ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​២១​គ្រួសារ​នៅ​តែ​ចង់​ជួប​ថ្នាក់​ដឹកនាំ​កំពូលៗ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី

ដោយ ជិន ជេដ្ឋា
2016-08-03
Share
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ២០១៦ ៨៥៥ តំណាង​អ្នក​ភូមិ ២១​គ្រួសារ អង្គុយ​តវ៉ា និង​អុជ​ធូប​ដាក់​ទំនាយ​ដល់​អ្នក​រឹប​អូស​យក​ដី​ពួក​គាត់​តាម​អប្បិយ​ជំនឿ ឋិត​នៅ​ភូមិ​អន្សក្ដាម ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ពោធិ៍សាត់ ជាង ២០​គ្រួសារ ចិញ្ចឹម​ចិត្ត​ចង់​ជួប​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពួក​គេ។ អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​នៃ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ធ្លាប់​ព្យាយាម​ចូល​ជួប​អភិបាល​ខេត្ត រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ក្នុង​ពិធី​ដាំ​កូន​ឈើ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំង។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃ​ឈើ បាន​ហៅ​ពិធី​ដាំ​កូន​ឈើ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ឈឺ​ចាប់ និង​ដាច់​បាយ។ ពួក​គេ​ថា អាជ្ញាធរ​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​ដែល​ធ្លាប់​កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨៣ មក​នោះ ទៅ​ធ្វើ​ជា​ព្រៃ​សហគមន៍ ហើយ​បំពាន​ដាំ​កូន​ឈើ​លើ​ដី​នោះ​ទាំង​ក្ដីក្ដាំ​មិន​ទាន់​ចប់។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២១​គ្រួសារ​ដែល​អះអាង​ថា​អាជ្ញាធរ​បាន​រំលោភ​យក​ដី​នៅ​ចំណុច​អន្សក្ដាម គឺ​លោកស្រី ហម រ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ថា ដ្បិត​ពលរដ្ឋ​មិន​សូវ​សង្ឃឹម​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ ដែល​គាត់​ធ្លាប់​ពឹង​ឲ្យ​ជួយ​រក​ខុស​ត្រូវ​កន្លង​មក​នោះ។ លោកស្រី​នៅ​តែ​ចង់​ជួប​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​ប្រាប់​ពី​ទុក្ខ​លំបាក​ដែល​កើត​ចេញ​ពី​រឿង​ដីធ្លី​ដល់​មន្ត្រី​ទាំង​នោះ ប៉ុន្តែ​ត្រូវ​គេ​រារាំង៖ «ចង់​ទៅ​ជួប​គេ​ហ្នឹង​គោល​បំណង​ថា បើ​លោក​ដាំ សូម​លោក​អាជ្ញាធរ​ដោះស្រាយ​ដី​មួយ​កំណាត់​ក្រោម​មក​ឲ្យ​ខ្ញុំ ហើយ​ខាង​លើ លោក​ដាំ​ក៏​ដាំ​ទៅ​ចុះ ព្រោះ​កន្លែង​នេះ​គឺ​ដី​ស្រែ​របស់​ខ្ញុំ។ នេះ​ជា​ឆ្នាំង​បាយ​របស់​ខ្ញុំ​ហើយ។ ចង់​ចូល​ទៅ​និយាយ​នឹង​គេ អត់​ទៅ​បង្ក​បញ្ហា​អ្វី​ទាំងអស់ គ្រាន់​តែ​សុំ​ចូល​ទៅ​សម្ដែង​នូវ​ការ​ពិត​ប្រាប់​គេ តែ​គេ​អត់​ឲ្យ​ខ្ញុំ​ចូល»

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ដីធ្លី លោក ចេង ឡៃ បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ជុំវិញ​បញ្ហា​នេះ​ឡើយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ទូរស័ព្ទ​ចូល​ហើយ តែ​ពុំ​មាន​អ្នក​ទទួល ខណៈ​ដែល​អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ដែរ ហើយ​ជំរុញ​ឲ្យ​អាស៊ីសេរី សាកសួរ​ទៅ​អាជ្ញាធរ​ឃុំ។

