ពលរដ្ឋ ១៤គ្រួសារ នៅ​ឃុំ​បឹងខ្យាង តវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង ធ្វើ​អន្តរាគមន៍​ករណី​អាជ្ញាធរ​ភូមិ​ឃុំ ឃុបឃិត​គ្នា​លួច​​លក់​ដី​ឲ្យ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍

0:00 / 0:00

ពលរដ្ឋ​ចំនួន ១៤គ្រួសារ រស់​នៅ​ភូមិ​សាលា​តា​ព្រហ្ម ឃុំ​បឹងខ្យាង ​​ដែល​មាន​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន​ឯក​ជន​ឈ្មោះ ហេង​ អភិវឌ្ឍន៍​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង នៃ​ខេត្ត​កណ្ដាល ជួយ​អន្តរាគមន៍ បញ្ចប់​វិវាទ​ដីធ្លី​របស់​ពួក​គេ ក្រោយ​ពលរដ្ឋ​រក​ឃើញ​ឯកសារ​ថា អាជ្ញាធរ​ភូមិ និង​ឃុំ ឃុបឃិត​គ្នា​លួច​លក់​ដី​ពលរដ្ឋ។ អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង​ថា បាន​ទទួល​ញត្តិ​ពលរដ្ឋ​រួច​ហើយ និង​រៀបចំ​ឲ្យ​មាន​ជំនួប ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ តាម​សំណើ​របស់​ពលរដ្ឋ។

តំណាង​ពលរដ្ឋ ១៤គ្រួសារ លោក គួន សំអាត ប្រាប់​ថា ពលរដ្ឋ​បាន​យក​ញត្តិ​ ទៅ​​ពឹង​ពាក់​អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង​ ដោយសារ​ពលរដ្ឋ​រក​ឃើញ​ថា ឯកសារ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍ មាន​ជាប់​ពាក់ព័ន្ធ និង​ចុះ​ហត្ថលេខា ដោយ​អាជ្ញាធរ​ភូមិ និង​ឃុំ ខណៈ​ពលរដ្ឋ​ម្ចាស់​ដី មិន​បាន​ផ្ដិត​មេដៃ​លក់​ដី​ទេ៖ «»

តំណាង​អ្នក​តវ៉ា លោក គួន សំអាត អះអាង​ថា ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ១៤គ្រួសារ មាន​ទំហំ​សរុប ១៥ហិកតារ ៧៥អា ស្ថិត​នៅ​ក្នុង​ភូមិ​សាលា​តា​ព្រហ្ម ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ លោក​រំលឹក​ថា ដី​ជម្លោះ ពី​មុន​ស្ថិត​ក្នុង​រដ្ឋបាល​ឃុំ​ព្រែក​ស្លែង ហើយ​អាជ្ញាធរ​សម័យ​រដ្ឋ​កម្ពុជា នៅ​ឆ្នាំ១៩៨៦ បាន​ចែក​ឲ្យ​ពលរដ្ឋ​ តែ​ក្រោយ​មក ដោយសារ​ទឹក​លិច​ខ្លាំង​ពេក ពលរដ្ឋ​បាន​នាំ​គ្នា​មក​រស់​នៅ​លើ​ទី​ទួល និង​ទុក​ដី​នោះ ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​ឆ្នាំ២០០៧ ក្រុមហ៊ុន​ឯក​ជន បាន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​អាស្រ័យ​ផល​លើ​ដី​នោះ ដោយ​អះអាង​ថា ក្រុមហ៊ុន​បាន​ទិញ​រួច​ហើយ។

តំណាង​ពលរដ្ឋ​រូប​នេះ បន្ថែម​ទៀត​ថា ក្រោយ​មក នៅ​ឆ្នាំ២០០៧ ដដែល ពលរដ្ឋ​បាន​រក​ឃើញ លិខិត​ទិញ​លក់​ដី​នោះ មាន​ស្នាម​មេដៃ​​របស់​ពលរដ្ឋ យល់​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន និង​មាន​ការ​ទទួល​ស្គាល់​ពី​មេ​ភូមិ​សាលា​តា​ព្រហ្ម លោក សួង សំអុល និង​មេឃុំ​បឹង​ខ្យាង លោក ណៃ ចាន់ឌី។ លោក អះអាង​ថា ពលរដ្ឋ​ទាំង ១៤គ្រួសារ មិន​បាន​ដឹង​ករណី​នេះ​ទេ។

