មន្រ្តី​ឃ្លាំមើល​​សាលាក្ដី​ខ្មែរ​ក្រហម​​​និង​​អ្នក​ច្បាប់​ ​មិន​​ភ្ញាក់​ផ្អើល​​នឹង​​ភាព​ជាប់​​គាំង​​នៃ​​សំណុំរឿង​​នៅ​​តុលាការ​​កូន​កាត់​​នេះ​​

0:00 / 0:00

សំណុំរឿង​ ​០០៣​ ​ដែល​ពាក់ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក​ ​មាស​ ​មុត​ ​បាន​អូស​បន្ថា​យ​ពេល​អស់​ជិត​ ​១​៣​ ​ឆ្នាំទៅ​ហើយ​ ​តាំងពី​ផ្តើម​ស៊ើប​អង្កេត​រឿង​នេះ​​ដំបូង​ ​កាលពី​ចុង​ឆ្នាំ​ ​២០០៨​។​ ​រហូត​មកដល់ពេលនេះ​ ​សំណុំរឿង​នេះ​ ​នៅ​ទើ​ត្រឹម​អង្គបុរេជំនុំ​ជម្រះ​ ​ដែល​រក​សំឡេង​មូលមាត់គ្នា​មិនបាន​ ​ថា​តើ​ត្រូវ​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ ​ឬ​ទម្លាក់​ចោល​។

ការ​ខ្វែងយោបល់​គ្នា​នេះ​ ​គ្មានអ្វី​ចម្លែក​ទេ​ ​ព្រោះ​វា​កើតមាន​តាំងពី​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ ​និង​សហ​ព្រះរាជអាជ្ញា​ ​ដែល​ភាគី​ជាតិ​ ​និង​អន្តរជាតិ​ ​យល់​​ផ្ទុយ​គ្នា​​ក្នុង​រឿង​នេះ​។​ ​ភាគី​ជាតិ​ ​ទាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ ​និង​សហ​ព្រះរាជអាជ្ញា​ជាតិ​ ​យល់​ស្របគ្នា​​ថា ​មិន​ត្រូវ​បញ្ចូន​រឿង​លោក​ ​មាស​ ​មុត​ ​ទៅ​ជំនុំ​ជម្រះ​ទេ​។​ ​ចំណែកខាង​ភាគី​អន្តរជាតិ​ ​ពួកគាត់​ថា ត្រូវ​តែ​បញ្ចូន​រឿង​នេះ​​ទៅ​ជំនុំ​ជម្រះ​។

អ្វី​ដែល​ចម្លែក​នោះ​ ​គឺ​អ្នកឃ្លាំមើល​សាលាក្ដី​ខ្មែរក្រហម​ ​ថា​ការណ៍​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ជា​ស្ថាប័ន​រួម​មួយ​ ​និង​ដែល​គួរតែ​ចេញដីកា​ដំណោះស្រាយ​តែមួយ​ ​បើ​ទោះ​ដីកា​ត្រូវ​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ ​ឬ​ទម្លាក់​ចោល​បទ​ចោទ​ត្រឹមហ្នឹង​ ​តែ​បែរជា​ជ្រើសរើស​ ​ចេញដីកា​ម្នាក់​មួយ​ ​តែ​រៀងៗខ្លួន​ទៅ​វិញ​។

អតីត​មន្រ្តី​សម្របសម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​លោក​ ​ឡុង​ ​បញ្ញាវុធ ​ថាបើ​ស្ថាប័ន​សហ​ចៅក្រម​ស៊ើប​អង្កេត​ ​មិន​មូលមាត់គ្នា​ ​គេ​នៅ​សង្ឃឹម​លើ​អង្គ​បុ​រេ​​ជំនុំ​ជម្រះ​ ​ដែល​មាន​ភារកិច្ច​កាត់សេចក្តី​រឿង​នេះ​ ​ឲ្យ​ដាច់ស្រេច​។​ ​ប៉ុន្តែ​លោក​ថា​ ​ជាអកុសល​ ​ចៅក្រម​អង្គ​បុ​រេ​ ​ដែល​ជា​អាជ្ញាកណ្ដាល​ ​ក៏​ខ្វែងយោបល់​គ្នា​ដែរ៖ «បញ្ហា​ដែល​សំខាន់​គឺ​អង្ករ​ក្លាយទៅជា​បាយ​ហើយ​ ! ​ ដល់ពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​ត្រូវធ្វើ​សេចក្ដី​សម្រេច​ ​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ ​តើ​សំណុំរឿង​លោក​ ​មាស​ ​មុត​ ​គួរតែ​បិទ​បញ្ចប់​ ​ហើយ​បើ​បិទ​បញ្ចប់​បិទ​ដោយ​របៀប​ដូចម្តេច​ ? ​ ដោយសារតែ​គ្មាន​ឆន្ទៈ​នយោបាយ​ ​ដោយសារតែ​កំហុស​នីតិវិធី​ ​ដោយសារតែ​បញ្ហា​ថវិកា​ ​ដោយសារតែ​ច្បាប់​សរសេរ​មិន​ច្បាស់លាស់​ ​ជាពិសេស​គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ចេញដីកា​ដំណោះស្រាយ​រៀងខ្លួន​នោះ​ ? ​ តើ​វា​ជា​ចំណុច​នៃ​ច្បាប់​អនុញ្ញាត​ដែរ​ឬក៏​អត់​ ​ឬមួយ​ក៏​ច្បាប់​ចន្លោះ​ប្រហោង​ ? ​ ខ្ញុំ​គិតថា​ ​ដល់​ពេលវេលា​ដែល​សាលាក្ដី​ខ្មែរក្រហម​ ​ទាំង​អន្តរជាតិ​ ​និង​ជាតិ​ ​ត្រូវតែ​ទទួលស្គាល់​ការពិត»។

