ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ២០០គ្រួសារ​នៅ​ខេត្ត​កោះ​កុង​ នាំគ្នា​រក​ដំណោះស្រាយ​ពី​ក្រសួង​រៀប​ចំ​ដែនដី​ តែ​ក្រសួង​មិន​ដោះ​ស្រាយ​ឲ្យ

0:00 / 0:00

ពលរដ្ឋ​ជាង​ ១៦០​នាក់ ​តំណាង​ឲ្យ​ ១៩៧​គ្រួសារ​ មក​ពីរ​ឃុំ​ចំនួន​ ២​នៃ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី នៅ​រាជធានី​ភ្នំពេញ​ ស្នើ​សុំ​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង​ ហ៊ុយ ​ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ​មក​នេះ។ ការ​ស្នើ​សុំ​នេះ ត្រូវ​បាន​សាមី​ក្រសួង​ ច្រាន​ចោល​ភ្លាម​ៗ ដោយ​មិន​ទទួល​ដោះស្រាយ​ ក្រោម​ហេតុ​ផល​ថា​ពលរដ្ឋ​ទាំង​នោះ គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីសម្បទាន​ដាំដំណាំ​អំពៅ​ទេ។ សង្គម​ស៊ីវិល​យល់ថា ក្រសួង​រៀប​ចំ​ដែនដី​និង​អាជ្ញាធរ​ខេត្ត​កោះកុង គួរ​ចុះ​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​ករណី​​នេះ ឲ្យ​បាន​ច្បាស់លាស់​សិន មុន​នឹង​ឈាន​ដល់​ការ​សម្រេច​មិន​ដោះស្រាយ​ដូច្នេះ។

តំណាង​ពលរដ្ឋ​ លោកស្រី អិន ធូ ​ថ្លែង​ថា មូល​ហេតុ​ដែល​ពួកគាត់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១ កក្កដា គឺ​ដើម្បី​ស្នើ​សុំ​ដំណោះស្រាយ​រឿង​ដីធ្លី​ ពី​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម​ និង​សំណង់​ បន្ទាប់ពី​មិន​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ចេញ​ពី​អាជ្ញាធរ​ខេត្ត​កោះកុង ក្នុង​រយៈ​ពេល​ជាង​២​សប្ដាហ៍​កន្លង​មក​នេះ​។

លោកស្រី អិន ធូ ដែល​មាន​កូន​ក្នុង​បន្ទុក​ ៩​នាក់​ រៀប​រាប់​ថា ជាង ១០​ឆ្នាំ​មក​នេះ ពួកគាត់​រស់​នៅ​ឃុំ​ជី​លើ និង​ឃុំ​ជី​ខ​ក្រោម ធ្លាក់​ខ្លួន​ក្រី​ក្រ អស់​ដី​ធ្លី​ធ្វើ​ស្រែ​ចម្ការ ក្មេង​ៗ​ ភាគច្រើន​បាត់​បង់​ការ​រៀន​សូត្រ ហើយ​គ្រួសារ​ខ្លះ​ត្រូវ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដោយ​សារ​តែ​ក្រុមហ៊ុន​ ហេង ហ៊ុយ អភិវឌ្ឍន៍​ រឹប​អូស​យក​ដី​ពួកគាត់​។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា​ សុផារ៉ា ជួយ​អន្តរាគមន៍​និង​ផ្ដល់​ជា​ដំណោះស្រាយ​សមរម្យ​ដល់​​ពួក​គាត់​​ផង៖ «ខ្ញុំ​សំណូមពរ​ឲ្យ​ឯកឧត្ដម​ ជា សុផារ៉ា ហ្នឹង ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ឲ្យ​បាន២​ហិកតារ លុយ​ ៧ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដើម្បី​យក​បន្ត​អាជីវកម្ម​​ចិញ្ចឹម​​ជីវិត ហើយ​នឹង​​ឲ្យ​​កូន​​បាន​​រៀន​​សូត្រ​​បាន​​ខ្ពង់ខ្ពស់» ។

ក្រុម​ប្រជា​ពលរដ្ឋ​សម្រេច​ធ្វើ​ដំណើរ​វិល​ទៅ​ខេត្ត​កោះកុង​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ បន្ទាប់​ពី​មាន​មន្ត្រី​ក្រសួង​ចេញ​មក​ទទួល​ញត្តិ​ពី​ពួកគាត់​។ ក្រោយ​ពី​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ហើយ ក្រសួង​រៀប​ចំ​ដែន​ដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ​វិញ​ ដោយ​​មិន​ទទួល​ដោះស្រាយ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា ក្រសួង​រៀបចំ​ដែន​ដី ​អះអាង​ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ​ ៩៨៧​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ពួកគេ​ក៏​ទទួល​បាន​ដំណោះស្រាយ​អស់​ហើយ​​ដែរ។ នៅ​ក្នុង​លិខិត​នោះ ក្រសួង​រៀបចំ​ដែនដី ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត​២០០​រយ​គ្រួសារ ​ដែល​នាំ​គ្នា​ឈរ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ​មុខ​ក្រសួង។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី លើក​ឡើង​ថា ក្រសួង​មិន​គួរ​ប្រញាប់​ទាត់​ចោល​សំណើ​របស់​ពលរដ្ឋ​ភ្លាមៗ​បែប​នេះ​ទេ។ លោក មាន ព្រហ្មមុនី បន្ត​ថា ក្រសួង​គួរ​ចាត់​ក្រុម​ការ​ងារ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ចុះ​ស្រាវ​ជ្រាវ​និង​ស៊ើប​អង្កេត​ករណី​វិវាទ​ដីធ្លី​ ឲ្យ​បាន​ច្បាស់​លាស់។

មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា​ក្រសួង​គួរ​ពិចារណា​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ ព្រោះ​ពួក​គាត់​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ ដែល​រង​គ្រោះ​បាត់​បង់​ដីធ្លី​ ដោយសារ​តែ​ការ​ផ្ដល់​ដី​សម្បទាន​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ដែរ៖ «ប្រសិន​បើ​រដ្ឋ​គិត​គូរ​ប្រជា​ពលរដ្ឋ​មែន ប្រជា​ពលរដ្ឋ​គាត់​រងគ្រោះ​ មាន​បញ្ហា​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​គាត់​ហើយ។ បើ​ប្រជា​ពលរដ្ឋ​ទាំង​១៩៧​គ្រួសារ គាត់​ប្រឡំ​ចុះ​ស្រាវជ្រាវ​ និង​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​មើល​ តើ​ពួកគាត់​ហ្នឹង​អត់​មាន​ដី​បាត់​មែន ឬ​យ៉ាង​ណា។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ គាត់​បាត់​បង់​ដីធ្លី​ពិត​ប្រាកដ​មែន បាន​គាត់​ប្រឹង​ឡើង​ទៅ​ទាំង​យប់​រហូត។ ហើយ​កាលណា​ ពួកគាត់​បាត់​បង់​ដីធ្លី ធ្វើ​ឲ្យ​គាត់​កាន់​តែ​ក្រីក្រ​ហើយ។ ការ​ងារ​ក៏​អត់ ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង ក៏​មិន​បាន​ផ្ដល់​ការងារ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី​ទៅ​ទៀត។ ហើយ​សំណង​ថ្លៃ​ខូចខាត នៃ​ការ​ឈូស​ឆាយ​និង​បំផ្លាញ អត់​បាន​សង។ ហើយ​សង​ដោយ​មាន​ការ​លាក់​បាំង គំរាម​កំហែង​គ្នា​ហើយ​ ទៅជា​ព្យាយាម​មិន​ដោះស្រាយ​ទៅ​ជា​រក​វិធានការ​បង្ក្រាប​។ ខ្ញុំ​អត់​ដឹង​ទេ អាហ្នឹង» ។

ក្រៅ​ពី​នេះ លោក មាន ព្រហ្មមុនី ក៏​ស្នើ​ដល់​ក្រសួង​រៀបចំ​ដែនដី​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ពន្លឿន​ដំណើរ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​កន្លែង​ផ្សេង​ទៀត ក្នុង​ខេត្ត​កោះ​កុង ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ និង​រស់​នៅ​ដោយ​​ភាព​ថ្លៃ​ថ្នូរ និង​សុខុម​រមនា។

កាល​ពី​ថ្ងៃ​ទី ២១ មិថុនា ក្រុម​ប្រជាពលរដ្ឋ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​ ហេង ហុយ​ នាំ​គ្នា​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង​ ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​នេះ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ ចាប់​ផ្ដើម​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ពួក​គាត់​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច និង​រង​គំរាម​កំហែង​ផ្សេង​ៗ ពី​សំណាក់​ក្រុមហ៊ុន ​ហេង ហ៊ុយ អស់​ជាច្រើន​ឆ្នាំ​មក​នេះ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា បញ្ហា​ជម្លោះ​ដី នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កើត​ឡើង​ពី​ឆ្នាំ​២០០៩​ ហើយ​បន្ត​អូស​បន្លាយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ឆ្នាំ​២០១០ ពលរដ្ឋ​ចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។ ពួកគាត់ ​អះអាង​ថា បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ហេង ហ៊ុយ​ អភិវឌ្ឍន៍ ជាង​៤​ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ​ កាល​ពី​ឆ្នាំ​២០០៧។ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​ផ្នែក​សិទ្ធិមនុស្ស​នៅ​ខេត្ត​កោះ​កុង ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​មួយ​កន្លែង​នេះ ហាក់​មិន​មាន​សកម្មភាព​ដាំ​អំពៅ​ និង​ផលិត​ស្ករ​ស​នាំ​ចេញ​ទៀត​ទេ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​ចំណាយ​ថវិកា​អស់​៣ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ ​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ម្ដង​ៗ​នៅ​ទី​ក្រុង​ភ្នំពេញ។ ក្រុម​ប្រជា​ពលរដ្ឋ​បញ្ជាក់​ថា​ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ក្នុង​១​សប្ដាហ៍​ទៀត​ ពួកគាត់​នឹង​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី​ជាថ្មី​ទៀត ហើយ​នឹង​មិន​ត្រឡប់​ទៅ​ខេត្ត​វិញ​ទេ លុះ​ត្រាតែ​ទទួល​បាន​ដំណោះស្រាយ​ណាមួយ ​ពី​លោក​ ជា សុផារ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។