សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​ទាមទារ​ឲ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ

0:00 / 0:00

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) ខេត្ត​មណ្ឌលគិរី ​ព្រមាន​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ ​ក្រោយពី​រដ្ឋបាល​ខេត្ត​នេះ​នៅតែ​ពន្យារ​ពេល​ ​មិន​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​ ​ដែល​មាន​ការ រំលោភបំពាន​ជា​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់។ ​អ្នកនាំពាក្យ​សាលា​ខេត្ត​ អះអាង​ថា​ ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​គ្រោង​កោះ​ប្រជុំ​ភាគី​ពាក់ព័ន្ធ​ ​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យ​ចប់​​សព្វគ្រប់​នៅ​ដើម​ខែធ្នូ​។

សហគមន៍​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​អភិរក្ស​ភ្នំ​ដោះ​ក្រមុំ​ ​អះអាង​នៅ​ថ្ងៃ​ទី​ ២៩ ​វិច្ឆិកា​ថា​ ​ថ្មី​ៗ​នេះ​ ​អង្គភាព​ទឹក​ស្អាត​ មន្ទីរ​មុខងារ​សាធារណៈ​ មន្ទីរ​រ៉ែ ​និង​ក្រុមហ៊ុន​ទឹក​ស្អាត​ ​បាន​វាស់វែង​ដី​ ​ក្នុង​បរិវេណ​ភ្នំ​ដោះ​ក្រមុំ​ ​ដោយ​ខ្លួនឯង​ ​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​គណៈកម្មការ គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​ ​និង​ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ។ ពលរដ្ឋអះអាង មាន​មនុស្ស​មួយ​ក្រុម បាន​ប៉ុនប៉ង​កាន់កាប់​ដី​មួយ​ផ្នែក​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ ​ប៉ុន្តែ​អាជ្ញាធរ​នៅតែ​ស្ទាក់ស្ទើរ​ដោះស្រាយ​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ​ថែមទាំង​មាន​ការ លួច​បោះ​បង្គោល​របង​ និង​សាងសង់​ផ្ទះ​ ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ។

អ្នកសម្របសម្រួល​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ​លោកស្រី​ ​ភ្លឹក​ ភីរម្យ​ ​អះអាង​ថា​ ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ ​ហាក់​គ្មាន​ជំហរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​លើ​ភ្នំ​ដោះ​ក្រមុំ​អោយ​ដាច់​ស្រឡះ​នោះ​ទេ​ ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ មជ្ឈមណ្ឌល​វប្បធម៌​នេះ​ ​កាន់តែ​រួម​រួច​។ ​លោកស្រី​អះអាង​ថា​ ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​ ​នៅតែ​មាន​ប៉ុនប៉ង​ច្បាម​យក​ដី​ជា​កម្មសិទ្ធិ​ ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ ពលរដ្ឋ​ ១១ គ្រួសារ​ យាយ​ម៉ៅ​ និង​ ​ក្រុមហ៊ុន​ទឹក​ស្អាត​។ ​លោកស្រី​ចង់​ឲ្យ​រដ្ឋបាល​ខេត្ត​ ​ដោះស្រាយ​រឿង​នេះ​ឲ្យ​ចប់​សព្វគ្រប់​ ​និង​ត្រូវ​កំណត់​ព្រំប្រទល់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ឲ្យបាន​ច្បាស់លាស់៖ «អាជ្ញាធរ​ខេត្ត​ដូច​ជា​គេ​អត់​ចង់​ដោះ​ស្រាយ​រឿង​ហ្នឹង​ឲ្យ​ដាច់​ស្រឡះ ហើយ​នៅ​មាន​តែ​ដាក់​របង​ជុំវិញ​ភ្នំ​ហ្នឹង និង​មាន​ការ​សាង​សង់​ផ្ទះ​នៅ​កន្លែង​ហ្នឹង​ស្រាប់ យាយ ម៉ៅ គាត់​នៅ​តែ​ដាំ​ដុះ​បន្ត។ ខ្ញុំ​អត់​ដឹង​ថា ហេតុ​អី​បាន​ថ្នាក់​ក្រោម មិន​យក​ចិត្ត​ទុក​ដាក់​រឿង​ហ្នឹង ឬ​មួយ​គាត់​ចង់​ឲ្យ​ដី​ហ្នឹង​ពុះ​ចែក​គ្នា »

