ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានទាក់ទងនឹងសាលាក្ដីខ្មែរក្រហមនៅដើមឆ្នាំ២០១៣ គឺចាប់ផ្ដើមឡើងដោយបញ្ហាអត់លុយបើកប្រាក់ខែឱ្យបុគ្គលិកខាងភាគីខ្មែរ ដែលជាបញ្ហាបន្តពីឆ្នាំ២០១២ មក។
ទន្ទឹមគ្នានឹងបញ្ហាអស់លុយនៅក្នុងខែមករា ស្ថានភាពសុខភាពរបស់ជនជាប់ចោទពីររូប គឺ នួន ជា និង អៀង សារី ក៏មានសភាពកាន់តែចុះខ្សោយ ទាំងផ្លូវកាយនិងស្មារតី។ ជនជាប់ចោទទាំងពីរ ត្រូវគេបញ្ជូនចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រោះតែមានអាការចុះខ្សោយកម្លាំង និងមិនសូវមានស្មារតីចងចាំ។
ជនជាប់ចោទ នួន ជា ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្លាមៗ កាលពីថ្ងៃទី១៣ មករា ដើម្បីសង្គ្រោះបន្ទាន់ ដោយសារតែគាត់មានបញ្ហាហត់ ខ្សោយអស់កម្លាំង ហើយដួលនៅក្នុងបន្ទប់ឃុំឃាំងនៃសាលាក្ដីខ្មែរក្រហម។ គ្រូពេទ្យរកឃើញថា ស្ថានភាពជំងឺរបស់លោក នួន ជា មានជំងឺរលាកទងសួតធ្ងន់ធ្ងរ។
បន្ទាប់ពីការព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត រយៈពេល ១៨ថ្ងៃ គឺនៅថ្ងៃទី៣១ មករា គ្រូពេទ្យបញ្ជូនជនជាប់ចោទ នួន ជា ឱ្យទៅចូលរួមសវនាការសាលាក្ដីខ្មែរក្រហមវិញ។ ក្រោយពេលបញ្ជូនទៅមន្ទីរឃុំឃាំង ដើម្បីឱ្យចូលរួមសវនាការវិញបាន ២យប់ ជនជាប់ចោទ នួន ជា ត្រូវបានគេបញ្ជូនចូលមន្ទីរពេទ្យម្ដងទៀត នៅថ្ងៃទី១ កុម្ភៈ ដោយសារបញ្ហាដដែល។
បន្ទាប់ពីការព្យាបាលមួយរយៈទៀត គ្រូពេទ្យបញ្ជូនចេញជាលើកទីពីរ ដោយយល់ឃើញថា ស្ថានភាពជំងឺរបស់ជនជាប់ចោទ នួន ជា បានធូរស្បើយ។ ចាប់តាំងពីពេលបញ្ជូនចេញពីមន្ទីរពេទ្យមក ជនជាប់ចោទ នួន ជា មិនអាចចូលរួមសវនាការដោយផ្ទាល់បានទេ ដោយសារតែគាត់មិនអាចអង្គុយយូរបាន។ រីឯស្ថានភាពសុខភាពជនជាប់ចោទ អៀង សារី វិញ មិនបានធូរស្បើយទេ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ក្រុមប្រទេសអ្នកផ្ដល់ជំនួយបានកែសម្រួល និងសម្រេចគម្រោងថវិកាសម្រាប់ចំណាយរយៈពេល ២ឆ្នាំ គឺឆ្នាំ២០១២ និង ២០១៣ គឺមានទឹកប្រាក់ចំនួនជាង ៣៤លានដុល្លារអាមេរិក (៣៤.២៥២.២០០) សម្រាប់ឆ្នាំ២០១២ និងជាង ៣៥លានដុល្លារ (៣៥.៣៧៥.៤០០) សម្រាប់ឆ្នាំ២០១៣។
ថវិកាចំនួនជាង ៣៥លានដុល្លារនោះ គឺសម្រាប់ភាគីកម្ពុជា ចំនួនជាង ៩.៣លានដុល្លារ (៩.៣៧០.៣០០) និងភាគីសហប្រជាជាតិចំនួន ២៦លានដុល្លារ (២៦.០០៥.១០០)។
