ក្រុមហ៊ុន​កូកាកូឡា​ព្រមាន​មិន​អត់​ឱន​ដល់​ក្រុមហ៊ុន​ស្ករស​រំលោភ​ដីធ្លី​ពលរដ្ឋ

ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា (Coca Cola) សន្យា​ជា​សាធារណៈ នឹង​ចាត់​វិធាន​ការ​បង្ការ និង​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ករស​ឲ្យ​ក្រុមហ៊ុន​នេះ។ ក្រុមហ៊ុន កូកាកូឡា នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​បញ្ហា​សង្គម បរិស្ថាន និង​សិទ្ធិ​មនុស្ស នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​មាន ហ្វីលីពីន ថៃ និង​អាហ្វ្រិក​ខាង​ត្បូង ជាដើម។
ដោយ យន់ សាមៀន
2013.11.08
កូកាកូឡា ៦១០ (រូប​ថត​ឯកសារ) ផ្ទាំង​ប៉ាណូ​របស់​កូកាកូឡា (Coca Cola) នៅ​ប្រទេស​ថៃ។
PHOTONONSTOP

ក្រុមហ៊ុន​នឹង​បង្ហាញ​ឯកសារ​ពី​ក្រុមហ៊ុន​ថៃ ឈ្មោះ មីត ផូល (Mitr Phol) ជា​ក្រុមហ៊ុន​ដាំ​អំពៅ​ធ្វើ​ស្ករស ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាច្រើន​ម៉ឺន​ហិកតារ កាល​ពី​ឆ្នាំ​២០០៦ នៅ​ខេត្ត​ឧត្តរមានជ័យ។

ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា ព្រមាន​ថា ក្រុមហ៊ុន កូកាកូឡា នឹង​មិន​អត់​ឱន​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ករស​ទាំង​ឡាយ​ណា ដែល​បំពាន​រំលោភ​យក​ដីធ្លី​របស់​អ្នក​ស្រុក​ឡើយ ហើយ​វិធាន​ការ​របស់​ក្រុមហ៊ុន គឺ​នឹង​បញ្ចប់​កិច្ច​សន្យា​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ដែល​រំលោភ​គោលការណ៍​ក្រុមហ៊ុន។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន កូកាកូឡា ធ្វើ​ឡើង​ស្រប​ពេល​ដែល​អង្គការ​សមធម៌​កម្ពុជា បាន​អោយ​ដឹង​ថា ក្រុមហ៊ុន​ថៃ ឈ្មោះ ខេ.អែស.អិល (KSL) នៅ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន មីត ផូល ឧត្តរមានជ័យ ដែល​ដាំ​អំពៅ​ធ្វើ​ស្ករស​លើ​ដី​រាប់​ម៉ឺន​ហិកតារ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក​នោះ បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ តាម​រយៈ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​ដុត​ផ្ទះ​សម្បែង​ជាច្រើន​ខ្នង និង​ព្រៃ​ឈើ​សហគមន៍​របស់​ពលរដ្ឋ​ចោល​ថែម​ទៀត។

របាយការណ៍​ជាង ១០០​ទំព័រ​របស់​អង្គការ​សមធម៌​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «ការ​ប្រមូល​ផល​ផ្អែម​តែ​ល្វីង» ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ នេះ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​បុរស​ក្មេង​ចាស់​ប្រុស​ស្រី​ជាង ១​ពាន់​គ្រួសារ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដីធ្លី ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ ដោយសារ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​របស់​ក្រុមហ៊ុន​ថៃ នៅ​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ។

មន្ត្រី​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា ក្រុមហ៊ុន មីត ផូល ជា​ក្រុមហ៊ុន​ផលិត​ស្ករស​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ Tate & Lyle ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ករស​ទៅ​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា។

