ការវិវឌ្ឍន៍​នៃ​សំណុំរឿង​ក្ដី​ខ្មែរក្រហម​លេខ ០០៣ និង ០០៤

0:00 / 0:00

ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​ជំនុំជម្រះ​រឿងក្ដី​សំណុំរឿង​លេខ ០០២ វគ្គ​ទី ២ អំពី​បទ​ប្រល័យ​ពូជសាសន៍ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការវិវឌ្ឍន៍​មួយ​ចំនួន​នៃ​សំណុំរឿង​លេខ ០០៣ និង ០០៤។

សំណុំរឿង​ក្ដី​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម លេខ ០០៣ និង ០០៤ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​រហូត​មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ត្រូវ​បាន​មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​ចាត់​ទុក​ថា មាន​ការវិវឌ្ឍន៍​ទៅ​មុខ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​ថា ការវិវឌ្ឍន៍​នេះ គឺ​បន្ទាប់​ពី​មាន​ជន​សង្ស័យ ១​រូប​ទៀត ឈ្មោះ យឹម ទិត្យ ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ស្ដីពី​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «នេះ​គឺ​ជា​ការវិវឌ្ឍន៍​ចុង​ក្រោយ​ទៅ​លើ​សំណុំរឿង​ទាំង​ពីរ គឺ​សំណុំរឿង ០០៣ និង ០០៤ ហើយ​រហូត​មក​ដល់​ពេល​នេះ ជន​សង្ស័យ​ចំនួន ៤​រូប​ហើយ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ។ ក្នុង​នោះ​ទី​មួយ គឺ​លោក មាស មុត នៅ​ក្នុង​សំណុំរឿង ០០៣។ លោកស្រី អ៊ឹម ចែម ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា នៅ​ក្នុង​សំណុំរឿង ០០៤។ លោក យឹម ទិត្យ ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដែរ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ហើយ​លោក អោ អាន ក៏​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ នៅ​ក្នុង​សំណុំរឿង ០០៤ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ ២០១៥»

លោក​ថ្លែង​ថា ជនសង្ស័យ​ឈ្មោះ យឹម ទិត្យ គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ចុង​ក្រោយ​មួយ​រូប ក្នុង​ចំណោម ៣​រូប ដែល​ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ក្នុង​សំណុំរឿង ០០៤៖ «យើង​ឃើញ​ថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បាន​ដាក់​លោក យឹម ទិត្យ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​ដែល​បាន​ចោទ​ប្រកាន់​មួយ​ចំនួន​ នៅ​ក្នុង​នោះ គឺ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រោម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​និង​ការ​រំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ក្នុង​នោះ​រួម​មាន ការ​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា»

អំពើ​ឧក្រិដ្ឋ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដាក់​លោក យឹម ទិត្យ ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ គឺ​មាន​ជា​អាទិ អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រោម ការ​ធ្វើ​មនុស្សឃាត ការ​សម្លាប់រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​និរទេស ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ធ្វើ​ទារុណកម្ម ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ “ប្រជាជន ១៧ មេសា” “អ្នក​ជម្លៀស​មក​ពី​ភូមិភាគ​បូព៌ា” និង​កម្មាភិបាល​ភូមិភាគ​ពាយ័ព្យ គ្រួសារ​របស់​ពួកគេ និង​អ្នក​ក្រោម​បង្គាប់​របស់​ពួក​គេ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ខ្មែរ​ក្រោម និង​ជនជាតិ​វៀតណាម និង​អំពើ​អមនុស្សធម៌​ដទៃ​ទៀត រួម​មាន អាពាហ៍ពិពាហ៍​ដោយ​បង្ខំ។

បទ​ឧក្រិដ្ឋ​ទាំង​នេះ ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​ចោទ​ថា បាន​ប្រព្រឹត្ត​នៅ​តាម​មន្ទីរសន្តិសុខ ការដ្ឋាន និង​កន្លែង​សម្លាប់​មនុស្ស​នានា ក្នុង​ខេត្ត​តាកែវ បាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ។

រី​ឯ​ជន​សង្ស័យ​ទី​ពីរ នៅ​ក្នុង​សំណុំរឿង ០០៤ គឺ​អ្នកស្រី អ៊ឹម ចែម។ ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា កិច្ច​ស៊ើបសួរ​ប្រឆាំង​អ្នកស្រី អ៊ឹម ចែម បាន​បិទ​បញ្ចប់​ហើយ។