ការពិត​ដែល​លោក​ ​ឡុង​ ​បញ្ញាវុធ​ ​ថា​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​ទទួលស្គាល់​នោះ​ ​គឺ​រឿង​ដែល​កំពុង​កើតមានឡើង​ ​ដែល​នាំឲ្យ​ដំណើរការ​ក្តី​ ​បន្ត​អូស​បន្ថាយ​ពេល​យ៉ាង​យូរ​ ​ដោយសារតែ​ការ​ខ្វែងយោបល់​គ្នា​របស់​អ្នក​សម្រេច​ក្ដី​ ​ស្រប​ពេល​ដែល​ជន​ត្រូវ​ចោទ​ ​និង​ជនរងគ្រោះ​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ ​និង​ការ​បិទ​បញ្ចប់​សំណុំរឿង​ ​ឲ្យបាន​ឆាប់រហ័ស​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។

កាលពីដើម​ខែ​មេសា​ ​ចៅក្រម​ជាតិ​ ​៣​ ​រូប​នៃ​អង្គបុរេជំនុំ​ជម្រះ​ ​សម្រេច​រួមគ្នា​ថា​ ​សំណុំរឿង​លោក​ ​មាស​ ​មុត​ ​នេះ​ ​ត្រូវ​តម្កល់​ទុក​ក្នុង​បណ្ណសារ​។​ ​ប៉ុន្តែ​ចៅក្រម​អន្តរជាតិ​​ជំទាស់​ ​និង​ស្នើ​ឲ្យ​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​។​

ទោះបី​សេចក្តី​សម្រេច​របស់​អង្គ​បុ​រេ​ជំនុំ​ជម្រះ​ ​បិទផ្លូវ​តវ៉ា​ ​ភាគី​ពាក់ព័ន្ធ​ហាក់​នៅ​រង់ចាំ​ការ​បញ្ជាក់​បន្ថែម​ណាមួយ​ ​ដើម្បីឲ្យ​ដឹង​ច្បាស់​ថា​ ​សំណុំរឿង​នេះ​ត្រូវ​ចប់​ត្រឹមនេះ​ ​ឬ​ត្រូវ​បន្ត​ទៅមុខ​ទៀត​។​

សហ​មេធាវី​ការពារក្តី​ឲ្យ​លោក​ ​មាស​ ​មុត​ ​ដែល​មាន​មេធាវី​ជាតិ​លោក​ ​អាង​ ​ឧត្តម​ ​និង​មេធាវី​អន្តរជាតិ​លោក​ ​ម៉ៃឃើ​ល​ ខាណា​វ៉ាស​ (​Michael Karnavas​) ​កាលពី​ ​ខែ​មិថុនា​ ​បាន​ស្នើសុំ​ឲ្យ​អង្គបុរេជំនុំ​ជម្រះ​បញ្ចប់​ ​បោះត្រា​ ​និង​ដាក់បញ្ចូល​សំណុំរឿង​លោក​ ​មាស​ ​មុត​ ​ទៅ​ក្នុង​ប​ណ្ណ​សារ​។​ ​សំណើ​នេះ​ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​​អ្នកស្រី​ ប្រ៊ិនដា​ ហុល្លីស​ (Brenda​ ​Hollis) ​ជំទាស់​ ​ព្រោះ​សហ​ព្រះរាជ​អា​ជ​អាជ្ញា​អន្តរជាតិ​នៅតែ​យល់ថា​ ​សំណុំរឿង​នេះ​ ​មិនទាន់​បិទ​បញ្ចប់​ត្រឹមនេះ​នោះ​ទេ​ ​គឺ​ត្រូវតែ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​។​

បន្ថែម​លើ​នេះ​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​​កក្កដា​ ​សហ​មេធាវី​លោក​ ​មាស​ ​មុត​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ ​និយាយ​អំពី​បញ្ហា​នៃ​ការ​បន្ត​អូស​បន្លាយពេល​វេលា​ ​នៃ​នីតិវិធី​ក្នុង​សំណុំរឿង​លោក​ ​មាស​ ​មុត​ ​ដែល​អាច​នឹង​ត្រូវ​ស៊ីពេល​ ​៤​ ​ឆ្នាំ​បន្ត​ទៅមុខ​ទៀត​ ​បើ​អង្គ​បុ​រេ​ជំនុំ​ជម្រះ​ ​មិន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ការ​បិទ​បញ្ចប់​សំណុំរឿង​នៅ​ពេលនេះ​។​

