អ្នក​តវ៉ា​ដីធ្លី​៨​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​រឿង​តវ៉ា​បិទ​ផ្លូវ

0:00 / 0:00

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សម្រេច​បញ្ជូន​អ្នក​តវ៉ា​ដីធ្លី ៨​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ​៤ បណ្ដាល​ឱ្យ​ផ្ទះ​អំពើ​ហិង្សា​នោះ​ទៅ​តុលាការ ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។ អ្នក​មាន​ជម្លោះដីធ្លី និង​សង្គម​ស៊ីវិល ស្នើសុំ​ឱ្យ​អាជ្ញាធរ​យោគយល់​ដោះលែង​ពលរដ្ឋ​ទាំង​៨​នាក់​នោះ​វិញ កុំ​ឱ្យ​ពួកគេ​បាត់បង់​ផ្ទះសម្បែង​ហើយ​ថែមទាំង​ត្រូវ​ជាប់គុក​ទៀត។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែងប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​មិន​អាច​ដោះ លែង​ពលរដ្ឋ​ទាំង​៨​នាក់​នោះ​បាន​ទេ ហើយ​អាជ្ញាធរ​នឹង​បញ្ជូន​ពលរដ្ឋ​ទាំង​៨​នាក់​នោះ ទៅ​តុលាការ ក្រោយ​ឃាត់ខ្លួន​អស់​រយៈពេល ៤៨​ម៉ោង។ លោក​អះអាង​ថា ការ​ឃាត់​នេះ មិនមែន​ដោយសារតែ​ពលរដ្ឋ​ទាំងនេះ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​រឿង​ដីធ្លី​នោះ​ទេ ប៉ុន្តែ​ដោយសារ ពួកគេ​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៤​បណ្ដាល​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​ធ្វើ​ដំណើរ ហើយ​ហ៊ាន​ប្រើ​អំពើ​ហិង្សា​លើ​កម្លាំង​សមត្ថកិច្ច​ដែល​បំពេញ​តួនាទី​សម្រួល​ចរាចរណ៍​ថែម​ទៀត « ខ្ញុំ​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​ច្បាប់​គឺជា​អ្នកការពារ​ជន​ស្លូតត្រង់​និង​អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​ហើយ សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង និង​ប្រព្រឹត្ត​ខុស​ពី​ផ្លូវច្បាប់ គឺ​ច្បាប់​អ្នក​កំណត់។ អ៊ីចឹងទេ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ឱ្យ​បាន​ល្អ »

កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ពលរដ្ឋ​ជាង​១​រយ​នាក់ នាំគ្នា យក​ដើមឈើ និង​ដុំ​ថ្ម​ដាក់​បិទ​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​ព្រៃនប់ ដើម្បី​តវ៉ា​សុំ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី ក្រោយពី​អាជ្ញាធរ​ចុះ​រុះរើ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៦០០ ខ្នង​និង​បណ្ដេញ​ពួកគាត់​ចេញ។ សកម្មភាព​តវ៉ា​នេះ បាន​បណ្ដាល​ឱ្យ​ស្ទុះ​ចរាចរណ៍ និង​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ខណៈ​ដែល​សមត្ថកិច្ច​ព្យាយាម​បញ្ឈប់ សកម្មភាព​តវ៉ា​បិទ​ផ្លូវ​របស់​ពលរដ្ឋ។

អ្នកមាន​ជម្លោះដីធ្លី​មួយ​រូប​គឺ​អ្នកស្រី សេង សភី ស្នើសុំ​ឱ្យ​អាជ្ញាធរ​យោគយល់​ដោះលែង​ពលរដ្ឋ​ទាំង ៨​នាក់​នោះ​វិញ ព្រោះ​ពលរដ្ឋ​ទាំងនេះ សុទ្ធ​តែ​ជា​អ្នក​ក្រីក្រ។ ម្យ៉ាងទៀត ការ​តវ៉ា​បិទ​ផ្លូវ ក៏​ដោយសារតែ អាជ្ញាធរ​រុះរើ​ផ្ទះ​ពលរដ្ឋ​ខ្ទេចខ្ទី​គ្មាន​សល់​ហើយ​សមត្ថកិច្ច​ក៏​បង្ក​ហិង្សា​ដាក់​ពលរដ្ឋ​ដែរ៖ « សូម​អាជ្ញាធរ​ជួយ​ដោះលែង​ពលរដ្ឋ​ដែល​បាន​ចាប់​នោះ​ទៅ ព្រោះ​អី​ពួកគាត់​ពិតជា​អត់​មែន ហើយ​គិត​មិន​បាន​ច្រើន »

រីឯ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន ប្រសាសន៍​ថា សមាគម​របស់​អ្នកស្រី នឹង​ពិចារណា​ផ្ដល់​មេធាវី​ជូន​ពលរដ្ឋ ប៉ុន្តែ​អ្នកស្រី​នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​យោគយល់ និង​អធ្យាស្រ័យ​ចំ​ពោះ​ពលរដ្ឋ​ទាំងនោះ ព្រោះ​ពួកគេ​ផ្ទុះ​កំហឹង ដោយសារ​បាត់បង់​ផ្ទះ​សម្បែង គ្មាន​ទីលំនៅ​តទៅទៀត៖ « ការ​ប្រឈម​ដាក់គ្នា វា​មាន​ទៅ​មាន​មក​អ៊ីចឹង​ហើយ ហើយ​អ្នក​ដែល​គប់​នោះ​មិន​ប្រាកដ​ថា អ្នក​៦​នាក់​នោះ​ទេ ។​ខ្ញុំ​បាន​ស្ដាប់​ប្រសាសន៍​លោក ជួន ណារិន្ទ ដែរ ប៉ុន្តែ​តាមពិត​ការ​គប់​ដុំ​ថ្ម​នោះ​មិនមែន​ពេល​បិទ​ផ្លូវ​ទេ គឺ​នៅ​ពេល​ពលរដ្ឋ​សម្រុកចូល​ទៅ​ក្នុង ហើ​អាជ្ញាធរ​និង​ប្រជា​ការពារ រារាំង និង​បាន​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ដែល​ធ្វើ​ជ្រួលច្របល់។ ពលរដ្ឋ នាំគ្នា​រំដោះ​អ្នក​ដែល​គេ​ចាប់​នោះ និង​ដកថយ។ បន្ទាប់​មក ពលរដ្ឋ​បបួលគ្នា​សម្រុកចូល​ទៅ​ក្នុង​ម្តង​ទៀត ហើយ​សមត្ថកិច្ច​នៅតែ​រារាំង​មិន​ឱ្យ​ចូល ដូច្នេះ​ហើយ​មាន​អ្នក​ផ្សេង ទៀត​គប់​ដុំ​ថ្ម ប៉ុន្តែ​មិនមែន​គប់​ស្រោច​អី​ទេ »

អ្នកស្រី ជៀប សុធារី សម្ដែង​ការ​ព្រួយបារម្ភ​ថា ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ អាច​នឹង​កើតឡើង​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត ដោយសារតែ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ របស់​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​កាន់តែ​ឡើង​ខ្ពស់។ អ្នកស្រី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខិតខំ​ដោះ ស្រាយ​វិបត្តិ​ដីធ្លី​នេះ​ដោយ​ប្រុងប្រយ័ត្ន​និង​អនុវត្ត​តាមច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ជៀសវាង​កុំ​ឱ្យ​កើត​មាន​ប្រើ​អំពើ​ហិង្សា និង​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ ព្រោះ​ករណី​នេះ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។