លេខាធិការ​គណៈកម្មការ គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​ លោក ក្រើង តុលា ថា​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​ជំហរ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ​ចង់​ឲ្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ មក​ជជែក​ពិភាក្សា​គ្នា​ រក​ដំណោះស្រាយ​រួម​ ក្នុង​បំណង​ធានា​ថា​ ​ទប់ស្កាត់​ ការប៉ុនប៉ង​បំពាន​ដី​នៅ​តំបន់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា​ ​តំណាង​សហគមន៍​ ​និង​ រដ្ឋបាល​ខេត្ត​ ​បាន​ឯកភាព​គ្នា​ ​កាត់​ចេញ​ដី​ប្រមាណ​ ៨០អារ ​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ចំនួន ៣ស្ថាប័ន​ ប្រើប្រាស់​ជា​កម្មសិទ្ធិ​រដ្ឋ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​សហគមន៍​ទាមទារ​ដំណោះ​ស្រាយ គឺ​ដី​មួយ​ផ្នែក​ក្នុង​មជ្ឈមណ្ឌល​នេះ​ ​មាន​ការ កាន់កាប់​ជា​កម្មសិទ្ធិ​បន្ថែម​ទៀត​ ​ពីសំណាក់​យាយ​ម៉ៅ​ ក្រុមហ៊ុន​ទឹក​ស្អាត​ ​និង​ មន្ត្រី​នគរបាល​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ៖ «បញ្ហា​ហ្នឹង​ទី១ គឺ​ការ​ទន្ទ្រាន​ពី​ពលរដ្ឋ​មាន​អំណាច មិន​មែន​ជា​ពលរដ្ឋ​អ្នក​ក្រ​ទេ វា​មាន​ប៉ះ​ពាល់​ជាមួយ​ក្រុមហ៊ុន​ទឹក​ស្អាត និង​យាយ ម៉ៅ និង​មេ​ប៉ូលិស​ម្នាក់។ ពាក់ព័ន្ធ​ចំណុច​ហ្នឹង គឺ​គាំង ខេត្ត​មិន​អាច​ដោះ​ស្រាយ​បាន »

