អ្នកច្បាប់​​ថា​ ​សេចក្តីសម្រេច​​របស់​​សាលាក្ដីខ្មែរក្រហម​​​ធ្វើឲ្យ​​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហ​ម​លោក មាស មុត ​រួចខ្លួន​​ពីការ​កាត់​ទោស​​

0:00 / 0:00

មេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមមួយរួប ឲ្យដឹង​ថា សេចក្តីសម្រេច​ខ្វែងយោបល់​គ្នា​នៅ​សាលាក្ដីខ្មែរ​ក្រហម​​រវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ ​និងអន្តរជាតិ ​បាន​ប្រយោជន៍ដ​ល់​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត​​ ក្នុងសំណុំរឿង​ ០០៣។​ ការលើកឡើង​នេះ​ ក្រោយដែល​អង្គបុរេជំនុំ​ជម្រះ​នៃ​​សាលាក្ដីខ្មែរក្រហម​ប្រកាស​ថា​ អង្គបុរេ​បាន​សម្រេចបិទ​ផ្លូវតវ៉ា​​ដោយមិន​បញ្ជូន​សំណុំរឿង​លោក មាស មុត​ ទៅជំនុំជម្រះ​ទេ​ ដោយ​អនុលោមតាម​វិធាន​ផ្ទៃក្នុង​របស់​តុលាការ​ខ្មែ​រ​ក្រហម។

អង្គបុរេជំនុំជម្រះ​​នៃ​​សាលាក្ដីខ្មែ​រ​ក្រហម​បញ្ជាក់ថា​ ការចេញ​ដីកា​ដំណោះស្រាយ​នៅថ្ងៃតែមួយ​ ដោយ​មាន​អំណះអំណាង​ខុសៗគ្នា​ រវាង​សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​លើករណីថា​ តើត្រូវ​បញ្ជូនសំណុំរឿង​លោក​ មាស​ មុត​ ទៅជំនុំ​ជម្រះក្តី ឬអត់ ​គឺជា​ទង្វើខុសច្បាប់​ រំលោភបំ​ពាន​ទៅលើក្រប​ខណ្ឌគតិយុត្តិ​របស់​តុលាការ​ខ្មែរក្រហម។

អាស្រ័យហេតុនេះ ​អង្គបុរេជំនុំជម្រះ​បាន​សម្រេច​ថា​ មិនបើក​សវនាការ​ជំនុំជម្រះក្តីសំណុំរឿង​លោក​ មាស មុត ទេ​ និង​សម្រេចបិទ​ផ្លូវតវ៉ា ​ពីខាង​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​ដែល​ជំរុញ​ឲ្យមាន​ការ​ជំនុំជម្រះក្តី។​

អាស៊ីសេរី ​មិន​អាច​សុំការ​ឆ្លើយបំភ្លឺ​ពីមេធាវី​ការពារក្តីឲ្យ​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក​ មាស មុត​ ​គឺ​​លោក អាង ឧត្ដម​ និង​ពី​អ្នកនាំពាក្យ​សាលាក្តីខ្មែ​រ​ក្រហម​លោក​ នេត្រ ភក្ត្រា​ បានទេ ​កាលពីថ្ងៃទី៧ ​ខែមេសា។

ក៏ប៉ុន្តែ​សហមេធាវីការពារក្ដី​ឲ្យ​លោក​ ខៀវ សំផន​ គឺលោក​ គង់ សំអុន ព​ន្យល់ថា​ សេចក្តីសម្រេ​ច​របស់​អង្គបុរេជំនុំជម្រះ​ដែល​មិន​អាច​រកសំឡេង​ភាគ​ច្រើន​លើស​​លុប​ ៤ សំឡេង​ ក្នុង​ចំណោម​ ៧ សំឡេង​ ដើម្បី​បញ្ជូនសំណុំរឿង​លោក មាស មុត​ ទៅជំនុំជម្រះនោះ គឺ​មានន័យ​ថា​ អ្វីៗនៅ​ដូចដើម​ ដូច​មិន​ទាន់​មាន​ការ​ស៊ើបអង្កេ​តក​រណី​លោក​ មាស មុត ដែរ​។​ លោកមេធាវី គង់ សំអុន​ បន្ថែមថា​ រឿងលោក​ មាស មុតនេះ​ គឺចប់ត្រឹមហ្នឹង​ហើយ​ ព្រោះ​អង្គបុរេ ​បាន​សម្រេច​បិទ​ផ្លូវ​តវ៉ាហើយ​ ហើយ​អតីត​កម្មាភិបាលខ្មែរ​ក្រហមរូបនេះនឹង​រួចខ្លួន​ពីការ​កាត់ទោស​៖​ «​នៅពេលដែល​មានទំនាស់ក្នុង​ការធ្វើ​សេចក្តីសម្រេច​ គឺត្រូវ​តែទៅ​អង្គបុរេ ​ហើយ​អង្គបុរេហ្នឹង​​រកសំឡេង​​អត់បាន មា​​ន​ន័យថា​​ វាត្រឡប់ទៅខាង​​ដើមវិញ​ ត្រឡប់ទៅដូច​ពីមុនមកយ៉ាងម៉េច ​វានៅបែបនោះ​ដដែល។ ​នៅពេលដែល​នីតិវិធី​មួយ​ត្រូវចាប់​ផ្តើម​ធ្វើអ្វី​ ត្រូវតែ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​​ឲ្យ​សាលាដំបូង​ចាត់​នីតិវិធី​ដំណើរ​ការ​។ ដល់ពេល​វាអត់មាន ​សំឡេងហ្នឹង​​បានន័យថា ​វាត្រឡប់ទៅដើម​វិញ​​ដដែល​។​ ដូច្នេះអ្វីដែល​​ជាប្រយោជន៍​គឺ​បានត្រឹម​តែជាឯកសារ​។ ​តម្កល់ក្នុងបណ្ណាសារ​​ បានន័យថា ​​គ្រាន់តែ​ជាឯ​កសារ​ជា​ប្រវត្តិសាស្រ្តប៉ុណ្ណោះ»។​

