អ្នកស្រី ធួន ហ៊ានធា អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៣ មីនា ថា កូនស្រីគាត់ឈ្មោះ ហ៊ន លក្ខិណា បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីដើមឆ្នាំ២០០៩ តាមរយៈក្រុមហ៊ុន ធី & ភី ខូអិលធីឌី រហូតដល់ចុងឆ្នាំ២០១០ ដោយគាត់មានជំងឺ គាត់ក៏សម្រេចចិត្តទូរស័ព្ទឲ្យកូនគាត់ផ្ញើប្រាក់មួយចំនួនដើម្បីព្យាបាល។
អ្នកស្រីបន្តថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ កូនគាត់បានទូរស័ព្ទប្រាប់ថា លុយបានផ្ញើមកដល់ក្រុមហ៊ុនហើយឲ្យគាត់ទៅយក។ តែរហូតដល់ថ្ងៃនេះ គាត់នៅតែពុំទាន់បានទទួលលុយដែលកូនគាត់បានផ្ញើមកចំនួន ៩៣០ដុល្លារនោះនៅឡើយ ហើយក្រុមហ៊ុនចេះតែសន្យាពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលគាត់ទៅសួរម្តងៗ មន្ត្រីក្រុមហ៊ុនបានប្រើពាក្យសម្ដីទ្រគោះបោះបោកមកលើរូបគាត់ទៀតផង។
អ្នកស្រី ធួន ហ៊ានធា បន្ថែមថា ៖ «ខ្ញុំសួរថា តើបើកឲ្យខ្ញុំថ្ងៃណាខ្ញុំនៅចាំ? គេស្រែកដាក់ខ្ញុំថា មីងឯងនិយាយមិនចេះស្ដាប់គ្នាទេ។ ក្រុមហ៊ុនមិនមែនធ្វើការសម្រាប់តែមីងឯងម្នាក់នោះទេ។ ខ្ញុំថា លុយមកដល់ក្រុមហ៊ុនហើយម៉េចមិនបើកឲ្យខ្ញុំ? គេដេញខ្ញុំចេញពីក្រុមហ៊ុនតែម្ដង។ ខ្ញុំសុំថា កំណត់ថ្ងៃឲ្យខ្ញុំមក គេថា គេមិនកំណត់បានទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីនាយកក្រុមហ៊ុន ធី & ភី ខូអិលធីឌី លោក សំ ពិសី និងមន្ត្រីផ្នែករដ្ឋបាលក្រុមហ៊ុនឈ្មោះ អ្នកស្រី ចាន់ នៅល្ងាចថ្ងៃទី២៣ មីនានេះ ដោយទូរស័ព្ទទាំង២ខ្សែមិនអាចទាក់ទងបាន។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ លោកនឹងធ្វើអន្តរាគមន៍ជួយគ្រួសារពលការិនី ឈ្មោះ ហ៊ន លក្ខិណា នេះតាមផ្លូវច្បាប់ ក្នុងការទាមទារប្រាក់ដែលនាងបានផ្ញើមកឲ្យឪពុកម្តាយនេះ ៖ «យើងនឹងជំរុញឲ្យអង្គការលីកាដូ ភ្នំពេញ ឲ្យជួយគាត់ក្នុងការទាមទារប្រាក់ដែលជាកម្លាំងពលកម្មរបស់គាត់ ដែលគាត់បានផ្ញើមកជួយគ្រួសារនេះតាមផ្លូវច្បាប់»។
អគ្គលេខាធិការសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា លោក សុខ ចាន់ភក្តី មានប្រសាសន៍ថា ចំពោះករណីនេះ គ្រួសារពលការិនី ហ៊ន លក្ខិណា គួរដាក់បណ្ដឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ទើបជាការប្រសើរ។
លោក សុខ ចាន់ភក្ដី មានប្រសាសន៍ដូច្នេះ ៖ «ចំពោះពលករ និងពលការិនីដែលគាត់ចេញទៅធ្វើការតាមរយៈក្រុមហ៊ុនដែលមានការទទួលស្គាល់ពីក្រសួងការងារ គេមាននីតិវិធីក្នុងការជួយគាត់។ ប្រសិនបើគាត់មិនទទួលបានប្រាក់បៀវត្ស ឬក៏គាត់ទទួលភាពអយុត្តិធម៌ណាមួយ គាត់ត្រូវទំនាក់ទំនងមកក្រសួងការងារ ឬមន្ទីរការងារខេត្ត ក្រុង ដើម្បីឲ្យក្រសួងការងារដាក់បន្ទុកមកលើបុគ្គល ឬក្រុមហ៊ុននោះ ហើយបើបុគ្គល ឬក្រុមហ៊ុននោះមិនចេញមុខដោះស្រាយទេ ក្រសួងការងារនឹងកាត់ប្រាក់ដែលបុគ្គល ឬក្រុមហ៊ុននោះតម្កល់ទុកនៅក្រសួងការងារ យកមកដោះស្រាយឲ្យពលករ និងពលការិនីទាំងនោះ»។
អនុប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ លោក កុល ប៊ុនធឿន មានប្រសាសន៍ថា លោកកំពុងចូលរួមក្នុងសិក្ខាសាលានៅភ្នំពេញ។ លោកបន្តថា ពេលបញ្ចប់សិក្ខាសាលាលោកនឹងធ្វើការស្រាវជ្រាវបញ្ហានេះ។
នេះជាករណីទី៤ហើយដែលប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានដាក់បណ្តឹងនៅអង្គការសិទ្ធិមនុស្សឲ្យជួយពួកគាត់អំពីករណីដែលពួកគាត់ជួបការលំបាកក្នុងការបើកប្រាក់បៀវត្ស ដែលជាកម្លាំងពលកម្មផ្ទាល់របស់គាត់ពីក្រុមហ៊ុននាំពលករចេញទៅប្រទេសម៉ាឡេស៊ី មានក្រុមហ៊ុន ហ្វីលីម័រ (Phili More Cambodia Co.,Ltd.) ក្រុមហ៊ុន ស៊ីអ៊ីស៊ីអេច្ឆ (CECH) ក្រុមហ៊ុន អ៊ិនហ្គ្រុប (N Group) និងក្រុមហ៊ុន ធី & ភី (T & P Co., Ltd.)៕