អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៧ ខែមករា បានបញ្ចប់សវនាការស្ដាប់សាក្សី ព្រំ សារ៉ាត់ ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកមួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យ។
អតីតមេបញ្ជាការកងទ័ពជើងទឹករូបនេះ ជាប្រធានកងនាវាប្រយុទ្ធមួយនៃកងពលលេខ ៣ របស់ភូមិភាគនិរតី ដែលមានឈ្មោះ មាស មុត ជាប្រធានកងពល។
សាក្សី ព្រំ សារ៉ាត់ មុននឹងបញ្ចប់សក្ខីកម្មនៅរសៀលថ្ងៃទី២៧ មករា ត្រូវបានជម្រាបអង្គជំនុំជម្រះសាលាដំបូងសួរដេញដោលអំពីការទទួលបញ្ជាថ្នាក់លើឱ្យចាប់ជនស៊ីវិលជនជាតិវៀតណាម និងទារកយកទៅសម្លាប់។
សាក្សីរូបនេះបដិសេធថា នៅក្នុងជួរកងទ័ពជើងទឹកនៃកងពលលេខ ១៦៤ លោកមិនដែលបានទទួលការអប់រំនយោបាយណាមួយឱ្យសម្លាប់ជនស៊ីវិលវៀតណាមទេ៖ «ពេលនោះមិនមានគោលការណ៍ ហើយរាល់អង្គប្រជុំនៃការរៀនសូត្ររបស់ខ្ញុំ គឺមិនដែលចេញបទបញ្ជាឱ្យសម្លាប់ទារក ឬក៏សម្លាប់ជនស៊ីវិលវៀតណាម ណានោះទេ ព្រោះអ្វីធ្វើពេលនោះ គឺសំដៅតែលើកងទ័ពមានសភាពការណ៍ប្រយុទ្ធ។ ប៉ុន្តែក្នុងសភាពនោះ គេសំដៅនិយាយដល់កាតប្រយុទ្ធនៅព្រំដែន។ អ៊ីចឹងកងទ័ពដែលនៅព្រំដែនមានការប្រយុទ្ធ តែការប្រយុទ្ធបែបម៉េច អាហ្នឹងខ្ញុំអត់ដឹងទេ ព្រោះភារកិច្ចរបស់ខ្ញុំដោយឡែក»។
ចម្លើយរបស់លោក ព្រំ សារ៉ាត់ គឺជាការឆ្លើយតបសំណួររបស់មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ដែលលើកយកចម្លើយរបស់សាក្សីផ្សេងទៀតថា ជនស៊ីវិលវៀតណាម និងកុមារ ត្រូវបានកងទ័ពជើងទឹកសម្លាប់។ សាក្សីជាអតីតកងទ័ពជើងទឹកមួយរូបទៀត ដែលមានលេខកូដថា 2TCW-1000 ធ្លាប់បញ្ជាក់ថា បានឃើញកងទ័ពពិសេសនៃកងទ័ពជើងទឹកសម្លាប់កុមារវៀតណាម នៅលើកោះពូលូវ៉ៃ។ សាក្សីរូបនេះបញ្ជាក់ទៀតថា ក្នុងឆ្នាំ១៩៧៧ កងទ័ពជើងទឹកខ្មែរក្រហមចាប់បានជនជាតិវៀតណាម ជាច្រើននាក់ ហើយបញ្ជូនមកក្រុងកំពង់សោម តាមកំពង់ផែរាម និងអូរឈើទាល។
ក្រៅពីនេះ ក៏មានយុទ្ធជនក្នុងជួរកងទ័ពជើងដូចគ្នាមួយកង ត្រូវបានចាប់ខ្លួនបាត់អស់ដែរ។ ជាពិសេស គឺកងទ័ពមកពីភូមិភាគបូព៌ា ដែលមានមេបញ្ជាការឈ្មោះ ឌឹម។
ទាក់ទងនឹងបញ្ហានេះ សាក្សី ព្រំ សារ៉ាត់ បញ្ជាក់ថា ពិតជាមានជម្លោះផ្ទៃក្នុងមែននៅឆ្នាំ១៩៧៧៖ «នៅឆ្នាំ១៩៧៧ ចូល ១៩៧៨ ទើបមានព្រឹត្តិការណ៍ ហេតុការណ៍ទំនាស់ផ្ទៃក្នុងរវាងថ្នាក់ដឹកនាំកងពល មានឈ្មោះ ឌឹម និង មាស មុត ដោយការប្រជុំមិនយល់ស្របជាមួយការប្រជុំរវាងគណៈអចិន្ត្រៃយ៍របស់គណៈកងពល ដែលកើតមាននៅពេលនោះ។ ការណ៍ដែលខ្ញុំដឹង គឺដឹងតាមរយៈវរសេនាធំ ដែលគាត់ឈ្មោះ សារឿន នោះគាត់បានប្រាប់»។
ទោះជាយ៉ាងណាក្ដី សាក្សីរូបនេះថ្លែងថា នៅក្នុងកងនាវារបស់លោកមិនដែលមានដកយុទ្ធជនណាមួយ ដែលត្រូវចោទថា មានសមាសភាពមិនល្អ ឬជាខ្មាំងស៊ីរូងផ្ទៃក្នុងទេ។ លោកបញ្ជាក់បន្ថែមថា ដោយសារតែលោកជាកងទ័ពនៅខាងសមុទ្ទ លោកមិនដែលបានដឹងពីរឿងរ៉ាវនៅតាមសហករណ៍ទេ។
បន្ទាប់ពីសក្ខីកម្មរបស់សាក្សី ព្រំ សារ៉ាត់ សវនាការនៅថ្ងៃទី២៨ មករា អង្គជំនុំជម្រះនឹងស្ដាប់សាក្សីថ្មីមួយរូបទៀត មកពីស្រុករមាសហែក ខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។