ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​ ១០០​គ្រួសារ​ នៅ​​ក្រុង​​ប៉ោយប៉ែត​​តវ៉ា​ឲ្យ​​អាជ្ញាធរ​​នៅ​​មុខ​​សាលា​​ក្រុង

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ១០៨​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី២៤ ធ្នូ នាំ​តវ៉ា​នៅ​មុខ​សាលាក្រុង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​របស់​ពួកគាត់​។ ការ​តវ៉ា​វ៉ា​នេះ​ដោយសារ​កាល​ពី​ថ្មី​នេះ​​ភាគី​ទំនាស់​ដែល​មាន​លុយ​មាន​អំណាច​យក​កម្លាំង​​សមត្ថកិច្ច​ជា​ច្រើន​នាក់​ទៅ​រារាំង​ពលរដ្ឋ​​មិន​ឲ្យ​សង់​ផ្ទះ​នៅ​លើ​ដី​របស់​ខ្លួន។

ក្រុម​អ្នក​តវ៉ា​​បាន​យក​រូប​ថត​លោក ហ៊ុន សែន និង​ភរិយា​លោក​ គឺ​អ្នកស្រី ប៊ុន រ៉ានី ហើយ​បាន​នាំ​គ្នា​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​ពួកគាត់​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​ផ្សារ​កណ្ដាល​ដោយ​មិន​មាន​ដំណោះស្រាយ។

តំណាង​អ្នក​តវ៉ា​នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល អ្នក​ស្រី ឌី ស្រី ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា​ ពួកគាត់​ទាំង​អស់​គ្នា​បាន​ស្រែក​យំ​អង្វរ​សុំ​ឲ្យ​ចៅសង្កាត់​រង​ទី១​ ស្កាត់​ផ្សារ​កណ្ដាល​ជួយ​ដោះស្រាយ​ពួកគាត់​ ដើម្បី​បាន​ដី​សង់​ផ្ទះ​ស្នាក់​នៅ​ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រឹមតែ​មិន​អើពើ​ជួយ​ពួកគាត់​នោះ​ទេ ថែម​ទាំង​បាន​ស្ដីបន្ទោស​ពួកគាត់​ទៅវិញ៖ «ខ្ញុំ​ថា​ខ្ញុំ​ទុក្ខ​លំបាក​មក​ប្រាប់​ម៉ែឪ ប្រាប់​អាជ្ញាធរ​ឲ្យ​គាត់​រក​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ ហើយ​បើ​គាត់​បដិសេធ​ពួកខ្ញុំ​តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ពឹង​អ្នក​ណា​ កន្លង​មក​ពួកគាត់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​រាល់​តែ​អាណត្តិ​ ហើយ​ហេតុ​អី​បាន​ជា​អាជ្ញាធរ​មិន​គាំទ្រ​ពួក​ខ្ញុំ​នៅ​ក្នុង​ស្រុក​ភូមិ​គាត់​ដូច្នេះ​ បែរ​ទៅ​ជា​ជួយ​អ្នក​មាន​លុយ​មាន​អំណាច​ទៅ​វិញ »

អាស៊ី​សេរី​មិន​អាច​ទាក់ទង​​ចៅសង្កាត់​រង​ទី​១ សង្កាត់​ផ្សារ​កណ្ដាល លោក​ ស្រល់ អ៊ិន ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ​ធ្នូ ដោយ​ទូរស័ព្ទ​ដែល​ពលរដ្ឋ​ផ្ដល់​ឲ្យ​ចុច​ជា​ច្រើន​លើក​តែ​មិន​ចូល។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​តវ៉ា​បាន​ទៅ​ស្វែង​រក​ការ​​អន្តរាគមន៍​នៅ​សាលាក្រុង​ប៉ោយប៉ែត​បន្ត​ទៀត។

តំណាង​អ្នក​តវ៉ា​ម្នាក់​ទៀត​ អ្នក​ស្រី​ ខោល វណ្ណៈ អះអាង​ថា ​មូលហេតុ​ដែល​ពួក​គាត់​តវ៉ា​ គឺ​ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​ភាគី​ទំនាស់​យក​កម្លាំង​សមត្ថកិច្ច​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ ដូច​កាល​ពី​ថ្ងៃ​ទី​១៥​ ធ្នូ​ទៀត ហើយ​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ដី​សម្រាប់​សង់​ផ្ទះ​ស្នាក់​អាស្រ័យ៖ «ឥឡូវ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ពួក​ខ្ញុំ​មាន​ការ​ប្រុង​ប្រយ័ត​រាល់​ថ្ងៃ​ គឺ ម្នាក់​ៗ​ស្ដាប់​សំឡេង​ជួង​ដើម្បី​ចេញ​ទៅ​ជួយ​គ្នា​តវ៉ា​ការពារ​ដី​របស់​ខ្លួន​​។ពួក​ខ្ញុំ​សព្វ​ថ្ងៃ​រស់​នៅ​ពុំ​មាន​សេចក្ដី​សុខ​ឡើយ​​ ព្រោះ​​ពួក​ខ្ញុំ​ធ្លាប់​ទៅ​តវ៉ា​ដល់​មុន​ផ្ទះ​លោក​ ហ៊ុន សែន​ ដែរ​តែ​ក៏​មិន​អាច​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ​បាន​នោះ​ទេ »