មកទល់នឹងខែកុម្ភៈ បុគ្គលិកភាគីកម្ពុជា អត់ប្រាក់ខែ ៣ខែ គឺចាប់តាំងពីខែធ្នូ ឆ្នាំ២០១២។ ចូលដល់ខែមីនា សវនាការនៃអង្គជំនុំជម្រះសាលាដំបូង ត្រូវបានផ្អាកទៅវិញភ្លាមៗ ដោយសារតែក្រុមបុគ្គលិកផ្នែកបកប្រែភាសានៅខាងភាគីកម្ពុជា ប្រកាសធ្វើពហិការមិនបំពេញការងារ ព្រោះតែពួកគេ មិនបានទទួលប្រាក់ខែចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ នោះ។
ក្រៅពីការធ្វើពហិការរបស់អ្នកបកប្រែភាសានេះ សវនាការក៏ត្រូវផ្អាកដែរ ដោយសារតែជនជាប់ចោទ អៀង សារី ឈឺចូលទៅមន្ទីរពេទ្យ ហើយសវនាការមិនអាចបន្តដោយគ្មានវត្តមានជនជាប់ចោទរូបនេះបាន។
ការធ្វើពហិការរបស់ក្រុមអ្នកបកប្រែភាសា គួបផ្សំនឹងបញ្ហាសុខភាពចុះខ្សោយរបស់ជនជាប់ចោទ អៀង សារី បានក្លាយជាឧបសគ្គ ដែលធ្វើឱ្យដំណើរការសវនាការរបស់សាលាក្ដីខ្មែរក្រហម មិនអាចបន្តទៅមុខបាន ចាប់តាំងពីថ្ងៃទី៤ មីនា មក។
នៅថ្ងៃទី១៤ ខែមីនា ជនជាប់ចោទ អៀង សារី បានស្លាប់។ សហព្រះរាជអាជ្ញាស៊ើបអង្កេតលើមូលហេតុនៃមរណភាពរបស់ជនជាប់ចោទ អៀង សារី នោះ។
ក្រោយការស្លាប់របស់ជនជាប់ចោទ អៀង សារី បញ្ហាអស់ថវិកាបើកឱ្យបុគ្គលិកខាងភាគីខ្មែរ គឺនៅតែជាបញ្ហាចម្បងមួយដែលធ្វើឱ្យស្ទះដំណើរការជំនុំជម្រះ ព្រោះតែក្រុមអ្នកបកប្រែការធ្វើពហិការមិនចូលធ្វើការ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៣ បុគ្គលិកខាងភាគីខ្មែរបានទទួលប្រាក់ខែរបស់ខ្លួនសម្រាប់ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីគេធ្វើការដោយមិនមានកិច្ចសន្យាការងារ និងមិនបានទទួលប្រាក់ទេ ចាប់តាំងពីខែមករាមក។
សាលាក្ដីខ្មែរក្រហមចាប់បើកសវនាការឡើងវិញ នៅថ្ងៃច័ន្ទ ទី២៥ ខែមីនា គឺស្ដាប់របាយការណ៍របស់អ្នកជំនាញវេជ្ជសាស្ត្រស្ដីពីសុខភាព និងកាយសម្បទារបស់ជនជាប់ចោទ នួន ជា។
អ្នកជំនាញវេជ្ជសាស្ត្រដែលតែងតាំងដោយសាលាក្ដីខ្មែរក្រហមពីររូប គឺលោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល (Seena Fazel) និងលោកសាស្ត្រាចារ្យ ចន ខំបែល (John Campbell) វាយតម្លៃថា សុខភាពស្មារតី ការផ្ចង់អារម្មណ៍បានល្អ និងចងចាំបានរបស់ជនជាប់ចោទ នួន ជា នៅល្អ ហើយមិនមានសញ្ញាណាបញ្ជាក់ថា គាត់មិនមានបញ្ហាផ្លូវចិត្តទេ។ ទាក់ទងសុខភាពផ្លូវកាយទន់ខ្សោយ ឆាប់ហត់អស់ គឺបណ្ដាលមកពីគាត់មិនបានហាត់ប្រាណ។