ការ​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​លើ​អ្នកស្រី អ៊ឹម ចែម នេះ គឺ​មាន​រយៈ​ពេល ៦​ឆ្នាំ បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ទទួល​បាន​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបអង្កេត ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ដាក់​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​ថា ជំហាន​បន្ទាប់​សម្រាប់​ករណី​អ្នកស្រី អ៊ឹម ចែម គឺ​ការ​វាយ​តម្លៃ​ភស្តុតាង​ដែល​ប្រមូល​បាន៖ «ចំពោះ​ករណី​លោកស្រី អ៊ឹម ចែម នេះ បន្ទាប់​ពី​បិទ​ការ​ស៊ើប​អង្កេត គឺ​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​នឹង​ធ្វើការ​វាយ​តម្លៃ និង​វិភាគ​ទៅ​លើ​ភស្តុតាង ឯកសារ​ផ្សេង​ដែល​ជា​ភស្តុតាង ដើម្បី​ឈាន​ទៅ​ដល់​ចុង​ក្រោយ​ធ្វើការ​កំណត់​ថា តើ​ជន​សង្ស័យ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​យុត្តាធិការ ដែល​ត្រូវ​ធ្វើការ​ជំនុំជម្រះ​ក្ដី ឬ​មួយ​ក៏​យ៉ាង​ណា ដែល​ការ​សម្រេច​ចុង​ក្រោយ​នេះ នឹង​ចេញ​ជា​ដីកា​ដំណោះស្រាយ ដែល​គេ​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៦»

កិច្ច​ស៊ើបសួរ​ចំពោះ​អ្នកស្រី អ៊ឹម ចែម ដែល​បាន​បញ្ចប់​នៅ​ពេល​នេះ គឺ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​មនុស្សឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត នៅ​មន្ទីរសន្តិសុខ​ភ្នំ​ទ្រយោង និង​នៅ​ការដ្ឋាន​ស្ពានស្រែង ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

ជន​សង្ស័យ​ទី​៣ គឺ​លោក អោ អាន ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ អំពី​បទ​ឧក្រិដ្ឋ​ដូច​គ្នា​នឹង​អ្នកស្រី អ៊ឹម ចែម ដែរ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។ បទ​ឧក្រិដ្ឋ​ប្រឆាំង​លោក អោ អាន គឺ​ទាក់ទង​នឹង​ការ​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា ការ​សម្លាប់​រង្គាល ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​សាសនា ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត ដែល​បាន​កើត​មាន​នៅ​ទី​កន្លែង​សម្លាប់​មនុស្ស​ជា​ច្រើន​កន្លែង ដូច​ជា មន្ទីរ​សន្តិសុខ​គោក​ព្រីង មន្ទីរ​សន្តិសុខ​ទួល​បេង និង​មន្ទីរសន្តិសុខ​វត្ត​អូរត្រកួន ខេត្ត​កំពង់ចាម។

ការ​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំរឿង ០០៤ បាន​ផ្ដោត​ទៅ​លើ​ទីតាំង​ឧក្រិដ្ឋកម្ម ដែល​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។ ឧក្រិដ្ឋកម្ម​ទាំង​នោះ​មាន​ដូច​ជា អំពើ​ប្រឆាំង​នឹង​ប្រជាជន​ចាម នៅ​ក្នុង​ខេត្ត​កំពង់ចាម អំពើ​ប្រឆាំង​នឹង​ប្រជាជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ពោធិ៍សាត់ ការ​បោស​សម្អាត​ភូមិភាគ​កណ្ដាល មាន​ខេត្ត​កំពង់ចាម និង​កំពង់ធំ ការ​បោស​សម្អាត​ភូមិ​ភាគ​ពាយ័ព្យ ក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។

ដោយ​ឡែក​សំណុំរឿង ០០៣ វិញ ជនសង្ស័យ​ឈ្មោះ មាស មុត ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដែរ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។

