សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី៣០ ខែមីនា បន្តសវនាការស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប ដែលជាអតីតជាមេបញ្ជាការកងអនុសេនាធំនៃកងពលលេខ ៩២០ នៅខេត្តមណ្ឌលគិរី កាលពីក្នុងរបបខ្មែរក្រហម។ ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ រៀបរាប់អំពីការចាប់ខ្លួនបោសសម្អាតផ្ទៃក្នុងធំមួយ នៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ១៩៧៧។
ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ សុន វុធ បញ្ជាក់ជូនអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី៣០ មីនា ថា សមាជិកកងទ័ពខ្មែរក្រហមក្នុងកងពលលេខ ៩២០ ជាច្រើននាក់ ត្រូវបានគេចាប់យកទៅសម្លាប់ដោយចោទថា ជាខ្សែក្បត់នឹងអង្គការ។
លោក សុន វុធ ថ្លែងទៀតថា លោកឈឺចាប់ ព្រោះតែលោកត្រូវជាប់ឃុំឃាំងរយៈពេលជាង ៣ខែ ក្រោយពេលដែលគេចាប់មេបញ្ជាការកងពល ៩២០ របស់លោកយកទៅសម្លាប់៖ «ខ្ញុំមិនដឹងរឿងថា តា ឈិន តា សយ ក្បត់អង្គការទេ។ ស្រាប់តែគេចាប់ទៅ គេថា ខ្សែរយៈជាមួយយួន។ គេចាប់នោះរយៈពេលមួយខែ បានមកដល់ខ្ញុំថ្នាក់ក្រោម។ គេហៅមេខ្ញុំមករៀន។ មកទៅ គេថា យកមកសម្លាប់ចោលអស់ ថាក្បត់អង្គការ។ ចាប់ខ្ញុំ ខ្ញុំមិនដឹងរឿងអីបន្តិចសោះ។ អង្គការដាក់ផែនការទៅត្រង់ណា ជូនសម្រេចតាមផែនការ។ ខ្ញុំមិនទៅក្បត់អង្គការទេ ធ្វើទ័ពតាំងពីតូចមកស្មោះត្រង់ជាមួយអង្គការ។ អង្គការថា ឯងក្លាហាន។ សមមិត្តធ្វើការល្អ គោរពអង្គការបាន។ ទឹកបញ្ចប់មកវិញ ចោទប្រកាន់ខ្ញុំ ថាក្បត់អង្គការទៅវិញ។ ខ្ញុំគ្មានដឹងស្អី ដែលលោកណាមកបញ្ចេះខ្ញុំក្បត់ទៅណេះទៅណោះវាយអង្គការវិញ ខ្ញុំមិនដែលមានសោះ។ គេចាប់វាយសួរចម្លើយខ្ញុំ ខ្ញុំមិនដឹងឆ្លើយយ៉ាងម៉េច»។
មេកងពលដែលគេចាប់យកទៅបាត់រហូត គឺមានឈ្មោះ ឈិន សយ កុល ណុន និង យ៉េង។ អ្នកដែលមកចាប់នោះ មកពីកងពល ៨០១ ដែលមានឈ្មោះតា សារឿន ហៅតា ០៥ ជាមេបញ្ជាការ។ តា ០៥ មកពី ៨០១ គេចាប់ពួកកងពល ៩២០ រួច មកពី ៨០១ រួចហើយមកក្ដោបក្ដាប់នៅកងពល ៩២០។
គេថា កងពល ៩២០ មានក្បត់ច្រើនក្បត់ពីអង្គការច្រើនមេៗ។ គេចាប់ខ្ញុំទៅធ្វើទារុណកម្ម។ គេយកកាំភ្លើងមកភ្ជង់ចងមុខនឹងក្រមាដឹកយកចេញទៅ។ ពេលគេស្រាយមុខដឹងថា កន្លែងដែលគេយកទៅដាក់នោះ គឺនៅអូរច្បារខាងត្បូងកោះញែក។ មានអូរមួយគឺអូរច្បារនោះ មានកូនភ្នំមួយ ហើយមានឃើញកន្លែងគុក ១០ម៉ែត្រ ហើយទទឹងប្រហែល ៥ ទៅ ៦ម៉ែត្រ ហើយមាន ៣បន្ទប់។ ដំបូងគេដាក់តែខ្ញុំទេ។ ពីរបីថ្ងៃក្រោយមក គេយកពីរនាក់ទៀតមកដាក់ជាមួយខ្ញុំ។ គេដាក់ខ្នោះសួរចម្លើយ។ មានឮមាត់មិត្តនារីខ្លះ។
