ទុក្ខវេទនា​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​រត់​គេច​ទៅ​ព្រំដែន​ថៃ នៅ​ឆ្នាំ ១៩៧៩ បន្ទាប់​​ពី​​កងទ័ព​វៀតណាម​​ផ្ដួល​​រំលំ​​របប​​ខ្មែរក្រហម

ដោយ ជី វិតា
2019.01.08
ជនភៀសខ្លួនខ្មែរ ៦២២ លោកស្រី តោង អូន (បី​កូន​ខ្ចី) លោក តោង សារឿន (ឈរ​អត់​ពាក់​អាវ) និង ប្អូនៗ ជា​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ ត្រូវ​បាន​អ្នក​កាសែត​ថត​រូប​បាន នៅ​ពេល​​រត់​ភៀស​ខ្លួន​កាត់​ព្រៃ​​ទៅ​ដល់​ព្រំដែន​ខ្មែរ​ថៃ នៅ​ដើម​ឆ្នាំ១៩៧៩។
រូបថត៖ លោក Roland Neveu

ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម បាន​ឆ្លង​ផុត​អស់​រយៈ​ពេល ៤០ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​មុន​នៅ​តែ​ចងចាំ​ថ្ងៃ​នេះ ព្រោះ​ជា​ថ្ងៃ​អន្តរកាល​មួយ ដែល​ពួក​គាត់​បាន​បញ្ចប់​ដំណាក់​កាល​ទុក្ខ​វេទនា​មួយ ក្នុង​របប​ខ្មែរ​ក្រហម។ ថ្ងៃ​នោះ ក៏​ជា​ថ្ងៃ​ឆ្លង​ចូល​ដំណាក់កាល​រង​ទុក្ខ​វេទនា​បែកបាក់​គ្រួសារ​ថ្មី​មួយ​ទៀត ដោយសារ​តែ​សង្គ្រាម​រវាង​ខ្មែរ និង​វៀតណាម​បាន​ចាប់​ផ្ដើម​ជា​ថ្មី និង​បង្កើត​បាន​ជន​ភៀស​ខ្លួន​ខ្មែរ​ជា​ច្រើន​សែន​នាក់​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។

ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ ១៩៧៩ គឺ​ជា​ថ្ងៃ​បញ្ចប់​អំណាច​របស់​ពួក​ខ្មែរក្រហម ដែល​​គ្រប់គ្រង​​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត ៤​ឆ្នាំ ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ឈ្នះ​សង្គ្រាម​ប្រឆាំង​របប​សាធារណរដ្ឋ​ខ្មែរ របស់​លោក​សេនា​ប្រមុខ លន់ នល់ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥។

​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ គឺ​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ជាង ១២​ម៉ឺន​នាក់ រួម​នឹង​កងទ័ព​មួយ​ចំនួន​តូច​នៃ​​កម្លាំង​អ្នក​តស៊ូ​ខ្មែរ​មួយ​ក្រុម បាន​ចាប់​ផ្តើម​វាយ​លុក​ចូល​ប្រទេស​កម្ពុជា ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ ទោះ​ជា​ពលរដ្ឋ​ខ្មែរ បាន​រួច​ផុត​ពី​ទុក្ខ​វេទនា និង​ការ​កាប់​សម្លាប់​​របស់​ពួក​ខ្មែរ​ក្រហម ហើយ​វិល​ទៅ​ស្រុក​កំណើត​រក​ជួបជុំ​បងប្អូន​ក្ដី ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ ក៏​ជា​ថ្ងៃ​ដែល​កម្ពុជា​បង្កើត​បាន​ជន​ភៀសខ្លួន​រាប់​សែន​នាក់​ដែរ ដែល​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ។ ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​នោះ​បាន​ជួប​ទ្វេ​គ្រោះ​ផ្ទួនៗ គ្នា ព្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម គេ​បាន​រង​ទុក្ខ​វេទនា​មួយ​លើក​​ដោយ​ការ​អត់​អាហារ ធ្វើ​ការ​ធ្ងន់​បាក់​កម្លាំង គ្មាន​សិទ្ធិ​សេរីភាព និង​ការ​សម្លាប់​រង្គាល ពួក​គាត់​ត្រូវ​មក​រង​ទុក្ខ​វេទនា​មួយ​លើក​ទៀត ក្នុង​ពេល​ដែល​គេ​រត់​ភៀសខ្លួន​គេច​ពី​ការ​វាយ​ប្រហារ​របស់​កងទ័ព​វៀតណាម​ទៅ​តំបន់​ព្រំដែន​ខ្មែរ​ថៃ។

