តំណាងប្រជាពលរដ្ឋជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងខេត្តជាង ១០ នៅកម្ពុជា មកជួបជុំគ្នាដើម្បីស្វែងយល់ពីការវិវត្តន៍ថ្មីៗនៃសាលាក្ដីខ្មែរក្រហម នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) នៅខេត្តកំពង់ចាម។
សិក្ខាសាលានោះមានគោលដៅបង្កើនការយល់ដឹងដល់តំណាងដើមបណ្ដឹងទាំងឡាយឱ្យយល់កាន់តែស៊ីជម្រៅអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហម និងដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ។
មនុស្សប្រមាណជាង ១០០នាក់ ជាដើមបណ្ដឹងរដ្ឋប្បវេណីបានជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយរៀបចំដោយសមាគមអាដហុក នៅខេត្តកំពង់ចាម ដើម្បីពិភាក្សាគ្នា និងស្វែងយល់ពីកិច្ចដំណើរការបន្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្ដីខ្មែរក្រហម និងស្វែងយល់ពីសំណងដែលសាលាក្ដីអាចផ្ដល់ឲ្យជនរងគ្រោះដោយសាររបបខ្មែរក្រហម។
ប្រធានផ្នែកដីធ្លី និងសាលាក្ដីខ្មែរក្រហមនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ឡាត់ គី មានប្រសាសន៍ថា វាជារឿងដែលសំខាន់ក្នុងការជំរុញប្រជាពលរដ្ឋជាដើមបណ្ដឹងឱ្យមានទំនុកចិត្តលើសាលាក្ដីមួយនេះតទៅទៀតនោះ លុះណាតែពួកគាត់បានដឹងពីដំណើរការរបស់វាច្បាស់លាស់ ដូចជាការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីដំណើរការកាត់ក្តីរបស់ជនជាប់ចោទដែលកំពុងមានវត្តមាន នីតិវិធីចំពោះការដាក់ទោសទណ្ឌ និងសំណងដែលពួកគាត់អាចទទួលបានជាដើម។ក្រៅពីទទួលបានចំណេះដឹងថ្មីៗ វារឹតតែធ្វើឱ្យដើមបណ្តឹងទាំងនោះ មានចិត្តចង់តាមដានពីដំណើរការក្តីរឿងមេដឹកនាំខ្មែរក្រហមបន្តទៀត។
លោក ឡាត់ គី៖ «ពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់សម្រាប់ពួកគាត់ទាំងអស់គ្នាបានទទួលព័ត៌មានទាំងអស់ហ្នឹង ហើយប្រសិនណាបើពួកគាត់មិនបានទទួលព័ត៌មានទាំងអស់ហ្នឹង យើងឃើញថា ប្រតិកម្មអ្វីខ្លះអាចនឹងកើតឡើង?ទីមួយអាចនឹងធ្វើឱ្យពួកគាត់ខកចិត្តលែងចង់តាមដានអំពីការវិវត្តន៍របស់សាលាក្ដី ជាពិសេសក្រោយពេលដែលបានស្ដាប់ឮអំពីការផ្សព្វផ្សាយអំពីដំណើរការរអាក់រអួលនៃសាលាក្ដីតែងតែកើតឡើងជាហូរហែអ៊ីចឹងទៅ ធ្វើឱ្យពួកគាត់កាន់តែអស់សង្ឃឹមទៅៗ។ ដូច្នេះពួកគាត់ហ្នឹងវាមិនអាចក្លាយជាគំរូនៃជនរងគ្រោះក្នុងដំណើរការនៃសាលាក្ដីបានទេ»។
ជាងនេះទៅទៀត វាក៏បានរួមចំណែកឱ្យសាលាក្តីខ្មែរក្រហមអាចដំណើរការងារដល់ទីបញ្ចប់បាន ដោយសារតែមានការចូលរួម និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាដើមបណ្ដឹង ហើយវានឹងបញ្ចប់ប្រកបដោយអត្ថន័យនិងខ្លឹមសារ ទើបអាចប្រាកដថា ពួកគាត់ទាំងនោះស្ងប់ចិត្ត។
តំណាងដើមបណ្ដឹងម្នាក់មកពីខេត្តសៀមរាប លោក ឈន គឹមឃន ឱ្យដឹងថា គោលបំណងសំខាន់ដែលគាត់ចូលរួមគឺដើម្បីស្វែងយល់ពីបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងដំណើរការរបស់សាលាក្តីខ្មែរក្រហម។
