ជនជាតិ​ដើម​ភាគ​តិច ១៤គ្រួសារ ខេត្ត​មណ្ឌលគិរី ខ្វះ​ខាត​ដី​ធ្វើ​កសិកម្ម ក្រោយ​ពី​អ្នក​មាន​អំណាច​បំពាន

0:00 / 0:00

ជន​ជាតិ​ដើម​ភាគតិច ​១៤ ​គ្រួសារ​រស់​នៅ​ស្រុក​អូររាំង ​ខេត្ត​មណ្ឌលគិរី ​ត្អូញ​ត្អែរ​ ពី​ការ​ធ្លាក់​ចុះ​ប្រភព​ចំណូល ​និង​បាត់បង់​ទី​កន្លែង​អាស្រ័យផល​ចិញ្ចឹមជីវិត ​ក្រោយ​ពី​អ្នកមាន​អំណាច​ម្នាក់​ បាន​រំលោភ​យក​ដី​ចម្ការ​វិល​ជុំ ​របស់​ពួកគាត់​អស់​ទាំង​ស្រុង​។ អ្នកភូមិ​ថា ​កូនចៅ​របស់​ពួកគាត់​ជាច្រើន​នាក់​បង្ខំចិត្ត​ឈប់​រៀន ​ដោយសារ​តែ​ជីវភាព​ធ្លាក់​ចុះ បន្ទាប់​កើត​មាន​ជម្លោះ​ដីធ្លី​នេះ។​

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ (ពូនង) ​ជាង​១៤ ​គ្រួសារ​ រស់​នៅ​ភូមិ​ពូឆប ​ឃុំ​ដាក់ដាំ ​ស្រុក​អូររាំង​ អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី ​លោក ស្វាយ សំអ៊ាង​ អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់ ​ដើម្បី​ឱ្យ​អ្នកភូមិ​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​។ ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​អ្នកមាន​អំណាច​ម្នាក់ ​ឈ្មោះ ​ផែង សូរិយា ​ដែល​អ្នកភូមិ​មិនទាន់​ដឹង​ច្បាស់​ថា មាន​តួនាទី​អ្វី​នោះទេ បាន​រំលោភ​យកដី​ពួកគាត់​អស់​ជាង ​១០ហិកតារ​ (១០,៥) និង​ ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​ផលដំណាំ​ពួកគាត់​អស់​រាប់ពាន់​ដើម ​កាល​ពី​ឆ្នាំ ​២០១៨។

តំណាង​ជនជាតិ​ដើម​ភាគ​តិច ​លោក ​យឺត តាវ ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​១៦ ​មិថុនាថា ក្រុម​ពលរដ្ឋ​ ១៤គ្រួសារ ​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ ​ចាប់​តាំង​ពី​ឆ្នាំ ​១៩៨៥ ​និង​ដាំ​ដំណាំ​ដូចជា ​កាហ្វេ ​ប័រ ​ស្វាយ​ ចេក ​និង​ដំណាំ​ផ្សេងៗ ជា​ច្រើន​ទៀត។ លោក​ថា ​នៅ​ឆ្នាំ ​២០១៧ ​និង​ ឆ្នាំ ​២០១៨ ​លោក​ ផែង សូរិយា ​បាន​ប្រើ​អំណាច​ច្បាម​យក​ដី​ទាំង​នោះ និង​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច ​ផលដំណាំ​របស់​អ្នក​ភូមិ​អស់​រាប់​​ពាន់​ដើម​។ ​ចំណែក​អ្នកភូមិ​បាន​ប្តឹង​រឿង​នេះ ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ រហូត​ដល់​អាជ្ញាធរ​ខេត្ត​ តែ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ​ជូន​ពូក​គាត់​ឡើយ៖ «មិន​នៅ​ទេ​អស់​រលីង​ហ្មង ​គេ​យក​អាអ៊ិច​ហ្នឹង​ កប់​ដំណាំ​អស់​ក្នុង​ដី។ ដាំ​ពេញ​ចម្ការ​ហ្នឹង គេ​ឈូស​ឆាយ​អស់​រលីង​ហ្មង »

ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត ​លោកស្រី ​ក្រាវ​ យេន ​ត្អូញថា ​ក្រោយពី​អ្នកមាន​អំណាច​រំលោភ​យក​ដី​ពួក​គាត់​ជាង ១០ហិកតារ អ្នកភូមិ​គ្មាន​ទីកន្លែង​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​នោះ​ទេ​។ ​លោក​ស្រី​ថា ​មុន​ពេល​មិន​ទាន់​កើតមាន​ជម្លោះ​ដីធ្លី​នេះ ​គ្រួសារ​លោក​ស្រី​ អាច​ប្រមូល​ផល​កសិកម្ម​ ទទួល​បាន​ប្រាក់​ចំណូល ​ជិត ១០ម៉ឺន​រៀល​ ក្នុង​មួយថ្ងៃ ​ក៏ប៉ុន្តែ​អកុសល ​ដំណាំ​ទាំងនោះ ​ត្រូវ​បាន​អ្នកមាន​អំណាច​ឈូស​ឆាយ ​កម្ទេច​ចោល​ ដើម្បី​បំបាត់​ភស្តុតាង​ ហើយ​មក​ទល់​ពេល​នេះ ​ពួកគាត់​គ្មាន​ទី​កន្លែង​អាស្រ័យ​ផល​ទៀត​ទេ។ លោកស្រី​បន្ថែម​ថា ​ជម្លោះ​ដីធ្លី​នេះ​ បាន​ធ្វើ​ឲ្យ​គ្រួសារ​លោក​ស្រី​ធ្លាក់​ខ្លួន​ក្រ ដោយសារ​គ្មាន​ដី​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹម​ជីវិត ហើយ​ កូនៗ ​របស់​លោកស្រី ​២នាក់ ​បង្ខំ​ចិត្ត​ឈប់​រៀន ​ដោយសារ​ជីវភាព​ធ្លាក់​ចុះ​ដុនដាប៖ «ខ្ញុំ​ដាំ​ដំណាំ​ពេញ​នៅ​ចម្ការ ​ហើយ​ខ្ញុំ​លក់​ចេក ​លក់​ម្នាស់​លក់ ​ប័រ​ខ្ញុំ។ កាល​គេ​ឈូស​ដំណាំ​ពួក​ខ្ញុំ​ គេ​ដុត​ចោល​ផ្ទះ​ទៀត​។ ​ពួក​ខ្ញុំ​មិន​ដឹង​រក​យុត្តិធម៌​ណា​ទេ​ ពួក​ខ្ញុំ​វេទនា​ណាស់ ​រស់​នៅ​ឥឡូវ​ហ្នឹង។ ខ្ញុំ​មិន​ធ្លាប់​ឃើញ ​ដល់​អ៊ីចឹង​ខ្ញុំ​ភ័យ​ខ្ញុំ​ខ្លាច​ ខ្ញុំ​អត់​មាន​លុយ »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ លោក​ ផែង សូរិយា​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នេះ តែ​ទូរសព្ទ​​លោក ​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី១៦ មិថុនា។

ចំណែក ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី ​លោក ​សុក សេរ៉ា ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ជា​ថ្មី​ទៀត ​ព្រោះ​ជម្លោះ​ដីធ្លី​ខ្លះ ​លោក​នៅ​ពុំ​ទាន់​ដឹង​រឿងរ៉ាវ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក​ថា ​អាជ្ញាធរ​ខេត្ត​តែងតែ​ដោះស្រាយ​រាល់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ៖ «ពលរដ្ឋ​ឱ្យ​តែ​មាន​ពាក្យ​បណ្ដឹង​គេ​ដោះ​ហើយ ​តែ​ខ្ញុំ​អត់​ទាន់​ដឹង ​ឬ​ក៏​យ៉ាង​ម៉េច ? ប៉ុន្តែ​គេ​ដោះ​តែ​រហូត​ហ្នឹង​ ប៉ុន្មាន​ថ្ងៃ​ហ្នឹង​មាន​ចូល​ប៉ុន្មាន​រឿង​ទៀត ​គេ​រុញ​ឱ្យ​ទៅ​ស្រុក​ដោះស្រាយ។ ប៉ុន្តែ​ពេល​ខ្លះ​ចូល​រដ្ឋបាល​ខ្ញុំ​ ខ្ញុំ​រង​ពេក​ខ្លះ​ខ្ញុំ​អត់​ដឹង »

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្ត​មណ្ឌលគិរី ​លោក អ៊ាង ម៉េងលី សង្កេត​ឃើញ​ថា ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ ជា​ដី​សមូហភាព​ ត្រៀម​ចុះ​បញ្ជី​ប្រើប្រាស់​សមូហភាព​របស់​សហគមន៍។ លោក​ថា ការ​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​របស់​ពលរដ្ឋ​ គឺ​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ​ហើយ​អ្នកភូមិ​ធ្លាប់​ប្ដឹង​ករណី​នេះ ​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ដែរ​ តែ​គ្មាន​លទ្ធផល៖ «អាជ្ញាធរ​គាត់​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ​ត្រូវ​តែ​ការពារ​ដី ​ការពារ​ព្រៃឈើ ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ​ព្រោះ​ពលរដ្ឋ​គាត់​ការពារ​ហ្នឹង​ ការពារ​ដើម្បី​របស់​រដ្ឋ​ ហើយ​គាត់​ហ្នឹង​ទទួល​បាន​សិទ្ធិ​ពីរ​ ដីធ្លី​ និង​ដី​សហគមន៍​តែ​ម្តង​ គាត់​មាន​សិទ្ធិ​ប្រើប្រាស់​ អាស្រ័យផល​អត់​មាន​សិទ្ធិ​ចាត់​ចែង​ទេ។ គាត់​ចាត់​ចែង​ដី​ហ្នឹង ​តែ​សម្រាប់​សមាជិក​សហគមន៍​របស់​គាត់​ទេ ​ប្រើ​ប្រាស់​អាស្រ័យ​ផល​ហ្នឹង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ​ភាគី​ម្ខាង​ទៀត ​បាន​ជំរុញ​ឱ្យ​ក្រុម​ពលរដ្ឋ​ទទួល​យក​សំណង ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ ​ក៏ប៉ុន្តែ​ពលរដ្ឋ ១៤គ្រួសារ​បាន​បដិសេធ ​ព្រោះ​ដី​នៅ​តំបន់​នោះ​ ជា​ដី​ប្រើប្រាស់​សមូហភាព ​ដែល​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច ​ធ្វើ​ចម្ការ​វិល​ជុំ បែប​ប្រពៃណី ​និង​ជំនឿ​សាសនា។ ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​បន្ថែម​ថា លោក ផែង សូរិយា តែង​តែ​ប្រើ​អំណាច​ គំរាម​កំហែង ​និង​ប្រមាថ​ មើល​ងាយ​ជន​ជាតិ​ដើម​ភាគតិច ដើម្បី​ប៉ុនប៉ង​យក​ដី​ទាំង​នោះ ​ប្រើប្រាស់​ជា​សម្បត្តិ​បុគ្គល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។