លោក តោង សារឿន នៅ​ចាំ​បាន​ថា នៅ​ពេល​នោះ ជា​ពេល​វេលា​ដែល​លំបាក​បំផុត​សម្រាប់​រូប​លោក និង​គ្រួសារ៖ «ដើរ​យូរ​ពិបាក​អស់​កម្លាំង ឃ្លាន​បាយ​ផង ព្រោះ​អត់​មាន​អី​ញ៉ាំ​ទេ មាន​តែ​បបរ​អង្ករ​ដែល​ម៉ែឪ​ខ្ញុំ​ខំ​សន្សំ​ទុក​ហ្នឹង។ ដើរ​មក​ដល់​កន្លែង​ថត​ហ្នឹង ខ្ញុំ​នឹក​ឃើញ​ពុក​ខ្ញុំ និង​បង​ប្រុស​អាល័យ​តែ​ទៅ​រក​ស្អី​ទេ ហើយ​ខ្ញុំ​ឈរ​ចាំ​ជា​មួយ​ខ្ញុំ ហើយ​ប្អូន​ស្រី​ខ្ញុំ​ទាំង​អស់​ហ្នឹង មាន​អ្នក​កាសែត​បារាំង​ហ្នឹង ឃើញ​គេ​មក​សុំ​ថត ចង់​ថត។ ដូច​មើល​ក្នុង​រូបថត​ហ្នឹង ខ្ញុំ​អត់​មាន​ខោ​អាវ​ទេ មើល​ទៅ​ខោអាវ​ហ្នឹង សុទ្ធតែ​ទទឹក​ទាំង​អស់ ដើរ​ក្រោម​ភ្លៀង។ កាល​ហ្នឹង​មាន​ជនជាតិ​ខ្មែរ​ច្រើន​ណាស់ ដើរ​ទៅ​ព្រំដែន​ថៃ​ហ្នឹង គេ​មាន​កន្លែង​ជំរំ​គេ​ជួយ មាន​ម្ហូប​មាន​អី។ ខ្ញុំ​នឹក​ឃើញ​កន្លែង​ដើរ​ឆ្លង​មាន​មីន។ មាន​មីន​ច្រើន ខ្ញុំ​ឃើញ​គេ​ដាក់​ប៉ាណូ​មួយ ដាក់​ថា មីន ក្បាល​ខ្មោច​ក្រហម។ ពេល​នោះ ពុក​ខ្ញុំ​ប្រាប់​ថា "ដើរ​តាម​ពុក​មក" តាម​ដាន​ជើង​គាត់។ គាត់​ធ្លាប់​ធ្វើ​ទាហាន​វាយ​ខ្មែរក្រហម»

លោក តោង សារឿន ប្អូនៗ និង​ម្ដាយ ត្រូវ​បាន​អ្នក​កាសែត​ថត​រូប​បាន នៅ​ពេល​ពួក​គេ​រត់​ភៀស​ខ្លួន​ទៅ​ដល់​ព្រំដែន​ខ្មែរ​ថៃ។ រូប​នោះ គឺ​ជា​រូប​ល្បី​រន្ទឺ ដែល​បង្ហាញ​អំពី​ទុក្ខ​វេទនា​របស់​ជន​ភៀស​ខ្លួន​ខ្មែរ។

ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ភៀស​ខ្លួន​ចូល​ព្រៃ​ទៅ​តំបន់​ព្រំដែន ព្រោះ​តែ​ខ្លាច​កងទ័ព​វៀតណាម​ធ្វើ​បាប ដោយសារ​ពួក​គេ​សមាជិក គ្រួសារ កម្មាភិបាល និង​កងទ័ព​ខ្មែរក្រហម ដែល​មិន​ចូលចិត្ត​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា។ ឯ​អ្នក​ខ្លះ​ទៀត ជា​ពលរដ្ឋ​ស៊ីវិល​ធម្មតា ដែល​ត្រូវ​ពួក​ខ្មែរក្រហម​កៀរ​បង្ខំ​ឲ្យ​ទៅ​ជា​មួយ។

អតីត​ជន​ភៀស​ខ្លួន​ពី​ខេត្ត​កំពង់ឆ្នាំង​មួយ​រូប គឺ​លោក ជា ណន មាន​ប្រសាសន៍​ថា នៅ​ដែល​របប​ខ្មែរក្រហម​ដួល​រលំ​នោះ លោក​បាន​ភៀស​ខ្លួន​កាត់​តាម​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅ​ព្រំដែន​ថៃ។ លោក​បន្ត​ថា ទាំង​លោក និង​ពួក​ខ្មែរក្រហម បាន​ជួប​ការ​លំបាក​ច្រើន​ក្នុង​ពេល​ភៀស​ខ្លួន ហើយ​ពួក​លោក​ភៀស​ខ្លួន​ចូល​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​រាប់​ខែ មុន​នឹង​ទៅ​ដល់​ព្រំដែន​ថៃ៖ «ចាប់​ផ្ដើម​ចូល​ព្រៃ យួន​ដេញ​ពី​ក្រោយ​រហូត។ អត់​បាន​ដេក​ទេ ដើរ​ទាំង​យប់​ទាំង​ងងុយ​ដេក ដើ​របុក​ដើម​ឈើ​បែក​អំពិលអំពែក​ហើយ គេ​ដើរ​តែ​យប់​ទេ។ មួយ​យប់ៗ ដើរ​ទល់​ភ្លឺ។ ដល់​ស្ទឹង​យៀកណាម ជិត​ដល់​ថៃ​ហ្នឹង វេទនា យួន​បាញ់​ស្លាប់​ឡើង​គរ​ជើង បណ្ដែត​ទឹក​ស្ទឹង។ ទឹក​ស្ទឹង​កំពុង​តែ​ជន់​ពេល​ហ្នឹង។ មាន​ពួរ​ផ្ដៅ​យក្ស​មួយ ចេះ​តែ​ឆ្លង​ទៅ។ ខ្ញុំ​តោង​ពួរ​ហ្នឹង​ចេះ​ទៅ​រួច។ មិត្ត​នារីៗ គ្នា​តោង​អត់​រួច យួន​បាញ​ពី​ក្រោយ​ងាប់​គរ​ជើង។ គ្រាន់​តែ​ខោអាវ​កាបូប​លិច​ក្បាល។ ស្ទឹង​នោះ​ចូល ៦០​ម៉ែត្រ ទឹក​ជន់​ទៀត។ បាញ់​ពី​ក្រោយ​យើង គឺ​បាញ់​សម្លាប់​តែ​ម្ដង។ នារីៗ ងាប់​ស្អុយ​ពេញ​តែ​ហ្នឹង។ ខ្លះ​នៅ​កន្លៀត​​ថ្ម ហើយ​របួស​ងាប់ ឈាម​ដាប គឺ​បាញ់​ចោល​តែ​ម្ដង»