អ្នកច្បាប់​ ​និង​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​ដែរ​ ​ថា​នីតិវិធី​បច្ចុប្បន្ននេះ​ ​នឹង​នៅ​បន្ត​អូស​បន្ថាយ​យូរ​តទៅទៀត​បែប​នេះឯង​។​

លោក​មេធាវី​ ​គង់​ ​សំអុន​ ​ដែល​ការពារ​ក្ដី​ឲ្យ​លោក​ ​ខៀវ​ ​សំ​ផន​ ​ថា​បញ្ហា​ទាំងនេះ​ ​វា​កើតមានឡើង​ ​ដោយសារតែ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៃ​ភាគី​ជាតិ​ ​និង​អន្តរជាតិ​ ​និង​​បញ្ហា​នៃ​ប្រព័ន្ធ​ច្បាប់​ ​ដែល​បង្កើត​ឲ្យ​មាន​សហ​ចៅក្រម​ជាតិ​ ​និង​អន្តរជាតិ​នេះឯង៖ «ការពិត​គេ​ដឹង​តើ​ ! ​ ពេល​កសាង​ច្បាប់​ហ្នឹង​ដំបូង​ ​ខ្ញុំ​ចាំ​ថា​ ​គេ​ពិភាក្សាគ្នា​ច្រើន​​ណាស់​ ​ទាក់ទង​រឿង​ការ​ធ្វើ​សេចក្តី​សម្រេច​ហ្នឹង​។​ ​សហ​ចៅក្រម​ ​ឬក៏​សហ​ព្រះរាជអាជ្ញា​មាន​បញ្ហា​មិន​ចុះ​សម្រុង​នឹងគ្នា​ ​ត្រូវ​មាន​អង្គបុរេហ្នឹងឯង​ ​ដើម្បី​ជួយ​ដោះ​ស្រាយ​។​ ​ប៉ុន្តែ​ ​ដល់ពេល​ដែល​អង្គបុរេមិន​ចុះ​សម្រុង​នឹងគ្នា​ទៀត​ ​គេ​ទុក​បណ្ដោយឲ្យ​បែប​នេះ​ទៅ​ ​ព្រោះ​វា​អត់មាន​មធ្យោបាយ​អ្វី​ ​ដើម្បី​ដោះស្រាយ​ឲ្យ​ល្អ​​​ជាង​ហ្នឹង​ទៀត​ទេ​។​ ​ចៅក្រម​ខ្មែរ​ភាគច្រើន​។​ ​ដល់ពេល​សម្រេច​ថា​ ​ដើម្បីឲ្យ​សម្រេច​បាន​ ​ទាល់តែ​មាន​ចៅក្រម​បរទេស​ម្នាក់​ចូលរួម​ផង​។​ ​វា​ជាប់​ត្រង់​ហ្នឹង​

ភាពជាប់​គាំង​នេះ​ ​មន្រ្តី​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ ​និង​អ្នកច្បាប់​ ​ថា​វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ ​ជនរងគ្រោះ​ ​និង​កេរ​ឈ្មោះ​ ​និង​កេរតំណែ​ល​របស់​សាលាក្ដី​ខ្មែរក្រហម​នេះ​យ៉ាង​ដំណំ​។

ចៅក្រម​នៅ​សាលាក្តី​ខ្មែរក្រហម​ ​ជាពិសេស​ចៅក្រម​ជាតិ​ ​រង​ការរិះគន់​​ថា ​មិន​អាច​សម្រេច​សេចក្តី​ដោយ​ឯករាជ្យ​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​បាន​នោះ​ទេ​ ​ដោយសារតែ​ការ​ជ្រៀត​ជ្រែ​ត​ផ្នែក​នយោបាយ​ ​ពី​មន្រ្តី​ថ្នាក់លើ​ក្នុង​ជួរ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​។​ ​ជាង​នេះ​ទៅទៀត​ ​ភាគច្រើន​នៃ​ចៅក្រម​ជាតិ​ ​គឺជា​សមាជិក​របស់​គណបក្ស​កាន់អំណាច​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ហ៊ុន​ ​សែន​។​ ​មិនតែប៉ុណ្ណោះ​ ​ជារឿយៗ​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​ដែរ​នោះ​ ​តែងតែ​ព្រមាន​ឲ្យ​បិទ​សាលាក្ដី​នេះ​ ​បើ​ហ៊ាន​កាត់ក្តី​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ​ឲ្យលើស​ពី​សំណុំរឿង​ ​០០១​ ​និង​ ​០០២​។​ ​លោក​ ​មាស​ ​មុត​ ​ស្ថិត​ក្នុង​សំណុំរឿង​ ​០០៣​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។