ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ជំរុញ​សាលាក្ដី​ខ្មែរ​ក្រហម​​ឱ្យ​បញ្ចប់​ការងារ​ឱ្យ​ទាន់​ពេលវេលា

ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ឬ​ក្រុម​ប្រទេស​មិត្ត​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​សាលាក្ដី​ខ្មែរក្រហម ជំរុញ​ឱ្យ​សាលាក្ដី​កូនកាត់​មួយ​នេះ បញ្ចប់​ការងារ​ឱ្យ​ទាន់​ពេល​វេលា និង​គួរ​ងាក​ទៅ​ចាប់​ផ្ដើម​ការងារ​ថ្មី​ក្រោយ​បញ្ចប់​នីតិវិធី​តាម​ផ្លូវ​តុលាការ។

ក្នុង​សេចក្ដី​ប្រកាស​រួម​ចេញ​នៅ​ថ្ងៃទី៣ ខែមីនា ក្រុម​មិត្ត​នៃ អ.វ.ត.ក បញ្ជាក់​ថា​ សាលាក្ដី​ខ្មែរក្រហម​ គួរ​តែ​បែរ​មុខព្រួញ​ការងារ​ ​ទៅ​លើ​អាណត្តិ​ការងារ​សេសសល់​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​ការ​បញ្ចប់​នីតិវិធី​តាម​ផ្លូវ​តុលាការ​ភ្លាម។

ក្រុម​មិត្ត​សាលាក្ដី​ខ្មែរក្រហម បញ្ជាក់​ថា គេ​បាន​ដឹង​ថា សំណុំរឿង​ចុងក្រោយ​របស់​តុលាការ​កូន​កាត់ គ្រោង​នឹង​បញ្ចប់ នៅ​ចុង​ឆ្នាំ​នេះ ដោយ​បញ្ចប់​បណ្ដឹង​សាទុក្ខ​នៅ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លើ​សំណុំរឿង ០០២ វគ្គ​២ (០០២/០២) ស្ដីពី ខៀវ សំផន ហើយ​មាន​រយៈ​ពេល ៣ឆ្នាំ​មក​ហើយ ដែល​បណ្ដឹង​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​តុលាការ​កំពូល។ ប្រភព​ដដែល​គូស​បញ្ជាក់​ថា សំខាន់​ណាស់​ ដែល​តុលាការ​នេះ​​គួរ​ផ្ដល់​យុត្តិធម៌​ក្នុង​រយៈ​ពេល​សមស្រប​មួយ ហើយ​បើ​យោង​តាម​ធនធាន​ហិរញ្ញវត្ថុ​មាន​កំណត់ ការ​គោរព​ពេលវេលា​បញ្ចប់​ការងារ​ក៏​ជា​រឿង​សំខាន់​ដែរ។

ក្រុម​ប្រទេស​ទាំងនោះ​បញ្ជាក់​ទៀត​ថា ចំណុច​ទាំង​នេះ​មាន​សារសំខាន់​សម្រាប់​ការ​ត្រៀម​បម្រុង​ថវិកា​ចាំបាច់​ឱ្យ​ទាន់​ពេល​វេលា។

ការ​ជំរុញ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ រវាង​ប្រទេស​ក្រុម​មិត្ត​សាលាក្ដី​ខ្មែរ​ក្រហម ជាមួយ​តំណាង​ការិយាល័យរដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម ទាំង​ភាគី​ជាតិ និង​អន្តរជាតិ រួម​ទាំង​តំណាង​រដ្ឋាភិបាល​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា បាន​នៅ​ឡើយ​ទេ​នៅ​យប់​ថ្ងៃ​ទី៣ ខែ​មីនា។

ក្រុម​មិត្ត​សាលាក្ដី​ខ្មែរ​ក្រហម បញ្ជាក់​ថា កិច្ចការ​សេសសល់​អាច​រាប់​បញ្ចូល​នូវ​ការពិនិត្យ​សេចក្ដី​សម្រេច​ឡើងវិញ ការ​ការពារ​ជន​រង​គ្រោះ និង​សាក្សី ការ​អនុវត្ត​ទោស ការគ្រប់គ្រង​ឯកសារ ការ​ថែរក្សា និង​ប្រើប្រាស់​ប័ណ្ណសារ បញ្ហា​ពាក់ព័ន្ធ​នឹង​កេរដំណែល និង​ការ​ការពារ​ការ​ចងចាំ​អំពី​អំពើ​កាប់សម្លាប់​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហម។

មន្ត្រី​នៅ​សាលា​ក្ដី​ឱ្យ​ដឹង​ថា មកដល់​ឆ្នាំ២០២១ សាលាក្ដី​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​គឺ​ចំនួន​ជាង ៣រយលាន​ដុល្លារ (៣៣០,៤0លាន)។ ដោយ​ផ្អែកលើ​តម្រូវការ​ដែល​បាន​រំពឹង​ទុក សាលាក្តី​ខ្មែរ​ក្រហម កំពុង​ស្នើសុំ​ការ​អនុម័ត​ថវិកា ដែល​បាន​ស្នើ​ឡើង​ចំនួន​ ជាង ១៦លានដុល្លារ (១៦,១៨) សម្រាប់​ឆ្នាំ​ ២០២២ ដែល​មាន​ចំនួន​តិច​ជាង​ឆ្នាំ​ចាស់​ជាង ៩% (៩,១៧%)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។