លោក​ថា​ក្នុង​ពេល​នោះ ម្នាក់ៗ រត់​យក​រួច​ខ្លួន​រៀងៗ ខ្លួន មិន​អាច​ជួយ​គ្នា​បាន​ឡើយ៖ «សុទ្ធតែ​កង​នារី ខ្លះ​ពោះ​ធំ វេទនា​ណាស់។ យោង​អាត្មា​ម្នាក់ៗ យោង​អត់​រួច​ទេ។ រត់​គ្មាន​នរណា​ជួយ​នរណា​បាន​ទេ។ (មនុស្ស) រាប់​ម៉ឺន​នាក់ ចេះ​តែ​ឲ្យ​ទៅ​លិចៗ។ យួន​ពី​ក្រោយ ពេល​ដែល​យើង​ទី​នេះ ស្អែក​ឡើង វា​មក​ដល់​យើង​ហ្នឹង​ទៀត​ហើយ រត់​ទៅ​ទៀត​ហើយ។ វា​តាម​ពី​ក្រោយ​យើង​រហូត ទាល់​តែ​ទៅ​ផុត​អា​ស្ទឹង​វៀតណាម​ហ្នឹង​បាន​វា​ឈប់​តាម។ កៀរ​ប្រជាជន​ត្រឡប់​ក្រោយ​ក៏​ច្រើន​ដែរ។ អ្នក​ទៅ​មុខ​ចេះ​តែ​ទៅ​ហើយ ព្រោះ​ថយ​ក្រោយ​ក៏​ងាប់ ទៅ​មុខ​ក៏​ងាប់ យក​មួយ​ណា? គឺ​យក​ទៅ​មុខ។ និយាយ​ពី​រឿង​អត់​បាយ គឺ​លែង​និយាយ​ហើយ អត់​បាយ​ងាប់​តាម​ផ្លូវ ងាប់​តាម​កន្លៀត​ថ្ម​ហ្នឹង។ ចោល​កូន កូន​ហ្នឹង នៅ​រស់​ទេ តែ​រុយ​បែង​ភ្នែក​បែង​អី​អស់​ហើយ។ ចោល​កូន ព្រោះ​តែ​យោង​អាត្មា​មិន​រួច អត់​បាយ​រៀងៗ ខ្លួន ។ វេទនា​ណាស់ ទម្រាំ​ដល់​ថៃ។ អ្នក​មាន​កូន​មាន​អី គេ​អត់​ឲ្យ​កូន​ទៅ​តាម​ទេ។ មេ​ខ្មែរ​ក្រហម​នោះ​ថា អា​ណា​យក​កូន​មក បាញ់​ចោល អត់​ឲ្យ​ដើរ​តាម​ទេ ខ្លាច​យួន​កៀរ សម័យ​ហ្នឹង​នោះ»

អតីត​ជន​ភៀសខ្លួន​មួយ​រូប​ទៀត ដែល​រត់​ភៀសខ្លួន​ពី​ខេត្ត​បាត់ដំបង លោក វឿន សម្បត្តិ អះអាង​ថា ក្នុង​ពេល​ភៀស​ខ្លួន​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៧៩ នោះ គឺ​ជា​ការ​រង​ទុក្ខ​លំបាក​វេទនា​ខ្លាំង​បំផុត៖ «វៀតណាម​ចេះ​តែ​មក​តាម​ក្រោយ​យើង ប៉ុន្តែ​ខ្មែរក្រហម​វា​ចេះ​តែ​កៀរ​យើង​រត់​ដល់​ជាយ​ដែន។ ជុំ​គ្នា​នៅ​ជាយដែន​ទាំង​អស់ នៅ​ឡែម មក​ខាង​ចក្រី បឹងបេង​យើង​ហ្នឹង បារាំង​ធ្លាក់​ហ្នឹង ចាប់​ផ្ដើម​ដាច់​បាយ​ហើយ​ហ្នឹង ហើយ​អ្នក​ដែល​ងាប់​តាម​ផ្លូវ ងាប់​ច្រើន​ហើយ​ហ្នឹង ព្រោះ​ម្នាក់ៗ យក​តែ​អាត្មា​អត់​រួច​ទៀត។ រាប់​ពាន់​នាក់​សម័យ​ហ្នុង»

