ពលរដ្ឋជាង ១០០នាក់ រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកគ្នាឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុនចិន ដែលពួកគេអះអាងថា បានកាយផ្ដាច់ផ្លូវ និងឈូសឆាយផលដំណាំពលរដ្ឋអស់ជាច្រើនហិកតារ។ ចំណែកអាជ្ញាធរអះអាងថា ក្រុមពលរដ្ឋបានធ្វើកសិកម្ម លើដីរបស់ក្រុមហ៊ុនចិន។
ពលរដ្ឋជាង ១០០នាក់ រស់នៅភូមិស្រែប្រាំង និងភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ឱ្យដឹងនៅថ្ងៃទី២ ខែធ្នូថា ក្រុមហ៊ុនចិនឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) បានឈូសឆាយផលដំណាំកសិកម្មរបស់ពលរដ្ឋជាង ២០គ្រួសារ និងបានរំលោភបំពានដីព្រៃសហគមន៍ភូមិស្រែប្រាំងជាង ១ពាន់ហិកតារ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតរស់នៅភូមិ បុស្សស្នោរ លោក ម៉ូត ម៉ុន ឱ្យដឹងថា ក្រុមហ៊ុនចិន បានប្រើគ្រឿងចក្រ ៥គ្រឿង ឈូសឆាយផលដំណាំដំឡូងមី និងស្វាយចន្ទីរបស់ពលរដ្ឋអស់ជាង ២០ហិកតារ និងបានយកគ្រឿងចក្រ កាយផ្ដាច់ផ្លូវ ១ខ្សែ មិនឱ្យពលរដ្ឋធ្វើដំណើរ។ លោកបន្ថែមថា ព្រៃសហគមន៍ ដែលក្រុមហ៊ុនរំលោភយកនោះ មានទំហំជាង ១ពាន់ហិកតារ ជាតំបន់ជម្រកត្រីពងកូន នៅខែវស្សា និងជាតំបន់សម្បូរដោយសត្វស្លាប និងសត្វព្រៃរស់នៅ៖ «ប៉ះពាល់ដំណាំរបស់គាត់ បានគាត់មកឃាត់មិនឱ្យក្រុមហ៊ុនចិនហ្នឹង ឈូសឆាយដំណាំរបស់គាត់បន្តទៀតអ៊ីចឹង។ ឱ្យភាគីខាងចិន ធ្វើកិច្ចសន្យាកុំឱ្យចូល ឈូសឆាយបន្តទៀតណាបង។ ព្រួយបារម្ភបាត់បង់បឹង និងបាត់បង់ត្រី ក្នុងជម្រកដែលពលរដ្ឋរក » ។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិស្រែប្រាំង ឃុំតំបែរ លោក ហឿន ស៊ីនាថ ប្រាប់អាស៊ីសេរីថា ក្រុមពលរដ្ឋមិនអនុញ្ញាតឱ្យក្រុមហ៊ុនចិន វិនិយោគដីនៅតំបន់នោះជាដាច់ខាត ព្រោះព្រៃសហគមន៍ស្រែប្រាំង បានចុះបញ្ជីជាព្រៃអភិរក្សរួចហើយ កាលពីឆ្នាំ២០០២ ពីក្រសួងកសិកម្ម។ លោកថា មហិច្ឆតារបស់ក្រុមហ៊ុនគ្រោងរំលោភយកដីព្រៃសហគមន៍ជាង ១ពាន់ហិកតារទាំងស្រុង ដើម្បីវិនិយោគ ដោយគ្មានឯកសារច្បាស់លាស់ពីរដ្ឋាភិបាល។ លោកអំពាវនាវឱ្យអាជ្ញាធរគួរតែរក្សាដីព្រៃសហគមន៍ភូមិស្រែប្រាំងទុកជាតំបន់អភិរក្ស ព្រោះទីនោះជាជម្រកត្រីពងកូន និងជម្រកសត្វបក្សីរស់នៅ ជាពិសេស ជាកន្លែងដែលពលរដ្ឋរាប់រយគ្រួសារនេសាទត្រីនៅរដូវវស្សា៖ «យល់ឃើញ ក្រុមហ៊ុនហ្នឹងធ្វើហួសហេតុពេក ហើយក្រុមហ៊ុនហ្នឹង អយុត្តិធម៌ ដោយចូលមកឈូសឆាយចូលមកទាំងយប់ហ្មង ។ ដំណាំខ្ញុំ និងពលរដ្ឋក្នុងភូមិហ្នឹង ២១គ្រួសារ។ ដីហ្នឹងព្រៃរនាម និងទឹកលិចបង ។ បាទជាជម្រកសត្វត្រីផង ហើយនិង ពីមុនមានសត្វព្រៃនៅដែរ ដល់ពេលឥឡូវហ្នឹង នៅដែរនៅភាគតិច » ។
អាស៊ីសេរីនៅមិនទាន់អាច ទាក់ទងតំណាងក្រុមហ៊ុនចិន ហាមនីវីន អីនវេសមែន (Hamenivent Investment) ដើម្បីសុំការបំភ្លឺរឿងនេះ បានថាយ៉ាងណា នៅឡើយទេ នៅថ្ងៃទី២ ធ្នូ។
