អតីត​យុទ្ធជន​ខ្មែរក្រហម​ប្រាប់​តុលាការ​អំពី​ការ​សម្លាប់​មនុស្ស​នៅ​ភូមិ​ភាគ​បូព៌ា

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា នៅ​តែ​បន្ត​សវនាការ​របស់​ខ្លួន​ដោយ​ស្ដាប់​សក្ខីកម្ម​ទាក់ទង​នឹង​គោលការណ៍​បោស​សម្អាត​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

សាក្សី​ជា​អតីត​យុទ្ធជន​នៃ​កងទ័ព​ខ្មែរ​ក្រហម​ក្នុង​ភូមិភាគ​ឧត្ដរ ឈ្មោះ សែម អំ ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២១ កញ្ញា ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​កាប់​សម្លាប់​របស់​កងទ័ព​ខ្មែរ​ក្រហម​ក្នុង​ភូមិភាគ​បូព៌ា៖ «ឃើញ​គេ​ដឹក​ទាហាន​បូព៌ា​បី​ឡាន ហើយ​ខ្ញុំ​សួរ​បង ណាំ នៅ​កន្លែង​តេអូ គាត់​ថា គេ​ដឹក​ពួក​ក្បត់។ មួយ​សន្ទុះ​ឃើញ​គេ​ហែក​ក្រមា​រុំ​មុខ គេ​ចង។ ខ្ញុំ​អើត​ពី​លើ​ឡាន​ទៅ​ឃើញ​គេ​អូស​រុញ​ទៅ​ខាង​ក្រោយ​ត្បូង​មន្ទីរ​នោះ។ រុញ​ទៅ ឮ​តែ​ភីសភូស អ៊ិះអ៊ុះ។ បាន​ប្រហែល​ជា​មួយ​ម៉ោង បង ណាំ មក​វិញ​ខ្ញុំ​ក៏​មក​កន្លែង​ខ្ញុំ​វិញ»

លោក​បន្ត​ថា ការ​សម្លាប់​នោះ​ជា​ការ​បោសសម្អាត​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ចំពោះ​អ្នក​ដែល​ត្រូវ​បាន​កម្មាភិបាល​ភូមិភាគ​និរតី​ចោទ​ថា ក្បត់​នឹង​អង្គការ។

សាក្សី និង​ភស្តុតាង​បង្ហាញ​ថា ការ​បោសសម្អាត​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​បណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ស្ទើរ​ទូទាំង​ប្រទេស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​សួរ​ចម្លើយ និង​សម្លាប់​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង។ ការ​បោស​សម្អាត​ផ្ទៃក្នុង​ចាប់​ផ្ដើម​មុន​គេ​លើ​ពួក​យោធា​ក្នុង​កងពល ៣១០ នៃ​ភូមិភាគ​ឧត្ដរ គឺ​នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ប្រុង​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ប៉ុន ពត ក្នុង​ឆ្នាំ​១៩៧៦។

សាក្សី សែម អំ ដែល​ជា​អតីត​យោធិន​ក្នុង​កងពល ៣១០ ដែរ ថ្លែង​ថា ពួក​លោក​ជា​កូន​ទាហាន​ត្រូវ​បាន​គេ​ប្រមូល​ដក​អាវុធ ហើយ​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ស្រែ​ជាយ​ក្រុង​ភ្នំពេញ៖ «ខ្ញុំ​បាន​ឃើញ​គេ​រៀប​ខោអាវ​មួយ​កងៗ។ គេ​ប្រាប់​ថា ឯកសណ្ឋាន​នេះ​ទុក​សម្រាប់​កងទ័ព។ ខ្ញុំ​សង្ស័យ​ថា យើង​ស្លៀកពាក់​តែ​ខោអាវ​មក​ពី​ចិន ហើយ​ខោអាវ ស្បែក​ជើង​កង់ឡាន ដល់​នេះ​គេ​ឲ្យ​ពាក់​ស្បែក​ជើង​ទាហាន លន់ នល់។ ខ្ញុំ​យល់​ដឹង​ថា ឯកសណ្ឋាន​ទាំង​នោះ គឺ​គេ​វាយ​បាន ឬ​ក៏​គេ​ដេរ​ថ្មី​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ ក្រណាត់​អត់​ស្អាត​ទេ។ ក្រណាត់​គ្រើមៗ ទាំង​ក្រឡា​រាង​ល្អិតៗ ប៉ុនៗ ពីរ​ធ្នាប់។ ខ្ញុំ​ឃើញ​តែ​ម្ដង​ហ្នឹង ដល់​ក្រោយ​មក​គេ​ចាប់​មេៗ ទៅ គេ​ថា ពួក​ក្បត់ បាន​ខ្ញុំ​ដឹង​ត្រង់​នោះ​ថា គេ​ក្បត់​ប្រាកដ​មែន»

ការ​បោសសម្អាត​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ការ​កាប់​សម្លាប់​អ្នក​ដែល​ត្រូវ​គេ​ចោទ​ថា ក្បត់​បក្ស​ជា​អង្គហេតុ​ចោទ​ប្រកាន់​របស់​សាលាដំបូង​ចំពោះ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន អតីត​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​លេខ ០០២ វគ្គ ២។

លោក សែម អំ ឱ្យ​ដឹង​ថា ក្រៅ​ពី​ការ​កាប់​សម្លាប់​កងទ័ព​ដូច​គ្នា លោក​ក៏​ធ្លាប់​ឃើញ​គេ​សម្លាប់​ស្ត្រី និង​កុមារ ដែល​ជា​សមាជិក​គ្រួសារ​របស់​កងទ័ព​នោះ​ដែរ៖ «ពេល​ដែល​គេ​ចាប់​នារី​នោះ គេ​ថា ប្រពន្ធ​ទាហាន ផើម។ តែ​គេ​មិន​ហាល​មុខ​ទេ គឺ​យប់​ជ្រៅ​ស្ងាត់ គេ​អូស​យក​ទៅ​ពិសោធន៍​ថ្នាំ​ពេទ្យ​របស់​គេ នៅ​កន្លែង​មន្ទីរ​ពេទ្យ។ គេ​វះ​ពិសោធន៍​មើល ចាក់​ថ្នាំ​ចាក់​អី​រស់​វិញ គេ​សម្លាប់​ចោល​ទៅ»

ការ​បោស​សម្អាត និង​ការ​កាប់​សម្លាប់​នៅ​ភូមិភាគ​បូព៌ា មាន​ខេត្ត​កំពង់ចាម ស្វាយរៀង ព្រៃវែង គឺ​កើត​ឡើង​ដូច​គ្នា​នឹង​ភូមិភាគ​ពាយ័ព្យ ក្នុង​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ដែរ។ បន្ទាប់​ពី​សាក្សី សែម អង្គ អង្គ​ជំនុំជម្រះ​សាលាដំបូង ក៏​បាន​ស្ដាប់​សាក្សី​មួយ​រូប​ទៀត ដែល​ជា​អតីត​នីរសារ​របស់​ប្រធាន​ភូមិភាគ​ពាយ័ព្យ ឈ្មោះ រស់ ញឹម។ លោក រស់ ញឹម ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា ចាប់​ទៅ​សម្លាប់​នៅ​គុក​ទួលស្លែង ក្នុង​ឆ្នាំ​១៩៧៧។ សាលាដំបូង​នឹង​បន្ត​ស្ដាប់​សាក្សី​នេះ​ទៀត នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។