ប្រជាពលរដ្ឋរងគ្រោះម្នាក់កំពុងស្ថិតក្នុងបញ្ហាស្មារតី ក្រោយពីអាជ្ញាធររបបក្រុងភ្នំពេញបានដឹកនាំកម្លាំងប្រមាណជិត ១រយនាក់មកបណ្ដេញចេញពីដីរបស់ខ្លួនដោយបង្ខំ ដើម្បីយកដីទៅឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោក ឧញ៉ា ពុង ឃាវសែ។ មន្ត្រីសិទ្ធិមនុស្សបានចាត់ទុកទង្វើរបស់សមត្ថកិច្ចថា ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
ពលរដ្ឋរងគ្រោះដោយសារការបណ្ដេញចេញដោយបង្ខំប្រាប់លោកស្រី ហ៊ុល សាវឿន អាស៊ីសេរីថា សុខភាពរបស់លោកស្រីនៅមានសភាពទន់ខ្សោយនិងមិនប្រក្រតីក្រោយពីអ្នកស្រីបានដួលសន្លប់ដើម្បីព្យាយាមកុំអោយអាជ្ញាធរមករុះរើកុងតឺន័រដែលលោកស្រីនឹងក្រុមគ្រួសារស្នាក់នៅចាំដីរបស់ខ្លួន។
លោកស្រីនិយាយថា អាជ្ញាធរប្រមាណជិត ១០០នាក់បានយកគ្រឿងចក្រ និង រថយន្តបាញ់ទឹកមកបណ្ដេញលោកស្រីចេញដោយមិនបានជួនដំណឹងអ្វីទាំងអស់។ លោកស្រីបញ្ជាក់ថា អាជ្ញាធររដ្ឋាភិបាលធ្វើនេះហាក់បីដូចជាហាក់មនុស្សធម៌ហួសហេតុដែលលោកស្រីមិនអាចទទួលយកបាន៖ « ឈឺចាប់ឃើញគេមកប្លន់យកដីយើងស្រស់តែម្ដង ហើយឥឡូវហ្នឹងគេដាក់ការពារមិនអោយចូលដីរបស់ខ្លួនទៀត។យើងជាម្ចាស់ដីមិនបាន ចូលទៅដីខ្លួនឯងហើយគេព័ទ្ធរបងតាមចិត្តគេ។គេធ្វើភ្លាមៗហ៊ុំយកដីយើងតែម្ដង » ។
អាជ្ញាធរខណ្ឌជ្រោយចង្វា និងសាលារាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៧ ខែឧសភា បានរថយន្តបាញ់ទឹក និងរថយន្តស្ទូចយកទូរកុងតឺន័រ ៣គ្រឿង និងផ្ទះឈើចំនួនពី ២ខ្នងរបស់លោកស្រី ហ៊ុល សាវឿន ចេញពីដីរបស់ខ្លួនដែលលោកស្រីបានរស់នៅតាំងពីឆ្នាំ១៩៩៤ ទៅឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវ សែ មានគម្រោងអភិវឌ្ឍន៍ទៅជាក្រុងរណប ដែលមានទំហំទឹកប្រាក់ជាង ១ពាន់ ៦រយលានដុល្លារសហរដ្ឋអាមេរិក លើទំហំដី ៣៨៧ហិកតារ។គម្រោងអភិវឌ្ឍន៍នេះស្ថិតនៅភាគខាងកើតទីក្រុងភ្នំពេញ ជាប់ច្រាំងទន្លេសាបខាងកើតឆៀងខាងឆ្វេងស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់យ៉ាងខ្លីថា លោកមិនទាន់ទទួលព័ត៌មាននេះនោះឡើយ ដោយសារតែអាជ្ញាធរមូលដ្ឋានមិនទាន់រាយការណ៍ជូនលោក៖ « សួរទៅខណ្ឌទៅ។ខ្ញុំមិនទាន់បានទទួលព័ត៌មាននៅឡើយ » ។
បើទោះបីជាសកម្មភាពបណ្ដេញប្រជាពលរដ្ឋដោយបង្ខំត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញព្យាយាមគេចចេញពីការមិនទទួលខុសត្រូវយ៉ាងណាក៏ដោយ។ ក៏ក្រុមអ្នកឃ្លាំមើលរំលោភសិទ្ធិមនុស្សនៅតែចាត់ទុកថាសកម្មភាពរបស់សមត្ថកិច្ចជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរស់រានមានជីវិត។
មន្ត្រីនៃសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ដែលចុះឃ្លាំមើលការរុះរើពីសំណាក់អាជ្ញាធរនេះប្រាប់អាស៊ីសេរីថា ក្រុមអាជ្ញាធរធ្វើនេះគឺជាទង្វើរំលោភសិទ្ធិរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋនៅតំបន់ជ្រោយចង្វាខណៈនៅមានពលរដ្ឋខ្លះមិនទាន់ទទួលបាននៅឡើយ ។
លោកស្រី ហ៊ុល សាវឿន ពលរដ្ឋរងគ្រោះដោយសារការបណ្ដេញចេញដោយបង្ខំបានបញ្ជាក់ថា នៅមានពលរដ្ឋប្រមាណ៦៥គ្រួសារទៀតក្រុមហ៊ុនមិនទាន់ផ្ដល់សំណងនៅឡើយ។លោកស្រីនិយាយថា ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) សន្យាថា ផ្ដល់ប្រាក់សំណង ១០ភាគរយនៃទំហំដីដែលនៅសេសសល់ចំនួនជាង ៥០ហិកតារ ដែលពួកគេមិនអាចទទួលយកដំណោះស្រាយនេះទេ។
ក្រុមហ៊ុនវិនិយោគទុនក្រៅប្រទេស អូស៊ីអាយស៊ី (OCIC) ទទួលសិទ្ធិវិនិយោគរយៈពេល ៩៩ឆ្នាំពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែប ស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ។
គម្រោងអភិវឌ្ឍន៍ដ៏ធំនេះលាតសន្ធឹងចាប់ពីចំណុចក្បាលទឹកត្រង់ទន្លេបាសាក់ (ខាងកើតទីក្រុងរណបកោះពេជ្រ) ស្របតាមមាត់ច្រាំងទន្លេមេគង្គរហូតដល់កោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។