សាក្សី​សាលាក្ដី​ខ្មែរ​ក្រហម​បដិសេធ​ថា​មិន​ដែល​ទទួល​បញ្ជា​សម្លាប់​ជន​ស៊ីវិល​ទេ

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៧ ខែ​មករា បាន​បញ្ចប់​សវនាការ​ស្ដាប់​សាក្សី ព្រំ សារ៉ាត់ ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​មួយ​រូប​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​រូប​នេះ ជា​ប្រធាន​កង​នាវា​ប្រយុទ្ធ​មួយ​នៃ​កងពល​លេខ ៣ របស់​ភូមិភាគ​និរតី ដែល​មាន​ឈ្មោះ មាស មុត ជា​ប្រធាន​កងពល។

សាក្សី ព្រំ សារ៉ាត់ មុន​នឹង​បញ្ចប់​សក្ខីកម្ម​នៅ​រសៀល​ថ្ងៃ​ទី​២៧ មករា ត្រូវ​បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សួរ​ដេញដោល​អំពី​ការ​ទទួល​បញ្ជា​ថ្នាក់​លើ​ឱ្យ​ចាប់​ជន​ស៊ីវិល​ជនជាតិ​វៀតណាម និង​ទារក​យក​ទៅ​សម្លាប់។

សាក្សី​រូប​នេះ​បដិសេធ​ថា នៅ​ក្នុង​ជួរ​កងទ័ព​ជើងទឹក​នៃ​កងពល​លេខ ១៦៤ លោក​មិន​ដែល​បាន​ទទួល​ការ​អប់រំ​នយោបាយ​ណា​មួយ​ឱ្យ​សម្លាប់​ជន​ស៊ីវិល​វៀតណាម​ទេ៖ «ពេល​នោះ​មិន​មាន​គោលការណ៍ ហើយ​រាល់​អង្គ​ប្រជុំ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ គឺ​មិន​ដែល​ចេញ​បទ​បញ្ជា​ឱ្យ​សម្លាប់​ទារក ឬ​ក៏​សម្លាប់​ជន​ស៊ីវិល​វៀតណាម ណា​នោះ​ទេ ព្រោះ​អ្វី​ធ្វើ​ពេល​នោះ គឺ​សំដៅ​តែ​លើ​កងទ័ព​មាន​សភាពការណ៍​ប្រយុទ្ធ។ ប៉ុន្តែ​ក្នុង​សភាព​នោះ គេ​សំដៅ​និយាយ​ដល់​កាត​ប្រយុទ្ធ​នៅ​ព្រំដែន។ អ៊ីចឹង​កងទ័ព​ដែល​នៅ​ព្រំដែន​មាន​ការ​ប្រយុទ្ធ តែ​ការ​ប្រយុទ្ធ​បែប​ម៉េច អា​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ភារកិច្ច​របស់​ខ្ញុំ​ដោយ​ឡែក»

ចម្លើយ​របស់​លោក ព្រំ សារ៉ាត់ គឺ​ជា​ការ​ឆ្លើយ​តប​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន ដែល​លើក​យក​ចម្លើយ​របស់​សាក្សី​ផ្សេង​ទៀត​ថា ជន​ស៊ីវិល​វៀតណាម និង​កុមារ ត្រូវ​បាន​កងទ័ព​ជើង​ទឹក​សម្លាប់។ សាក្សី​ជា​អតីត​កងទ័ព​ជើង​ទឹក​មួយ​រូប​ទៀត ដែល​មាន​លេខ​កូដ​ថា 2TCW-1000 ធ្លាប់​បញ្ជាក់​ថា បាន​ឃើញ​កងទ័ព​ពិសេស​នៃ​កងទ័ព​ជើង​ទឹក​សម្លាប់​កុមារ​វៀតណាម នៅ​លើ​កោះ​ពូលូវ៉ៃ។ សាក្សី​រូប​នេះ​បញ្ជាក់​ទៀត​ថា ក្នុង​ឆ្នាំ​១៩៧៧ កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ចាប់​បាន​ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ ហើយ​បញ្ជូន​មក​ក្រុង​កំពង់សោម តាម​កំពង់ផែ​រាម និង​អូរឈើទាល។

ក្រៅ​ពី​នេះ ក៏​មាន​យុទ្ធជន​ក្នុង​ជួរ​កងទ័ព​ជើង​ដូច​គ្នា​មួយ​កង ត្រូវ​បាន​ចាប់​ខ្លួន​បាត់​អស់​ដែរ។ ជា​ពិសេស​ គឺ​កងទ័ព​មក​ពី​ភូមិភាគ​បូព៌ា ដែល​មាន​មេបញ្ជាការ​ឈ្មោះ ឌឹម។

ទាក់ទង​នឹង​បញ្ហា​នេះ សាក្សី ព្រំ សារ៉ាត់ បញ្ជាក់​ថា ពិត​ជា​មាន​ជម្លោះ​ផ្ទៃក្នុង​មែន​នៅ​ឆ្នាំ​១៩៧៧៖ «នៅ​ឆ្នាំ​១៩៧៧ ចូល ១៩៧៨ ទើប​មាន​ព្រឹត្តិការណ៍ ហេតុការណ៍​ទំនាស់​ផ្ទៃក្នុង​រវាង​ថ្នាក់​ដឹក​នាំ​កងពល មាន​ឈ្មោះ ឌឹម និង មាស មុត ដោយ​ការ​ប្រជុំ​មិន​យល់​ស្រប​ជាមួយ​ការ​ប្រជុំ​រវាង​គណៈ​អចិន្ត្រៃយ៍​របស់​គណៈ​កងពល ដែល​កើត​មាន​នៅ​ពេល​នោះ។ ការណ៍​ដែល​ខ្ញុំ​ដឹង គឺ​ដឹង​តាម​រយៈ​វរសេនាធំ ដែល​គាត់​ឈ្មោះ សារឿន នោះ​គាត់​បាន​ប្រាប់»

ទោះ​ជា​យ៉ាង​ណា​ក្ដី សាក្សី​រូប​នេះ​ថ្លែង​ថា នៅ​ក្នុង​កង​នាវា​របស់​លោក​មិន​ដែល​មាន​ដក​យុទ្ធជន​ណា​មួយ ដែល​ត្រូវ​ចោទ​ថា មាន​សមាសភាព​មិន​ល្អ ឬ​ជា​ខ្មាំង​ស៊ីរូង​ផ្ទៃ​ក្នុង​ទេ។ លោក​បញ្ជាក់​បន្ថែម​ថា ដោយសារ​តែ​លោក​ជា​កងទ័ព​នៅ​ខាង​សមុទ្ទ លោក​មិន​ដែល​បាន​ដឹង​ពី​រឿងរ៉ាវ​នៅ​តាម​សហករណ៍​ទេ។

បន្ទាប់​ពី​សក្ខីកម្ម​របស់​សាក្សី ព្រំ សារ៉ាត់ សវនាការ​នៅ​ថ្ងៃ​ទី​២៨ មករា អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត មក​ពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។