នៅថ្ងៃទី២ ខែមេសា សហព្រះរាជអាជ្ញាបានបញ្ចប់ការស៊ើបអង្កេតលើមូលហេតុនៃមរណភាពរបស់ជនជាប់ចោទ អៀង សារី ដោយបានធ្វើសេចក្ដីសន្និដ្ឋានថា មរណភាពរបស់ជនជាប់ចោទ អៀង សារី ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ គឺដោយសារមូលហេតុធម្មជាតិ គឺស្ទះសរសៃឈាមបេះដូង ដែលមិនអាចធ្វើឱ្យប្រសើរឡើងវិញបាន ហើយបញ្ហានេះ គាត់តាំងពីមុនការចាប់ខ្លួនមកម្ល៉េះ។
សហព្រះរាជអាជ្ញាពុំបានរកឃើញកាលៈទេសៈគួរឱ្យសង្ស័យណាមួយចំពោះមរណភាពជនជាប់ចោទ អៀង សារី ទេ។
ជនជាប់ចោទ អៀង សារី ស្លាប់ក្នុងអំឡុងពេលសាលាក្ដីកំពុងដំណើរការនីតិវិធីជំនុំជម្រះក្ដីរបស់គាត់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
នៅខែមេសា នោះដែរ បុគ្គលិកខាងភាគីជាតិ នៅតែបន្តអត់ប្រាក់ខែរយៈពេល ៤ខែ។ ចូលដល់ខែមិថុនា បញ្ហាអស់ថវិកាខាងភាគីជាតិ ដែលត្រូវបានដោះស្រាយរួច កាលពីដើមឆ្នាំ បានចោទឡើងជាថ្មីទៀត។
នៅថ្ងៃច័ន្ទ ទី៥ កក្កដា ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា នឹងមិនមានសវនាការស្ដាប់សាក្សីទេ គឺដោយសារបញ្ហាអស់ថវិកាខាងភាគីកម្ពុជា នៅមិនទាន់ដោះស្រាយចេញនៅឡើយ។
នៅក្នុងសប្ដាហ៍នេះដែរ ភាគីកម្ពុជាបានសម្រេចកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកចំនួន ៣០នាក់ ក្នុងចំណោមបុគ្គលិកសរុប ២៦០នាក់ ចាប់តាំងពីថ្ងៃទី១ កក្កដា នេះតទៅ ដោយសារបញ្ហាខ្វះថវិកា។
ក្នុងសវនាការសាលាដំបូងនៅព្រឹកថ្ងៃទី៩ កក្កដា ទាំងមេធាវីការពារ និងទាំងជនជាប់ចោទ នួន ជា ផ្ទាល់ សុំឱ្យអង្គជំនុំជម្រះច្រានចោលឯកសារដាក់បន្ទុកទាំងអស់របស់សហព្រះរាជអាជ្ញា។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក សុន អរុណ នៅព្រឹកថ្ងៃទី៩ កក្កដា បានចាត់ទុកឯកសារដាក់បន្ទុកទាំងអស់របស់សហព្រះរាជអាជ្ញាថា មិនអាចប្រើប្រាស់ជាភស្តុតាងបានទេ ព្រោះគ្មានអ្វីគាំទ្រ៖ «លោក នួន ជា មិនយល់ស្របនឹងការចោទប្រកាន់ពីតួនាទីរបស់គាត់ក្នុងការបោសសម្អាតអង្គភាពមួយនៅភូមិភាគកណ្ដាលទេ។ ក៏ប៉ុន្តែយើងខ្ញុំលើកឡើង ដើម្បីទាញការចាប់អារម្មណ៍ពីអង្គជំនុំជម្រះថា សូម្បីតែព្រះរាជអាជ្ញាខ្លួនឯង ក៏មិនបានពន្យល់ឱ្យស៊ីចង្វាក់គ្នាពីមូលហេតុដែលចម្លើយសារភាពទាំងនេះ ផ្ញើជូន នួន ជា នោះដែរ។ តើចម្លើយសារភាពទាំងនេះផ្ញើមកពីតែ ស.២១ ហើយ នួន ជា ទាក់ទងយោធានៅភូមិភាគកណ្ដាល ឬក៏ត្រូវបានផ្ញើសម្រាប់ហេតុផលផ្សេង? ឯកសារមិនបានបញ្ជាក់នោះទេ។ សហព្រះរាជអាជ្ញាក៏មិនដឹង។ អង្គជំនុំជម្រះក៏មិនអាចសម្រេចបានដែរ»។
