ពលរដ្ឋ​៥០​គ្រួសារ​នៅ​បាត់ដំបង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ

0:00 / 0:00

ប្រជាពលរដ្ឋ​៥០​គ្រួសារ​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​អូសបន្លាយ​ជាង​១០​ឆ្នាំ​មកនេះ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ និង​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ដើម្បី​រក​យុត្តិធម៌​និង​ប្រគល់​ដី​ឱ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ឡើងវិញ។

ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ ទាំង​៥០​គ្រួសារ នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក កំពុង​ស្នើ​អាជ្ញាធរ​ឱ្យ​ដោះស្រាយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពួកគាត់​ដើម្បី​យក​ដី​នោះ មក​ប្រើប្រាស់​បង្កបង្កើន​ផល​ឡើងវិញ បន្ទាប់ពី​វិវាទ​នេះ​ជាប់​គាំង​រយៈពេល​ជាង​១០​ឆ្នាំ​មិនទាន់​មាន​ដំណោះស្រាយ​សមស្រប​នៅ​ឡើយ។

ពលរដ្ឋ​នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក លោក សេម សារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ឧសភា ថា លោក​អស់ជំនឿ​នឹង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ដែនដី ព្រោះ​ជាង​១០​ឆ្នាំ​មកនេះ​លោក​មិនឃើញ​មាន​មន្ត្រី​ឬ​អាជ្ញាធរ​ណា​ម្នាក់​ការពារ​និង​ធ្វើជា​តំណាង​ចរចា​រក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ឬ​ប្លង់ដី​ឱ្យ​លោក​កាន់កាប់​ដើម្បី​យក​ដី​១២​ហិកតារ​របស់​លោក​មក​ដាំ​ដុះ​បង្ក​បង្កើន​ផល​ឡើងវិញ។ យ៉ាងណា​លោក​បន្ថែម​ថា លោក​និង​ប្រជាពលរដ្ឋ​ក្រោក​មក​សើរើ​វិវាទ​នៅ​ពេល​នេះ​ទាំង​មាន​ភាព​ភ័យខ្លាច ដោយ​ដិតដាម​រូបភាព​នៃ​ការ​បង្ក្រាប​ដោយ​អាវុធ​កាលពី​ឆ្នាំ​ជាង ១០​ឆ្នាំមុន។

លោក សេម សារ៉ា៖ «ដាក់​ដែរ​ដាក់​ពាក្យ​បណ្ដឹង​ដែរ តែ​ដូចជា​អត់​មាន​ប្រសិទ្ធភាព​ទេ។ គ្មាន​អ្នកណា​ដោះស្រាយ​ឱ្យ​ប្រជា​ពលរដ្ឋ ខាង​មេភូមិ មេឃុំ ចៅហ្វាយស្រុក​អី ក៏​មិនបាន​ផ្ដល់​ជា​ទំនុក​ទុកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ទុក​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​លំបាកលំបិន​តែឯង»។

ពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត គឺ​លោក មាស ណូន ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​១៩ ឧសភា ថា សាលាខេត្ត​បាត់ដំបង​បាន​ហៅ​តំណាង​ពលរដ្ឋ​រងគ្រោះ ១០​នាក់ ទៅ​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន ដោយ​មាន​អភិបាល​រង​ខេត្ត​បាត់ដំបង លោក យឹម សៀប ជា​អ្នកសម្របសម្រួល។ លោក​បន្ត​ថា ការ​ចរចា​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ខកចិត្ត​លើស​ដើម ដោយសារ​អភិបាលរង​ខេត្ត​បាត់ដំបង លោក យឹម សៀប និយាយ​ការពារ​ឱ្យ​ក្រុមហ៊ុន​ទៅវិញ។

លោក មាស ណូន៖ «ហើយពី​ម្សិលមិញ​ថ្ងៃទី​១៩ នេះ​កោះហៅ​ទៅ​ប្រជុំ​ម្ដង​ទៀត និយាយ​រឿង​ដដែលៗ ពី​រឿង​លុយ​គោល​នយោបាយ។ ដល់​ហើយ​ពលរដ្ឋ​ម្នាក់​គាត់​ឆ្ងល់ គាត់​ដេញ​សួរ​រឿង​អាជ្ញាប័ណ្ណ​(​ប្លង់ដី​)អ៊ីចឹង​ខាង​អភិបាលរង​ខេត្ត​ហ្នឹង គាត់​ខឹង​រឿង​ដេញដោល​សួរ​រឿង​អាជ្ញាប័ណ្ណ​ហ្នឹង ក៏​ដេញ​គាត់​ចេញពី​បន្ទប់​ប្រជុំ​ហ្នឹង​មក»។

ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​មក​រស់​នៅ និង​អាស្រ័យ​ផល​នៅ​លើ​ដី​នេះ តាំងពី​ឆ្នាំ​២០០០ មក​ម្ល៉េះ ដែល​កាល​នោះ​ពួកគាត់​ភាគច្រើន​ជា​អតីត​ទាហាន​ខ្មែរក្រហម បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ដោយ​ផ្ទាល់​មាត់ ដោយ​ផ្ដល់​ដី​ដែល​ពួកគាត់​រុករាន​ទាំង​អំបាលម៉ាន ធ្វើជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ពួកគាត់​បន្ត​ថា លុះ​មកដល់​ឆ្នាំ​២០១១ ក្រុមហ៊ុន សួន មានសម្បត្តិ ដែល​អះអាង​ថា ខ្លួន​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច បាន​បណ្ដេញ​ប្រជាពលរដ្ឋ ដោយ​ផ្ដល់​សំណង​ឱ្យ​មិន​សមរម្យ។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន សួន មានសម្បត្តិ នៅ​ឆ្នាំ​២០១១ បាន​ឈាន​ទៅ​ដល់​ការប្រើ​អាវុធ ក្រុម​ទាហាន​ប្រមាណ​១០​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​អាកា ៤៧(AK-47) បាញ់រះ​មក​លើ​ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ចំនួន​៣​នាក់​។ ដោយមាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្ដិតមេដៃ​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​។ ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សាលារៀន និង​បង្កើត​រោងចក្រ​សហគ្រាស​ដើម្បី​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​។ ប៉ុន្តែ​ជាក់ស្ដែង​ពលរដ្ឋ​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​បែប​នេះ​នោះ​ទេ និង​ថែមទាំង​យក​ដី​ប្រជាពលរដ្ឋ​ទៅ​ជួល​ឱ្យ​ឈ្មួញកណ្ដាល​ក្នុង​មួយ​ហិកតារ ៣០០​ដុល្លារ​ទៅវិញ។

ដោយ​មិន​បាន​អភិវឌ្ឍ​តាម​ការសន្យា ប្រជាពលរដ្ឋ​បាន​ទាមទារ​យក​ដី​នោះ​បង្កបង្កើនផល​វិញ​ចាប់តាំងពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​ទាំង​ជាង​១​រយ​ហិកតារ​នោះ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​បដិសេធ​ថា ដី​នោះ​នៅតែ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន សួន មានសម្បត្តិ ទើប​បណ្ដាល​ឱ្យ​មាន​ការ​តវ៉ា​ដូច្នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​ទាន់​ដឹង​រឿង​នេះ​លម្អិត​នៅឡើយ​ទេ ដោយ​លោក​ឱ្យទៅ​សួរ​អភិបាល​រង លោក យឹម សៀប វិញ។

លោក សុខ លូ៖ «សួរ​ទៅ​លោក យឹម សៀប ទៅ ព្រោះ​គាត់​ជា​អ្នកសម្របសម្រួល ហើយ​គាត់​អត់​ទាន់​រាយការណ៍​មក​ខ្ញុំ​ផង»។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលរង​ខេត្ត​បាត់ដំបង លោក យឹម សៀប និង​តំណាង​ក្រុមហ៊ុន​សួន មានសម្បត្តិ ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​២០ ឧសភា។

ទាក់ទិន​រឿង​នេះ អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត យល់​ឃើញ​ថា អាជ្ញាធរ​និង​រដ្ឋបាល​ខេត្ត​ដល់​ពេល​ត្រូវ​ចេញ​មុខ​រក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ដោយ​បង្កើត​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លី និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ពួកគាត់​។ លោក​បន្ត​ថា លោក​មើល​មិន​ឃើញ​ពី​ហេតុផល​នៃ​ការ​អូស​បន្លាយ​រឿង​នេះ​ដល់​ទៅ​១២​ឆ្នាំ ខណៈ​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​តាម​ការសន្យា​របស់​ខ្លួន​ទាល់តែ​សោះ។

លោក អ៊ិន គង់ជិត៖ «ហើយ​បើ​ក្រុមហ៊ុន​ចង់បាន​ដី​អាជ្ញាធរ​ខេត្ត​គួរតែ​រក​ដី​នៅ​កន្លែង​ផ្សេង​ឱ្យ​ក្រុមហ៊ុន​ទៅជា​ការ​ល្អ​ប្រសើរ ព្រោះ​អី​ប្រជាពលរដ្ឋ​ជា​កសិករ​គាត់​ចង់បាន​ដី​បង្កបង្កើនផល​ដាំ​ដំណាំ។ ហើយ​បើ​គាត់​អត់​មាន​ដី​បង្ក​បង្កើន​ផល មានតែ​គាត់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ហើយ​តាំង​បន្ទោស​ពួកគាត់​ថា មិន​ធ្វើ​ការងារ​នៅក្នុង​ស្រុក»។

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៥០​គ្រួសារ​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​បញ្ហា​ពួកគាត់ ដោយសារ​ពួកគាត់​អស់ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន ដែល​គ្មាន​លទ្ធភាព​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​បាន ចំណែកឯ​អាជ្ញាធរ​ថ្នាក់​ខេត្ត ហាក់​មាន​ភាព​លម្អៀង​ទៅ​រក​ក្រុមហ៊ុន និង​បាន​គំរាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ា​រឿង​នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។