លោក​បន្ត​ថា នៅ​ក្នុង​ព្រៃ​ដែល​លោក​បាន​ឆ្លង​កាត់ មាន​មនុស្ស​ស្លាប់​ជា​ហូរហែ៖ «គឺ​ដោយសារ​អត់​បាយ​ហ្នឹង​តែ​ម្ដង។ អត់​បាយ​ហើយ ថ្នាំ​សង្កូវ​ក៏​អត់​មាន គ្មាន​នរណា​ជួយ​នរណា​បាន​ទេ។ អ្នក​ខ្លះ​ចោល​ប្រពន្ធ​ចោល​កូន​ក៏​មាន​ដែរ សូម្បី​តែ​កូន​ខ្លួន​ឯង​បង្កើត។ បើ​ចាស់​ជរា​មិន​បាច់​និយាយ​តែ​ម្ដង ព្រោះ​ក្បាល​ជង្គង់​វា​ធំ​ជាង​ខ្លួន។ អត់​បាយ មាន​ស្អី? តាម​ព្រៃ មាន​តែ​ស្លឹក ហើយ​អង្ករ​ក៏​អត់​អី​ក៏​អត់។ ជួន​កាល ទឹក​ក៏​អត់​មាន​ដែរ។ អ្នក​ខ្លះ​ដេក​ក្នុង​អង្រឹង​ងាប់​ទៅ អ្នក​ខ្លះ​អង្គុយ​ផ្អែក​នឹង​គល់​ឈើ​ងាប់​ទៅ ស្អុយ​ពេញ​តែ​ព្រៃ​ហ្នឹង។ ដើរ​កន្លង​ខ្មោច​ក៏​មាន​ស្អី​ក៏​មាន។ ម្ដុំ​គ្រោះថ្នាក់ សុទ្ធតែ​ចម្ការ​មីន ចម្រូង​ទាំង​អស់។ យើង​ដើរ​តែ​ខុស​ផ្លូវ​បន្តិច អត់​បាន​តែ​ម្ដង​សម័យ​ហ្នុង។ ជីដូន​មួយ​ខ្ញុំ​ស្លាប់​គឺ​ស្រី​មួយ ប្រុស​មួយ ដែល​ត្រូវ​គ្រាប់​មីន​ហ្នុង។ បង​ស្រី​ខ្ញុំ​ត្រូវ​គ្រាប់​មីន​ដែរ។ ឥឡូវ​នៅ​ក្នុង​ខ្លួន​គាត់​រាល់​ថ្ងៃ​ហ្នឹង អំបែង​គ្រាប់»

បង​ស្រី​របស់​លោក វឿន សម្បត្តិ គឺ​លោកស្រី វឿន អ៊ីម រៀបរាប់​បញ្ជាក់​អំពី​ព្រឹត្តិការណ៍​ផ្ទុះ​មីន ត្រូវ​រង​របួស​នៅ​ពេល​នោះ​ថា គឺ​ដោយសារ​តែ​សត្វ​គោ​ជាន់​ចំ​គ្រាប់​មីន នៅ​ម្ដុំ​ស្រុក​អូរ​ជ្រៅ ច្រក​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ៖ «ពេល​យើង​រត់​គេច​ពី​គេ​បាញ់​គ្នា​មក វា​មាន​ទាហាន​ខ្មែរក្រហម​មួយ​ក្រុម ហើយ​និង​យួន ឬ​វៀតណាម​មួយ​ក្រុម ហើយ​គេ​បាញ់​គ្នា​ទៅ​ពួក​ខ្ញុំ​នៅ​កណ្ដាល ពួក​ខ្ញុំ​អត់​ដឹង​ទេ ជា​ប្រជាជន​នោះ ពួក​ខ្ញុំ​កំពុង​បរ​រទេះ។ រទេះ​ម្នាក់​មួយ​បរ​មក ស្រាប់​តែ​កន្លែង​ហ្នឹង​មាន​ទឹក ទឹក​ស្ទឹង​ហ្នឹង ហើយ​ដោះ​គោ​ឲ្យ​ផឹក​ទឹក ព្រោះ​យើង​បរ​វា​រហូត មនុស្ស​ក៏​អត់​បាយ គោ​ក៏​អត់​ស្មៅ។ ឈប់​ឲ្យ​ផឹក​ទឹក ពួក​ខ្ញុំ​ដាំ​បាយ កំពុង​ដាំ​បាយ​នឹង​គុម្ព​ឫស្សី ហើយ​គេ​ដាក់​មីន​នៅ​នឹង​គុម្ព​ឫស្សី​ហ្នឹង ដល់​រួច​ហើយ​គោ​នោះ​វា​សប្បាយ​បាន​ផឹក​ទឹក​នុះ វា​អរ វា​លោត​ទៅ​ជាន់ (មីន​ផ្ទុះ)។ មេ​វា​អត់​អី​ទេ អា​កូន​វា​លោត​ទៅ​ជាន់។ អត់​មាន​ឃើញ​សល់​ពោះវៀន​ទេ ពោះវៀន​នៅ​ចុង​ឫស្សី​ឯ​ណោះ​គោ​នោះ ហើយ​មនុស្ស​ស្លាប់​នោះ ក៏​ពោះវៀន​ចុង​ឫស្សី​ដែរ។ អត់​ឃើញ​សាច់​ទេ សាច់​ខ្ទេច​អស់​រលីង។ ពួក​ខ្ញុំ​ហ្នឹង​ខ្លះ​កំពុង​ឱន​ផឹក​ទឹក ខ្លះ​ត្រូវ​ភ្លៅ ត្រូវ​ដើម​ទ្រូង អ្នក​ខ្លះ​ស្លាប់​ភ្លាមៗ ៦ ទៅ ៧នាក់​ងាប់​ពេល​នោះ ហើយ​ខ្ញុំ​ឯ​ណេះ ត្រូវ​ចិញ្ចើម នៅ​ស្លាកស្នាម​នេះ។ ដល់​ត្រូវ​កន្លែង​ហ្នឹង​វា​ហូរ​ឈាម​មក​ពេញ​ភ្នែក​ពេញ​មុខ​អ៊ីចឹង ហើយ​ងងឹត​មុខ​ដួល​ទៅ គេ​ថា​ខ្ញុំ​ស្លាប់​ហើយ។ គេ​អត់​ដឹង​ថា​ខ្ញុំ​សន្លប់​ទេ គេ​ថា​ស្លាប់ រួច​គេ​ថា បើ​ស្លាប់​ហើយ​មិន​បាច់​យក​ទេ យក​តែ​អ្នក​ណា​អត់​ស្លាប់​ទៅ​កន្លេង​ទៅ។ ខ្ញុំ​នៅ​ម្នាក់​ឯង នៅ​ជា​មួយ​ខ្មោច​ហ្នឹង រួច​ហើយ​ខ្ញុំ​ងើប​ពី​សន្លប់ ខ្ញុំ​ដើរ​ទៅ​ខ្លួន​ឯង។ ឈឺ​ផង​ដើរ​ផង​ទម្រាំ​មក​ដល់​កន្លែង​វិញ​បួន​ប្រាំ​គីឡូ (ម៉ែត្រ) ដែរ»

