សាក្សី​នៅ​សាលាក្ដី​ខ្មែរក្រហម​ផ្ដល់​សក្ខីកម្ម​អំពី​ការ​បោស​សម្អាត​ផ្ទៃក្នុង​នៅ​ភូមិភាគ​បូព៌ា

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​មួយ​រូប ឈ្មោះ មាស សឿន។ លោក មាស សឿន ជា​កូន​របស់​អតីត​អនុ​គណៈ​ភូមិភាគ​បូព៌ា ដែល​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា​បោស​សម្អាត។

សាក្សី មាស សឿន រំឭក​ហេតុការណ៍​ជូន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ថា កម្មាភិបាល​នៅ​ភូមិភាគ​បូព៌ា​ទាំង​អស់ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា បោស​សម្អាត​នៅ​ឆ្នាំ​១៩៧៨៖ «ក្រោយ​ថ្ងៃ​២៥ ខែ​៥ ឆ្នាំ​១៩៧៨ គ្មាន​អ្នក​ណា​ដែល​ធ្វើការ​ជាមួយ​មេ​តំបន់​មេ​ភូមិភាគ​មុន បាន​នៅ​រួច​ខ្លួន​ទេ ក្រៅ​តែ​ពី​អ្នក​រត់​ចូល​ព្រៃ​ប៉ុណ្ណោះ»

សក្ខីកម្ម​របស់​លោក មាស សឿន គឺ​ទាក់ទង​នឹង​អង្គហេតុ​នៃ​ការ​បោស​សម្អាត​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ទៅ​លើ​កម្មាភិបាល​នៅ​ភូមិភាគ​បូព៌ា ដែល​មាន​ប្រធាន​ភូមិភាគ​ឈ្មោះ សោ ភឹម។

លោក មាស សឿន អះអាង​ថា ឪពុក​លោក​ឈ្មោះ ចាន់ ជា​អនុ​លេខា​ភូមិភាគ​បូព៌ា​បន្ទាប់​ពី​លោក សោ ភឹម។ លោក​ថា នៅ​ពេល​នោះ លោក សោ ភឹម ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា​ចោទ​ថា​ក្បត់​ចូល​ដៃ​ជា​មួយ​វៀតណាម៖ «កាល​នោះ​មាន​យន្ត​ហោះ​កន្ទុំរុយ ហោះ​បាច​ត្រាក់​ពេញ​ស្រុក​នៅ​ខាង​ភូមិភាគ​បូព៌ា​ហ្នឹង។ ក្នុង​ត្រាក់​ហ្នឹង​គេ​សរសេរ​ចោទ​ប្រកាន់​ថា សោ ភឹម ជា​មនុស្ស​ក្បត់​ជាតិ លក់​ក្បាល​ឱ្យ​យួន ក្បត់​ប្រទេស​ជាតិ»

សាក្សី​រូប​នេះ​បន្ត​ថា ក្រោយ​ការ​បោស​សម្អាត​បី ឬ​បួន​ខែ គឺ​នៅ​ចុង​ឆ្នាំ​១៩៧៨ ឪពុក​របស់​លោក ដែល​ឡើង​មក​ជួប​បក្ស​នៅ​ភ្នំពេញ បាន​បាត់​ខ្លួន​រហូត​មក​ដល់​សព្វថ្ងៃ៖ «ប្រហែល​ជា​បី​ទៅ​បួន​ខែ​មុន​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ សូម្បី​តែ​អ្នក​ទៅ​ជា​មួយ​គាត់​ក្នុង​មួយ​ឡាន​នោះ រួម​ទាំង​ប្អូន​ប្រុស​បង្កើត​របស់​ខ្ញុំ​ម្នាក់​ផង មាន​គ្នា​បួន​នាក់។ អ្នក​បើក​ឡាន​ម្នាក់ ប្អូន​ប្រុស​ខ្ញុំ​ម្នាក់ និង​កង​ការពារ​ពីរ​នាក់ រួម​ទាំង​ឪពុក​ខ្ញុំ ៥​នាក់។ ទាំង ៥​នាក់​នេះ បាត់​ដំណឹង​តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​ថ្ងៃ​នៃ»

អង្គហេតុ​នៃ​ការ​បោស​សម្អាត​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជា​អង្គហេតុ​មួយ នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។ កម្មាភិបាល​ដែល​ត្រូវ​គេ​បោសសម្អាត​ជា​ច្រើន​នាក់ ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​បង្ហាញ​ថា មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ទោស នៅ​គុក​ទួល​ស្លែង។ ទាំង​សាក្សី មាស សឿន និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ឈុន សាម៉ន អតីត​ជា​អ្នក​ស៊ើបការណ៍ នៃ​កងទ័ពពិសេស​ខ្មែរក្រហម នៅ​ខេត្ត​ស្វាយរៀង អះអាង​ដូច​គ្នា​ថា កម្មាភិបាល និង​កងទ័ព​នៅ​ភូមិភាគ​បូព៌ា ត្រូវ​បាន​កងទ័ព​ពី​គណៈមជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា បញ្ឆោត​ចាប់​ខ្លួន​ដោយ​ប្រាប់​ថា ឱ្យ​ទៅ​រៀន​សូត្រ នៅ​ភ្នំពេញ។

អតីត​ប្រធាន​មន្ទីរ ស-២១ ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រាប់​អង្គ​ជំនុំជម្រះ​កាល​ពី​សប្ដាហ៍​មុន​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈមជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា។ លោក​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​ជា​បញ្ជា និង​ដឹង​អំពី​ការ​បោស​សម្អាត​កម្មាភិបាល និង​ការ​កាប់​សម្លាប់​នៅ​មន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង។

លោក មាស សឿន នឹង​បន្ត​ផ្ដល់​សក្ខីកម្ម​របស់​លោក​ទៀត នៅ​ក្នុង​សវនាការ​សាលាដំបូង​ថ្ងៃ​ទី​៣០ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។