អាស៊ី​សេរី មិន​ទាន់​អាច​រក​ប្រភព​សុំ​ការ​បំភ្លឺ ពី​ខាង​មេភូមិ​សាលា​តា​ព្រហ្ម លោក សួង សំអុល និង​មេឃុំ​បឹង​ខ្យាង លោក ណៃ ចាន់ឌី និង​តំណាង​ក្រុមហ៊ុន ហេង​ អភិវឌ្ឍន៍ របស់​អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង បាន​ទេ នៅ​ថ្ងៃ​ទី២៨ មីនា។ ប៉ុន្តែ​អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក បូរ ណារ៉េត ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​សំណើ​របស់​ពលរដ្ឋ​ទាំង ១៤គ្រួសារ​រួច​ហើយ។ លោក​អភិបាល​ស្រុក​អះអាង​ថា ​រដ្ឋបាល​ស្រុក​ នឹង​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ នៅ​សាលា​ស្រុក ឲ្យ​បាន​មុន​ពិធី​ចូល​ឆ្នាំ​ខ្មែរ៖ «»

ជម្លោះ​ដីធ្លី​ រវាង​ពលរដ្ឋ​​នៅ​ស្រុក​កណ្ដាល​ស្ទឹង ជាមួយ ​ក្រុមហ៊ុន​ ហេង ​អភិវឌ្ឍន៍ របស់​អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង កើត​មាន​យូរ​ឆ្នាំ​ហើយ និង​មាន​ច្រើន​ឃុំ ស្ទើរ​ទូទាំង​ស្រុក​កណ្ដាល​ស្ទឹង។ ប៉ុន្តែ​ក្រោយ​ការ​តវ៉ា​ទាមទារ​ច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​ឲ្យ​ដឹង​ថា អាជ្ញាធរ បាន​សម្របសម្រួល និង​ដោះ​ស្រាយ​សំណង​ជា​​គោល​នយោបាយ (ថវិកា) បាន​ច្រើន​កន្លែង​ហើយ បើ​ទោះ​កន្លែង​ខ្លះ​ទទួល​បាន​សំណង​សមរម្យ និង​ខ្លះ​ទៀត មិន​ទាន់​សមរម្យ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា បើ​ដូច​ការ​អះអាង​របស់​ពលរដ្ឋ ភាគី​ពាក់ព័ន្ធ ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន​ ត្រូវ​​​ជជែក និង​រក​ដំណោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​ទាំង​ ១៤គ្រួសារ ចៀសវាង​ការ​ប្ដឹងផ្ដល់ ព្រោះ​នេះ​ជា​​ការ​ក្លែង​បន្លំ​ស្នាម​មេដៃ​ពលរដ្ឋ៖ «»

តំណាង​ពលរដ្ឋ លោក គួន សំអាត ប្រាប់​ថា ពួក​គេ​ចង់​បាន​ដី​​មក​វិញ ប៉ុន្តែ​តាម​បទ​ពិសោធន៍​កន្លង​មក ​​មិន​ដែល​មាន​នរណា​តវ៉ា​បាន​ដី​មក​វិញ​ទេ។ ដូច្នេះ​ស្នើសុំ​ជា​គោល​នយោបាយ​សម​រម្យ ​តាម​ការ​ជជែក​គ្នា ដែល​ពលរដ្ឋ​ ១៤គ្រួសារ អាច​ទទួល​យក​បាន។ បើ​មិន​ដូច្នេះ ពលរដ្ឋ​ព្រមាន​ថា ពួក​គេ​នឹង​បន្ត​ការ​ទាមទារ​ទៅ​សាលាខេត្ត និង​ថ្នាក់​ជាតិ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។