សហព្រះរាជអាជ្ញា បង្ហាញឯកសារទាក់ទងការចូលរួម និងតួនាទីរបស់ជនជាប់ចោទ នួន ជា ក្នុងឧក្រិដ្ឋកម្មនៅសម័យកម្ពុជាប្រជាធិបតេយ្យ ដែលមានជាអាទិ ការជម្លៀសពលរដ្ឋដោយបង្ខំ និងការកាប់សម្លាប់នានា។
ជនជាប់ចោទ នួន ជា ទាមទារឱ្យអង្គជំនុំជម្រះបដិសេធឯកសារ លសហព្រះរាជអាជ្ញាដកស្រង់ចេញពីទង់បដិវត្តន៍ និងសៀវភៅរបស់អ្នកប្រវត្តិសាស្ត្រនានា មកដាក់បន្ទុកលើគាត់។ ជនជាប់ចោទ នួន ជា ថ្លែងថា ការទាមទាររកច្បាប់ដើមនៃទស្សនាវដ្ដីទង់បដិវត្តន៍របស់គាត់ គ្មានដំណោះស្រាយសោះ៖ «កន្លងទៅនេះ ឯកសារដែលសហព្រះរាជអាជ្ញាបានបង្ហាញជូនអង្គសវនាការ ដើម្បីចោទប្រកាន់ខ្ញុំនោះ គឺសុទ្ធតែជាឯកសារចម្លង។ ប្រការនេះវាមិនមានយុត្តិធម៌សម្រាប់ខ្ញុំទេ ដោយហេតុថា គ្មាននរណាអាចដឹងថា តើឯកសារដែលបានបង្ហាញនោះ វាជាឯកសារពិត ឬក្លែងក្លាយ។ ម្យ៉ាងបើតុលាការប្រើឯកសារចម្លងបែបនេះ ឱកាសច្រើនណាស់ដែលឯកសារទាំងនោះអាចត្រូវបានគេផ្លាស់ប្ដូរបាន ហើយរកយុត្តិធម៌ ឬកែតម្រូវបានដោយងាយ។ ពេលនោះហើយភាព (អ)យុត្តិធម៌នឹងអាចកើតឡើង ហើយការពិតក៏មិនអាចរកឃើញបានដែរ។ ដូច្នេះហើយ ខ្ញុំសុំច្រានចោលនូវឯកសារចម្លងទាំងអស់ ដែលសហព្រះរាជអាជ្ញាបានប្រើប្រាស់ប្រឆាំងនឹងខ្ញុំនាពេលនេះ»។
ជនជាប់ចោទថ្លែងថា ជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអ្នកផ្សព្វផ្សាយ និងអប់រំផ្ទៃក្នុងបក្ស លោកមិនដែលអប់រំសមាជិកណាម្នាក់ឱ្យកាប់សម្លាប់ បង្អត់បាយប្រជាជនទេ ហើយមិនដែលធ្វើជានាយករដ្ឋមន្ត្រីស្ដីទី ឬគណៈកម្មការកិច្ចការយោធា ឬការជាប់ទាក់ទងទៅនឹងការគ្រប់គ្រងមន្ទីរ ស.២១ ទេ។
ដោយឡែកភាគីជនជាប់ចោទ ខៀវ សំផន វិញ មិនឆ្លើយតបនឹងអ្វីដែលលើកឡើងដោយសហព្រះរាជអាជ្ញា និងដើមបណ្ដឹងរដ្ឋប្បវេណីទេ។
លោក ខៀវ សំផន បញ្ជាក់ថា ការរក្សាសិទ្ធិមិនឆ្លើយតបរបស់គាត់ ព្រោះតែអស់ជំនឿលើសាលាក្ដីខ្មែរក្រហម៖ «ខ្ញុំសុំជម្រាបនូវហេតុផលដែលខ្ញុំប្រើប្រាស់សិទ្ធិរបស់ខ្ញុំនៅស្ងៀមស្ងាត់ គឺមកពីតុលាការមិនបានគោរពនូវសិទ្ធិរបស់ខ្ញុំ និងមេធាវីការពារក្ដីរបស់ខ្ញុំ។ ពីមុនដំបូង ខ្ញុំជឿលើតុលាការនេះ ប៉ុន្តែជាបន្តបន្ទាប់ហូរហែមក រហូតមកដល់ដំណាក់ចុងក្រោយនេះ ខ្ញុំលែងជឿហើយ ខ្ញុំអស់ជំនឿហើយ»។
នៅថ្ងៃទី២៧ ខែសីហា ថា បុគ្គលិកសាលាក្ដីខ្មែរក្រហមខាងភាគីខ្មែរជិត ១០០នាក់ គំរាមឈប់បំពេញការងារជាបណ្ដោះអាសន្ន នៅដើមខែកញ្ញា ខាងមុខ ព្រោះអត់ប្រាក់ខែ។
បន្ទាប់ពីការគំរាមនេះ នៅពាក់កណ្ដាលខែកញ្ញា សហព្រះរាជអាជ្ញាអន្តរជាតិមួយរូប គឺលោក អេនឌ្រូ ខេលី (Andrew T. Cayley) បានចាកចេញពីសាលាក្ដីខ្មែរក្រហម។ លោក អេនឌ្រូ ខេលី បញ្ជាក់ហេតុផលចំពោះការលាលែងនេះថា ដោយសារមូលហេតុផ្ទាល់ខ្លួន។
ក្រោយការចាកចេញរបស់លោក អេនឌ្រូ ខេលី សហព្រះរាជអាជ្ញាអន្តរជាតិបម្រុង ឈ្មោះ នីកូឡាស គូមជាន់ (Nicholas Koumjian) បានមកជំនួសលោក។
នៅពាក់កណ្ដាលខែកញ្ញា បញ្ហាអស់ថវិការបស់សាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា ត្រូវបានដោះស្រាយរួចរហូតដល់ដាច់ឆ្នាំ ដោយសារតែភាគីកម្ពុជា ទទួលបានមូលនិធិសង្គ្រោះពីភាគីអន្តរជាតិ និងចំណែកថវិកាកាតព្វកិច្ចរបស់រដ្ឋាភិបាល។
ចាប់តាំងពីឆ្នាំ២០០៦ មក សាលាក្ដីខ្មែរក្រហមបានប្រើប្រាស់ថវិកាអស់ចំនួនជាង ១៧៣លាន ដុល្លារ។ នៅក្នុងឆ្នាំ២០១៣ សាលាក្ដីចំណាយជាង ៣៥លានដុល្លារ ដែលក្នុងនោះ ភាគីអន្តរជាតិចំណាយ ២៦លានដុល្លារ ហើយភាគីកម្ពុជា ចំណាយ ៩.៤លានដុល្លារ។
ទោះជាសាលាក្ដីខ្មែរក្រហមធ្វើដំណើរដោយរដាក់រដុបដូច្នេះ សាលាក្ដីកូនកាត់មួយនេះ បានខំបញ្ចប់កិច្ចពិភាក្សាដេញដោលក្នុងសំណុំរឿង ០០២ វគ្គ ១ នៅចុងខែតុលា ឆ្នាំ២០១៣ ហើយភាគីសហព្រះរាជអាជ្ញាស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។
រីឯជនជាប់ចោទ នួន ជា សុំឱ្យតុលាការដោះលែងរូបគាត់ ព្រោះគាត់អះអាងថា គាត់គ្មានកំហុស។ ដោយឡែកជនជាប់ចោទ ខៀវ សំផន មិនសុំឱ្យតុលាការដោះលែងទេ ដោយសង្ឃឹមថា សាលាក្ដីខ្មែរក្រហម នឹងផ្ដល់យុត្តិធម៌ដល់រូបគាត់។
អង្គជំនុំជម្រះសាលាដំបូង គ្រោងប្រកាសសាលក្រមសំណុំរឿង ០០២ វគ្គទី ១ នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ខាងមុខ។ ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណី គាំទ្រឱ្យសាលាក្ដីខ្មែរក្រហម ឆាប់ជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម វគ្គទី២ ឬហៅថា សំណុំរឿងលេខ ០០២/០២ ជាបន្តទៀត ដោយមិនបាច់រង់ចាំចេញសាលក្រមវគ្គទី ១ សិននោះទេ។ ទន្ទឹមគ្នានេះដែរ អង្គជំនុំជម្រះសាលាដំបូងបង្ហាញគម្រោងស្ដាប់ហេតុផលផ្ទាល់មាត់ពីភាគីនៅក្នុងសំណុំរឿងលេខ ០០២ វគ្គ ២ នៅខែកុម្ភៈ ឆ្នាំ២០១៤ នេះ។
ក៏ប៉ុន្តែបញ្ហាថវិកាសម្រាប់ទ្រទ្រង់ដំណើរការសាលាក្ដីនៅឆ្នាំ២០១៤–២០១៥ នៅមិនទាន់មាននៅតែមិនទាន់ដឹងច្បាស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។