ពលរដ្ឋ​ជិត​ ២០០​គ្រួសារ​នាំគ្នា​តវ៉ា​រក​ដំណោះ​ស្រាយ​​ដីធ្លី​ពី​អភិបាល​ខេត្ត​កោះកុង

0:00 / 0:00

ពលរដ្ឋ​ជាង ១៥០នាក់​តំណាង​ឲ្យ​ ១៩៧គ្រួសារ​ មក​ពីរ​ឃុំ​ចំនួន២​ នៃ​ស្រុក​ស្រែ​អំបិល ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​កោះកុង​ ស្នើ​សុំ​ដំណោះស្រាយ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង​ ហ៊ុយ ​ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ​មក​ហើយ។ សង្គម​ស៊ីវិល​យល់​ថា​ អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ គួរ​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ឲ្យ​បាន​ស្មើភាព​គ្នា គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ខេត្ត​កោះកុង ដើម្បី​បញ្ចប់​ការ​ចេញ​តវ៉ា​រឿង​ដីធ្លី​ត​ទៅ​ទៀត។

តំណាង​ពលរដ្ឋ​ លោក ឆាន់ ឈឿន ប្រាប់​អាស៊ី​សេរី​ថា ពួកគាត់​ជិត ២០០គ្រួសារ​សម្រេច​នាំ​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ជា​ថ្មី ក្រោយ​ពី​ដឹង​ថា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​កន្លែង​ផ្សេង​ទៀត ក្នុង​ខេត្ត​កោះកុង បាន​ទទួល​សំណង​សមរម្យ​ពី​អាជ្ញាធរ។ លោក ឆាន់ ឈឿន លើក​ឡើង​ថា​ ដំណោះ​ស្រាយ ​ដែល​ពលរដ្ឋ​ចង់​បាន​គឺ ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​ទីតាំង​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​ ហេង ហ៊ុយ យក​មក​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ និង​រួម​ទាំង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី និង​ផ្ដល់​ប្រាក់​សំណង​ក្នុង​១​គ្រួសារ​ ៧ពាន់​ដុល្លារ​។

តំណាង​ពលរដ្ឋ​រូប​នេះ​ថា ការ​ទាមទារ​សំណង​នេះ ដោយ​សារ​រយៈពេល​ជាង ​១០​ឆ្នាំ​មក​នេះ ​ពួក​គាត់​បាត់​បង់​ដី​ធ្វើ​ស្រែ​ចម្ការ គ្មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​កូន​មិន​បាន​ទៅ​សាលារៀន​ ក្រោយ​ពី​លោក ហេង​ ហ៊ុយ ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ រឹប​អូស​យក​ដី​ធ្លី​ពលរដ្ឋ​ទៅ​ដាំ​អំពៅ៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​ដោះស្រាយ​ និង​ជួយ​សម្រួល​ឲ្យ​ដី​ឲ្យ​ពួក​ខ្ញុំ មួយ​គ្រួសារ​ ២ហិកតារ ហើយ​និង​លុយ​ ៧​ពាន់​ដុល្លារ។ ចង់​បាន​តែ​ប៉ុណ្ណឹង​មក​វិញ» ។

លោក ឆាន់​ ឈឿន ថា សាលាខេត្ត​កោះកុង នឹង​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​វិញ នៅ​ដើម​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ទទួល​ញត្តិ​រួច​រាល់​ នៅ​ថ្ងៃ​ទី​២១ មិថុនា។ កាល​ពី​ថ្ងៃ​ទី២០ មិថុនា​ ប្រជា​ពលរដ្ឋ​នៃ​ឃុំ​ជី​ខ​ក្រោម និង​ឃុំ​ជី​ខ​លើ នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​សាលា​ឃុំ និង​សាលាស្រុក​ស្រែ​អំបិល ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ ក្រោម​ហេតុ​ផល​ថា រឿង​រ៉ាវ​ដីធ្លី​នេះ គឺ​បាន​កើត​ឡើង​ជា​យូរ​ឆ្នាំ​ហើយ។

