ចៅ​អធិការ​វត្ត​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​បាន​រំលោភ​យក​ដី​ពលរដ្ឋ

ដោយ ជិន ជេដ្ឋា
2017.03.25
ជម្លោះ​ដី​វត្ត កំពង់ឆ្នាំង ៨៥៥ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​វត្ត ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង ឈ្មោះ ជា ស៊ុនលី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ចោទ​ចៅ​អធិការ​វត្ត​បឹងខ្នារ ថា​បាន​ដឹកនាំ​នេនៗ​កាប់​បំផ្លាញ​ផល​ដំណាំ និង​របង​ចម្ការ​របស់​គាត់​ចោល​ដើម្បី​ធ្វើ​របង និង​ចាក់​ដី​ថ្មី​រំលោភ​យក​ដី​គាត់​ទំហំ​ជិត ១​ហិកតារ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​វត្ត។ ចៅអធិការ​វត្ត​បឹងខ្នារ អះអាង​ថា ដី​ដែល​លោក​កំពុង​ឈូស​ឆាយ និង​ចាក់​នោះ​គឺ​ជា​ដី​របស់​វត្ត។

ស្ត្រី​វ័យ​ជរា​ម្នាក់​បាន​ឲ្យ​កូន​ស្រី​ដឹក​តាម​ម៉ូតូ​ស្វែង​រក​អ្នក​ច្បាប់ ឬ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ដើម្បី​ប្រឹក្សា​ផ្លូវ​ច្បាប់ នៅ​គ្រា​ដែល​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ជុំវិញ​រឿង​នេះ​ទៅ​អភិបាល​ខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច។ ការ​ស្វះស្វែង​យ៉ាង​តក់ក្រហល់​នេះ ដោយសារ​ចៅ​អធិការ​វត្ត​ព្រះនាម នួន ស៊ីណាត់ នៅ​បន្ត​បញ្ជា​ឲ្យ​ត្រាក់ទ័រ​ឈូស​រំលំ​ដើម​ត្នោត​លើ​ដី​របស់​គាត់។

លោកស្រី ជា ស៊ុនលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ថា តាំង​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៧ ដែល​បញ្ហា​បាន​កើត​ឡើង គ្រួសារ​លោកស្រី​បាន​រត់​ទៅ​ពឹង​មេ​ឃុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ ជួយ​អន្តរាគមន៍ ប៉ុន្តែ​គេ​ថា​គ្មាន​លទ្ធភាព។ ក្រោយ​មក​លោកស្រី​បាន​ប្ដឹង​ដល់​អាជ្ញាធរ​ស្រុក ទើប​អភិបាល​ស្រុក​ចុះ​អន្តរាគមន៍​ឲ្យ​ភាគី​ចៅ​អធិការ​វត្ត​ផ្អាក​​រង់ចាំ​ការ​ដោះស្រាយ ប៉ុន្តែ​លោក​នៅ​តែ​ធ្វើ៖ «ដី​ជាប់​មាត់​បឹង នៅ​ពី​ខាង​កើត​វត្ដ​ត្រូវ​លោក​ហ្នឹង​មក​រំលោភ​បំពាន​ខ្ញុំ ហើយ​កាប់​កូន​ឈើ ដក​របង​វត្ដ​ដុត​ចោល​ទៀត។  (ជិន ជេដ្ឋា៖ ដក​របង​វត្ដ ឬ​ដក​របង​របស់​អ៊ំ?) ដក​របង​វត្ត ព្រោះ​របង​ខ្ញុំ​ធ្វើ​ជាប់​វត្ត។ (ជិន ជេដ្ឋា៖ ការ​ពិត​ដី​ហ្នឹង​អ៊ំ​កាន់កាប់​ប៉ុន្មាន​ឆ្នាំ​ហើយ?) កាន់​តាំង​ពី​ឆ្នាំ​១៩៧៩ មក ហើយ​ជា​មរតក​របស់​ដូនតា​ខ្ញុំ​ទៀត។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង តើ​អ្នក​បំពាន​មក​លើ​ខ្ញុំ​ត្រូវ​ជា​យ៉ាង​ម៉េច​ទៅ​វិញ? កាប់​បំផ្លាញ​របស់​ខ្ញុំ​អស់ ហើយ​ច្បាប់​ថា​ម៉េច?»