លោកស្រី វឿន អ៊ីម ថ្លែង​បន្ត​ថា ក្រៅ​ពី​ការ​ស្លាប់​ដោយសារ​គ្រាប់​មីន​ផ្ទុះ​នេះ ក៏​មាន​មនុស្ស​ខ្លះ​ទៀត ស្លាប់​ដោយ​មូលហេតុ​ផ្សេងៗ ដែរ៖ «ខ្មោច​នៅ​ជុំវិញ​ខ្លួន ខ្មោច។ មនុស្ស​ងាប់​ហើម​ពេញ​អង្រឹង ឡើង​ប្រេះ​អាវ។ មិន​មាន​នរណា​សម្លាប់​ទេ ដេក​ងាប់ គឺ​វា​អត់​អី​ហូប ដាច់​បាយ​ដាច់​ទឹក។ មាន​អ្នក​ខ្លះ​កើត​កូន​ហើយ​ស្លាប់ អ្នក​ហើម មិន​ដឹង​ជា​ងាប់​តាំង​ពី​ថ្ងៃ​ណា​ទេ។ ខ្ញុំ​ស្មាន​តែ​មនុស្ស​នៅ​រស់ ឃើញ​គេ​ចង​អង្រឹង​ស្ទល​អ៊ីចឹង ខ្ញុំ​នៅ​ជិត​ហ្នឹង​ដែរ អត់​ទាន់​ធំ​ក្លិន​ទេ។ ដល់​ពេល (មាន) ចេះ​តែ​ច្រើនៗ ពេក ក៏​ទៅ​អើត​មើល (ឃើញ) ប្រេះ​ឡេវ​ប្រេះ​អាវ​អស់​ហើយ មនុស្ស​ស្លាប់​ហើយ​ហ្នឹង។ ខ្ញុំ​មិន​ដឹង​ថា​គេ​ស្លាប់​ផង​ទេ។ ដើម​ឈើ​ជិតៗ គ្នា​អ៊ីចឹង ចង​អង្រឹង​ហើយ​ដេក​ទៅ​ស្លាប់​នៅ​ហ្នឹង។ អ្នក​ខ្លះ​អង្គុយ​ស្លាប់ អ្នក​ខ្លះ​ដេក​ស្លាប់ អ្នក​ខ្លះ​រួញ​ដៃ​រួញ​ជើង​អង្កុញ​អ៊ីចឹង អ្នក​ខ្លះ​ត្រង់ (មាន) ច្រើន​ប្រភេទ​ណាស់»