លោកបន្តថា ក្រៅពីដំណើរការនីតិវិធីក្តីហើយ លោកនិងកូនបណ្ដឹងរបស់លោកជិត ១០០នាក់ក៏ចង់ទាមទារសំណងបុគ្គលដល់ពួកគាត់ពីសំណាក់តុលាការកូនកាត់មួយនេះ៖ «ធ្វើឱ្យខ្ញុំបានភ្លឺច្រើន ព្រោះយើងមានមេធាវីនាំចុះជាប់អ៊ីចេះយើងបានសួរនាំគាត់ ពិសេសសំខាន់បំផុតពួកខ្ញុំទាមទារឱ្យមានសំណងបុគ្គលដើម្បីឱ្យមេធាវីគាត់ជួយឡើងទៅសាលាក្ដីខ្មែរក្រហមនោះ ដើម្បីមេធាវីនាំមុខយើង។ មូលហេតុម៉េចបានជាសាលាក្ដីខ្មែរក្រហមគេមិនឱ្យសុំជាសំណងបុគ្គលយើងក៏សុំឱ្យមេធាវីយើងជួយនិយាយឡើងវិញ។ តាមការពិតយើងមានសិទ្ធិសុំយើងជាដើមបណ្ដឹងយើងមានសិទ្ធិសុំជាសំណងសមូហភាពក៏សុំ យុត្តិធម៌ក៏ចង់បាន សំណងបុគ្គលក៏យើងចង់បាន»។
លោកបន្ថែមទៀតថា រាល់ចំណេះដឹងដែលលោកទទួលបាននឹងយកទៅធ្វើការផ្សព្វផ្សាយបន្តដល់ម្ចាស់បណ្តឹងទាំងអស់របស់លោកនៅខេត្តសៀមរាប ដើម្បីងាយស្រួលក្នុងការរៀបចំផែនការបន្ត និងដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។
ចំណែកឯតំណាងដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ទៀតមកពីខេត្តកំពង់ធំ អ្នកស្រី គឹម ចាន់បូរ៉េត មានប្រសាសន៍ដែរថា អ្វីដែលអ្នកស្រីនិងម្ចាស់បណ្ដឹងចង់បាននោះ គឺយុត្តិធម៌សម្រាប់ពួកគាត់តែម្តង ពីព្រោះជាង ៣០ឆ្នាំមកនេះ ពួកគាត់ហាក់មិនបានស្ងប់ចិត្តនោះឡើយ។
អ្នកស្រីយល់ថា ដំណើរការរបស់សាលាក្ដីខ្មែរក្រហមគឺមានភាពយឺតយ៉ាវ ដែលធ្វើឱ្យជនជាប់ចោទ និងជនរងគ្រោះមួយចំនួនមិនបានឃើញពន្លឺយុត្តិធម៌របស់ពួកគាត់នោះទេ៖ «មានភាពយឺតយ៉ាវ គឺបង្អង់ពេលវេលាយូរណាស់ ហើយមួយទៀតជនជាប់ចោទខ្លះមិនទាន់បានជម្រះ កាត់ទោសផង គាត់ត្រូវបានស្លាប់។ រីឯដើមបណ្ដឹងខ្ញុំនេះស្លាប់ក្នុងមួយខេត្តបីនាក់ អ៊ីចឹងសរុបទៅច្រើន។ មួយទៀតភាពចាស់ជរារបស់ពួកគាត់មិនបានចូលរួមទទួលព័ត៌មានអីច្រើនដែរ។ អ៊ីចឹងឃើញថា មានការលំបាក។ ជាសំណូមពរសុំឱ្យធ្វើម៉េចពន្លឿនការកាត់ទោសក្នុងសំណុំរឿង ០២/០១ នេះឱ្យបានឆាប់រហ័សបន្តិច»។
អ្នកស្រីក៏បានលើកឡើងពីសំណងជាលក្ខណៈបុគ្គល គឺចង់ឱ្យមានការប៉ះប៉ូវជាថវិកាសម្រាប់ពួកគាត់យកទៅធ្វើបុណ្យធ្វើទាន ដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងសម័យខ្មែរក្រហម និងសំណងសមូហភាពដែលមានជាការធ្វើស្តូបគោរពវិញ្ញាខណ្ឌ ឬបង្កើតទិវាថ្ងៃចងចាំ និងមានការបញ្ចូលមេរៀនមួយនេះទៅក្នុងកម្មវិធីសិក្សារបស់សិស្សជាដើម។
ទាក់ទងនឹងសំណងនេះដែរ លោក ឡាត់ គី បញ្ជាក់ថា នៅក្នុងនីតិវិធីនៃសាលាក្ដីខ្មែរក្រហមប្រភេទសំណងគឺមានតែពីរប៉ុណ្ណោះ គឺសំណងផ្លូវចិត្ត និងសំណងសមូហភាព ឬសំណងបុគ្គលវិញ គឺវាស្ថិតនៅក្រៅបេសកកម្មនិងវិសាលភាពរបស់សាលាក្តីខ្មែរក្រហម។
យ៉ាងណាក៏ដោយ អ្វីដែលជាការចង់បានរបស់ដើមបណ្តឹងចំពោះរឿងសំណងបុគ្គលនោះ គឺនឹងមានការស្នើសុំទៅតុលាការតាមរយៈមេធាវីរបស់ពួកគាត់ ដើម្បីឱ្យស្របតាមសំណូមពរនោះ។ លោកបន្ថែមទៀតថា សកម្មភាពបន្តទៀត សមាគមអាដហុក នឹងជំរុញឱ្យពួកគាត់ជាដើមបណ្ដឹងទាំងនោះឲ្យជួយផ្សព្វផ្សាយបន្តនូវចំណេះដឹង បទពិសោធន៍ល្អៗ ក្នុងនាមជាដើមបណ្ដឹងទៅដល់ជនរងគ្រោះទាំងឡាយនៅតាមសហគមន៍របស់ខ្លួន។ លើសពីនេះទៀត សាលាក្ដីខ្មែរក្រហមនឹងក្លាយជាគំរូនៃប្រព័ន្ធតុលាការនៅកម្ពុជា ទៀតផង គឺតាមរយៈការចូលរួមរបស់ដើមបណ្ដឹងទាំងនោះ ដើម្បីទាមទាររកយុត្តិធម៌របស់ពួកគាត់នៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។