មេធាវី​អាមេរិកាំង លោក Mark Moorstein តំណាង​ឲ្យ​ពលរដ្ឋ​ស្រុក​ស្រែអំបិល ស្វាគមន៍​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន កូកាកូឡា។ លោក​បន្ត​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​អាច​ជួយ​ដល់​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ ប្រឆាំង​ក្រុមហ៊ុន Tate & Lyle នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ទាមទារ​សំណង​ការ​ខូច​ខាត​របស់​ពលរដ្ឋ៖ «អ្វី​ដែល​ក្រុមហ៊ុន កូកាកូឡា ធ្វើ​នេះ វា​ការ​ល្អ​ប្រសើរ​ណាស់ ខ្ញុំ​គិត​ថា នេះ​ជា​ឧទាហរណ៍​មួយ​នៃ​អភិបាល​កិច្ច​ល្អ​របស់​ក្រុមហ៊ុន។ សាជីវកម្ម​ទាំង​ឡាយ​នៅ​លើ​ពិភពលោក បាន​អះអាង​ថា ពួក​គេ​មាន​អភិបាល​កិច្ច​ល្អ។ ជា​ការ​ពិត ក្រុមហ៊ុន Tate & Lyle បាន​អះអាង​ដូច្នោះ ប៉ុន្តែ​មិន​បាន​អនុវត្ត»

លោក​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន កូកាកូឡា ក្រុមហ៊ុន Tate & Lyle ពិត​ជា​បាន​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​មនុស្ស​មែន​នោះ ក្រុមហ៊ុន​នេះ​នឹង​ឈប់​ទិញ​ស្ករ​ពី​ក្រុមហ៊ុន Tate & Lyle ទៀត​ហើយ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា បន្ត​ថា ក្រុមហ៊ុន​នឹង​ធ្វើ​ការ​វាយ​តម្លៃ​មួយ​អំពី​ផល​ប៉ះពាល់​សង្គម បរិស្ថាន និង​សិទ្ធិ​មនុស្ស។ ការ​វាយ​តម្លៃ​នោះ នឹង​ផ្ដោត​ជា​ពិសេស​ទៅ​ផល​ប៉ះពាល់​បញ្ហា​ដីធ្លី និង​ជម្លោះ​ដីធ្លី។ ការ​វាយ​តម្លៃ​នេះ នឹង​មាន​ការ​ចូល​រួម​ពី​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់។ ក្រុមហ៊ុន​នេះ បាន​ផ្តល់​ព័ត៌មាន​ជា​បន្ទាន់​ស្ដីពី​ក្រុមហ៊ុន មីត ផូល ក្រុមហ៊ុន​នេះ​ក៏​នឹង​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន Tate & Lyle ដើម្បី​បកស្រាយ​អំពី​របាយការណ៍​សិក្សា​របស់​អង្គការ Oxfam International ចំពោះ​ការ​រំលោភ​សិទ្ធិ​ដីធ្លី។ ក្រុមហ៊ុន​នេះ​សន្យា​នឹង​ចាត់​វិធាន​ការ និង​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ដោះស្រាយ​លទ្ធផល​ចុង​ក្រោយ​នៃ​ជម្លោះ​ទាំង​នោះ។

របាយការណ៍​របស់​អង្គការ Oxfam International ចេញ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន កូកាកូឡា ថា បាន​ទិញ​ស្ករស​ដែល​បាន​មក​ពី​ការ​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។ របាយការណ៍​បន្ត​ថា ក្រុមហ៊ុន​លក់​ស្ករស​បាន​ប្លន់​ដី​ពី​ពលរដ្ឋ​ខ្មែរ​ចំនួន ៤៥៧​គ្រួសារ។

ពាណិជ្ជកម្ម​នាំ​ស្ករស​ទៅ​ក្រៅ​ប្រទេស​កំពុង​រីក​ចម្រើន​នៅ​កម្ពុជា។ ចំនួន​ស្ករស​បាន​កើន​ឡើង​ទៅ ១៣​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១១។ ភាគ​ច្រើន​នៃ​ស្ករស​នោះ បាន​នាំ​ចេញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ថា រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា។ លោក​បន្ត​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​មិន​ប៉ះពាល់​ទៅ​ដល់​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​កម្ពុជា ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើយ។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ស្ករស​នៅ​ប្រទេស​ថៃ កំពុង​ចរចា​នឹង​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង និង​មន្ត្រី​អង្គការ​តំណាង​អ្នក​រងគ្រោះ​នៃ​ការ​ទន្ទ្រាន​យក​ដីធ្លី ដើម្បី​ផ្តល់​សំណង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។