លោក មាស មុត អតីត​ជា​មេបញ្ជាការ​ទ័ព​ជើង​ទឹក​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទឧក្រិដ្ឋ​ដែល​បាន​ចោទ​ប្រកាន់​មួយ​ចំនួន​ដូចជា អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្នុង​នោះ​រួម​មាន ការ​ធ្វើ​មនុស្សឃាត​ដោយចេតនា ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើ​ទុក្ខបុកម្នេញ និង​អំពើ​អមនុស្សធម៌​ដទៃ​ទៀត (ការ​ប្រព្រឹត្ត​អមនុស្សធម៌ ការ​បាត់​ខ្លួន​ដោយ​បង្ខំ ពលកម្ម​ដោយ​បង្ខំ អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​រំលោភ​លើ​ផ្លូវ​ភេទ និង​ការ​វាយ​ប្រហារ​លើ​សេចក្ដី​ថ្លៃថ្នូរ​ជា​មនុស្ស​ដោយសារ​ស្ថានភាព​នៃ​ការ​ឃុំ​ខ្លួន) ការ​បង្ក​ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ ឬ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ដល់​រាងកាយ ឬ​សុខភាព និង​ការ​ឃុំ​ខ្លួន​ជន​ស៊ីវិល​ដោយ​ខុស​ច្បាប់។

ឧក្រិដ្ឋកម្ម​ប្រឆាំង​លោក មាស មុត ត្រូវ​បាន​ចោទ​ថា បាន​ប្រព្រឹត្ត​នៅ​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​នោះ​រួម​មាន​មន្ទីរសន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ភ្នំពេញ មន្ទីរសន្តិសុខ​វត្ត​ឥន្ទញាណ ការដ្ឋាន​ស្ទឹងហាវ សហករណ៍​តំបន់​រាម រួម​មាន ការដ្ឋាន​នៅ​កងកេង និង​បិតត្រាំង ទីតាំង​សម្លាប់​មនុស្ស​ចម្ការ​ធូរេន និង​មន្ទីរសន្តិសុខ​ទឹកសាប និង​ក្រុង​កំពង់សោម។

ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​ជើង​ទឹក​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​លើ​កោះ និង​ជុំវិញ​កោះ ដែល​កម្ពុជា​ប្រជាធិបតេយ្យ អះអាង​ថា ជា​របស់​ខ្លួន។ ឧក្រិដ្ឋកម្ម​ទាំង​នេះ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទៅ​លើ​សមាជិក​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​កងពល​លេខ ១៦៤, ៥០២, ១១៧ និង​កងពល ៣១០ ដែរ។

ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ទាំង​នេះ សាក្សី​អតីត​ជា​នាវិក​កង​នាវា​ប្រដេញ​​នៃ​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​កងពល​លេខ ១៦៤ មួយ​រូប អះអាង​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៅ​ពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ពិត​ជា​មាន​ការ​សម្លាប់​មនុស្ស​ដោយ​កងទ័ព​ជើង​ទឹក​មែន។

អ្នក​ដែល​កងទ័ព​ជើង​ទឹក​សម្លាប់​នោះ គឺ​មាន​ជនជាតិ​វៀតណាម ជនជាតិ​ថៃ ប្រជាជន ១៧ មេសា និង​កងទ័ព​មក​ពី​ភូមិភាគ​បូព៌ា៖ «តា មុត បញ្ជា​ឱ្យ​សម្លាប់​ឬ? បាទ! ពិត​ប្រាកដ​ណាស់ ហើយ​ជនជាតិ​វៀតណាម ជា​ច្រើន​លើក​ច្រើន​សា ពេល​ច្រើន​ គេ​បញ្ជូនទៅ​ដី​គោក។ តែ​បើ​ម្នាក់ ពីរ​នាក់​ទៅ​បី​នាក់ គឺ​អត់​បញ្ជូន​ទៅ​ដី​គោក​ទេ គេ​សម្លាប់​នៅ​លើ​កោះ»

