ្ដើមស្ដាប់សាក្សីទី១ ទាក់ទងនឹងមន្ទីរសន្តិសុខ អូរកន្សែង នៅខេត្តរតនគិរី។
សាក្សីឈ្មោះ ផន ថុល មកពីខេត្តរតនគិរី អះអាងថា លោកជាអតីតអ្នកទោសមួយរូបនៅមន្ទីរសន្តិសុខ ខេត្តរតនគិរី នៅក្នុងរបបខ្មែរក្រហម។ លោកក៏ជាកម្មករជំនាញមួយរូបនៅចម្ការកៅស៊ូនៅពេលចាប់ខ្លួន។
លោក ផន ថុល បញ្ជាក់ជូនអង្គជំនុំជម្រះថា ពួកខ្មែរក្រហមចាប់លោកយកទៅដាក់គុក ក៏ព្រោះតែលោកចេះព្យាបាលជំងឺដើមកៅស៊ូ៖ «សួរចុះសួរឡើង បានអ្នកសួរចម្លើយប្រាប់ខ្ញុំវិញថា មូលហេតុដែលគេចាប់សមមិត្តមកសាលាកែប្រែនេះ គឺគេចោទថា សមមិត្តជាពួកវណ្ណៈថ្នាក់លើ ហើយប្រើបច្ចេកទេសព្យាបាលជំងឺកៅស៊ូនេះ គឺជាបច្ចេកទេសសក្ដិភូមិ ដែលគេហៅថា បច្ចេកទេសជិះយន្តហោះ។ អ៊ីចឹងវណ្ណៈកសិករគេអត់ត្រូវការពពួកហ្នឹងទេ មកបម្រើឱ្យចម្ការកៅស៊ូ។ មិនមែនជាបច្ចេកទេសវណ្ណៈកម្មករកសិករទេ។ ដូច្នេះគេមិនត្រូវការទេ។ គេសួរថា សមមិត្តនិយាយមើល តើបច្ចេកទេសដែលគេសមមិត្តថា បច្ចេកទេសសក្ដិភូមិហ្នឹងគេធ្វើរបៀបម៉េច ហើយខ្ញុំក៏ប្រាប់អ្វីដែលខ្ញុំចេះ ដែលខ្ញុំរៀន ខ្ញុំថា កៅស៊ូកាលកើតជំងឺក័រទីស្យូម គេយកខ្លាញ់គោ ឬអង់ទីមីស៊ីន ដែលមានមកពីបរទេសយកមកលាបពន្លាក ដើម្បីកុំឱ្យវាឆ្លងជំងឺគ្នា។ ដល់ពេលខ្ញុំនិយាយបច្ចេកទេសដែលខ្ញុំរៀនពីបារាំងមក គេថាខ្ញុំហ្នឹង បច្ចេកទេសជិះយន្តហោះ ពពួកសក្ដិភូមិជាន់ខ្ពស់។ អ៊ីចឹងហើយបានគេថា គេអត់ត្រូវការទេពពួកហ្នឹង។ អ៊ីចឹងហើយបានជាគេឱ្យខ្ញុំមករៀន ដើម្បីកុំឱ្យបញ្ហាហ្នឹងកើតឡើងចំពោះប្រជាជនទៀត»។
សាក្សីឱ្យដឹងថា មន្ទីរសន្តិសុខអូរកន្សែង ត្រូវបានពួកខ្មែរក្រហមដាក់ថា សាលាកែប្រែ ក្រោមការគ្រប់គ្រងរបស់យោធាកងពល ៨០១ ដែលមានទីតាំងនៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ លោកមិនដែលបានឃើញមុខមាត់ប្រធានកងពលទេ ប៉ុន្តែឮកងការពារហៅថា សារឿន។ រីឯប្រធានសាលាកែប្រែនៅមន្ទីរសន្តិសុខនោះ មានឈ្មោះ សែ ឆាង និង ទីន។ អ្នកដែលជាប់ឃុំឃាំងនៅសាលាកែប្រែកងពល ៨០១ មានចម្រុះទាំងប្រជាជន មានទាំងសហជីពចម្ការកៅស៊ូ និងទាំងកងទ័ព ដែលមានកំហុស។ អ្នកទោសជាប្រជាជន គឺយកមកពីស្រុកលំផាត់ និងវ៉ឺនសៃ។
សាក្សី ផន ថុល អះអាងថា មន្ទីរសន្តិសុខអូរកន្សែង គឺជាកន្លែងឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់អ្នកទោស។ កងការពារឈ្មោះ ទីន សន្តិសុខបាញ់សម្លាប់ជនជាតិភាគតិចម្នាក់ដែលរត់ចេញពីសាលាកែប្រែ ហើយលោកជាអ្នកកប់សាកសព។
លោកបន្តថា នារីម្នាក់ត្រូវគេសម្លាប់វះយកប្រមាត់៖ «ខ្ញុំអត់បានចាំនារីនោះទេ។ ប៉ុន្តែអ្នកសម្លាប់នោះឈ្មោះ ញ៉ុក ដែលជាសន្តិសុខរបស់សាលាកែប្រែតែម្ដង គឺយកពូថៅពុះឆ្អឹងខ្នងយកប្រមាត់ ហើយប្រមាត់នោះយកទៅដាក់នៅលើចង្ក្រានបាយ។ ខ្ញុំឃើញផ្ទាល់ភ្នែកតែម្ដង។ ពេលដែលសម្លាប់ខ្ញុំអត់បានឃើញទេ ឃើញវាយកប្រមាត់ដែលប្រឡាក់សុទ្ធតែឈាមនៅលើដៃ ហើយប្រមាត់យកទៅចងព្យួរនៅចង្ក្រានបាយ។ វានិយាយខ្លួនឯងថា វាជាអ្នកកាត់យកប្រមាត់ទៅឆ្អើរ។ រឿងខុសសីលធម៌។ ប្ដីនារីនោះឈ្មោះ ស៊ន នៅស្ទឹងត្រែង តែរឿងរស់ ឬស្លាប់ខ្ញុំអត់ដឹងទេ»។
ការផ្ដល់សក្ខីកម្មរបស់សាក្សី ផន ថុល នៅមិនទាន់ចប់ទេ លោកនឹងត្រូវមកបន្តទៀត នៅព្រឹកថ្ងៃទី៣ មីនា។
អង្គជំនុំជម្រះសាលាដំបូងនៅពេលនេះ កំពុងធ្វើសវនាការពិនិត្យដេញដោលលើភស្តុតាងក្នុងប្រធានបទទី៤ នៃសំណុំរឿង ០០២ វគ្គ ២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងជនជាប់ចោទ ខៀវ សំផន។ ប្រធានបទទី៤ នៃសំណុំរឿង ០០២ វគ្គ ២ គឺទាក់ទងនឹងការបោសសម្អាតផ្ទៃក្នុងនៃបក្សកុម្មុយនិស្តកម្ពុជា និងទាក់ទងនឹងមន្ទីរសន្តិសុខ ៣កន្លែង គឺមន្ទីរសន្តិសុខ អូរកន្សែង នៅខេត្តរតនគិរី មន្ទីរសន្តិសុខភ្នំក្រោល ខេត្តមណ្ឌលគិរី និងមន្ទីរសន្តិសុខ ស-២១ នៅភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។