អ្នក​ស្រី​បន្ថែម​ថា​ដី​ទំនាស់​មាន​ប្រមាណ​ ១០​ហិកតារ​ស្ថិត​នៅ​ភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​។អ្នក​ស្រី​ថា ដី​នេះ​ពួកគាត់​ចំនួន​ ១០៨​គ្រួសារ​បាន​សង់​ផ្ទះ​រស់​នៅ​​តាំង​ពី​ឆ្នាំ​១៩៩៧ ​មក ដោយ​មាន​ទំនាស់​ជា​មួយ​លោក អ៊ូ សុខា ​ដែល​ទំនង​ជា​អ្នក​មាន​លុយ​និង​មាន​អំណាច​មកពី​ខេត្ត​ផ្សេង ប៉ុន្តែ​ពួកគាត់​មិន​ធ្លាប់​ស្គាល់​ពីមុន​មក​នោះ​ទេ បាន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​រំលោភ​យក​ដីរបស់​ពួកគាត់។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាលក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ និង​ អភិបាល​រង​ក្រុង​ លោក ម៉ែន សោភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​ បាន​ទេ​នៅ​ថ្ងៃ​ទី​២៤​ ធ្នូ ដោយ​លោក​ មិន​លើក​ទូរស័ព្ទ។

ប៉ុន្តែ​អ្នក​ស្រី​ខោល វណ្ណៈ ឲ្យ​ដឹង​ថា អភិបាលរង​ក្រុង​លោក ម៉ែន សោភ័ណ​បាន​ឲ្យ​ពួកគាត់​ជាង​១០​នាក់​ចូល​ជួប​ដោះស្រាយ​នៅ​សាលាក្រុង ដោយ​អាជ្ញាធរ​បាន​សន្យា​នឹង​ជួប​ពួកគាត់​ម្ដង​ទៀត​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២៦​ ធ្នូ។

មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ិន គង់​ជិត លើក​ឡើង​ថា រឿង​​ទំនាស់​នេះ​ដោយសារ​ដីនៅ​តំបន់​នោះ​ជាតំបន់​អភិវឌ្ឍន៍​ ហើយ​​ដី​មានតម្លៃ​​​ខ្ពស់ ដូច្នេះ​ហើយ​​បាន​ជា​ភាគី​ទំនាស់​​ចង់​បាន​ដី​នេះ​ យក​ទៅ​គ្រប់គ្រង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ កត់​សំគាល់​ទៀត​ថា បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​នេះ​ កន្លង​មក​ ភាគី​ទំនាស់​ដែល​មាន​លុយ​និង​មាន​អំណាច​ច្រើន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដោះស្រាយ​ ដែល​ជាទូទៅ​តែង​ឈ្នះក្ដី​លើ​ប្រជា​ពលរដ្ឋ​ក្រីក្រ៖ «ប៉ុន្តែ​បើ​សិន​ប្រើ​សម្រាប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​ ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ភ័យ​ព្រួយ។ ដូច្នេះ​ គឺ​ពួក​គាត់​អស់​សង្ឃឹម​ ដោយសារ​ការ​ប្រើប្រាស់​តុលាការ​នេះ​ ទី​មួយ​គាត់​បារម្ភ​ជាប់​ពន្ធនាគារ ហើយ​នៅ​ពេល​នោះ​ពួកគាត់​​មិន​អាច​មាន​ពេល​វេលា​សម្រាប់​ស្វែង​រក​ការ​ដោះស្រាយ​និង​រក​របប​ចិញ្ចឹម​ជីវិត​បាន​ទេ ដូច្នេះ​ធ្វើ​ឲ្យ​ពួកគាត់​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​មិន​មាន​ដំណោះស្រាយ​ហើយ​ធ្លាក់​នៅ​ក្នុង​ភាគ​ក្រីក្រ​ថែម​ទៀត »

ប្រជាពលរដ្ឋ​អះអាង​ថា​ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​ថ្មី​ សម្រាប់​ដឹក​ទំនិញ​ចេញ​ចូល​កម្ពុជា-ថៃ​នៅ​​ទីតាំង​ដី​ទំនាស់​នៅ​ខែ​មករា ​ឆ្នាំ​២០១៩​ ខាង​មុខ​ ខណៈ​ដែល​ដី​ទំនាស់​​ចម្ងាយ​ពី​ព្រំដែន​ប្រទេស​ថៃ​ប្រមាណ​ ៥០០​ម៉ែត្រ​ប៉ុណ្ណោះ​។ក្រុម​អ្នក​តវ៉ា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្រុង​ ប៉ុន្តែ​ពួកគាត់​អះអាង​ថា​ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួក​គាត់​សមស្រប​ដែល​អាច​ទទួល​យក​បាន​ទេ ពួកគេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។