ទន្ទឹម​គ្នា​នេះ មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​ថា សំណុំរឿង​លេខ ០០៣ នៃ​រឿង​ក្ដី​របស់​លោក មាស មុត ស្ថិត​ក្រោម​ការ​ខ្វែង​យោបល់​គ្នា​រវាង​សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ​ លើ​នីតិវិធី​នៅ​ឡើយ៖ «ការ​ខ្វែង​យោបល់​គ្នា​ត្រង់​ចំណុច​ណា​នោះ គឺ​ខ្ញុំ​មិន​ដឹង​ស៊ី​ជម្រៅ​ទេ ដោយសារ​ថា កំណត់ហេតុ​នៃ​ការ​ខ្វែង​យោបល់​គ្នា​នេះ គឺ​ត្រូវ​ដាក់​ឋិត​នៅ​ក្នុង​ការ​សម្ងាត់​ទៅ​តាម​ច្បាប់ គ្រាន់​តែ​ថា ការ​ខ្វែង​យោបល់​គ្នា​របស់​ចៅក្រម​ជាតិ និង​អន្តរជាតិ​នេះ នៅ​ក្នុង​សំណុំរឿង ០០៣ ឃើញ​ថា យោង​តាម​គោលជំហរ​របស់​សហ​ចៅក្រម​ជាតិ លោក​ចៅក្រម យូ ប៊ុនឡេង គាត់​បាន​បញ្ជាក់​ថា សំណុំរឿង ០០៣ នេះ គឺ​បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​បឋម​ហើយ តាំង​តែ​ពី​ខែ​មេសា ឆ្នាំ​២០១១ មក​ម្ល៉េះ។ ក៏​ប៉ុន្តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដែល​គាត់​មក​បំពេញ​ការងារ​បន្ត គឺ​លោក ម៉ាក ហាម៉ុន (Mark Harmon) ហើយ​បន្ទាប់​មក លោក ម៉ៃឃើល បូឡែនឌើរ (Michael Bohlander) នេះ គាត់​បាន​បញ្ជាក់​ថា សំណុំរឿង ០០៣ នេះ គឺ​នៅ​បើក​ដំណើរ​ការ​ស៊ើប​អង្កេត ហើយ​បាន​អំពាវនាវ​ឱ្យ​ជនរងគ្រោះ ក៏​ដូច​ជា សាក្សី​ផ្សេងៗ ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​ជា​សាក្សី»

លោក​បញ្ជាក់​បន្ថែម​ថា តាម​ច្បាប់ និង​វិធាន​ផ្ទៃក្នុង​នៃ​សាលាក្ដី​ខ្មែរក្រហម​ចែង​ថា ក្នុង​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ចៅក្រម​ជាតិ និង​អន្តរជាតិ។ ក៏​ប៉ុន្តែ មាន​កិច្ចការ​មួយ​ចំនួន​ក៏​ច្បាប់​អនុញ្ញាត​ឱ្យ​ចៅក្រម​ជាតិ ឬ​អន្តរជាតិ ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​បាន​ដែរ៖ «លើកលែង​តែ​កិច្ចការ​សំខាន់ៗ មួយ​ចំនួន​ដូច​ជា ការ​ចេញ​ដីកា​ឃុំ​ខ្លួន គឺ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​យល់​ព្រម​ពី​ចៅក្រម​ជាតិ និង​អន្តរជាតិ​រួម​គ្នា។ ក្នុង​ករណី​មិន​មាន​ការ​យល់ព្រម​ទេ គឺ​ត្រូវ​ប្ដឹង​ទៅ​អង្គ​បុរេ​ជំនុំជម្រះ ឬ​មួយ​ក៏​ទុក​រហូត​ដល់​រយៈពេល ៣០​ថ្ងៃ ប្រសិនបើ​មិន​មាន​ការ​ជំទាស់​អី​ទេ ការ​សម្រេច​ហ្នឹង​នឹង​ចូល​ជា​ធរមាន។ ហ្នឹង​គឺ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​វិធាន​ផ្ទៃក្នុង។ អ៊ីចឹង យើង​ដោះស្រាយ​បញ្ហា​ខ្វែង​យោបល់​គ្នា​រវាង​ចៅក្រម​ជាតិ និង​ចៅក្រម​អន្តរជាតិ ដែល​គាត់​យល់​ឃើញ​ខុស​គ្នា​ទៅ​លើ​ការអនុវត្ត​នីតិវិធី​នេះ ទៅ​តាម​យន្តការ​ដែល​មាន​ស្រាប់ ទៅ​តាម​អង្គ​បុរេ​ជំនុំជម្រះ និង​វិធាន​ផ្ទៃក្នុង»

ទោះ​ជា​យ៉ាង​ណា​ក្ដី ទាំង​សំណុំរឿង ០០៣ និង​សំណុំរឿង ០០៤ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​នៅ​ឡើយ លើកលែង​តែ​ករណី​អ្នកស្រី អ៊ឹម ចែម។ ដីកា​ឱ្យ​នាំ​ខ្លួន​លោក មាស មុត កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ និង​ដីកា​ ខែ​មិថុនា ឆ្នាំ​២០១៥ ត្រូវ​បាន​សាលាក្ដី​លុប​ចោល​វិញ ព្រោះ​តែ​លោក មាស មុត បាន​បង្ហាញ​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ចំពោះ​មុខ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។