ទន្ទឹម​នឹង​ការ​លំបាក​វេទនា​ពេល​រត់​គេច​ពី​ការ​វាយ​ប្រហារ​របស់​កងទ័ព​វៀតណាម ទាំង​លោក វឿន សម្បត្តិ និង​លោកស្រី វឿន អ៊ីម មាន​ប្រសាសន៍​ថា នៅ​ឯ​ព្រំដែន ពួក​គាត់​ក៏​ប្រឈម​ការ​ភ័យ​ខ្លាច​នឹង​ការ​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ខ្មែរក្រហម​ដែរ៖ «កាល​ហ្នុង​ពួក​ថៃ​មក យក​ថ្នាំ យក​សាប៊ូ យក​បាយ​អី​មក​ឲ្យ​ហូប។ គ្រាន់​តែ​ថៃ​ចេញ​បាត់ ខ្មែរក្រហម​មក​សួរ​ថា អម្បាញ់មិញ​គេ​ឲ្យ​អី​ខ្លះ? ខ្ញុំ​មាន​កន្លែង​អី​លាក់ នៅ​កណ្ដាល​វាល។ គេ​មក សាប៊ូ​ក៏​គេ​យក ខោអាវ​ក៏​គេ​យក។ អាវ​យឺត ដែល​គេ​ឲ្យ​មក សារុង ថ្នាំពេទ្យ​អី​ក៏​គេ​យក គ្មាន​បាន​លេប​មួយ​គ្រាប់​ទេ។ ស្អែក​ឡើង​គេ​មក​សួរ​ទៀត​ថា លេប​អស់ ឬ​នៅ? ស្រាប់​តែ​គេ​មក​មើល​ថ្នាំ អត់​មាន។ បើ​ខ្ញុំ​ប្រាប់​ថា​គេ​យក គេ​បាញ់​ខ្ញុំ​ចោល​ទៀត អត់​អត់​ឲ្យ​ប្រាប់​ថា​គេ​យក​ទេ»សំឡេង​លោក វឿន សម្បត្តិ បន្ទរ៖ «ដប់​គ្រួសារ​ចូល​ថៃ​មួយ​សា​ទៅ ខ្មែរក្រហម​វា​ទៅ​តាម​យក​មក​វិញ ហើយ​ថា អត់​អត់​ឲ្យ​ចូល​ទេ សុទ្ធតែ​ប្រមាថ​វាយ​ប្រឡោះ​ស្នែង​អី​នោះ។ ពួក​ខ្ញុំ​នាំ​គ្នា​យំ​រត់​បែកបាក់​គ្នា​មួយ​សា​អ៊ីចឹង​ទៅ»

ភាព​រង​ទុក្ខ​ខ្លោច​ផ្សា​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ពេល​នោះ ត្រូវ​បាន​អ្នក​ធ្លាប់​ឆ្លងកាត់​មួយ​រូប​ទៀត គឺ​លោក តោង សុខុន ថា ពេល​គ្រួសារ​លោក​រត់​កាត់​ព្រៃ លោក​ឃើញ​តែ​មនុស្ស​ស្លាប់៖ «ស្លាប់​ដោយសារ​ខ្លះ​គ្នា​ជាន់​មីន ខ្លះ​មិន​ដឹង​ស្លាប់​រឿង​អី មិន​ដឹង​ចោរ​ប្លន់ ឬ​អ្វី​ទេ ប៉ុន្តែ​ក្មេង​ចាស់​ស្លាប់ មាន​ស្លាប់​តាម​ផ្លូវ​ច្រើន ហើយ​ខ្មោច​គ្នា​ស្លាប់​នោះ គ្មាន​នរណា​ជួយ​គ្នា​កើត ព្រោះ​នៅ​តាម​ព្រៃ​អ៊ីចឹង​មិន​ដឹង​ទៅ​ណា មាន​តែ​ទុក​ចោល​តាម​ផ្លូវ​ហ្នឹង​ឯង»

លោក តោង សុខុន ថ្លែង​ថា ពណ៌នា​ថា ភាព​រង​ទុក្ខ​ខ្លោច​ផ្សា​នៅ​ពេល​នោះ វា​មាន​សភាព​ធ្ងន់ធ្ងរ​ហួស​ពី​ការ​ថ្លែង​ឲ្យ​ត្រូវ«ដូច​ជា​យើង​ចេញ​ពី​ឋាន​នរក​មក​អ៊ីចឹង។ ខ្ញុំ​និយាយ​រឿង​ហ្នឹង​ឡើង​អួល​ដើម​ក ដោយសារ​ខ្លោចផ្សា​ពេក។ មិន​ថា​ត្រូវ​រៀបរាប់​យ៉ាង​ម៉េច​ឲ្យ​ផុត​ពី​វេទនា​ហ្នឹង​ទេ​ណ៎ា»

រឿងរ៉ាវ​ទុក្ខវេទនា​របស់​ជនភៀសខ្លួន​ខ្មែរ នៅ​តាម​តំបន់​ព្រំដែន​ថៃ ក្នុង​ឆ្នាំ១៩៧៩ គឺ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ជាង​គេ​មួយ​នៅ​តំបន់​អាស៊ី ដែល​ត្រូវ​បាន​បង្ហាញ​ដល់​ពិភព​លោក តាម​រយៈ​អ្នក​កាសែត​អន្តរជាតិ ដែល​ចុះ​មក​តាម​តំបន់​ព្រំដែន​ថត​យក​រូប​ភាព​ពិតៗ នៅ​ពេល​នោះ។ ក្នុង​ចំណោម​រូបថត​ឯកសារ​រាប់​មិន​អស់ ដែល​អ្នក​កាសែត​បន្សល់​ទុក ក៏​មាន​រូបថត​របស់​លោកស្រី តោង អូន ដែល​ជា​ម្ដាយ​របស់​លោក តោង សារឿន និង​លោក តោង សុខុន​ដែរ។