ភ្នំ​ដោះ​ក្រមុំ​ ​មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ​ ​ឋិត​ក្នុង​ភូមិ​ស្វាយ​ចេក ​សង្កាត់​សុខដុម ​ខេត្ត​មណ្ឌលគិរី​។ ​កាលពី​ឆ្នាំ ២០០៤ ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​សម្រេច​ចាត់ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​មាន​ទំហំ​ដី​ជាង​ ១០២ហិកតារ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី ​លោក​ ​សុក ​សេរ៉ា ​អះអាង​ថា​ ​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ​ខាង​មុខ ដើម្បី​ធ្វើ​ការ​វាស់វែង​កំណត់​ព្រំប្រទល់​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​ជា​លើក​ចុងក្រោយ។ លោក​បញ្ជាក់​ថា​ ​អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​គ្នា​ជាមួយ​ ​គណៈកម្មការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​ ​ដោះស្រាយ​រឿង​នេះ​ ​ដោយ​បាន​ព្រមព្រៀង​គ្នា​ ​កាត់​ដី​មួយ​ផ្នែក​ជូន​ស្ថានីយ​ទឹក​ស្អាត និង​អាគារ​រដ្ឋ​ ៣ស្ថាប័ន ផ្អែក​តាម​ ស​.ច​.ណ ​របស់​គណៈ​រដ្ឋមន្ត្រី។ រីឯ​ករណី​ពលរដ្ឋ​ ១១គ្រួសារ ​អាជ្ញាធរ​ខេត្ត និង​គណៈកម្មការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​ ​មិន​បាន​លើក​មក​ជជែក​ពិភាក្សា​នោះ​ទេ៖ «យើង​បាន​ឯកភាព​គ្នា​ហើយ​ថា ១១គ្រួសារ​ហ្នឹង អត់​មាន​ពាក់ព័ន្ធ​លើ​ដី​ហ្នឹង​ទេ។ តែ​ដោះ​ស្រាយ​ទៅ​តាម​គោលការណ៍​ច្បាប់ និង​កំណត់​ហេតុ​របស់​អង្គ​ប្រជុំ​មួយ ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ មាន​ចំណុច​មួយ គេ​និយាយ​ថា បដិសេធ ១១គ្រួសារ។ ទឹក​ស្អាត យើង​ជូន​គេ ព្រោះ​គេ​មាន ស . . ណ និង​មាន​អនុប្បយោគ​ធ្វើ​ស្ថានីយ៍​ទឹក​ស្អាត។ អគារ​រដ្ឋ ៣ ត្រូវ​ជូន​គេ។ អ៊ីចឹង​មាន​ន័យ​ថា ឯកភាព​គ្នា​ធ្វើ​តាម​ហ្នឹង។ នគរបាល​គាត់​នៅ​លើ​ហ្នឹង គាត់​រស់​នៅ​យូរ​ដែរ​ហើយ។ យើង​បាន​កំណត់​ពី​លើក​មុខ​ឲ្យ​គាត់​ផ្ទះ​ចុះ​ក្រោម យើង​អាច​ឲ្យ​គាត់ តែ​យើង​មិន​ទាន់​បាន​ទៅ​មើល​ទេ​ ក្រែង​លោ​គាត់​រំកិល​របង។ ចាំ​មើល​យើង​ចុះ​ទៅ​មើល »

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េង​លី យល់​ថា​ ​ការ​អូស​បន្លាយ​ពេល​មិន​ដោះស្រាយ​វិបត្តិ​ដីធ្លី​ ​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នឹង​ធ្វើឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទួ​ទាំង​ខេត្ត​មណ្ឌលគិរី​ភ័យ​ព្រួយ​ខ្លាច​បាត់បង់​ដី​នៅ​តំបន់​នោះ​បន្ថែម​ទៀត។ លោក​ថា ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ និង​គណៈកម្មការ គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្តឹង​ស្វែងរក​ដំណោះស្រាយ​រឿង​នេះ​ទៅ​អាជ្ញាធរ​ជាតិ។ លោក​ចាត់ទុក​ការប៉ុនប៉ង​យក​ដី​មួយ​ផ្នែក​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នេះ គឺ​រំលោភ​ទៅលើ​សេចក្ដីសម្រេច​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដែល​កំណត់​តំបន់​នេះ​ជា​តំបន់​វប្បធម៌​បូជនីយកិច្ច​ជនជាតិ​ដើម​ភាគ​តិច​កាលពី​ឆ្នាំ​ ២០០៤៖ «ពលរដ្ឋ​មាន​ទុក្ខ​កង្វល់​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ គាត់​ខិត​ខំ បើ​គាត់​មិន​ខំ​ដោះ​ស្រាយ​ការពារ​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​តិចតូច​នេះ​ទេ គឺ​អស់​ហើយ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​យើង​ហ្នឹង»

តួលេខ​ប៉ាន់ប្រមាណ​របស់​សហគមន៍​បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដោះ​ក្រមុំ​ ​នៅសល់​ជាង​ ៨៧ហិកតារ​តែ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ ​អង្គភាព​ទឹក​ស្អាត​ មន្ទីរ​មុខងារ​សាធារណៈ​ មន្ទីរ​រ៉ែ ​និង​ថាមពល ​បាន​ចូល​ទៅ​តាំង​លំនៅ​ ​និង​បោះទីតាំង​នៅ​ទី​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។