ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​ស្រែ​ចា​ខេត្ត​ក្រចេះ

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​បុគ្គល​ម្នាក់​ថា​បាន​ដណ្តើម​កាប់​ឆ្ការ​យក​ដី​ជា​កន្លែង​គោរព​បូជា​ទៅ​លក់​ឲ្យ​អ្នក​ដទៃ។

នៅ​ក្នុង​លិខិត​ដោយ​មាន​ស្នាម​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ចំនួន ៤៥​នាក់ នៅ​ភូមិ​ស្អាត ឃុំ​ស្រែ​ចា បាន​ប្តឹង​ចោទ​ប្រកាន់​ឈ្មោះ ហែម ហ៊ុន ថា​បាន​កាប់​ឆ្ការ​លើ​ព្រៃ​ដែល​សហគមន៍​ម្ចាស់​ស្រុក​និង​ក្រុម​ប្រឹក្សា​ឃុំ​រក្សា​ទុក​នៅ​ចំណុច​ទឹក​ផុស​ត្រពាំង​ព្រីង​ប្រមាណ ២​ហិកតារ ជា​ទី​កន្លែង​គោរព​បូជា​តាម​សាសនា​ដែល​ពួក​គេ​បាន​ថែ​រក្សា​ទុក​តាំង​ពី​ឆ្នាំ​២០០៤ មក​នោះ ត្រូវ​បាន​ឈ្មោះ ហែម ហ៊ុន យក​ទៅ​លក់​ឲ្យ​ឈ្មោះ សុខ រ៉នី ហើយ​សំណូមពរ​ទៅ​អភិបាល​ស្រុក​ឲ្យ​ទាមទារ​ដក​យក​មក​វិញ​ដើម្បី​ទុក​ជា​សម្បត្តិ​សមូហភាព​វិញ ៖ «សារ​សំខាន់​គោរព​បូជា ដី​កន្លែង​ទឹក​ផុស។ កន្លង​មក គេ​គោរព​បូជា ពេល​ឈឺ​ពេល​គ្រុន​អី ទៅ​បន់​ស្រន់​ត្រង់​ហ្នុង មិន​បាច់​យក​ទៅ​ពេទ្យ​ទេ គឺ​ជា​តែ​ម្ដង។ រហូត​មក​ដល់​ថ្ងៃ​ហ្នឹង​....។ ពី​ជំនាន់​ប៉ុល​ពត ស្រែ​គេ​ទេ ឆ្នាំ​២០០៣​-២០០៤ ហ្នឹង ដី​ហ្នឹង​វា​ទឹក​ផុស ក្រោយ​មក គេ​ដឹង​ថា ដី​ហ្នឹង​ជា​ផ្ទៃ​ដី​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ»

ប្រធាន​សហគមន៍​ស្រុក​ស្នួល គឺ​លោក មូល សានិត្យ បាន​លើក​ឡើង​ថា ហែម ហ៊ុន បាន​លក់​ដី​បំភ័ន្ត​ភ្នែក​មេឃុំ ៖ «មេ​ឃុំ​គាត់​អត់​ដឹង​ដែរ​ទេ ព្រោះ​គេ​ឲ្យ​វ៉ៃ​ត្រា​ហ្នឹង គឺ​មិន​មែន​ចំណុច​ដី​ហ្នឹង​ទេ ដី​ហ្នឹង គាត់​មិន​ឲ្យ​ទេ ព្រោះ​វា​ទៅ​បោក​មេ​ឃុំ​ហ្នឹង​ថា ដី​ឯ​ណា​ឯ​ក្រោយ​ហ្នឹង​ទេ។ គាត់​និយាយ​ហើយ គាត់​ថា អ្នក​លក់​ភូត​គាត់ បោក​ប្រាស់​គាត់ ឲ្យ​គាត់​វ៉ៃ​ត្រា»

លោក ហែម ហ៊ុន ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ បាន​បំភ្លឺ​ថា លោក​បាន​កាប់​ឆ្ការ​លើ​ដី​ព្រៃ​ដែល​រដ្ឋ​អំណាច​ភូមិ​ឃុំ​ទទួល​ស្គាល់​តាំង​ពី​ឆ្នាំ​១៩៩៨ ហើយ​ថា ក្រុម​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ​ទេ​ដែល​ជា​អ្នក​បាន​រំលោភ​យក​ដី​អ្នក​ដទៃ​ធ្វើ​ជា​កម្មសិទ្ធិ​ដើម្បី​លក់ ៖ «មូល​គំនិត​ឃុប​ឃិត​ជាមួយ​នឹង​ឈ្មួញ សព្វ​ថ្ងៃ កំពុង​ដើរ​ជួញ​ដូរ​ដី​លើ​ដី​សម្បទាន​សង្គម​កិច្ច រួម​គំនិត​នឹង​ក្រុម​សិក្សា​ម្នាក់ ហើយ​ដល់​ក្រោយ​មក​គាត់​បាន​ដី​ធ្លី កាប់​ឆ្ការ​បំពាន​ទៅ ត្រង់​ណេះ​ដី​គាត់ ត្រង់​ណោះ​ដី​គាត់ អ៊ីចឹង​ដើរ​លក់​ដូរ​រាល់​ថ្ងៃ​នេះ ទម្លាក់​កំហុស​មក​លើ​ខ្ញុំ»

ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ លោក អ៊ីវ សាភុំ អភិបាល​ស្រុក​បាន​ផ្តល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​នឹង​ធ្វើការ​ស៊ើប​អង្កេត ៖ «អរគុណ ដោយសារ​កន្លែង​ហ្នឹង ផ្លូវ​វា​លំបាក ហើយ​ខ្ញុំ​ក៏​មាន​ការ​ខ្វះ​ខាត​ដែរ ដោយសារ​វា​រវល់​ពេក ហើយ​ចាំ​មើល៍​ខ្ញុំ​ចុះ​ទៅ​មើល»

ប្រជា​ពលរដ្ឋ​ដើម​បណ្តឹង​បាន​អះអាង​ថា បើ​ដី​នោះ​ដាក់​ជា​របស់​រដ្ឋ​គឺ​អាច​ថែ​រក្សា​កូន​ឈើ​ដែល​សល់​ពី​ការ​កាប់​ឆ្ការ​ឲ្យ​ដុះ​ឡើង​វិញ ហើយ​ថា នឹង​ប្តឹង​ទៅ​តុលាការ​នៅ​ពេល​ណា​ដែល​បុគ្គល​និង​អ្នក​ឃុប​ឃិត​នៅ​តែ​បន្ត​កាន់​កាប់​ដី​នេះ​ទៀត៕