អភិបាល​ខេត្ត​កោះកុង អ្នក​ស្រី មិថុនា ភូថង ថ្លែង​ថា ខាង​រដ្ឋបាល​ទើបតែ​ទទួល​បាន​ញត្តិ​ពី​ពលរដ្ឋ​នៅ​ថ្ងៃ​ទី២១ មិថុនា​ បន្ទាប់​មក គណៈកម្មការ​ខេត្ត​នឹង​ពិនិត្យ​មើល​សំណើ​ប្រជា​ពលរដ្ឋ​ ដោយ​ផ្អែក​ទៅ​តាម​អង្គហេតុ​ និង​អង្គច្បាប់​នៃ​ជម្លោះ​ដីធ្លី៖ «យើង​នឹង​មើល​អង្គហេតុ​ ព្រោះ​ថា​មាន​រឿង​ច្រើន​ពេក។ យើង​មិន​ទាន់​ពិនិត្យ​នៅ​ឡើយ ហើយ​ការ​ស្រាវជ្រាវ​ត្រូវ​ប្រើ​ពេល​វេលា អាច​ថា​ពេល​វេលា​គួរ​សម​ដែរ មិន​អាច​ថា​យូរ​ឬ​ឆាប់​ទៅ​តាម​អង្គហេតុ​ដែរ។អ៊ីចឹង ! គណៈកម្មការ​ខេត្ត​ គាត់​មិន​ទាន់​បាន​ពិនិត្យ​ដែរ ព្រោះ​យើង​ទទួល​បាន​ថ្ងៃ​ហ្នឹង ហើយ​ថ្ងៃ​សុក្រ​ទៀត។ អ៊ីចឹង​ !​ ចាំ​ពេល​វេលា​បន្តិច» ។

មន្ត្រី​អង្គការ​ លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន ដែល​តាម​ដាន​ជម្លោះ​ដីធ្លី​នេះ ឲ្យ​ដឹង​ថា សំណង​ដែល​ខាង​ក្រុមហ៊ុន​​ផ្ដល់​ឲ្យ​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​ទៅ មាន​អ្នក​ខ្លះ​ទទួល​បាន​ប្រាក់​១០ម៉ឺន​រៀល ៥០ម៉ឺន​រៀល ​ហើយ​ខ្លះ​ទៀត​បាន​ ១លាន​រៀល​ ឬ​ ២លាន​រៀល ទៅតាម​ទំហំ​ដី​ធំ​ ឬ​តូច។ លោក ហួរ​ អ៊ីន​ ថា ​ពលរដ្ឋ​ទទួល​សំណង​នោះ ដោយ​សារ​មាន​ការ​បង្ខិត​បង្ខំ និង​គំរាម​ពី​ខាង​ក្រុមហ៊ុន។ មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​ រូប​នេះ យល់​ថា អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​រៀប​ចំ​ដែន​ដី គួរ​រិះ​រក​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ជូន​ពួក​គាត់​ ដូច​ទៅ​នឹង​ដំណោះ​ស្រាយ​ដែល​ធ្លាប់​បាន​ផ្ដល់​ឲ្យ​ពលរដ្ឋ​នៅ​ទី​តាំង​ផ្សេង​ទៀត ដែល​ទទួល​បាន​ទាំង​ដី​និង​ប្រាក់​សំណង៖ «អ៊ីចឹង ! យើង​ឃើញ​ថា ដើម្បី​ឲ្យ​យុត្តិធម៌​សម្រាប់​អ្នក​មាន​ជម្លោះដីធ្លី​ទាំង​អស់​ គឺ​អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​ខិតខំ​ស្វែង​យល់​ពី​ការ​ពិត តើ​ប្រជា​ពលរដ្ឋ​ហ្នឹង​ បាន​ទទួល​សំណង​ដែរ​ឬ​អត់។ ហើយ​បើ​បាន​ សំណង​ហ្នឹង​ទទួល​បាន​ដោយ​ការ​បង្ខំ​ ឬ​ដោយ​ការ​ពេញ​ចិត្ត ដោយ​ខ្លួន​ឯង។ បើ​សិន​ជា​យើង​ យក​គំរូ​តាម​ដីធ្លី​ដែល​បាន​ដោះ​ហើយ​កន្លង​មក យើង​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ដែល​ទើប​តែ​តវ៉ា​ជាង​ ១៩០​គ្រួសារ​នេះ ពិត​ជា​ទទួល​បាន​យុត្តិធម៌​ដូច​ជា​ប្រជា​ពលរដ្ឋ​ផ្សេងៗ ទៀត​ដែរ» ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អឹគ្រីខាល់ឈើរ គ្រុប (Heng Huy Agriculture Group) បាន​ទេ​ អំពី​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ជិត​ ២០០គ្រួសារ​នេះ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា បញ្ហា​ជម្លោះ​ដី នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កើត​ឡើង​ពី​ឆ្នាំ​២០០៩​ ហើយ​បន្ត​អូស​បន្លាយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ឆ្នាំ២០១០ ពលរដ្ឋ​ចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។ ពលរដ្ឋ​អះអាង​ថា ពួកគាត់​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

តំណាង​ពលរដ្ឋ​ជិត ២០០គ្រួសារ​ បញ្ជាក់​ថា​ពួកគាត់​នឹង​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​កោះកុង នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​តាម​ដាន​សំណើ​ដែល​បាន​ដាក់​រួច​ហើយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។