ឆ្លើយ​តប​បញ្ហា​នេះ ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាត់ មាន​ថេរដីកា​យ៉ាង​ខ្លី​មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ​ថា ព្រះអង្គ​ធ្វើ​របង និង​ចាក់​ដី​លើ​ដី​របស់​វត្ត​ប៉ុណ្ណោះ មិន​បាន​ប៉ះពាល់​ដី​ពុទ្ធបរិស័ទ​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុន្នី ថ្លែង​ថា ខាង​លោក​នឹង​ប្រឹក្សា​ផ្លូវ​ច្បាប់​ជូន​ភាគី​ពលរដ្ឋ​នៅ​ដើម​ខែ​មេសា ខាង​មុខ ហើយ​លោក​នឹង​ចុះ​អង្កេត​ករណី​នេះ​ជាក់ស្ដែង។ លោក​ថា បើ​ភាគី​ចៅ​អធិការ​វត្ត​បាន​រំលោភ​យក​ដី​ពុទ្ធបរិស័ទ​ដូច​ការ​ចោទ​ប្រកាន់​មែន​នឹង​ធ្វើ​ឲ្យ​ពុទ្ធ​បរិស័ទ​អស់​ជំនឿ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​នោះ​ទៀត និង​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​ឯកជន៖ «ខាង​ពុទ្ធសាសនា​មាន​តែ​ធ្វើ​បុណ្យ មេត្តា ករុណា មុទិតា ឧបេក្ខា មាន​ន័យ​ថា ត្រូវ​បាន​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ អាណិត​អាសូរ​ពុទ្ធបរិស័ទ មិន​អាច​យក​ដី​ពលរដ្ឋ​ទេ មាន​តែ​ឲ្យ​ទៅ​វិញ ឲ្យ​ទៅ​ពលរដ្ឋ​ក្រីក្រ​វិញ បាន​ន័យ​ថា ប្រោស​សត្វ​លោក​នោះ​ឯង»

កំណត់​ហេតុ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ របស់​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បង្ហាញ​ថា ស្ថានភាព​ដី​ជាក់​ស្ដែង​ជា​ប្រភេទ​ដី​ចំណី​បឹង ហើយ​ភាគី​ទាំង​សងខាង​សុទ្ធតែ​អះអាង​ថា ជា​ដី​របស់​ខ្លួន។ នៅ​ក្នុង​កំណត់ហេតុ​ដែល​មាន​ការ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ដោយ​ភាគី​ជម្លោះ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ផង បាន​ស្នើ​ឲ្យ​ភាគី​ទាំង​ពី​អនុវត្ត​បី​ចំណុច។

ការ​ស្នើ​សុំ​ឲ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​នោះ គឺ​ទី​១ គ្រូ​ចៅអធិការ​ត្រូវ​បញ្ឈប់​ការ​កាប់​រាន និង​ចាក់​ដី​លើ​ទីតាំង​លោកស្រី ស៊ុនលី អះអាង​ថា ជា​ដី​របស់​គាត់​ជា​បណ្ដោះអាសន្ន។ ចំពោះ​ទីតាំង​ផ្សេង​លោក​អាច​ដាក់​ដី​សម្អាត​វត្ត​បាន។ ទី​២ ភាគី​ទាំង​ពីរ​អាច​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់ ឬ​ប្ដឹង​ទៅ​តុលាការ។ ទី​៣ សូម​ឲ្យ​មាន​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​ជា​ថវិកា​ដែល​ជា​ការ​ប្រសើរ​ជាង​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។