ចំណែកអភិបាលស្រុកតំបែរ លោក សុខ សារិទ្ធ មានប្រសាសន៍ថា ដីនៅតំបន់នោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ហើយក្រុមពលរដ្ឋទៅវិញទេ ដែលធ្វើកសិកម្មលើដីរបស់ក្រុមហ៊ុន។ លោកបញ្ជាក់ថា កន្លងទៅក្រុមហ៊ុនចិន បានទិញដីពីក្រុមពលរដ្ឋនៅតំបន់នោះ ដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវពីមន្ត្រីជំនាញសុរិយោដីទៀតផង។ លោកបន្ថែមថា រដ្ឋាភិបាលក៏បានធ្វើអនុប្បយោគដីនៅតំបន់នោះដែរកាលពីពេលកន្លងទៅ៖ «ដីនៅហ្នឹង អត់មែនជាព្រៃសហគមន៍ និងដែនជម្រកត្រីទេ ជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន ហើយក្រុមហ៊ុនចិន មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ដើម្បីធ្វើសកម្មភាពលើដីគេ។ តែកន្លងមកអាជ្ញាធរយើង តែងបានជូនដំណឹងដល់បងប្អូន និងប្រជាជនដែលពាក់ព័ន្ធថា កុំឱ្យចូលទៅ ចៀសវាងការខាតបង់ផ្សេងៗ តែប្រជាជនមួយចំនួនហ្នឹង គាត់នៅបន្តសកម្មភាពដាំដុះនៅលើហ្នឹង » ។
ព្រៃសហគមន៍ភូមិស្រែប្រាំង មានទំហំជាង ១ពាន់ហិកតារ នៅជាប់ព្រែកឆ្លូង ឋិតនៅភូមិស្រែប្រាំង និងភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ព្រៃសហគមន៍នេះ មានទឹកជន់លិចជារៀងរាល់ឆ្នាំ សម្បូរដោយត្រី និងសត្វស្លាបរស់នៅ ហើយអ្នកភូមិរាប់រយគ្រួសារ តែងប្រមូលផលនេសាទនៅខែវស្សា និងធ្វើកសិកម្ម នៅរដូវប្រាំង។ ក្រុមពលរដ្ឋថា អាជ្ញាធរមួយចំនួន បានឃុបឃិតគ្នា លួចលក់ដីព្រៃសហគមន៍អស់មួយផ្នែកធំ ទៅឱ្យក្រុមហ៊ុនចិន និងបានឃុបឃិតគ្នាធ្វើប្លង់ជាប្រព័ន្ធ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តត្បូងលោក ឡេង សេងហាន ចាត់ទុកការឈូសឆាយផលដំណាំ និង ការកាត់ផ្ដាច់ផ្លូវ ពីសំណាក់ក្រុមហ៊ុនចិន ជាទង្វើខុសច្បាប់។ លោកថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ ដោះស្រាយរឿងនេះជាបន្ទាន់ និងត្រូវតែទទួលខុសត្រូវរឿងនេះ។ លោកថា ច្បាប់ភូមិបាលមាត្រា ៨ ចែងថា ជនបរទេស ឬក្រុមហ៊ុនឯកជន គ្មានសិទ្ធិកាន់កាប់ដីធ្លីជាកម្មសិទ្ធិ ក្នុងប្រទេសកម្ពុជាជាដាច់ខាត៖ អ៊ីចឹងបើយើង ផ្អែកទិដ្ឋភាពច្បាប់ គឺខុសទាំងស្រុង ព្រោះ វាជាអំពើមួយដែលបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ កាលណាតែកាយផ្ដាច់ផ្លូវ វាបំផ្លាញទ្រព្យសាធារណៈរបស់រដ្ឋ។ ជនបរទេស ដែលបានក្លែងបន្លំ ប័ណ្ណសញ្ជាតិដើម្បីក្លាយជា កម្មសិទ្ធិករលើដី នៅកម្ពុជា និងត្រូវផ្ដន្ទាទោស ដូចមានចែងក្នុងមាត្រា ២៥១ នៃច្បាប់ភូមិបាលឆ្នាំ ២០១១នេះ ឮ» ។
ក្រុមពលរដ្ឋអះអាងថា ក្រុមហ៊ុនបានផ្អាកឈូសឆាយផលដំណាំ នៅរសៀលថ្ងៃទី២ ខែធ្នូបន្ទាប់ពីពលរដ្ឋស្រែកតវ៉ា និងទាមទារឱ្យបញ្ឈប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។