រូប​របស់​លោកស្រី តោង អូន ក្នុង​សំលៀកបំពាក់​ចាស់ៗ ទទឹក​ជោក​ដោយ​ទឹក​ភ្លៀង ក្នុង​ដៃ​បី​កូន​ខ្ចី និង​មាន​ក្មេង​ពីរ​នាក់​ឈរ​ពី​មុខ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រងូតស្រងាត់​ហត់ហេវ ត្រូវ​បាន​អ្នក​កាសែត​ថត​រូប​បាន ពេល​រត់​ភៀសខ្លួន​កាត់​ព្រៃ​មក​ដល់​ព្រំដែន​ខ្មែរ​ថៃ។

ក្រោយ​មក រូប​របស់​លោកស្រី​ តោង អូន និង​កូនៗ ត្រូវ​បាន​សិល្បករ​ខ្មែរ គឺ​លោក យ៉ារី លីវ៉ាន់ ឆ្លាក់​ជា​ផ្ទាំង​ស៊ីម៉ង់​ធំ​មួយ នៅ​សាលា​ក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាជូសេត (Massachusetts) សហរដ្ឋ​អាមេរិក ដើម្បី​រំឭក​អំពី​ប្រវត្តិ​ជីវិត​តស៊ូ​ពុះពារ​របស់​ជន​ភៀស​ខ្លួន​ខ្មែរ ក្រោយ​ពេល​ដែល​បាន​រួច​ផុត​ជីវិត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​ហើយ ក៏​ត្រូវ​បន្ត​ឆ្លង​កាត់​ការ​លំបាក និង​ឧបសគ្គ​ជា​ច្រើន​ទៀត នៅ​ក្នុង​ខែ​មករា ឆ្នាំ ១៩៧៩។ រូប​ចម្លាក់​របស់​លោកស្រី តោង អូន និង​កូនៗ ដែល​បង្ហាញ​ពី​ភាព​កម្សត់ លំបាក​វេទនា ត្រូវ​បាន​ដាក់​សម្ពោធ នៅ​សាលា​ក្រុង​ឡូវ៉ែល កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ទុក​ជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​នៃ​ជន​ភៀសខ្លួន​ខ្មែរ។

លោកស្រី តោង អូន បាន​ទទួល​មរណភាព​នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ ២០១៨ ក្នុង​វ័យ ៨៦​ឆ្នាំ។

លោក យ៉ារី លីវ៉ាន់ ដែល​ឆ្លាក់​រូប​ចម្លាក់​លោកស្រី តោង អូន ថ្លែង​ថា រូប​ចម្លាក់​លោកស្រី តោង អូន នេះ គឺ​ជា​តំណាង​ឲ្យ​ជន​ភៀស​ខ្លួន​ខ្មែរ សម្រាប់​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​បាន​យល់​ដឹង​អំពី​ការ​ខំ​ប្រឹង​តស៊ូ​ជម្នះ​ភាព​លំបាក​តោក​យ៉ាក ដើម្បី​ឲ្យ​មាន​ជីវិត​រស់រាន​ដល់​សព្វថ្ងៃ​នេះ៖ «រូប​ហ្នឹង​ទី​មួយ គឺ​អ្នក​ថត គឺ​ថត​ជាក់​ស្ដែង​នូវ​ស្ថានភាព​នៅ​ពេល​ហ្នុង។ អ្នក​ថត​ហ្នឹង​ជា​ជនជាតិ​បារាំង គាត់​ឈ្មោះ រ៉ូឡង់ ណឺវើ (Roland Neveu) គាត់​ទៅ​នៅ​ក្នុង​ព្រៃ​ជាយ​ដែន​ហ្នឹង​កន្លះ​ខែ ដើម្បី​ចាំ​ថត​ទិដ្ឋភាព​ខ្មែរ​រត់​ចេញ​ពី​សម័យ​ខ្មែរក្រហម​ភ្លាមៗ ហ្នឹង គឺ​រត់​ឆ្លង​ជាយ​ដែន​ទៅ​ស្រុក​ថៃ​ហ្នឹង ហើយ​ជនជាតិ​បារាំង​ហ្នឹង​គាត់​ថត។ ដូច្នេះ រូប​ហ្នឹង​មើល​ទៅ​វា​ស្ត្រងម៉េសសេច (Strong message) គឺ​វា​បង្ហាញ​ពី​ជីវិត​ពិត​ដែល​ជន​ភៀស​ខ្លួន​រង​ទុក្ខ​ខ្លាំង​បំផុត គឺ​ស្ត្រី​ព្រាត់ប្រាស​ប្ដី​ប្រពន្ធ ដែល​ត្រូវ ប៉ុល ពត សម្លាប់ ឬ​មួយ​ក៏​ធ្វើ​ជា​ទាហាន​ស្លាប់ ឬ​មួយ​អ្វី​ហ្នឹង ខ្មែរ​យើង​ស្លាប់​ច្រើន​ជាង​គេ គឺ​ប្រុសៗ ជំនាន់​ហ្នឹង។ គឺ​មាន​តែ​ស្រី​ទេ ដែល​ភាគ​ច្រើន​គាត់​ជា​អ្នក​បីបាច់​ថែ​រក្សា​កូន ពាំនាំ​កូន ដើម្បី​ឲ្យ​កូន​ហ្នឹង​បាន​រួច​ផុត​ពី​គ្រោះ​ភ័យ។ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ហ្នឹង ទាញ​ដួង​ចិត្ត​យើង​គ្រប់​គ្នា ជា​ពិសេស គឺ​ខ្ញុំ គឺ​វា​សង្វេគ​មែន​ទែន បាន​ជា​ខ្ញុំ​ជ្រើសរើស​យក​រូប​ហ្នឹង»

