ក្រុមពលរដ្ឋបុរីឡាកីឡាព្រួយបារម្ភថា ពួកគេនឹងប្រឈមការបណ្តេញចេញជាថ្មីទៀត ដោយសារតែពួកគេសង្កេតឃើញមានគ្រឿងចក្រជាច្រើនកំពុងធ្វើសកម្មភាពឈូសឆាយដីជិតកន្លែងពួកគេរស់នៅ។
ប្រជាហគមន៍បុរីកីឡាបាននាំគ្នាមកជួបជុំនៅក្នុងសហគមន៍នេះដើម្បីរិះរកមធ្យោបាយបង្ការព្រោះពួកគេខ្លាចមានបណ្តេញចេញម្តងទៀតនៅពេលនេះ។ ការបង្ហាញគ្រឿងចក្រនៅតំបន់បុរីកីឡាបែបនេះនៅគ្រាដែលអភិបាលខណ្ឌ៧មករា លឹម សុភា នៅតែហៅពលរដ្ឋបុរីកីឡាឲ្យទទួលសំណងលុយប្រាំពាន់ដុល្លារ និងផ្ទះនៅភូមិអណ្តូងជាយក្រុងភ្នំពេញ។ ថ្ងៃទី១៩ កញ្ញា លោកអភិបាលខណ្ឌបានកោះហៅពលរដ្ឋបីគ្រួសារបន្ថែមទៀតក្នុងចំណោម៧គ្រួសារដែលមិនទាន់យល់ព្រមទទួលសំណងឲ្យចូលជួបលោក។
ពលរដ្ឋបុរីកីឡាម្នាក់លោកស្រី សោម សុម៉ាលី ដែលបានចូលជួបអភិបាលខណ្ឌ៧ មករា ឲ្យអាស៊ីសេរីដឹងថា លោកអភិបាលខណ្ឌប្រាប់ថា គណៈកម្មការរបស់សាលាក្រុងភ្នំពេញបានវាយតម្លៃថា លោកស្រីបានត្រឹមតែសំណងលុយប្រាំពាន់ដុល្លារ និងផ្ទះនៅភូមិអណ្តូងជាយក្រុងភ្នំពេញ។លោកស្រីអះអាងថា ទាំងលោកស្រី និងអ្នកភូមិផ្សេងទៀត មិនព្រមទទួលយកសំណងបែបនេះឡើយ។ លោកស្រីបន្តទៀតថា នៅពេលលោកស្រីប្រកាសបែបនេះលោកអភិបាលខណ្ឌបានព្រមានលោកស្រីថា លោកស្រីអាចប្រឈមមុខផ្លូវច្បាប់ បើមិនព្រមទទួលយកសំណង៖ «គាត់ ( អភិបាលខណ្ឌ ) ថា ឥឡូវដូចចេះដឹងច្រើនណាស់ និយាយផូងៗ អត់មានអីខ្លាចសោះ។ ខ្ញុំឆ្លើយវិញថា ខ្ញុំមានអីខ្លាចទៀត គេរំលោភសិទ្ធិខ្ញុំគេមិនខ្លាចផង»។
ពលរដ្ឋសង្កេតឃើញថា ក្រោយរបបភ្នំពេញរៀបចំរបបថ្មីរបស់ខ្លួនត្រឹមត្រូវរួចហើយ ពួកគេកំពុងប្រើវិធានការបង្ខំឲ្យពលរដ្ឋទទួលសំណង ដែលជាសំណងក្រុមពលរដ្ឋមិនអាចទទួលយកបាន។ នេះជាលើកទី២ ហើយ ដែលអភិបាលខណ្ឌ៧ មករា ឲ្យក្រុមពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បុរីកីឡាចូលជួបស្វែងរកដំណោះស្រាយ។
តំណាងសហគមន៍បុរីកីឡាលោកស្រី ស ស៊ន ឲ្យដឹងថា ពេលនេះមានគ្រឿងចក្រកំពុងឈូសឆាយដីក្បែរកន្លែងលោកស្រីរស់នៅ ដែលធ្វើឲ្យលោកស្រីព្រួយបារម្ភ។ លោកស្រីយល់ថា ការដាក់គ្រឿងចក្រនេះ គឺជាវិធានការមួយដើម្បីជំរុញឲ្យសហគមន៍លោកស្រីចាកចេញពីតំបន់បុរីកីឡា៖ «មានអាកាយដី មានអាបុក មានអាឈួស សម្រាប់មីងបារម្ភដែរហ្នឹង ព្រោះអីគេនិយាយហើយ បើមីងមិនចេញទេគេនឹងវិធានអ្វីមួយ»។
សង្គមស៊ីវិលដែលតាមដំណើរឿងនេះយល់ថា អាជ្ញាធរ និងក្រុមហ៊ុនគួរតែមានឆន្ទៈដោះស្រាយបញ្ចប់ទំនាស់ដីធ្លីទាំងនេះកុំឲ្យបន្តនៅរ៉ាំរ៉ៃទៀត ព្រោះទំនាស់ដីធ្លីនេះនៅសេសសល់តិចតូចបំផុត។ កាលពីឆ្នាំ២០១២ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញត្រូវបានបំផ្លិចបំផ្លាញអស់។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការផ្តល់ដំណោះស្រាយមួយដែលពលរដ្ឋមិនពេញចិត្តគឺស្មើនិងការចាប់បង្ខំឲ្យពលរដ្ឋទទួលយកដែលជាការរំលោភលើសិទ្ធិសម្រេចចិត្តរបស់ពលរដ្ឋ។ លោកលើកឡើងទៀតថា ការផ្តល់ដំណោះស្រាយដោយបង្ខំ គឺអាចប៉ះពាល់មុខមាត់រដ្ឋាភិបាល ហើយយន្តការនេះ ក៏មិនបានជោគជ័យយូរអង្វែងនោះដែរ៖ «សាធារណៈជាតិ អន្តរជាតិតែងសម្លឹងមើលមកកម្ពុជាវិធានការ ដែលដោះស្រាយវិវាទដីធ្លីច្រើនតែប្រើការបណ្តេញចេញ។ ដូច្នេះ គឺធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលទៅវិញទេ»។
គិតមកដល់ពេលនេះក្នុងចំណោមពលរដ្ឋបុរីកីឡាដែលមានឯកសារគ្រប់គ្រាន់មិនព្រមចាក ចេញ គឺនៅសល់តែ ៧គ្រួសារប៉ុណ្ណោះ។ ក្រៅពីនេះ ក៏មានពលរដ្ឋជាង ៣០គ្រួសារទៀត មិន ដែលចេញទាមទារតវ៉ា ខណៈអ្នកខ្លះគ្មានឯកសារគ្រប់គ្រាន់។
ជំហររបស់ប្រជាសហគមន៍បុរីកីឡានៅតែបន្តទាមទារផ្ទះនៅបុរីកីឡា ឬលុយពីរម៉ឺនប្រាំពាន់ ២៥.០០០ដុល្លារ ដោយពួកគេអះអាងថា បើមិនបានដូចការទាម ទារ គឺមិនព្រមចាកចេញពីទីនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។