នៅថ្ងៃទី៤ ដែលជាថ្ងៃចុងក្រោយនៃសវនការលើបណ្ដឹងសារទុក្ខរបស់អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម គឺលោក ខៀវ សំផន តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានផ្ដល់ឱកាសចុងក្រោយលោក ខៀវ សំផន ដើម្បីថ្លែងដល់អង្គសវនាការ។
ដូចពេលមុនៗដែរ ជនជាប់ចោទ ខៀវ សំផន បានថ្លែងបដិសេធចោលបទឧក្រិដ្ឋទាំងឡាយ រួមទាំងឧក្រិដ្ឋកម្មប្រល័យពូសាសន៍ផង។ លោកថា លោកមិនបានប្រព្រឹត្តឩក្រិដ្ឋកម្មទៅលើពលរដ្ឋខ្លួនឯង ដូចការចោទប្រកាន់របស់សហព្រះរាជអាជ្ញានោះទេ។ លោកបញ្ជាក់ថា ជម្លោះជាមួយវៀតណាម គឺជាការប្រឹងប្រែងរបស់ខ្មែរក្រហមដើម្បីការពារបូរណភាពទឹកដីខ្មែរពីការឈ្លានពានរបស់វៀតណាម៖ «នៅពេលវៀតណាមឈ្លានពានកម្ពុជាពេលនោះពេលសង្គ្រោមចង់ឱ្យមានកិច្ចការពារប្រទេសប្រឆាំងនឹងកងទ័ពឈ្លានពានប៉ុណ្ណឹង តែមិនមែនឱ្យទៅវាយប្រហារប្រជាជនស៊ីវិលនោះទេ ហើយតាមរយៈសារព័ត៌មានខ្ញុំឃើញថា បញ្ហាអធិបតេយ្យ បញ្ហាឯករាជ្យ បញ្ហាព្រំដែននេះ នៅចោទរហូតមកដល់សព្វថ្ងៃនេះ នេះហើយដែលខ្ញុំត្រូវស្រែកឱ្យខ្លាំងៗថា ខ្ញុំមិនអាចទទួលបានទេ ព្រោះអីខ្ញុំព្រួយបារម្ភខ្លាំងណាស់ចំពោះអនាគត់នៃប្រទេសខ្ញុំ»។
សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមអ្នកស្រី ជា លាង ឡើងការពារការចោទប្រកាន់របស់សហព្រះរាជអាជ្ញាថា ដំណើរការជំនុំជម្រះសំណុំរឿង០០២វគ្គ២កន្លងទៅ បានប្រព្រឹត្តទៅដើម្បីលុបបំបាត់អំពើនិទណ្ឌភាព និងស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះបានយ៉ាងត្រឹមត្រូវ។ អ្នកស្រីសង្ឃឹមថា តុលាការកំពូលនឹងប្រកាសសេចក្ដីសម្រេចលើសំណុំរឿងនេះនៅឆ្នាំក្រោយ ក្នុងរយៈពេលប្រមាណ ៦ខែ ពីឥឡូវនេះ៖ «និយាយជារួមគោលការណ៍ធំៗ នៃគោលបំណងដែលបង្កើតសាលាក្តីនេះត្រូវបានបញ្ចប់យ៉ាងល្អ និងខ្ញុំគិតថា ជោគជ័យនៅក្នុងរឿងក្តី នោះមានន័យថា អ្វីដែលសេសសល់ យើងនឹងពិភាក្សាការងាររវាងការិយាល័យសហព្រះរាជអាជ្ញាក៏ដូចជាការិយាល័យផ្សេងៗទៀតដែលពាក់ព័ន្ធ ហើយយើងនឹងរៀបចំនូវឯកសារសម្រាប់យុវជនជំនាន់ក្រោយ»។
សហមេធាវីការពារក្ដីឱ្យលោក ខៀវ សំផន លើកឡើងថា សាលក្រមផ្តន្ទាទោសកូនក្ដីរបស់កន្លងទៅមិនត្រឹមត្រូវតាមច្បាប់ឡើយ។ ម្យ៉ាងទៀត សាលាក្រមនោះបានចេញយឺតក្រោយពីអង្គជំនុំជម្រះសាលាដំបូងប្រកាសរហូតដល់ទៅ៦ខែ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិរបស់លោក ខៀវ សំផន ក្នុងការដាក់ប្ដឹងឧទ្ធរណ៍។