លោក តោង សារឿន ជា​តួអង្គ​ម្នាក់​នៅ​ក្នុង​រូបថត និង​រូប​ចម្លាក់​ជាមួយ​លោកស្រី តោង អូន នេះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​អាច​បំភ្លេច​ទុក្ខ​លំបាក​គ្រា​នោះ​បាន​ទេ ហើយ​ក៏​មិន​ចង់​បំភ្លេច​ដែរ អំពី​ការ​ពុះពារ​របស់​ឪពុក​ម្ដាយ​លោក៖ «រូប​អ្នក​កាសែត​ថត​ហ្នឹង ម៉ែ​ខ្ញុំ​គាត់​ពរ គាត់​បី​ប្អូន​ប្រុស​ខ្ញុំ គឺ​សំណាង។ ដាក់​ឈ្មោះ សំណាង ព្រោះ​គ្នា​កើត​ផុត​ពី​របប​ខ្មែរក្រហម បាន​ជា​ដាក់​ឈ្មោះ​ថា សំណាង ហើយ​ក្មេង​ប្រុស​មួយ​ខាង​ស្ដាំ គឺ​ខ្ញុំ រូប​ដែល​អត់​ពាក់​ហ្នឹង គឺ​ខ្ញុំ។ ប្អូន​ស្រី​ខាង​ឆ្វេង​ហ្នឹង អា​ហ្នឹង​ប្អូន​ស្រី​ខ្ញុំ​ឈ្មោះ ភាព។ ខ្ញុំ​ប្រាប់​ឯង​ឲ្យ​ត្រង់​ទៅ ខ្ញុំ​ឲ្យ​តែ​ឃើញ​រូប​ថត​ហ្នឹង ខ្ញុំ​យំ​រាល់​ដង។ ពិបាក​ខ្លាំង​មែន ព្រោះ​ខ្ញុំ​ពិបាក។ រូប​ថត​ហ្នឹង​មិន​មែន​តែ​ខ្ញុំ​ទេ គឺ​រឿង​របស់​ប្រទេស​ខ្មែរ​មួយ កាល​ពិបាក ពេល​ខ្មែរក្រហម​ពេល​នោះ​ឯង។ អ៊ីចឹង​បាន​ជា​ពេល ឲ្យ​តែ​ខ្ញុំ​នឹក​ឃើញ​រូបថត​ហ្នឹង ខ្ញុំ​យំ។ ខ្ញុំ​អត់​អាច​ភ្លេច​បាន​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​អត់​ចង់​ភ្លេច​ទេ ហើយ​យ៉ាង​ម៉េចៗ ក៏​ខ្ញុំ​និយាយ​ប្រាប់​កូន​ខ្ញុំ​ដែរ។ កូន​ខ្ញុំ​គ្នា​ត្រូវ​ដឹង។ អ៊ីចឹង​បាន​ជា​រូបថត​ហ្នឹង ទុក​នៅ​នឹង​ផ្ទះ​ខ្ញុំ ពេល​កូន​ខ្ញុំ​ធំ​បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​ទាំង​អស់។ ប៉ុន្តែ​អា​រឿង​ហ្នឹង​ ខ្ញុំ​អត់​អាច​ភ្លេច​បាន ខ្ញុំ​អត់​ចង់​ភ្លេច​ទេ ព្រោះ​ដូច​ជា​សាច់​ខ្ញុំ ឈាម​ខ្ញុំ​ដែរ»

ក្រៅ​ពី​រូបថត និង​រូប​ចម្លាក់​របស់​លោកស្រី តោង អូន ក៏​នៅ​មាន​រូបថត និង​វីឌីអូ​ឯកសារ​ជា​ច្រើន​ទៀត ដែល​អ្នក​កាសែត​បាន​បន្សល់​ទុក​ដល់​សព្វថ្ងៃ សុទ្ធតែ​បាន​បង្ហាញ​អំពី​រឿងរ៉ាវ​ទុក្ខ​លំបាក​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​រត់​ភៀសខ្លួន​ចេញ​ពី​ការ​ត្រួតត្រា​របស់​វៀតណាម ទៅ​កាន់​តំបន់​ព្រំដែន។ ខែ​មករា ឆ្នាំ២០១៩ នេះ គឺ​ជា​ខួប​លើក ៤០ នៃ​ការ​រំឭក​ឡើង​វិញ​អំពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​រត់​ភៀស​ខ្លួន​ទៅ​ព្រំដែន​ខ្មែរ​ថៃ បន្ទាប់​ពី​កងទ័ព​វៀតណាម​វាយ​បណ្ដេញ​ខ្មែរក្រហម​ចេញ​ពី​អំណាច នៅ​ដើម​ខែ​មករា ឆ្នាំ១៩៧៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។