មេ​ឃុំ​ស្នាអន្សា លោក មោក កោ ថ្លែង​ថា អាជ្ញាធរ​សម្រេច​ដាំ​កូន​ឈើ​ចំនួន ១​ម៉ឺន​ដើម​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ គឺ​សំអាង​លើ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ សម្រេច​ផ្ដន្ទាទោស​តំណាង​ពលរដ្ឋ​ឈ្មោះ សោម សារាវុត និង​សំអាង​លើ​សហគមន៍​មាន​ប្លង់​រឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៣០០​ហិកតារ។ លោក​ថា អាជ្ញាធរ​នៅ​តែ​រក្សា​ជំហរ​ដោះដូរ​ដី​ជូន​ពលរដ្ឋ​ដែល​មាន​បញ្ហា​ទៅ​ក្រៅ​ដី​សហគមន៍៖ «ដំណោះស្រាយ យើង​ដោះ​អស់​លទ្ធភាព គាត់​អត់​ធ្វើ​តាម​យើង​ផង។ ឥឡូវ​គាត់​ទៅ​កាប់​កូន​ឈើ​ចោល​អី​ណា​ណោះ។ នៅ​ថ្ងៃ​ដាំ​ហ្នឹង​កាប់​អស់​ចូល ១០ ឬ ២០​ដើម​ដែរ។ គាត់​យក​កាំបិត​ពូថៅ​ទៅ​តាម​រក​រឿង​គេ​នៅ​កន្លែង​ដាំ​កាប់​ហ្នឹង​ប៉ុន្មាន​ថ្ងៃ​ហើយ (ពីរ​បី​ថ្ងៃ​មុន​នៅ​កន្លែង​ជីក​រណ្ដៅ​សម្រាប់​ដាំ​កូន​ឈើ

ទោះ​បី​ជា​យ៉ាង​ណា សកម្មជន​ដីធ្លី និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ក្រគរ លោក គុជ វ៉េង យល់​ថា ទង្វើ​របស់​អាជ្ញាធរ គឺ​ចង់​ផ្ចាញ់ផ្ចាល​អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​កាន់​អំណាច ស្រប​ពេល​ដែល​តំណាង​ពលរដ្ឋ លោក សោម សារាវុត ជា​សកម្មជន​បក្ស​ប្រឆាំង។ លោក​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​ព្រៃ​ឈើ ដោយ​តែងតែ​រិះគន់​តវ៉ា​នូវ​ការ​រំលោភ​បំពាន​ព្រៃ​សហគមន៍ ប៉ុន្តែ​ករណី​នេះ ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ជំនួស​ពលរដ្ឋ​ទាំង ២១​គ្រួសារ​ទៅ​វិញ៖ «បើ​គិត​ថា​ចង់​ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​សហគមន៍​ព្រៃ​ឈើ ខ្ញុំ​ក៏​ពេញ​ចិត្ដ​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់​តស៊ូ​កន្លង​មក​ជិត ២០​ឆ្នាំ។ ខ្ញុំ​ស្រឡាញ់​ណាស់​ព្រៃ​សហគមន៍។ ខ្ញុំ​ចង់​បាន​យូរ​ហើយ ស្នើ​ទៅ​រដ្ឋាភិបាល​យូរ​ហើយ ប៉ុន្តែ​កន្លែង​ដែល​មាន​ព្រៃ កន្លែង​ដែល​យើង​ចង់​បាន កន្លែង​ដែល​មិន​មាន​ផល​ប៉ះពាល់​ជា​ដី​របស់​រដ្ឋ បែរ​ជា​មិន​ឲ្យ។ ឥឡូវ​ហ្នឹង​បែរ​ទៅ​ជា​យក​ដី​ប្រជាពលរដ្ឋ។ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​តាម​ដែល​ខ្ញុំ​សង្កេត​មើល ដូចជា​លោក សោម សារាវុត ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​ឃើញ​ថា​ការ​ដាំ គឺ​ជា​ការ​ផ្ចាញ់ផ្ចាល និង​បំបាក់​ស្មារតី​ចំពោះ​អ្នក​ដែល​មិន​ចូល​បក្ស​ជាមួយ»

តំណាង​ពលរដ្ឋ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ក្រគរ លោក សោម សារាវុត កំពុង​រត់​គេច​ខ្លួន​ពី​សាល​ដីកា​តាម​ចាប់​ខ្លួន​របស់​សាលា​ឧទ្ធរណ៍ ខណៈ​មេធាវី​របស់​លោក​បាន​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​តុលាការ​កំពូល បន្ត​ទៀត។ ស្រប​ពេល​គ្នា​នេះ ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ចង់​ឲ្យ​អាជ្ញាធរ​ផ្អាក​ការ​ដាំ​ដុះ ឬ​ធ្វើ​អ្វី​ផ្សេង​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​ដាច់​ស្រេច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល