ចៅក្រមលើកពេល​សវនាការ​ក្រុម​ស្ត្រី​មាន​ជម្លោះ​ដីធ្លី ជា​មួយ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា

0:00 / 0:00

ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​ក្រុម​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់ និង​បុរី​កីឡា តាម​សំណើ​សុំ​របស់​មេធាវី​ការពារ​ចុង​ចោទ។ ក្រុម​ស្ត្រី​នៅ​សហគមន៍​ជម្លោះ​ដី​ធ្លី​បឹង​កក់ និង​បុរី​កីឡា​ប្ដេជ្ញា​ថា បើ​ទោះ​ជា​រង​ពាក្យ​បណ្ដឹង ប៉ុន្ដែ​ពួក​គេ​មិន​ភ័យ​តក់​ស្លុត​ទេ និង​បន្ដ​តវ៉ា​មុខ​ភូមិគ្រឹះ​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីមិច (PHANIMEX) អ្នកស្រី ស៊ុយ សុផាន បន្ដ​ទៀត។

ពលរដ្ឋមានជម្លោះដីធ្លីនៅ​សហគមន៍​បុរី​កីឡា អ្នកស្រី ភោគ សុភីន ឲ្យ​ដឹង​ថា មេធាវី​ការពារ​ក្ដី​អ្នក​ទាំង​៣ បាន​ស្នើសុំ​ឲ្យ​លើក​ពេល​សវនាការ ដោយសារ​តែ​មេធាវី​មិន​ទាន់​បាន​សិក្សា​ច្បាស់ លើ​ករណី​នេះ។ បើ​ទោះ​ជា​បែប​ណា​ក្ដី អ្នកស្រី ភោគ សុភីន អះអាង​ថា មិន​បាន​គំរាមកំហែង ឬ​ប្រព្រឹត្ត​បទ​ល្មើស​ដឹក​នាំ​ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ទៅ​បំផ្លាញ​របង​ភូមិគ្រឹះ​របស់​អ្នកស្រី ស៊ុយ សុផាន ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «ខ្ញុំ​នៅ​តែ​ទៅ​តវ៉ា ខ្ញុំ​នៅ​តែ​ទាមទារ​ដរាប ណា​បាន​ដំណោះ​ស្រាយ បាន​ខ្ញុំ​ឈប់ ហើយ​កុំ​ចោទ​ខ្ញុំ​ថា ខ្ញុំ​ប្រមូល​ផ្តុំ​អ្នក​បឹង​កក់ កុំ​លាប​ពណ៌​ពួក​ខ្ញុំ អ្នក​បឹង​កក់​បដិវត្តន៍​ពណ៌​ខ្ញុំ​មិន​មែន​បដិវត្តន៍​ពណ៌ មិន​មែន​ទម្លាក់​រដ្ឋាភិបាល​អី​ទេ។ កុំ​មក​លាប​ពណ៌​ខ្ញុំ​សព្វ​បែប​សព្វ​យ៉ាង​អ៊ីចឹង។ ខ្ញុំ​មិន​មែន​ជា​អ្នក​ចេះ​ដឹង​អ្វី​នោះ​ទេ។ ខ្ញុំ​ចេះ​តែ​អក្សរ​ខ្មែរ​សរសេរ​មិន​ត្រូវ​ផង។ កុំ​ដាក់​បន្ទុក​ខ្ញុំ ហើយ​កុំ​ថា ខ្ញុំ​ទៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន់ ទៅ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់ គ្មាន​ទេ គ្មាន​ធ្វើ​ស្អី​ទេ គ្មាន​ធ្វើ​អ្វី​កើត​ទេ មាន​តែ​គាត់​ទេ ពេល​ពួក​ខ្ញុំ​ទៅ​តវ៉ា​ទាមទារ មាន​តែ​បើក​ទឹក​បង្ហូរ​ដាក់​ពួក​ខ្ញុំ​ទុយោ​ប៉ុន​ភ្លៅ​មិន​ឲ្យ​អង្គុយ​កើត​ផង។ មិន​តែ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​លែង​ឆ្កែ​ចេញ​មក បង្ហូរ​ទឹក​ពេញ​មុខ​ផ្ទះ​ពួក​ខ្ញុំ​អង្គុយ​មិន​បាន​ផង»។

ពលរដ្ឋរងបណ្ដឹងពីអ្នកស្រី ស៊ុយ សុផាន មាន ៣រូប ក្នុង​សហគមន៍​បុរី​កីឡា និង​បឹង​កក់ គឺ​អ្នកស្រី ភោគ សុភីន កញ្ញា អ៊ឺម ស្រីទូច និងអ្នកស្រី ស៊ា ណារ៉េត។

ស្ត្រីមាន​ជម្លោះ​ដីធ្លី​ទាំង ៣រូប ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីមិច អ្នកស្រី ស៊ុយ សុផាន ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ពី​បទថា បាន​គំរាម​កំហែង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ពាក្យ​បណ្ដឹង​របស់​អ្នកស្រី ស៊ុយ សុផាន ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​ស្ត្រី​ទាំង​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​វាយ​គម្រប​ឆ្នាំង ចាន លើក​បដា ស្រែក​តវ៉ា នៅ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន ក្នុង​ខណ្ឌ​ទួល​គោក ដើម្បី​ទាមទារ​សុំ​ជួប​អ្នកស្រី ស៊ុយ សុផាន សុំ​រក​ដំណោះ​ស្រាយ​ករណី​ដី និង​ផ្ទះ​របស់​ពួក​គេ រង​ការ​ឈូស​បំផ្លាញ និង​បច្ចុប្បន្ន​ដី​មាន​ជម្លោះ​នៅ​តំបន់​បុរីកីឡា ក្រុមហ៊ុន​ចិន​កំពុង​បុក​គ្រឹះ​ធ្វើ​អគារ។

នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ វិច្ឆិកា​នេះ ក្រុម​ស្ត្រីនៃ​សហគមន៍​បឹង​កក់ និង​បុរី​កីឡា បាន​នាំ​គ្នា​តវ៉ា និង​ទាមទារ​ឲ្យ​ចៅក្រម​ទម្លាក់​បទ​ចោទ​លើ ក្រុម​ស្ត្រី​ទាំង៣ ដោយ​អះអាង​ថា ពួក​គេ​មិន​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីមិច ទេ គឺ​មាន​តែ​ខាង​ក្រុមហ៊ុន ផានអ៊ីមិច យក​គ្រឿង​ចក្រ​ទៅ​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់៖ «អ្នក​មាន​លុយ​មាន​អំណាច ...​ សាមគ្គី​គ្នា​នាំ​គ្នា​មក​ប្លន់​ដី​ប្រជា​ពលរដ្ឋ ដើម្បី​ធ្វើ​បាប​អ្នក​ក្រ ធ្វើ​បាប​អ្នក​ទន់​ខ្សោយ​តុលាការ​បក្ស​ពួក​និយម​បម្រើ​តែ​អ្នក​មាន​អំណាច ... តុលាការ​ពុករលួយ! តុលាការ​រាល់​ថ្ងៃ​នេះ​បម្រើ​តែ​អ្នក​មាន​អំណាច​បក្ស​ពួក តើ​មែន​អត់ ?»។

កាលពីថ្ងៃទី២០ ខែមីនា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា គឺ​អ្នកស្រី ភោគ សុភីន ធ្លាប់​ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ខេមរិន្ទ បាន​ចេញ​លិខិត​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន នៅ​ក្រសួង​មហាផ្ទៃ​ម្ដង​រួច​ហើយ ទាក់ទង​នឹង​សកម្មភាព​ក្រុម​ស្ត្រី​មាន​ជម្លោះ​ដីធ្លី នាំ​គ្នា​ទៅ​តវ៉ា ទាមទារ​រក​ដំណោះ​ស្រាយ នៅ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន។ អ្នកស្រី ភោគ សុភីន អះអាង​ថា កាល​នោះ គឺ​មន្ត្រី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ម្នាក់ ​មិន​ព្រម​ប្រាប់​ឈ្មោះ​ទេ តែ​បាន​ព្រមាន​ចាប់​ឃុំ​ខ្លួន​អ្នកស្រី បើ​នៅ​បន្ត​ការ​តវ៉ា​ស្វែងរក​ដំណោះ​ស្រាយ​នៅ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន បន្ដ​ទៀត។

ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា កើត​ឡើង​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ​បាន​ប្រគល់​ដី​តំបន់​នោះ ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ឈ្មោះ ផាន អ៊ីម៉ិច របស់ អ្នកស្រី ស៊ុយ សុផាន ធ្វើ​ការ​អភិវឌ្ឍន៍​ និង​សាង​សង់​អគារ​ជា​ច្រើន​ខ្នង។ ប៉ុន្ដែ​ក្រោយ​សាងសង់​អគារ​បាន​ចំនួន ៨ខ្នង ក្រុមហ៊ុន​ ផានអ៊ីមិច បាន​ប្រកាស​ថា ក្ស័យធន មិន​អាច​បន្ដ​គម្រោង​បាន។ ចំណែក​ដី និង​ផ្ទះ​របស់​ពលរដ្ឋ​នៅ​បុរី​កីឡា ត្រូវ​បាន​ក្រុមហ៊ុន ​ផានអ៊ីមិច និង​អាជ្ញាធរ​ខណ្ឌ ៧មករា ឈូស​កម្ទេច​ចោល និង​បណ្ដេញ​ចេញ​ទាំង​បង្ខំ តាំង​ពី​ថ្ងៃ​ទី៣ មករា ឆ្នាំ២០១២ មក។

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី​ម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច អ្នកស្រី ស៊ុយ សុផាន បាន​ទេ នៅ​ថ្ងៃ​ទី១ វិច្ឆិកា។

អ្នកការពារ​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក លោក យី សុខសាន្ដ យល់​ថា ខាង​ភាគី​ក្រុមហ៊ុន មិន​គួរ​ប្រើប្រាស់​ផ្លូវ​តុលាការ​ជំនួស​ការ​ចរចា​រក​ដំណោះ​ស្រាយ​បញ្ចប់​រឿង​ទេ។ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​របប​ក្រុង​ភ្នំពេញ ហាក់​បាន​ដោះ​ស្រាយ​ជិត​ចប់​ហើយ នៅ​សល់​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ដូច្នេះ​គួរ​ដោះ​ស្រាយ​បញ្ចប់ ហើយ​ពលរដ្ឋ​ទាំង​នោះ នឹង​មិន​ទៅ​អាច​ទៅ​តវ៉ា​ទាមទារ​នៅ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន ទៀត​ទេ៖ «បើសិន​ជា​ក្រុមហ៊ុន​អ្នកស្រី ស៊ុយ សុផាន់ មិន​បាន​ប៉ះពាល់​ដី​ប្រជា​ពលរដ្ឋ​នោះ ពួក​គាត់​ក៏​មិន​ទៅ​រក​ដំណោះ​ស្រាយ​ពី​គាត់​ដែរ។ ដោយសារ​អ្នកស្រី ស៊ុយ សុផាន មាន​ការ​ពាក់ព័ន្ធ​ហ្នឹង​ហើយ បាន​ពួក​គាត់​ទៅ»។

ចំណែកអ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត វិញ ហៅ​ការ​ប្ដឹង​ក្រុម​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​ទៅ​តុលាការ ដោយសារ​តែ​ការ​តវ៉ា​ទាមទារ​​រក​ដំណោះ​ស្រាយ ជា​រូបភាព​នៃ​ការ​គំរាមកំហែង​អ្នក​មាន​ជម្លោះ​ដីធ្លី ដោយ​ប្រើប្រាស់​ផ្លូវ​តុលាការ។ ក្រុម​ស្ត្រី​នៃ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​បឹង​កក់ និង​បុរី​កីឡា អះអាង​ថា ពួក​គេ​ចងក្រង​គ្នា ដើម្បី​ជួយ​គ្នា ក្នុង​ការ​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី ហើយ​ពួក​គេ នឹង​នៅ​តែ​បន្ដ​សកម្មភាព​ទៅ​វាយ​ឆ្នាំង ស្រែក​តវ៉ា​ទាមទារ​រក​ដំណោះ​ស្រាយ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន បន្ដ​ទៀត លុះ​ត្រា​ទទួល​បាន​ដំណោះ​ស្រាយ​ដីធ្លី​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។