អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២ ខែវិច្ឆិកា បានស្ដាប់សាក្សីមិនបញ្ចេញឈ្មោះមួយរូប ដែលជាអតីតពេទ្យយោធាខ្មែរក្រហមលេខ១៥៦ ចំណុះកងពលលេខ៤ នៅភូមិភាគនិរតី។
ក្នុងសវនាការសួរដេញដោលមួយថ្ងៃកន្លះ សាក្សីរូបនេះបានរៀបរាប់អំពីហេតុការណ៍នានា ដែលកងទ័ព ប៉ុល ពត និយមកាប់សម្លាប់ពលរដ្ឋ និងកម្មាភិបាលកងទ័ពនៅភូមិភាគបូព៌ា។ លោកថា មេបញ្ជាការរបស់លោកត្រូវកងទ័ពភូមិភាគកណ្ដាលចាប់យកទៅប្រជុំ ហើយសម្លាប់ចោលអស់នៅឆ្នាំ១៩៧៨៖ «ឆ្នាំ១៩៧៨ ប៉ុល ពត ធ្វើរដ្ឋប្រហារ។ កម្មាភិបាលហៅទៅប្រជុំនៅភូមិភាគកណ្ដាល ចាប់ទាំងអស់។ រួចម្នាក់ រត់ដល់ខ្ញុំនៅសមរភូមិ។ ដូច្នេះខ្ញុំដឹងរឿងពិត»។
លោកបន្តថា មានតែមនុស្សម្នាក់គត់ដែលរត់រួចពីការយកទៅសម្លាប់នោះ។ លោកអះអាងថា លោកជាអ្នកបានចូលរួមរៀបចំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះពលរដ្ឋកម្ពុជា ពីការកាប់សម្លាប់របស់ខ្មែរក្រហម។
លោកថា ការបង្កើតរណសិរ្សនោះ គឺជាការព្រមព្រៀងគ្នារវាងវៀតណាម និងកម្ពុជា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហូជីមិញ និងនៅស្រុកស្នួល ខេត្តក្រចេះ។ លោកបានជួបលោក ហេង សំរិន លោក ជា ស៊ីម ហៅ ជា សាឡាត់ លោក អ៊ុក ប៊ុនឈឿន លោក ប៉ែន សុវណ្ណ នៅពេលរៀបចំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ពេលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។