លោក សុន វុធ ត្រូវបានគេសួរចម្លើយដោយការឆក់ខ្សែភ្លើង និងវាយដោយដំបងរហូតបាត់ស្មារតី។ គេចោទលោកថា ជាពួកក្បត់អង្គការចូលដៃជាមួយវៀតណាម៖ «ដែលគេសួរខ្ញុំនេះ គឺគេចង់សួរចម្លើយថា យើងក្បត់ជាមួយមេ ទៅជាមួយយួន។ ចូលទៅយួន។ គេថា ខ្ញុំក្បាលយួនខ្លួនខ្មែរ។ ចោទប្រកាន់ខ្ញុំ ខ្ញុំមិនដឹងឆ្លើយថា យ៉ាងម៉េច។ ខ្ញុំអត់ដឹងដែរ។ ថាឯងក្បត់ក្បាលយួនខ្លួនខ្មែរ។ វាប្រាប់ខ្ញុំថា មេបញ្ជាឱ្យហ្អែងនេះឱ្យឆ្លើយ។ បើហ្អែងមិនឆ្លើយ ហ្អែងត្រូវតែងាប់។ បើហ្អែងឆ្លើយ អង្គការអត់សម្លាប់ហ្អែងទេ គេថាអ៊ីចឹង។ ខ្ញុំអត់មានឆ្លើយផង»។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះថ្លែងថា លោកបានរួចជីវិតពីរបបខ្មែរក្រហម គឺដោយសារតែលោកគាស់សោខ្នោះរត់រួចពីមន្ទីរសន្តិសុខនៅកងពល ៨០១។ លោកអះអាងថា មន្ទីរសន្តិសុខដែលគេឃុំឃាំងលោក គឺបង្កើតឡើងពេលមេបញ្ជាការកងពល ៨០១ តា សារឿន មកគ្រប់គ្រងកងពល ៩២០។
ចន្លោះពេលក្រោយការចាប់ខ្លួនមេ និងចាប់ខ្លួនលោកក៏មានសមាជិកកងពលលេខ ៩២០ ដូចជា មិត្ត កុល មិត្ត ណុន ហើយមិត្ត យ៉េង ត្រូវចាប់ជាបន្តបន្ទាប់។
ទាក់ទងនឹងការអះអាងរបស់ដើមបណ្ដឹងរដ្ឋប្បវេណី សុន វុធ អំពីការចាប់ខ្លួនកងទ័ពក្នុងកងពលលេខ ៩២០ សហព្រះរាជអាជ្ញាបានបង្ហាញបញ្ជីអ្នកទោស នៅគុកទួលស្លែង ឬមន្ទីរសន្តិសុខ ស២១ ថា លេខាកងពល ៩២០ ឈ្មោះ ម៉ែន ម៉េង ហៅ ឈិន និងឈ្មោះ ឈុយ ហៅ សយ ជាអនុលេខាកងពល ចូលមកមន្ទីរ ស២១ នៅខែមីនា និងខែមេសា ឆ្នាំ ១៩៧៧។
លោក សុន វុធ ឱ្យដឹងថា លោកជាប់ឃុំក្នុងមន្ទីរសន្តិសុខកងពល ៨០១ រយៈពេល ៣ខែ ១០ថ្ងៃ។ ប៉ុន្តែ លោកមិនដែលទៅជាប់នៅមន្ទីរសន្តិសុខភ្នំក្រោលទេ។ លោកថ្លែងថា លោកខកចិត្តដែលខំបម្រើអង្គការបក្សកុម្មុយនិស្តកម្ពុជា ដោយស្មោះ ហើយចុងក្រោយលោកត្រូវបានគេចោទថា ក្បត់ ដោយលោកមិនដឹងអីសោះ។ ឪពុកម្ដាយបងប្អូនលោក ក៏ត្រូវគេហៅឱ្យទៅរៀនសូត្រ ហើយបាត់ខ្លួនរហូត។
សវនាការស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី សុន វុធ នឹងត្រូវធ្វើបន្តទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។