ទោះជាយ៉ាងនេះក្តី អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម ឲ្យដឹងផងដែរ​ថា ​សហចៅក្រម​ជាតិ​ទាំង​បួនរូបសម្រេច​ថា ​ដីកាលើកលែង​ចោទ​ប្រកាន់ ​និង​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​របស់​សហចៅក្រមស៊ើប​អង្កេតអន្តរជាតិ​​ គឺមាន​តម្លៃស្មើគ្នា ដូច្នេះ​ត្រូវ​តម្កល់ដីកាដំ​ណោះស្រាយ​ទាំង​ពីរ​ ក្នុង​បណ្ណាសារ​ របស់​សាលាក្តីខ្មែរ​ក្រហម។

កាលពី​ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៨ ​សហចៅក្រមស៊ើប​អង្កេតអន្តរជាតិ ​បានសម្រេច​បញ្ជូន​សំណុំរឿង ​អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ​ទៅ​​ជំនុំ​ជម្រះ​ ដោយលើក​ជា​សម្អាង​​ថា​ ​មាន​​ភ័ស្តុតាង​​គ្រប់គ្រាន់​​បញ្ជាក់​​ថា​ លោក មាស មុត ​ស្ថិត​​ក្នុង​​ចំណោម​ជន​​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែនៅថ្ងៃដដែលនេះ សហចៅក្រមស៊ើបអង្កេតជាតិវិញ ក៏បានចេញដីកាសម្រេច លើកលែងការចោទប្រកាន់ ដោយសំអាងហេតុផលថា មាស មុត មិនមែន​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ​ ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

សហចៅក្រមអន្តរជាតិអះអាងថា ដីការបស់សហចៅក្រមជាតិ​ ដែល​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក មាស មុត គឺចេញ​មិន​ត្រឹមត្រូ​វ​ និង​មិនពេ​ញ​លេញ។​ ហេតុដូច្នេះ​ អង្គជំនុំ​ជម្រះសាលា​ដំបូង ​ត្រូ​វទ​ទួលយក​សំណុំរឿងនេះ ទៅចាត់​ការ​បន្ត។

​នាយករង​ទទួលបន្ទុ​ក​ផ្នែកសិទ្ធិ​មនុស្សនៃអង្គការ​លីកាដូលោក​ អំ សំអាត ​មាន​ប្រសាសន៍ថា ​លោកនិងពលរដ្ឋ​មួយចំនួន​សោកស្តាយ ​និង​ជំរុញ​ឲ្យតុលាការកូនកាត់​មួយនេះ​ ស្វះស្វែងរក​យុត្តិធម៌ជូន​​ដល់ជនរង​គ្រោះ ​ក្នុងរបប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​៖​ «​ បើសិន​ជាករណីលោ​កមាស​​មុត​មិន​ត្រូវ​បានកាត់ទោស​ តើអ្នក​ណា​ខ្លះ​ទៀត ​ដែលជាអ្ន​កទទួលខុស​ត្រូវ​ជាន់ខ្ព​​ស់ ក្នុ​ងរបបខ្មែរក្រហម ដែល​ត្រូវកាត់​ទោស​បន្ត​ទៅទៀត​។ ទោះ​បីជារឿងរបបខ្មែរក្រហម កន្លងផុតទៅហើយ ប៉ុន្តែសាលាក្តីខ្មែរក្រហមនេះគឺជាសាលាក្តីគំរូហើយដែលត្រូវបង្ហាញមុខ អ្នកដឹកនាំផ្តាច់ការ ប្រល័យពូជសាសន៍សម្លាប់ប្រជាពលរដ្ឋខ្លួនឯង»។

លោក មាស មុត ​អាយុ ៨៣ ឆ្នាំ ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្ត​កំពត បច្ចុប្បន្នរស់នៅ​ក្នុងខេត្ត​បាត់ដំបង។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ធ្លាប់​ជា​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដោយ​មាន​តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​ជា​លេខា​ស្វយ័ត​នៅ​កំពង់សោម​ផង។

រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហម បានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន ៣ រូបហើយ គឺកាំងហ្គេចអ៊ាវ ហៅឌុច នួនជា និងខៀវសំផន ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត។ ប៉ុន្តែ ឌុច និងនួន ជា បានទទួលមរណភាពហើយ នៅសល់តែខៀវ សំផន ម្នាក់ប៉ុណ្ណោះ កំពុងជាប់ឃុំ នៅសាលាក្តីខ្មែរក្រហម៕