សហមេធាវីលោក ខៀវ សំផន គឺលោក គង់ សំអ៊ុន ថ្លែងថា លោកព្រួយបារម្ភចំពោះតុលាការ ដែលលោកចោទថា តុលាការកាត់ក្តីគ្រាន់តែចង់បាននិមិត្តរូបប៉ុណ្ណោះ។ លោកចង់ឱ្យតុលាការពិនិត្យមើលអង្គហេតុ និងច្បាប់ដែលជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវលក្ខណៈបុគ្គល ដោយសារតុលាការបានយករបបមួយឱ្យកូនក្តីរបស់លោកទទួលខុសត្រូវ។ លោកថា ប្រការនេះ គឺផ្ទុយពីគោលការណ៍ទទួលខុសត្រូវរបស់បុគ្គលនៅក្នុងរឿងព្រហ្មទណ្ឌ។ លោកថា តម្លៃនៃបណ្តឹងសារទុក្ខគឺចង់សម្អាតនិងបកស្រាយអំពីការយល់ច្រឡំ រួមទាំងលាតត្រដាងការទទួលខុសត្រូវ៖ «រ យៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសហព្រះរាជអាជ្ញាបានលើកនូវអង្គហេតុខុសមួយចំនួនដែលការដាក់បន្ទុកឱ្យលោក ខៀវ សំផន ហ្នឹងទទួលខុសត្រូវ នូវអ្វីដែលគាត់មិនបានធ្វើ មិនបានដឹងឬក៏មិនបានចូលនៅក្នុងការបង្កើតនយោបាយតាមការចោទប្រកាន់ »។
សវនាការលើបណ្តឹងសាទុក្ខរយៈពេលបួនថ្ងៃ គឺពីថ្ងៃទី១៦ ដល់់១៩ សីហានេះ ធ្វើឡើងបន្ទាប់ពីសហមេធាវីការពារក្ដីឲ្យអតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន បានស្នើសុំឱ្យអង្គជំនុំជម្រះតុលាការមោឃភាពសាលក្រមសាលាដំបូង ដែលប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨ សម្រេចផ្តន្ទាទោសលោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបខ្មែរក្រហម ដាក់ពន្ធនាគារអស់មួយជីវិត។
ចំណែកមេធាវីជាតិដើមបណ្ដឹងរដ្ឋប្បវេណីវិញបានស្នើឱ្យតុលការបដិសេធសេចក្ដីស្នើរបស់លោកខៀវ សំផន ហើយតម្តល់ពិរុទ្ធភាព និងតម្តល់ការផ្ដន្ទាទោសអស់មួយជីវិតនោះ។
មេធាវីជាតិដើមបណ្ដឹងរដ្ឋប្បវេណីលោក ពេជ្រ អង្គ សង្កេតឃើញថា សវនាការបញ្ចប់លើបណ្តឹងសាទុក្ខនេះមានរយៈពេលខ្លី ប៉ុន្តែគោរពសិទ្ធិគ្នា ហើយលោករំពឹងថាសាដីកាខាងមុខនេះនឹងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ និងជនជាប់ចោទ៖ «យើងចង់ឱ្យមានការទទួលស្គាល់ព័ត៌មានដើមបណ្តឹងរដ្ឋប្បវេណី ហើយដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានហើយគេបាននិយាយបានឮបានស្តាប់ហើយកូនចៅបានដឹងជាក់ស្តែង ហើយពេលគាត់និយាយខ្លួនគាត់ផ្ទាល់ជាពិសេសគាត់មកតុលាការនេះ ធ្វើឱ្យព័ត៌មានរបស់គាត់ត្រូវបានគេស្តាប់ ហើយគេយកចិត្តទុកដាក់ នេះហើយជាចំណុចមួយដែលធ្វើឱ្យសង្គមទទួលស្គាល់ដឹងថា មនុស្សដែលរងគ្រោះជាក់ស្តែងគាត់បានមកនិយាយ ដូច្នេះគេជឿនៅក្នុងសម័យនោះមានអំពើឧក្រិដ្ឋកម្មដែលធ្វើឱ្យជនរងគ្រោះមានការឈឺចាប់ខ្លាំងដល់ថ្នាក់នេះពិតប្រាកដមែន »»។
សាលាក្តីខ្មែរក្រហមសម្រេចផ្ដន្ទាទោស ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យលោក ខៀវ សំផន និងអនុលេខាបក្សកុម្មុយនិស្តកម្ពុជាលោក នួន ជា ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ២ កាលពីឆ្នាំ២០១៦។ ប៉ុន្តែលោក ខៀវ សំផន មិនទទួលយកការសម្រេចរបស់សាលដំបូងទេ។ សំណុំរឿង០០២វគ្គ២នេះ តុលាការខ្មែរក្រហមបានចោទប្រកាន់លោក ខៀវ សំផន ពីបទបំពានច្បាប់ព្រហ្មទណ្ឌអន្តរជាតិ រួមមាន អំពើអមនុស្សធម៌ប្រឆាំងមនុស្សជាតិ អំពើប្រល័យពួជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាម និងបទឧក្រិដ្ឋកម្មសង្រ្គាមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។